យ៉ាកុប
១ ពីខ្ញុំ យ៉ាកុប ដែលជាអ្នកបម្រើរបស់ព្រះនិងរបស់លោកម្ចាស់យេស៊ូគ្រិស្ត* ជូនចំពោះកុលសម្ព័ន្ធទាំងដប់ពីរដែលបែកខ្ញែកគ្នាទៅកន្លែងផ្សេងៗ៖
ជម្រាបសួរ!
២ បងប្អូនខ្ញុំអើយ ពេលដែលជួបនឹងទុក្ខលំបាកផ្សេងៗ ចូរចាត់ទុកការនោះជាអំណរសុទ្ធសាធ ៣ ព្រោះអ្នករាល់គ្នាដឹងថា ការសាកល្បងជំនឿរបស់អ្នករាល់គ្នាយ៉ាងនេះ ធ្វើឲ្យចេះស៊ូទ្រាំ។ ៤ ក៏ប៉ុន្តែ ចូរឲ្យការស៊ូទ្រាំសម្រេចគោលបំណងរបស់វា ដើម្បីឲ្យអ្នករាល់គ្នាបានពេញលក្ខណៈ គ្មានគុណវិបត្ដិ ហើយឥតខ្វះគុណសម្បត្ដិណាមួយសោះឡើយ។
៥ ដូច្នេះ ប្រសិនបើក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះសុំព្រះម្ដងហើយម្ដងទៀតចុះ ព្រោះលោកឲ្យដោយចិត្តទូលាយដល់មនុស្សទាំងអស់ ហើយលោកមិនស្តីបន្ទោសឡើយ។ ធ្វើដូច្នេះ អ្នកនោះនឹងទទួលប្រាជ្ញាមែន។ ៦ ប៉ុន្តែចូរឲ្យអ្នកនោះបន្តសុំដោយមានជំនឿ ហើយដោយមិនសង្ស័យសោះ ព្រោះអ្នកដែលសង្ស័យគឺដូចរលកសមុទ្រដែលរំពើកចុះឡើងទៅតាមខ្យល់។ ៧ តាមពិត អ្នកនោះមិនគួរគិតថាខ្លួននឹងទទួលអ្វីពីព្រះយេហូវ៉ាឡើយ ៨ អ្នកនោះមានចិត្តពីរ ហើយក៏មិននឹងនរក្នុងគ្រប់ការទាំងអស់។
៩ ប៉ុន្តែចូរឲ្យបងប្អូនក្រីក្របានរីករាយដោយសារបានត្រូវលើកតម្កើង ១០ ហើយចូរឲ្យអ្នកមានបានរីករាយដោយសារបានត្រូវបន្ទាប ពីព្រោះអ្នកមាននឹងរោយទៅដូចផ្កានៅឯវាល។ ១១ ព្រោះថ្ងៃរះឡើងមានកម្ដៅក្ដៅក្រៃលែង ធ្វើឲ្យរុក្ខជាតិស្លោក ផ្កាវាក៏ជ្រុះ ហើយលម្អនៃរុក្ខជាតិនោះក៏បាត់សូន្យទៅ។ ដូចគ្នាដែរ របៀបរស់នៅរបស់អ្នកមាននឹងឱនថយហើយបាត់សូន្យទៅ។
១២ អ្នកណាដែលបន្តស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះមានសុភមង្គល ពីព្រោះពេលដែលព្រះពេញចិត្តនឹងអ្នកនោះ អ្នកនោះនឹងទទួលមកុដជីវិត ដែលព្រះយេហូវ៉ាបានសន្យាឲ្យដល់ពួកអ្នកដែលរក្សាសេចក្ដីស្រឡាញ់ចំពោះលោក។ ១៣ ពេលដែលជួបទុក្ខលំបាក កុំឲ្យអ្នកណានិយាយថា៖ «ព្រះកំពុងល្បងលខ្ញុំ»។ ព្រោះគ្មានអ្នកណាអាចល្បងលព្រះដោយសេចក្ដីអាក្រក់ឡើយ ហើយព្រះក៏មិនល្បងលអ្នកណាដោយសេចក្ដីអាក្រក់ដែរ។ ១៤ ប៉ុន្តែមនុស្សទាំងអស់ត្រូវល្បងលដោយសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញនិងល្បួងលួងលោម។ ១៥ រួចមក ពេលដែលសេចក្ដីប៉ងប្រាថ្នានោះចាប់មានគភ៌ នោះក៏សម្រាលចេញជាអំពើខុសឆ្គង* កាលណាអំពើខុសឆ្គងបានសម្រេចហើយ នោះនាំឲ្យស្លាប់។
