បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt កាឡាទី ១:១-៦:១៨
  • កាឡាទី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កាឡាទី
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កាឡាទី

ជូន​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ខេត្ត​កាឡាទី

១ ពី​ខ្ញុំ ប៉ូល ដែល​ជា​សាវ័ក* មិន​មែន​ជា​សាវ័ក​របស់​មនុស្ស ឬ​តាម​រយៈ​មនុស្ស​ឡើយ តែ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត+និង​ព្រះ​ដែល​ជា​បិតា+ ដែល​បាន​ប្រោស​លោក​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។ ២ ខ្ញុំ​និង​បង​ប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ សូម​សរសេរ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ខេត្ត​កាឡាទី​៖

៣ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។ ៤ លោក​បាន​ប្រគល់​ខ្លួន​លោក​ជា​ថ្នូរ​នឹង​ការ​ខុស​ឆ្គង*របស់​យើង+ ដើម្បី​សង្គ្រោះ​យើង​ពី​របៀប​របប​ពិភព​លោក*អាក្រក់​នៅ​សម័យ​នេះ+ ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដែល​ជា​បិតា​របស់​យើង+ ៥ ជា​ព្រះ​ដែល​គួរ​នឹង​ទទួល​ការ​សរសើរ​តម្កើង​ជា​រៀង​រហូត។ អាមេន។

៦ ខ្ញុំ​ឆ្ងល់​ណាស់​ដែល​អ្នក​រាល់​គ្នា​ឆាប់​ងាក​ចេញ​ពី​លោក​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​របស់​គ្រិស្ត ហើយ​បែរ​ទៅ​ស្ដាប់​ដំណឹង​ល្អ​បែប​ផ្សេង​វិញ។+ ៧ តាម​ការ​ពិត នោះ​មិន​មែន​ជា​ដំណឹង​ល្អ​បែប​ផ្សេង​ទេ តែ​គឺ​មាន​មនុស្ស​ខ្លះ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​បញ្ហា+ ហើយ​ចង់​បង្ខុស​ដំណឹង​ល្អ​អំពី​គ្រិស្ត។ ៨ ក៏​ប៉ុន្តែ បើ​យើង​ណា​ម្នាក់​ឬ​ទេវតា​ណា​មួយ​ពី​ស្ថាន​សួគ៌​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ដំណឹង​ល្អ​ផ្សេង ខុស​ពី​ដំណឹង​ល្អ​ដែល​យើង​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ចូរ​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា។ ៩ ដូច​យើង​បាន​និយាយ​រួច​ហើយ តែ​ខ្ញុំ​សុំ​និយាយ​ម្ដង​ទៀត​ថា អ្នក​ណា​ក៏​ដោយ​ដែល​កំពុង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ខុស​ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ជឿ ចូរ​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា។

១០ តើ​ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​ពេញ​ចិត្ត ឬ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត? តើ​ខ្ញុំ​កំពុង​ព្យាយាម​ផ្គាប់​ចិត្ត​មនុស្ស​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ព្យាយាម​ផ្គាប់​ចិត្ត​មនុស្ស ខ្ញុំ​មិន​មែន​ជា​ខ្ញុំ​បម្រើ​របស់​គ្រិស្ត​ទេ។ ១១ បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ដំណឹង​ល្អដែល​ខ្ញុំ​បាន​ប្រកាស មិន​មែន​មក​ពី​មនុស្ស​ទេ+ ១២ ព្រោះ​ខ្ញុំ​មិន​បាន​ទទួល​ដំណឹង​នោះ​ពី​មនុស្ស​ឡើយ ហើយ​ក៏​មិន​បាន​ទទួល​ការ​បង្រៀន​អំពី​ដំណឹង​នោះ​ដែរ តែ​លោក​យេស៊ូ​គ្រិស្ត​បាន​បើក​បង្ហាញ​ដំណឹង​នោះ​ដល់​ខ្ញុំ។

១៣ អ្នក​រាល់​គ្នា​ច្បាស់​ជា​បាន​ឮ​អំពី​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ពី​មុន ពេល​ដែល​ខ្ញុំ​កាន់​សាសនា​យូដា+ គឺ​ថា​ខ្ញុំ​បាន​បៀត​បៀន​យ៉ាង​ខ្លាំង​ដល់​ក្រុម​ជំនុំ​របស់​ព្រះ ថែម​ទាំង​ព្យាយាម​បំផ្លាញ​ក្រុម​ជំនុំ​នោះ​ទៀត​ផង+ ១៤ ហើយ​ខ្ញុំ​កាន់​តាម​សាសនា​យូដា​បាន​ប្រសើរ​ជាង​ជន​រួម​ជាតិ​ជា​ច្រើន​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ ដោយ​សារ​ខ្ញុំ​ខ្នះ​ខ្នែង​ខ្លាំង​ជាង​ពួក​គេ​ឆ្ងាយ​ណាស់​ក្នុង​ការ​ធ្វើ​តាម​ទំនៀម​ទម្លាប់​នៃ​ពួក​បុព្វ​បុរស​របស់​ខ្ញុំ។+ ១៥ ក៏​ប៉ុន្តែ ព្រះ​ដែល​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​កើត​មក និង​ដែល​បាន​ហៅ​ខ្ញុំ​តាម​រយៈ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក+ បាន​ពេញ​ចិត្ត ១៦ បើក​បង្ហាញ​បុត្រ​របស់​លោក​តាម​រយៈ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​អំពី​លោក​ដល់​ជន​ជាតិ​ដទៃ+ ពេល​នោះ​ខ្ញុំ​មិន​បាន​ទៅ​សួរ​យោបល់​ពី​អ្នក​ឯ​ទៀត​ភ្លាម​ៗ​ទេ។ ១៧ ខ្ញុំ​ក៏​មិន​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ជួប​អ្នក​ដែល​ជា​សាវ័ក​មុន​ខ្ញុំ​ដែរ តែ​ខ្ញុំ​បាន​ចេញ​ទៅ​ស្រុក​អារ៉ាប់ រួច​ខ្ញុំ​ត្រឡប់​មក​ក្រុង​ដាម៉ាស់​វិញ។+

