កូឡុស
២ ព្រោះខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាខ្ញុំកំពុងតស៊ូយ៉ាងខ្លាំង ដើម្បីអ្នករាល់គ្នា និងអ្នកដែលនៅក្រុងឡៅឌីសេ ព្រមទាំងអស់អ្នកដែលមិនទាន់ឃើញមុខខ្ញុំ ២ ដើម្បីឲ្យពួកគាត់ទទួលការសម្រាលទុក្ខ និងដើម្បីឲ្យពួកគាត់មានសាមគ្គីភាពប្រកបដោយសេចក្ដីស្រឡាញ់។ យ៉ាងនោះ ពួកគាត់នឹងមានទ្រព្យសម្បត្ដិបរិបូរ ពោលគឺការយល់ដឹងដ៏ច្បាស់និងពិតប្រាកដ ហើយនឹងមានចំណេះត្រឹមត្រូវអំពីអាថ៌កំបាំងដ៏ពិសិដ្ឋរបស់ព្រះ គឺគ្រិស្ត។ ៣ គ្រប់ទាំងប្រាជ្ញានិងចំណេះដែលថ្លៃវិសេសបានត្រូវលាក់ទុកក្នុងលោក។ ៤ ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយការវែកញែកដែលស្ដាប់ទៅដូចជាគួរឲ្យជឿ។ ៥ ព្រោះទោះជាខ្លួនខ្ញុំមិននៅទីនោះក៏ដោយ ក៏ចិត្ត* ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា ដោយអរសប្បាយនិងដោយមើលឃើញសណ្ដាប់ធ្នាប់ល្អរបស់អ្នករាល់គ្នា និងជំនឿរឹងមាំដែលអ្នករាល់គ្នាមានលើគ្រិស្ត។
៦ ដូច្នេះ តាមរបៀបដែលអ្នករាល់គ្នាបានទទួលលោកម្ចាស់គ្រិស្តយេស៊ូហើយ ចូរបន្តដើរដោយរួបរួមជាមួយនឹងលោក។ ៧ ចូរចាក់ឫស និងទទួលការពង្រឹងក្នុងលោក ថែមទាំងតាំងខ្លួនឲ្យមាំមួនឡើងក្នុងជំនឿ ដូចដែលអ្នករាល់គ្នាបានរៀន ហើយពេលដែលអរគុណព្រះ ចូរឲ្យអ្នករាល់គ្នាបានពោរពេញទៅដោយជំនឿ។
៨ ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាចាប់យកអ្នករាល់គ្នាធ្វើជាចំណី តាមរយៈទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ ដែលមានមូលដ្ឋានលើទំនៀមទម្លាប់របស់មនុស្ស និងបឋមសេចក្ដីរបស់ពិភពលោកនេះ មិនមែនមានមូលដ្ឋានលើគ្រិស្តឡើយ ៩ ព្រោះគុណសម្បត្ដិរបស់ព្រះនៅក្នុងលោកបានពេញខ្នាត។ ១០ ដូច្នេះ អ្នករាល់គ្នាមានអ្វីៗសព្វគ្រប់ ដោយសារលោកដែលជាប្រមុខនៃរដ្ឋាភិបាលនិងអំណាចគ្រប់គ្រងទាំងឡាយ។ ១១ ដោយសារអ្នករាល់គ្នាមានទំនាក់ទំនងជាមួយនឹងលោក នោះអ្នករាល់គ្នាបានទទួលការកាត់ចុងស្បែក មិនមែនដោយដៃមនុស្សទេ តែដោយបោះបង់ចោលរូបកាយសាច់ឈាមដែលប្រកបដោយភាពខុសឆ្គង ព្រោះនោះជារបៀបដែលអ្នកបម្រើនៃគ្រិស្តត្រូវទទួលការកាត់ចុងស្បែក ១២ ព្រោះអ្នករាល់គ្នាបានត្រូវកប់ជាមួយនឹងលោក ដោយទទួលការជ្រមុជដូចលោក ហើយដោយសារទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយនឹងលោក អ្នករាល់គ្នាក៏បានត្រូវប្រោសឲ្យរស់ឡើងវិញជាមួយគ្នា តាមរយៈជំនឿរបស់អ្នករាល់គ្នាលើអ្វីដែលបានត្រូវសម្រេចដោយឫទ្ធានុភាពរបស់ព្រះ ដែលបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ។
