ពេត្រុសទី១
៤ ដូច្នេះ ដោយសារគ្រិស្តបានរងទុក្ខពេលដែលលោកជាមនុស្ស ចូរអ្នករាល់គ្នាប្រុងប្រៀបខ្លួនដោយមានចិត្តគំនិតដូចលោកដែរ ពីព្រោះអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម អ្នកនោះបានលះចោលការខុសឆ្គងហើយ ២ ក្នុងបំណងរស់នៅដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះក្នុងអំឡុងពេលដែលអ្នកនោះមានជីវិតជាមនុស្ស មិនមែនរស់នៅដើម្បីធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតទេ។ ៣ ព្រោះវេលាដែលអ្នករាល់គ្នាបានចំណាយក្នុងការធ្វើតាមបំណងប្រាថ្នារបស់ពិភពលោកនេះគឺល្មមហើយ ជាវេលាដែលអ្នករាល់គ្នាបានដើរក្នុងផ្លូវសីលធម៌ធូររលុង* តណ្ហាក្រាស់ ការផឹកស្រាច្រើនហួសប្រមាណ ការជប់លៀងសប្បាយឥតបើគិត ការប្រកួតគ្នាផឹកស្រា ហើយការគោរពបូជារូបព្រះខុសច្បាប់។ ៤ ដោយសារអ្នករាល់គ្នាបានឈប់រត់តាមពួកគេទៅននៀលក្នុងភក់ជ្រាំនៃអបាយមុខ នោះពួកគេងឿងឆ្ងល់ ហើយចេះតែនិយាយប្រមាថអ្នករាល់គ្នា។ ៥ ប៉ុន្តែមនុស្សទាំងនោះនឹងទទួលខុសត្រូវនៅចំពោះមុខលោកដែលបានប្រុងប្រៀបវិនិច្ឆ័យមនុស្សរស់និងមនុស្សស្លាប់។ ៦ តាមពិត ហេតុនេះហើយបានជាដំណឹងល្អក៏បានត្រូវប្រកាសប្រាប់ដល់មនុស្សស្លាប់* ដែរ ដើម្បីឲ្យមនុស្សវិនិច្ឆ័យពួកគេតាមសម្បកក្រៅ តែឲ្យព្រះចាត់ទុកពួកគេជាអ្នកដែលមានជីវិតរស់នៅ ក្រោមការដឹកនាំនៃសកម្មពល* របស់លោក។
៧ ប៉ុន្តែទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ។ ដូច្នេះ ចូរដឹងខុសត្រូវជានិច្ច ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន។ ៨ ជាពិសេស ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង ពីព្រោះសេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន។ ៩ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ហើយដោយមិនរអ៊ូរទាំ។ ១០ ក្នុងនាមជាអ្នកបម្រើ* ល្អប្រសើរដែលបានទទួលគុណដ៏វិសេសលើសលប់របស់ព្រះដែលបានត្រូវផ្ដល់ឲ្យតាមរបៀបផ្សេងៗ នោះចូរបម្រើគ្នាទៅវិញទៅមកតាមអំណោយដែលអ្នករាល់គ្នាម្នាក់ៗបានទទួល។ ១១ ប្រសិនបើអ្នកណានិយាយ អ្នកនោះត្រូវនិយាយអំពីប្រសាសន៍ដ៏ពិសិដ្ឋរបស់ព្រះ បើអ្នកណាបំពេញកិច្ចបម្រើ អ្នកនោះត្រូវបំពេញកិច្ចបម្រើដោយពឹងផ្អែកលើកម្លាំងដែលព្រះផ្ដល់ឲ្យ ដើម្បីឲ្យព្រះទទួលការលើកតម្កើងក្នុងគ្រប់ការទាំងអស់ តាមរយៈលោកយេស៊ូគ្រិស្ត។ សិរីរុងរឿងនិងកម្លាំងខ្លាំងក្លាជារបស់លោកជារៀងរហូតតទៅ។ អាមេន។
១២ បងប្អូនជាទីស្រឡាញ់អើយ កុំឆ្ងល់អំពីភ្លើងដែលកំពុងឆេះក្នុងចំណោមអ្នករាល់គ្នា ហាក់ដូចជាមានអ្វីចម្លែកកំពុងកើតឡើងដល់អ្នករាល់គ្នាឡើយ ព្រោះភ្លើងនោះកំពុងកើតឡើងដើម្បីល្បងលអ្នករាល់គ្នា។ ១៣ ក៏ប៉ុន្តែ ចូរអរសប្បាយដោយសារអ្នករាល់គ្នារួមចំណែកក្នុងទុក្ខលំបាករបស់គ្រិស្ត ដើម្បីឲ្យអ្នករាល់គ្នាអរសប្បាយ ហើយត្រេកអរឲ្យខ្លាំង ពេលដែលសិរីរុងរឿងរបស់លោកនឹងត្រូវសម្ដែង។ ១៤ ប្រសិនបើគេជេរប្រមាថអ្នករាល់គ្នាដោយសារនាមរបស់គ្រិស្ត នោះអ្នករាល់គ្នាមានសុភមង្គលហើយ ពីព្រោះសកម្មពលដ៏រុងរឿងរបស់ព្រះសណ្ឋិតលើអ្នករាល់គ្នា។
១៥ ក៏ប៉ុន្តែកុំឲ្យអ្នករាល់គ្នាណាម្នាក់រងទុក្ខដោយសារជាឃាតករ ឬជាចោរ ឬជាអ្នកធ្វើអំពើអាក្រក់ ឬជាអ្នកដែលជ្រៀតជ្រែកក្នុងរឿងអ្នកឯទៀត។ ១៦ ប៉ុន្តែប្រសិនបើអ្នកណារងទុក្ខដោយសារជាគ្រិស្តសាសនិក អ្នកនោះមិនត្រូវខ្មាសឡើយ តែត្រូវបន្តលើកតម្កើងព្រះ ក្នុងនាមនោះ។ ១៧ ព្រោះនេះជាពេលកំណត់ឲ្យការវិនិច្ឆ័យចាប់ផ្ដើម ពីផ្ទះរបស់ព្រះ។ ប្រសិនបើការវិនិច្ឆ័យចាប់ផ្ដើមពីយើងមុនគេ តើអ្វីនឹងកើតឡើងដល់ពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អរបស់ព្រះ? ១៨ «ហើយប្រសិនបើមនុស្សសុចរិតនឹងត្រូវសង្គ្រោះទាំងលំបាក ចុះតើមនុស្សទុច្ចរិតនិងអ្នកប្រព្រឹត្តអំពើខុសឆ្គងនឹងទៅជាយ៉ាងណាវិញ?»។ ១៩ ដូច្នេះ ពួកអ្នកដែលកំពុងរងទុក្ខដោយសារធ្វើតាមបំណងប្រាថ្នារបស់ព្រះ ត្រូវបន្តផ្ញើជីវិតនឹងអ្នកបង្កើតដ៏ស្មោះត្រង់នោះ កាលដែលពួកគេកំពុងធ្វើការល្អ។