ថ្ងៃអង្គារ ទី២៩ ខែកក្កដា
ខ្ញុំពេញចិត្តអ្នកណាស់។—លូក. ៣:២២
គឺគួរឲ្យលើកទឹកចិត្តដោយដឹងថាព្រះយេហូវ៉ាពេញចិត្តរាស្ត្ររបស់លោកជាក្រុម! គម្ពីរចែងថា៖ «ព្រះយេហូវ៉ាពេញចិត្តរាស្ត្ររបស់លោក»។ (ចសព. ១៤៩:៤) ប៉ុន្តែ ជួនកាលអ្នកខ្លះធ្លាក់ទឹកចិត្តជាខ្លាំងរហូតដល់ពួកគេឆ្ងល់ថា ‹តើព្រះយេហូវ៉ាពេញចិត្តខ្ញុំផ្ទាល់ឬទេ?›។ អ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាមួយចំនួននៅសម័យគម្ពីរ ធ្លាប់មានពេលដែលពួកគេមានអារម្មណ៍បែបនោះ។ (១សាំ. ១:៦-១០; យ៉ូប ២៩:២, ៤; ចសព. ៥១:១១) គម្ពីរបង្ហាញយ៉ាងច្បាស់ថាមនុស្សមិនល្អឥតខ្ចោះអាចទទួលការពេញចិត្តពីព្រះយេហូវ៉ា។ តើតាមរបៀបណា? យើងត្រូវបង្ហាញជំនឿទៅលើលោកយេស៊ូគ្រិស្តនិងទទួលការជ្រមុជទឹក។ (យ៉ូន. ៣:១៦) យ៉ាងនេះ យើងបង្ហាញជាសាធារណៈថាយើងបានប្រែចិត្តចំពោះការខុសឆ្គងរបស់យើង ហើយបានសន្យានឹងព្រះថាយើងនឹងធ្វើតាមបំណងប្រាថ្នារបស់លោក។ (សកម្ម. ២:៣៨; ៣:១៩) ព្រះយេហូវ៉ាសប្បាយចិត្តពេលយើងធ្វើអ្វីទាំងនេះដើម្បីបណ្ដុះចំណងមិត្តភាពជាមួយលោក។ ដរាបណាយើងខំអស់ពីសមត្ថភាពដើម្បីរស់នៅស្របតាមពាក្យសម្បថរបស់យើងក្នុងការប្រគល់ខ្លួនជូនលោក ដរាបនោះព្រះយេហូវ៉ាពេញចិត្តយើង ហើយចាត់ទុកយើងថាជាមិត្តជិតស្និទ្ធរបស់លោក។—ចសព. ២៥:១៤ w២៤.០៣ ទំ.២៦ វ.១-២
ថ្ងៃពុធ ទី៣០ ខែកក្កដា
យើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញនិងបានឮទេ។—សកម្ម. ៤:២០
យើងអាចយកតម្រាប់ពួកអ្នកកាន់តាមដោយបន្តផ្សព្វផ្សាយ ទោះជាពួកអាជ្ញាធរបង្គាប់យើងឲ្យឈប់ធ្វើដូច្នេះក្ដី។ យើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងជួយយើងឲ្យបំពេញកិច្ចបម្រើផ្សាយរបស់យើង។ ដូច្នេះ ចូរអធិដ្ឋានសុំចិត្តក្លាហាននិងប្រាជ្ញា ព្រមទាំងសុំព្រះយេហូវ៉ាជួយអ្នកឲ្យស៊ូទ្រាំនឹងបញ្ហា។ យើងជាច្រើននាក់កំពុងរងទុក្ខដោយសារជំងឺឬបញ្ហាផ្លូវចិត្ត មនុស្សជាទីស្រឡាញ់ស្លាប់ បញ្ហាក្នុងក្រុមគ្រួសារ ការបៀតបៀន ឬការពិបាកផ្សេងទៀត។ បញ្ហាផ្សេងៗដូចជារោគរាតត្បាតនិងសង្គ្រាមធ្វើឲ្យការពិបាកជាច្រើនទាំងនេះកាន់តែយ៉ាប់ទៅ។ សូមប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍កប់ជ្រៅរបស់អ្នក។ សូមប្រាប់លោកអំពីស្ថានភាពរបស់អ្នក ដូចដែលអ្នកនឹងនិយាយប្រាប់មិត្តជិតស្និទ្ធរបស់អ្នក។ សូមមានទំនុកចិត្តថាព្រះយេហូវ៉ា«នឹងជួយអ្នក»។ (ចសព. ៣៧:៣, ៥) ការតស៊ូក្នុងការអធិដ្ឋាននឹងជួយយើងឲ្យ«ស៊ូទ្រាំនឹងសេចក្ដីវេទនា»។ (រ៉ូម ១២:១២) ព្រះយេហូវ៉ាដឹងអំពីអ្វីដែលពួកអ្នកគោរពប្រណិប័តន៍លោកកំពុងឆ្លងកាត់ ដោយសារ«លោកឮពាក្យស្រែកអង្វរសុំរបស់ពួកគេ»។—ចសព. ១៤៥:១៨, ១៩ w២៣.០៥ ទំ.៥-៦ វ.១២-១៥
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា
ចូរពិចារណាជានិច្ចដើម្បីឲ្យដឹងប្រាកដអំពីអ្វីដែលលោកម្ចាស់ពេញចិត្ត។—អេភ. ៥:១០
ពេលយើងត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ យើងត្រូវ«ខំព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា» ហើយក្រោយមកប្រព្រឹត្តស្របតាមបំណងប្រាថ្នាលោក។ (អេភ. ៥:១៧) ដោយស្វែងរកគោលការណ៍គម្ពីរដែលត្រូវនឹងស្ថានភាពរបស់យើង យើងកំពុងព្យាយាមស្វែងយល់អំពីរបៀបគិតគូររបស់ព្រះទៅលើរឿងនោះ។ យ៉ាងនេះ កាលដែលយើងធ្វើតាមគោលការណ៍របស់លោក យើងទំនងជានឹងធ្វើការសម្រេចចិត្តល្អ។ «មេកំណាច»សាថានដែលជាសត្រូវរបស់យើងចង់ឲ្យយើងជាប់រវល់ជាមួយនឹងរបៀបរបបពិភពលោកនេះ រហូតដល់យើងគ្មានពេលសម្រាប់កិច្ចបម្រើព្រះ។ (១យ៉ូន. ៥:១៩) គឺងាយស្រួលឲ្យគ្រិស្តសាសនិកណាម្នាក់ចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើវត្ថុទ្រព្យ ការអប់រំ ឬការងារ ជាជាងទៅលើរបៀបផ្សេងៗដែលគាត់អាចបម្រើព្រះយេហូវ៉ា។ បើគាត់ធ្វើដូច្នេះ គាត់នឹងបង្ហាញថាគាត់កំពុងចាប់ផ្ដើមមានរបៀបគិតគូរដូចមនុស្សក្នុងពិភពលោក។ អ្វីទាំងនេះប្រហែលជាមិនខុសទេ ប៉ុន្តែវាមិនគួរជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើងឡើយ។ w២៤.០៣ ទំ.២៤ វ.១៦-១៧