១៣ ម្យ៉ាងទៀត ទោះបីអ្នករាល់គ្នាធ្លាប់ជាមនុស្សស្លាប់ដោយសារកំហុសរបស់អ្នករាល់គ្នាហើយមិនទាន់ទទួលការកាត់ចុងស្បែកក៏ដោយ ព្រះបានធ្វើឲ្យអ្នករាល់គ្នាមានជីវិតរស់ឡើងវិញជាមួយនឹងលោក។ ព្រះបានមេត្ដាអភ័យទោសចំពោះកំហុសទាំងអស់របស់យើង ១៤ ក៏បានលុបឯកសារសរសេរដោយដៃ គឺជាឯកសារដែលមានបទបញ្ញត្ដិនិងប្រឆាំងយើង។ លោកបានដកឯកសារនោះចេញដោយយកទៅបោះដែកគោលភ្ជាប់នឹងបង្គោលទារុណកម្ម។* ១៥ លោកបានឈ្នះរដ្ឋាភិបាលនិងអំណាចគ្រប់គ្រងទាំងឡាយ រួចដាក់តាំងអ្នកទាំងនោះជាសាធារណៈឲ្យមនុស្សឃើញថា ពួកគេបានចាញ់ ក៏បាននាំពួកគេទៅក្នុងការហែក្បួនអបអរជ័យជម្នះតាមរយៈបង្គោលទារុណកម្ម។
១៦ ដូច្នេះ កុំឲ្យអ្នកណាវិនិច្ឆ័យអ្នករាល់គ្នាអំពីការផឹកឬបរិភោគ អំពីការធ្វើបុណ្យណាមួយ អំពីពិធីចូលខែថ្មី ឬអំពីការកាន់ថ្ងៃឈប់សម្រាក* ឡើយ ១៧ ព្រោះការទាំងនោះគ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងមក ប៉ុន្តែរូបពិតគឺជាគ្រិស្ត។ ១៨ កុំឲ្យអ្នកណាធ្វើឲ្យអ្នករាល់គ្នាខកខានមិនបានទទួលរង្វាន់ឡើយ គឺពួកអ្នកដែលចូលចិត្តធ្វើពុតជាបន្ទាបខ្លួនហើយចូលចិត្តគោរពប្រណិប័តន៍ពួកទេវតា* ក៏«កាន់ជំហរលើ»អ្វីដែលគាត់បានមើលឃើញ ហើយអ្នកនោះក្រអឺតក្រអោងដោយគ្មានហេតុត្រឹមត្រូវ ដោយសារមានរបៀបគិតគូរដូចមនុស្សជាតិដែលមានភាពខុសឆ្គង ១៩ តែអ្នកនោះមិនកាន់តាមលោកដែលជាក្បាល* ឡើយ គឺលោកដែលធ្វើឲ្យរូបកាយទាំងមូលធំលូតលាស់ជានិច្ចតាមតែព្រះឲ្យលូតលាស់ ដោយមានគ្រប់អវយវៈទទួលការចិញ្ចឹម ហើយក៏ជាប់គ្នាយ៉ាងល្អដោយសារសរសៃនិងសន្លាក់ឆ្អឹងផ្សេងៗ។
២០ ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយនឹងគ្រិស្តឲ្យរួចពីបឋមសេចក្ដីនៃពិភពលោកនេះ ហេតុអ្វីបានជាអ្នករាល់គ្នារស់នៅដូចជារួមចំណែកក្នុងពិភពលោកនៅឡើយ ដោយចុះចូលស្ដាប់តាមបញ្ញត្ដិថា៖ ២១ «កុំយក កុំភ្លក់ កុំពាល់»? ២២ ព្រោះរបស់ទាំងនោះនឹងត្រូវបំផ្លាញពេលដែលប្រើប្រាស់អស់ទៅ ហើយបទបញ្ញត្ដិទាំងនោះជាសេចក្ដីបង្គាប់និងសេចក្ដីបង្រៀនរបស់មនុស្ស។ ២៣ ការទាំងនោះមើលទៅដូចជាបង្ហាញពីប្រាជ្ញា ពេលដែលគេគោរពប្រណិប័តន៍តាមរបៀបដែលគេបង្កើតដោយខ្លួនឯង និងធ្វើពុតជាបន្ទាបខ្លួន ហើយប្រព្រឹត្តតឹងតែងហួសហេតុចំពោះខ្លួនឯង ប៉ុន្តែការទាំងនោះគ្មានប្រយោជន៍សោះក្នុងការតយុទ្ធនិងសេចក្ដីប៉ងប្រាថ្នានៃរូបកាយដែលប្រកបទៅដោយភាពខុសឆ្គង។