ណាហ៊ុម
១ នេះជាសេចក្ដីប្រកាសទាស់នឹងក្រុងនីនីវេ+ ហើយជាសៀវភៅដែលរៀបរាប់អំពីការបើកបង្ហាញដែលណាហ៊ុម*ពីតំបន់អែលកូសបានឃើញក្នុងគំនិត៖
២ ព្រះយេហូវ៉ាជាព្រះដែលតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ+ ហើយលោកក៏ជាព្រះដែលសងសឹកដែរ។
ព្រះយេហូវ៉ាប្រុងប្រៀបនឹងបញ្ចេញសេចក្ដីក្រោធ+
ដើម្បីសងសឹកនឹងពួកសត្រូវរបស់លោក។
ព្រះយេហូវ៉ាគរទុកកំហឹងសម្រាប់ទាស់នឹងខ្មាំងសត្រូវរបស់លោក។
៣ ព្រះយេហូវ៉ាយឺតនឹងខឹង+ ហើយមានឫទ្ធានុភាពខ្លាំងក្លា+
តែព្រះយេហូវ៉ានឹងដាក់ទោសអស់អ្នកដែលសមនឹងទទួលទោស។+
លោកមកទាំងនាំខ្យល់ព្យុះនៃការបំផ្លាញ
ហើយពពកប្រៀបដូចជាធូលីនៅក្រោមជើងលោក។+
រុក្ខជាតិនៅតំបន់បាសាននិងតំបន់កើមែលក្រៀមស្វិត+
ព្រមទាំងផ្កានៅតំបន់ភ្នំលីបង់ស្វិតស្រពោន។
៥ ដោយសារលោក ភ្នំនានាបានញ័ររញ្ជួយ
ហើយទីទួលទាំងឡាយក៏រលាយអស់ទៅ។+
ផែនដីនឹងកក្រើករញ្ជួយព្រោះតែវត្តមានលោក
គឺទាំងពិភពលោកនិងមនុស្សជាតិដែលរស់នៅទីនោះ។+
៦ តើអ្នកណាអាចទ្រាំនឹងសេចក្ដីក្រោធរបស់លោកបាន?+
តើអ្នកណាអាចធន់នឹងកម្ដៅនៃកំហឹងរបស់លោកបានទៅ?+
សេចក្ដីក្រោធរបស់លោកនឹងត្រូវចាក់មកដូចភ្លើង
ហើយថ្មទាំងឡាយនឹងបាក់បែកខ្ចាត់ខ្ចាយ ដោយសារលោក។
៧ ព្រះយេហូវ៉ាលោកល្អ+ លោកជាបន្ទាយដ៏រឹងមាំនៅគ្រាលំបាក។+
លោកមើលថែរក្សាអស់អ្នកដែលយកលោកជាទីពឹងជ្រក។+
៨ លោកនឹងបំផ្លាញកន្លែងរបស់នាង*ឲ្យវិនាសសាបសូន្យដោយទឹកជំនន់ដ៏ធំ។
ភាពងងឹតនឹងដេញតាមសត្រូវរបស់លោក។
៩ តើអ្នកនឹងរៀបគម្រោងអ្វីដើម្បីទាស់នឹងព្រះយេហូវ៉ា?
មើល! លោកកំពុងបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញទាំងស្រុងហើយ។
សេចក្ដីវេទនានឹងមិនមានជាលើកទី២ឡើយ។+
១០ ព្រោះពួកគេប្រទាក់គ្នាដូចបន្លា ហើយពួកគេប្រៀបដូចជាមនុស្សស្រវឹងស្រា*
តែពួកគេនឹងត្រូវឆាបឆេះដូចចំបើងស្ងួត។
១១ បុគ្គលម្នាក់នឹងចេញពីអ្នក ហើយគាត់នឹងរៀបគម្រោងការអាក្រក់ដើម្បីប្រឆាំងនឹងព្រះយេហូវ៉ា
គាត់ជាអ្នកឲ្យឱវាទដែលឥតបានការ។
១២ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«ទោះជាពួកគេមានគ្នាច្រើន ហើយខ្លាំងក្លាយ៉ាងណាក៏ដោយ
ក៏ពួកគេនឹងត្រូវផ្ដួលរំលំ ហើយវិនាសសាបសូន្យទៅ។*
ខ្ញុំបាននាំឲ្យអ្នក*មានទុក្ខវេទនា តែខ្ញុំនឹងមិនធ្វើដូច្នោះទៀតឡើយ។
១៣ ខ្ញុំនឹងបំបាក់នឹមរបស់គាត់ចេញពីស្មាអ្នក+ ហើយផ្ដាច់ខ្នោះច្រវាក់ចេញពីអ្នក។