១៦ បងប្អូនជាទីស្រឡាញ់អើយ កុំភាន់ច្រឡំឡើយ។ ១៧ ព្រោះគ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ សុទ្ធតែមកពីស្ថានលើ ព្រោះរបស់ទាំងនោះមកពីបិតានៃពន្លឺនានានៅលើមេឃ ហើយលោកមិនប្រែប្រួលដូចស្រមោលឡើយ។ ១៨ ដោយសារជាបំណងប្រាថ្នារបស់លោក នោះលោកបាននាំយើងមកដោយបណ្ដាំនៃសេចក្ដីពិត។ លោកធ្វើដូច្នេះ ដើម្បីឲ្យយើងធ្វើជាផលដំបូងនៃអ្វីដែលលោកបង្កើត។
១៩ បងប្អូនជាទីស្រឡាញ់អើយ ចូរដឹងថា មនុស្សម្នាក់ៗត្រូវរហ័សស្ដាប់ មិនរហ័សនិយាយ មិនរហ័សខឹង ២០ ព្រោះកំហឹងរបស់មនុស្សមិននាំឲ្យបានសេចក្ដីសុចរិតរបស់ព្រះទេ។ ២១ ដូច្នេះ ចូរលះចោលអ្វីៗទាំងអស់ដែលកខ្វក់ និងអ្វីដែលអសារឥតការ ពោលគឺសេចក្ដីអាក្រក់ ហើយចូរទទួលដោយចិត្តស្លូតបូតនូវការដាំបណ្ដាំរបស់ព្រះក្នុងអ្នករាល់គ្នា ជាបណ្ដាំដែលអាចសង្គ្រោះជីវិត* របស់អ្នករាល់គ្នា។
២២ ក៏ប៉ុន្តែ ចូរអ្នករាល់គ្នាក្លាយទៅជាអ្នកដែលប្រព្រឹត្តតាមបណ្ដាំរបស់ព្រះ មិនគ្រាន់តែជាអ្នកដែលឮបណ្ដាំរបស់ព្រះ ដោយបញ្ឆោតខ្លួនតាមការវែកញែកខុសនោះទេ។ ២៣ ព្រោះប្រសិនបើអ្នកណាជាអ្នកដែលឮបណ្ដាំរបស់ព្រះ តែមិនមែនជាអ្នកប្រព្រឹត្តតាមបណ្ដាំនោះ អ្នកនោះគឺដូចជាមនុស្សម្នាក់ដែលឆ្លុះមុខ* ក្នុងកញ្ចក់។ ២៤ ព្រោះគាត់ឆ្លុះមុខខ្លួនឯង រួចចេញទៅភ្លេចភ្លាមថា ខ្លួនគាត់ជាមនុស្សបែបណា។ ២៥ ប៉ុន្តែអ្នកដែលពិនិត្យមើលច្បាប់ល្អឥតខ្ចោះដែលនាំឲ្យមានសេរីភាព ហើយព្យាយាមធ្វើនោះជានិច្ច អ្នកនោះនឹងមានសុភមង្គលក្នុងការនោះ ពីព្រោះអ្នកនោះបានក្លាយទៅជាអ្នកដែលធ្វើការនោះ មិនមែនជាអ្នកដែលឮរួចភ្លេចទៅវិញទេ។
២៦ ប្រសិនបើអ្នកណាចាត់ទុកខ្លួនជាអ្នកគោរពប្រណិប័តន៍តាមរបៀបត្រឹមត្រូវ តែមិនទប់អណ្ដាតខ្លួន ប៉ុន្តែចេះតែបញ្ឆោតចិត្តខ្លួន នោះរបៀបដែលអ្នកនោះគោរពប្រណិប័តន៍គឺគ្មានប្រយោជន៍ទេ។ ២៧ តាមទស្សនៈរបស់លោកដែលជាព្រះនិងជាបិតារបស់យើង របៀបគោរពប្រណិប័តន៍ដែលស្អាតស្អំនិងឥតសៅហ្មងនោះគឺ៖ ថែរក្សាកូនកំព្រានិងស្ត្រីមេម៉ាយដែលកំពុងរងទុក្ខវេទនា ហើយរក្សាខ្លួនមិនឲ្យប្រឡូកប្រឡាក់នឹងពិភពលោកនេះ។