-
ម៉ាថាយ ៤:១-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ក្រោយមក ឫទ្ធានុភាពរបស់ព្រះបាននាំលោកយេស៊ូទៅតំបន់ស្ងាត់ជ្រងំ ហើយមេកំណាច*+បានល្បួងលោក។+ ២ ក្រោយពីលោកបានតមអាហារអស់៤០ថ្ងៃ៤០យប់ នោះលោកក៏ឃ្លាន។ ៣ រួចមក មេល្បួង+បានមក ហើយនិយាយទៅកាន់លោកថា៖ «ប្រសិនបើអ្នកជាកូនរបស់ព្រះមែន ចូរបង្គាប់ឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ង*ទៅ»។ ៤ ប៉ុន្តែ លោកតបឆ្លើយថា៖ «បទគម្ពីរចែងថា៖ ‹មនុស្សមិនត្រូវរស់ដោយសារតែនំប៉័ង*ប៉ុណ្ណោះទេ តែដោយសារគ្រប់ទាំងប្រសាសន៍ដែលចេញពីមាត់របស់ព្រះយេហូវ៉ា›»។*+
៥ ក្រោយមក មេកំណាចនាំលោកចូលទៅក្នុងក្រុងបរិសុទ្ធ*+ រួចដាក់លោកនៅលើទីខ្ពស់បំផុត*នៃកំពែងវិហារ+ ៦ ហើយប្រាប់ថា៖ «ប្រសិនបើអ្នកជាកូនរបស់ព្រះមែន ចូរលោតចុះទៅក្រោម ពីព្រោះបទគម្ពីរចែងថា៖ ‹លោកនឹងឲ្យការណែនាំស្ដីអំពីអ្នក ដល់បណ្ដាទេវតារបស់លោក› ហើយ‹ពួកគេនឹងទ្រអ្នកលើដៃរបស់ពួកគេ មិនឲ្យជើងរបស់អ្នកទង្គិចនឹងថ្មឡើយ›»។+ ៧ លោកយេស៊ូមានប្រសាសន៍ទៅមេកំណាចថា៖ «បទគម្ពីរចែងទៀតថា៖ ‹អ្នកមិនត្រូវល្បងលព្រះយេហូវ៉ា*ជាព្រះរបស់អ្នកឡើយ›»។+
៨ បន្ទាប់មក មេកំណាចបានយកលោកទៅលើភ្នំមួយដ៏ខ្ពស់ក្រៃលែង រួចបង្ហាញលោកនូវរាជាណាចក្រទាំងឡាយក្នុងពិភពលោក និងភាពរុងរឿងរបស់រាជាណាចក្រទាំងនោះ+ ៩ ហើយនិយាយថា៖ «ខ្ញុំនឹងឲ្យអ្វីៗទាំងនេះដល់អ្នក ប្រសិនបើអ្នកក្រាបប្រណិប័តន៍ខ្ញុំម្ដង»។ ១០ នោះលោកយេស៊ូមានប្រសាសន៍ទៅអ្នកនោះថា៖ «នែ! សាថាន!* ចូរទៅឲ្យឆ្ងាយពីខ្ញុំទៅ! ពីព្រោះបទគម្ពីរចែងថា៖ ‹គឺព្រះយេហូវ៉ា*ជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍+ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ›»។+
-
-
លូកា ៤:១-១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ រួចមក លោកយេស៊ូបានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។ លោកបានចាកចេញពីទន្លេយ៉ូដាន់ ហើយឫទ្ធានុភាពរបស់ព្រះបាននាំលោកពីកន្លែងមួយទៅកន្លែងមួយក្នុងតំបន់ស្ងាត់ជ្រងំ+ ២ អស់៤០ថ្ងៃ។ នៅទីនោះ មេកំណាច*បានល្បួងលោក។+ ក្នុងអំឡុងពេលនោះ លោកមិនបានពិសាអ្វីសោះ។ លុះផុតពេលនោះទៅ លោកក៏ឃ្លាន។ ៣ ភ្លាមនោះ មេកំណាចនិយាយទៅកាន់លោកថា៖ «ប្រសិនបើអ្នកជាកូនរបស់ព្រះមែន ចូរបង្គាប់ដុំថ្មនេះឲ្យក្លាយជានំប៉័ង*ទៅ»។ ៤ ប៉ុន្តែ លោកយេស៊ូតបឆ្លើយថា៖ «បទគម្ពីរចែងថា៖ ‹មនុស្សមិនត្រូវរស់ដោយសារតែនំប៉័ង*ប៉ុណ្ណោះទេ›»។+
៥ ដូច្នេះ មេកំណាចក៏នាំលោកទៅកន្លែងដ៏ខ្ពស់មួយ រួចបង្ហាញរាជាណាចក្រទាំងឡាយនៅផែនដី ឲ្យលោកឃើញក្នុងមួយរំពេច។+ ៦ បន្ទាប់មក មេកំណាចនិយាយទៅលោកថា៖ «ខ្ញុំនឹងឲ្យអំណាចនៃរាជាណាចក្រទាំងអស់នេះ និងភាពរុងរឿងនៃរាជាណាចក្រទាំងអស់នេះដល់អ្នក ពីព្រោះអ្វីៗទាំងនេះបានត្រូវប្រគល់មកឲ្យខ្ញុំ+ ហើយខ្ញុំចង់ឲ្យអ្នកណាក៏បានស្រេចតែចិត្តខ្ញុំ។ ៧ ដូច្នេះ ប្រសិនបើអ្នកក្រាបប្រណិប័តន៍ខ្ញុំតែមួយដង អ្វីទាំងអស់នេះនឹងទៅជារបស់អ្នក»។ ៨ លោកយេស៊ូបានតបឆ្លើយថា៖ «បទគម្ពីរចែងថា៖ ‹គឺព្រះយេហូវ៉ា*ជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ›»។+
៩ បន្ទាប់មក មេកំណាចនាំលោកចូលទៅក្នុងក្រុងយេរូសាឡិម ហើយដាក់លោកនៅលើទីខ្ពស់បំផុត*នៃកំពែងវិហារ រួចប្រាប់ថា៖ «ប្រសិនបើអ្នកជាកូនរបស់ព្រះមែន ចូរលោតចុះពីកំពែងនេះទៅ+ ១០ ពីព្រោះបទគម្ពីរចែងថា៖ ‹លោកនឹងឲ្យការណែនាំស្ដីអំពីអ្នក ដល់បណ្ដាទេវតារបស់លោក ដើម្បីថែរក្សាអ្នក› ១១ ហើយ‹ពួកគេនឹងទ្រអ្នកលើដៃរបស់ពួកគេ មិនឲ្យជើងរបស់អ្នកទង្គិចនឹងថ្មឡើយ›»។+ ១២ លោកយេស៊ូតបឆ្លើយថា៖ «បទគម្ពីរចែងថា៖ ‹អ្នកមិនត្រូវល្បងលព្រះយេហូវ៉ា*ជាព្រះរបស់អ្នកឡើយ›»។+ ១៣ ដូច្នេះ ក្រោយពីបានល្បួងលោកចប់ហើយ មេកំណាចក៏ចេញពីលោកទៅ រហូតដល់មានឱកាសល្អមួយទៀត។+
-