១៤ ស្ដីអំពីអ្នក* ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
‹ឈ្មោះអ្នកនឹងលែងមានទៀត
ខ្ញុំនឹងបំផ្លាញរូបចម្លាក់និងរូបព្រះធ្វើពីលោហៈចេញពីវិហាររបស់ព្រះនៃអ្នក។
ខ្ញុំនឹងជីករណ្ដៅសម្រាប់បញ្ចុះសពអ្នក ព្រោះអ្នកជាមនុស្សគម្រក់ណាស់›។
១៥ មើល! អ្នកដែលប្រកាសដំណឹងល្អ
គឺអ្នកដែលប្រកាសអំពីសេចក្ដីសុខសាន្ត កំពុងឈានជើងមកលើភ្នំនានាហើយ។+
ឱយូដាអើយ! ចូរធ្វើពិធីបុណ្យរបស់អ្នក+ ហើយលាសម្បថទៅ
ព្រោះមនុស្សគម្រក់នឹងលែងឆ្លងកាត់អ្នកទៀតហើយ។
គាត់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ»។
២ បុគ្គលដែលខ្ចាត់ខ្ចាយ បានឡើងមកទាស់នឹងអ្នក។*+
ចូរការពារកំពែងរបស់អ្នកទៅ ចូរចាំមើលផ្លូវជានិច្ច។
ចូរត្រៀមខ្លួន ហើយប្រមូលកម្លាំងទាំងអស់របស់អ្នក។
២ ព្រោះព្រះយេហូវ៉ានឹងស្ដារមុខមាត់របស់យ៉ាកុបឡើងវិញ
ព្រមទាំងមុខមាត់របស់អ៊ីស្រាអែលដែរ
ព្រោះពួកអ្នកដែលបំផ្លាញបានកម្ទេចពួកគេ។+
ហើយពួកអ្នកទាំងនោះបានបំបាក់ខ្នែងរបស់ពួកគេ។
៣ ខែលរបស់ទាហានខ្លាំងពូកែរបស់គាត់ គឺពណ៌ក្រហម
សម្លៀកបំពាក់របស់ទ័ពអង់អាចគាត់ គឺពណ៌ក្រហមឆ្អៅ។
នៅថ្ងៃដែលគាត់ត្រៀមទៅប្រយុទ្ធ
ដែករទេះចម្បាំងរបស់គាត់ ភ្លឺចែងចាំងដូចភ្លើង។
ពេលនោះ ពួកទាហានយារលំពែង។*
៤ រទេះចម្បាំងបរយ៉ាងលឿនកាត់តាមផ្លូវ ហើយបរចុះឡើងនៅទីធ្លាសាធារណៈ។
រទេះទាំងនោះភ្លឺដូចភ្លើងចន្លុះ ហើយលឿនដូចផ្លេកបន្ទោរ។
៥ គ្រានោះ គាត់នឹងកោះហៅពួកមន្ត្រីរបស់គាត់។
កាលដែលពួកគេចេញទៅ ពួកគេនឹងជំពប់ជើងដួល។
ពួកគេរួសរាន់ទៅឯកំពែងក្រុង ហើយដំឡើងរបាំងការពារ។
៦ ទ្វារនៃទន្លេនឹងត្រូវបើក ហើយវិមាននឹងត្រូវរំលាយ។*
៧ ព្រោះមានសេចក្ដីសម្រេចថា៖ នាងនឹងត្រូវបកអាក្រាតហើយ
គេនឹងនាំនាងយកទៅ ហើយស្រីៗជាខ្ញុំបម្រើរបស់នាងបានថ្ងូរ
គឺពួកគេថ្ងូរដូចព្រាប កាលដែលកំពុងគក់ទ្រូង។
៨ នៅគ្រារបស់នាង ក្រុងនីនីវេ+មានស្ថានភាពដូចជាអាងទឹកធំ
តែឥឡូវពួកគេកំពុងរត់គេចវិញ។
«ចូរឈប់! ចូរឈប់សិន!»
តែគ្មាននរណាបែរក្រោយឡើយ។+
៩ ចូររឹបអូសយកមាសប្រាក់ទៅ! មានទ្រព្យសម្បត្តិច្រើនណាស់
គឺមានវត្ថុមានតម្លៃគ្រប់ប្រភេទច្រើនឥតគណនា។
១០ ក្រុងនោះបានត្រូវបំផ្លាញ ហើយត្រូវទុកចោលឲ្យនៅទទេ!+
ពួកគេភ័យខ្លាច ក៏ញ័រជើង ទន់ជង្គង់
ថែមទាំងមានទឹកមុខស្លេកស្លាំងទៀតផង។
១១ តើរូងតោ+ដែលតោស្ទាវស៊ីចំណីនៅឯណា?
