ថ្ងៃច័ន្ទ ទី១៣ ខែតុលា
ព្រះយេហូវ៉ាមើលក្នុងចិត្ត។—១សាំ. ១៦:៧
បើជួនកាលយើងមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ យើងអាចចាំថាព្រះយេហូវ៉ាផ្ទាល់បានទាញនាំយើងឲ្យមកឯលោក។ (យ៉ូន. ៦:៤៤) លោកឃើញគុណសម្បត្តិរបស់យើងដែលយើងផ្ទាល់ប្រហែលជាមិនឃើញ ហើយលោកស្គាល់ចិត្តរបស់យើង។ (២ប្រ. ៦:៣០) ដូច្នេះ យើងអាចទុកចិត្តលោក ពេលលោកមានប្រសាសន៍ថាយើងមានតម្លៃ។ (១យ៉ូន. ៣:១៩, ២០) មុនរៀនសេចក្ដីពិត យើងខ្លះបានធ្វើអ្វីដែលប្រហែលជានៅតែនាំឲ្យយើងបន្ទោសខ្លួន។ (១ពេ. ៤:៣) សូម្បីតែគ្រិស្តសាសនិកផ្សេងទៀតដ៏ស្មោះត្រង់ ក៏តយុទ្ធប្រឆាំងនឹងទំនោរចិត្តខុសឆ្គង។ តើចិត្តរបស់អ្នកផ្ដន្ទាទោសអ្នកឬទេ? បើដូច្នេះ សូមទទួលការសម្រាលទុក្ខដោយដឹងថាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ក៏ធ្លាប់តយុទ្ធនឹងអារម្មណ៍ស្រដៀងនឹងនេះដែរ។ ជាឧទាហរណ៍ សាវ័កប៉ូលពិបាកចិត្តណាស់ ពេលគិតអំពីភាពមិនល្អឥតខ្ចោះរបស់គាត់។ (រ៉ូម ៧:២៤) ពិតមែនថាប៉ូលបានប្រែចិត្តចំពោះការខុសឆ្គងរបស់ខ្លួន ហើយទទួលការជ្រមុជទឹក ប៉ុន្តែគាត់បាននិយាយអំពីខ្លួនគាត់ថា៖ «ក្នុងចំណោមពួកសាវ័ក ខ្ញុំជាអ្នកតូចជាងគេ» និងជាអ្នកប្រព្រឹត្តអំពើខុសឆ្គង«ធ្ងន់ជាងគេ»។—១កូ. ១៥:៩; ១ធី. ១:១៥ w២៤.០៣ ទំ.២៧ វ.៥-៦
ថ្ងៃអង្គារ ទី១៤ ខែតុលា
ពួកគេបានបោះបង់ចោលវិហាររបស់ព្រះយេហូវ៉ា។—២ប្រ. ២៤:១៨
មេរៀនមួយដែលយើងអាចរៀនពីការសម្រេចចិត្តមិនល្អរបស់ស្ដេចយេហូអាសគឺថាយើងត្រូវជ្រើសរើសមិត្តភក្ដិដែលនឹងជះឥទ្ធិពលល្អមកលើយើង គឺមិត្តដែលស្រឡាញ់ព្រះយេហូវ៉ានិងដែលចង់ធ្វើឲ្យលោកសប្បាយចិត្ត។ មិត្តភក្ដិមិនប្រកាន់អាយុ យើងអាចមានមិត្តភក្ដិដែលចាស់ជាង ឬក្មេងជាងយើងក៏បាន។ សូមចាំថាយេហូអាសក្មេងជាងមិត្តរបស់គាត់គឺយេហូយ៉ាដាឆ្ងាយណាស់។ ស្ដីអំពីការជ្រើសរើសមិត្តភក្ដិ សូមប្អូនសួរខ្លួននូវសំណួរដូចតទៅនេះ៖ ‹តើពួកគេជួយខ្ញុំឲ្យពង្រឹងជំនឿរបស់ខ្ញុំទៅលើព្រះយេហូវ៉ាឬទេ? តើពួកគេលើកទឹកចិត្តខ្ញុំឲ្យរស់នៅស្របតាមខ្នាតតម្រារបស់ព្រះឬ? តើពួកគេនិយាយអំពីព្រះយេហូវ៉ា និងសេចក្ដីពិតដ៏មានតម្លៃពីលោកឬទេ? តើពួកគេបង្ហាញការគោរពចំពោះខ្នាតតម្រារបស់ព្រះឬ? តើពួកគេប្រាប់ខ្ញុំតែអ្វីដែលខ្ញុំចង់ឮប៉ុណ្ណោះ ឬតើពួកគេហ៊ានកែតម្រង់ខ្ញុំពេលខ្ញុំពិតជាត្រូវការ?›។ (សុភ. ២៧:៥, ៦, ១៧) តាមពិត បើមិត្តភក្ដិរបស់ប្អូនមិនស្រឡាញ់ព្រះយេហូវ៉ា ប្អូនមិនត្រូវការពួកគេទេ។ ប៉ុន្តែ បើប្អូនមានមិត្តភក្ដិដែលស្រឡាញ់ព្រះយេហូវ៉ា ពួកគេនឹងតែងតែជួយប្អូន។—សុភ. ១៣:២០ w២៣.០៩ ទំ.៩-១០ វ.៦-៧
ថ្ងៃពុធ ទី១៥ ខែតុលា
ខ្ញុំជាអាលផានិងជាអូមេហ្គា។—បប. ១:៨
អាលផាជាតួអក្សរមុនគេបង្អស់ ហើយអូមេហ្គាជាតួអក្សរចុងក្រោយគេបង្អស់ក្នុងភាសាក្រិច។ ដោយប្រើការពណ៌នាថា«អាលផានិងអូមេហ្គា» ព្រះយេហូវ៉ាបង្ហាញថាពេលលោកចាប់ផ្ដើមធ្វើអ្វីណាមួយ លោកនឹងធ្វើឲ្យនោះសម្រេច។ ក្រោយពីព្រះយេហូវ៉ាបានបង្កើតអាដាមនិងអេវ៉ា លោកបានមានប្រសាសន៍ថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ហើយចូរគ្រប់គ្រងផែនដី»។ (ដក. ១:២៨) ពេលព្រះយេហូវ៉ាមានប្រសាសន៍នៅដើមដំបូងអំពីគោលបំណងរបស់លោក នោះហាក់ដូចជាលោកបានមានប្រសាសន៍ថា«អាលផា» គឺថានឹងមានគ្រាមកដល់ ពេលកូនចៅដែលស្ដាប់បង្គាប់និងល្អឥតខ្ចោះរបស់អាដាមនិងអេវ៉ាមានពេញពាសលើផែនដី ហើយប្រែក្លាយផែនដីទៅជាសួនឧទ្យាន។ នៅពេលអនាគតនោះ ព្រះយេហូវ៉ានឹងហាក់ដូចជាមានប្រសាសន៍ថា៖ «អូមេហ្គា»។ ក្រោយពីព្រះយេហូវ៉ាបាន«បង្កើតអ្វីៗទាំងអស់នៅលើមេឃនិងផែនដីរួចរាល់» លោកបានផ្ដល់ការធានាមួយ។ លោកបានញែកថ្ងៃទី៧ដើម្បីបង្ហើយគោលបំណងរបស់លោកចំពោះមនុស្សជាតិនិងផែនដី។ ដូច្នេះ ពេលលោកទុកថ្ងៃទី៧ជាថ្ងៃពិសិដ្ឋ នោះគឺហាក់ដូចជាលោកបានមានប្រសាសន៍ថាគោលបំណងរបស់លោកនឹងត្រូវសម្រេចទាំងស្រុងនៅចុងបញ្ចប់នៃថ្ងៃនោះ។—ដក. ២:១-៣ w២៣.១១ ទំ.៥ វ.១៣-១៤