តើរូងតោដែលវានាំកូនៗចេញទៅ
ដោយគ្មានអ្នកណាបំភ័យនៅឯណាទៅ?
១២ តោបានហែកចំណីជាចំណែកៗឲ្យកូនៗរបស់វា
ហើយវាបានខាំពាំចំណីមកឲ្យតោញី។
នៅក្នុងរូងវាពេញទៅដោយចំណី គឺជាសត្វដែលវាបានហែកស៊ី។
១៣ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ប្រកាសថា៖ «មើល! ខ្ញុំទាស់នឹងអ្នកហើយ+
ខ្ញុំនឹងដុតបំផ្លាញរទេះចម្បាំងរបស់អ្នក+
ហើយខ្ញុំនឹងលើកដាវទៅប្រហារតោស្ទាវរបស់អ្នក។
ខ្ញុំនឹងលែងឲ្យអ្នកហែកស៊ីចំណីនៅផែនដីទៀត
ពេលនោះ សំឡេងពួកអ្នកនាំសាររបស់អ្នក ក៏នឹងលែងឮទៀតដែរ»។+
៣ វេទនាដល់ក្រុងដែលពេញទៅដោយការបង្ហូរឈាម!
នាងមានសុទ្ធតែការបោកប្រាស់ និងការលួចប្លន់។
នាងមានចំណីមិនដែលខាន។
២ មើល! មានឮសំឡេងខ្សែតី សូរសន្ធឹកកង់រទេះ
សម្រឹបសេះបោល និងសំឡេងរទេះចម្បាំង។
៣ ទ័ពសេះសម្រុកមកទាំងមានដាវភ្លឺចិញ្ចាច និងលំពែងភ្លឺផ្លេក។
ពេលនោះ មានសាកសពច្រើនសន្ធឹកគរលើគ្នា
គឺមានសាកសពច្រើនឥតគណនា។
ពួកគេជំពប់ដួលដោយសាកសពទាំងនោះ។
៤ នេះកើតឡើងដោយសារអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដ៏ច្រើនលើសលប់របស់ស្ត្រីពេស្យា។
នាងមានសម្រស់ស្រស់ស្អាត ពូកែទាក់ទាញ ហើយជាគ្រូធ្មប់។
នាងល្បួងលួងលោមប្រជាជាតិទាំងឡាយនិងកុលសម្ព័ន្ធនានាដោយអំពើពេស្យាចារនិងអំពើធ្មប់របស់នាង។
៥ ហេតុនេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ប្រកាសថា៖ «មើល! ខ្ញុំទាស់នឹងនាង*ហើយ។+
ខ្ញុំនឹងសើយសំពត់នាងគ្របមុខនាង។
ខ្ញុំនឹងឲ្យប្រជាជាតិនានាឃើញកេរ្តិ៍ខ្មាសរបស់នាង
ហើយឲ្យរាជាណាចក្រនានាឃើញសេចក្ដីអាម៉ាស់របស់នាង។
៦ ខ្ញុំនឹងបោះអ្វីដែលកខ្វក់ទៅលើនាង ដើម្បីធ្វើឲ្យនាងស្មោកគ្រោក។
ខ្ញុំនឹងឲ្យគេចំអកមើលងាយនាង។+
៧ អស់អ្នកដែលឃើញនាងនឹងរត់ចេញពីនាង+ ទាំងពោលថា៖
‹ក្រុងនីនីវេបានត្រូវបំផ្លាញហើយ!
តើមានអ្នកណាអាណិតអាសូរនាងទៅ?›។
តើខ្ញុំស្វែងរកអ្នកសម្រាលទុក្ខនាងនៅឯណា?
៨ តើនាងប្រសើរជាងក្រុងណូអេម៉ុន*+ដែលនៅក្បែរប្រឡាយទន្លេនីលឬ?+
ផ្លូវទឹកព័ទ្ធជុំវិញនាង ហើយសមុទ្រជាទ្រព្យនិងជាកំពែងរបស់នាង។
៩ ស្រុកអេត្យូពីនិងស្រុកអេហ្ស៊ីបជាប្រភពនៃកម្លាំងមហិមារបស់នាង។
ពួកផឹត+និងពួកលេប៊ីជាអ្នកជំនួយរបស់នាង។+
១០ ទោះជាយ៉ាងនោះក៏ដោយ នាងបានត្រូវនិរទេស
ហើយត្រូវចាប់យកទៅធ្វើជាឈ្លើយ។+
ឯកូនៗរបស់នាងវិញ ពួកគេបានត្រូវវាយកម្ទេចនៅគ្រប់ជ្រុងផ្លូវ។
ចំណែកពួកអ្នកមានមុខមាត់ ត្រូវគេចាប់ឆ្នោតយក
ហើយពួកអ្នកមានឋានៈខ្ពស់ ត្រូវគេដាក់ខ្នោះច្រវាក់។
១១ នាងនឹងស្រវឹងស្រា+ ហើយរត់ទៅលាក់ខ្លួន
រួចរកកន្លែងជ្រកដើម្បីគេចពីសត្រូវ។
១២ រីឯបន្ទាយរឹងមាំទាំងអស់របស់នាង ប្រៀបដូចជាដើមល្វាតូចដែលមានផ្លែទុំដំបូង។
បើគេអង្រួនដើមនោះ ផ្លែនឹងជ្រុះចូលទៅក្នុងមាត់របស់អ្នកដែលបរិភោគ។
១៣ មើល! ពួកទាហានរបស់នាងប្រៀបដូចជាស្ត្រីភេទ។
ខ្លោងទ្វារស្រុកនឹងត្រូវបើកចំហឲ្យពួកសត្រូវ
ហើយភ្លើងនឹងឆាបឆេះរនុកទ្វារទាំងអស់។
១៤ ចូរដងទឹកទុកសម្រាប់ការឡោមព័ទ្ធទៅ!+
ចូរពង្រឹងបន្ទាយរបស់នាងឲ្យកាន់តែរឹងមាំ។
ចូរចុះទៅក្នុងភក់ ហើយជាន់ដីឥដ្ឋ រួចយកមកធ្វើជាដុំឥដ្ឋទៅ!
១៥ ទោះជាយ៉ាងនោះក៏ដោយ ភ្លើងនឹងឆាបឆេះនាង
ហើយដាវនឹងកាប់រំលំនាង។+
អ្វីទាំងនោះនឹងបំផ្លាញនាងដូចកូនកណ្ដូបស៊ីបំផ្លាញ។+
ចូរបង្កើនគ្នាឲ្យបានច្រើនដូចកូនកណ្ដូប
គឺឲ្យមានសន្ធឹកសន្ធាប់ដូចហ្វូងកណ្ដូបទៅ!
១៦ នាងធ្វើឲ្យមានពួកឈ្មួញកាន់តែច្រើន គឺច្រើនជាងផ្កាយនៅលើមេឃទៅទៀត។
ឯកណ្ដូបក៏សកខ្លួន រួចហើរទៅ។
១៧ ពួកអ្នកយាមរបស់នាងប្រៀបដូចជាកណ្ដូប
ហើយពួកមន្ត្រីរបស់នាងប្រៀបដូចជាហ្វូងកណ្ដូប។
ពួកគេជ្រកក្នុងក្រោលថ្មនៅថ្ងៃត្រជាក់
លុះថ្ងៃរះឡើង ពួកគេហើរទៅអស់
ហើយគ្មាននរណាដឹងថាពួកគេនៅទីណាឡើយ។
១៨ ឱស្ដេចស្រុកអាស៊ីរីអើយ! ពួកគង្វាលរបស់អ្នកកំពុងងោកងុយ
ហើយពួកអ្នកមានឋានៈខ្ពស់កំពុងស្នាក់នៅក្នុងលំនៅរបស់ខ្លួន។
ឯបណ្ដាជនវិញ ពួកគេខ្ចាត់ខ្ចាយនៅលើភ្នំនានា
ហើយគ្មាននរណាប្រមូលពួកគេមកវិញទេ។+
១៩ អ្នកនឹងមិនបានស្រាកស្រាន្តពីទុក្ខវេទនាឡើយ
ហើយរបួសរបស់អ្នកនឹងមិនជាសះស្បើយដែរ។
ពេលមនុស្សឮដំណឹងអំពីអ្នក ពួកគេនឹងទះដៃអបអរ+
ព្រោះតើមានអ្នកណាដែលមិនធ្លាប់រងទុក្ខដោយសារអំពើសាហាវឃោរឃៅរបស់អ្នក?»។+
មានន័យថា«អ្នកសម្រាលទុក្ខ»
នេះសំដៅលើក្រុងនីនីវេ
ឬ«ស្រាបៀរដែលធ្វើពីស្រូវសាលី»
ឬប្រហែលជាមានន័យថា«ហើយឆ្លងទៅ»
នេះសំដៅលើយូដា
នេះសំដៅលើអាស៊ីរី
នេះសំដៅលើក្រុងនីនីវេ
ឬ«លំពែងដែលធ្វើពីឈើយូនីពើ»
ឬ«នឹងត្រូវរំលំ»
នេះសំដៅលើក្រុងនីនីវេ
នេះសំដៅលើក្រុងធេប