១៨ លុះ​បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូសាឡិម+ដើម្បី​ជួប​កេផាស*+ ហើយ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​គាត់​អស់​១៥​ថ្ងៃ។ ១៩ ប៉ុន្តែ ខ្ញុំ​មិន​បាន​ជួប​សាវ័ក​ណា​ទៀត​ទេ ក្រៅ​ពី​យ៉ាកុប+ដែល​ជា​ប្អូន​ប្រុស​របស់​លោក​ម្ចាស់​ប៉ុណ្ណោះ។ ២០ ឥឡូវ មើល! ខ្ញុំ​សូម​ប្រាប់​នៅ​ចំពោះ​មុខ​ព្រះ​ថា អ្វី​ៗ​ដែល​ខ្ញុំ​កំពុង​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា មិន​មែន​ជា​សេចក្ដី​ភូត​ភរ​ទេ។

២១ បន្ទាប់​ពី​នោះ ខ្ញុំ​បាន​ទៅ​តំបន់​ស៊ីរី​និង​ស៊ីលីស៊ី។+ ២២ ប៉ុន្តែ បណ្ដា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​តំបន់​យូឌា មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ។ ២៣ ពួក​គាត់​គ្រាន់​តែ​បាន​ឮ​ថា​៖ ​«​ឥឡូវ បុរស​ដែល​ធ្លាប់​បៀត​បៀន​យើង+ កំពុង​ប្រកាស​ដំណឹង​ល្អ​អំពី​សាសនា​ដែល​គាត់​ធ្លាប់​បំផ្លាញ​»។+ ២៤ ដូច្នេះ ពួក​គាត់​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ​ដោយ​សារ​ខ្ញុំ។

២ លុះ​១៤​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ម្ដង​ទៀត​ជា​មួយ​និង​បាណាបាស+ ហើយ​ខ្ញុំ​ក៏​បាន​នាំ​ទីតុស​ទៅ​ជា​មួយ​ដែរ។+ ២ ខ្ញុំ​បាន​ឡើង​ទៅ​ដោយ​សារ​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ដល់​ខ្ញុំ។ រួច​មក ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​ពួក​បុរស​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​អំពី​ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ដទៃ។ ខ្ញុំ​បាន​ប្រាប់​ពួក​គាត់​ដោយ​ឡែក​ពី​គេ ដើម្បី​ឲ្យ​ប្រាកដ​ថា​កិច្ច​បម្រើ​ដែល​ខ្ញុំ​បាន​បំពេញ និង​កំពុង​បំពេញ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។ ៣ នៅ​ពេល​នោះ សូម្បីតែ​ទីតុស+ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ ក៏​មិន​បាន​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ការ​កាត់​ចុង​ស្បែក*ដែរ+ ទោះ​ជា​គាត់​ជា​ជន​ជាតិ​ក្រិច​ក៏​ដោយ។ ៤ ប៉ុន្តែ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​បង​ប្អូន​ក្លែង​ក្លាយ​ដែល​បាន​ចូល​មក​ដោយ​សម្ងាត់+ គឺ​ពួក​គេ​បាន​លួច​បន្លំ​ចូល​ឃ្លាំ​មើល​ក្នុង​បំណង​រក​វិធី​បំផ្លាញ​សេរី​ភាព+ដែល​យើង​មាន​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ ដើម្បី​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ខ្ញុំ​បម្រើ​ដាច់​ថ្លៃ។+ ៥ ប៉ុន្តែ យើង​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​គេ​ឡើយ+ សូម្បី​តែ​មួយ​ភ្លែត ព្រោះ​យើង​ចង់​ឲ្យ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​នៅ​ជាប់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​និច្ច។

៦ ចំណែក​ពួក​អ្នក​ដែល​មើល​ទៅ​ដូច​ជា​មនុស្ស​សំខាន់​ក្នុង​ក្រុម​ជំនុំ+ តាម​ពិត​ពួក​គាត់​មិន​បាន​បន្ថែម​ចំណេះ​ឲ្យ​ខ្ញុំ​សោះ។ ទោះ​ជា​ពី​មុន​ពួក​គាត់​ជា​អ្វី​ក៏​ដោយ នោះ​មិន​សំខាន់​ចំពោះ​ខ្ញុំ​ទេ ពី​ព្រោះ​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ម្នាក់​ឡើយ។* ៧ ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​ឃើញ​ថា​ដំណឹង​ល្អ​សម្រាប់​ជន​ជាតិ​ដទៃ*+បាន​ត្រូវ​ប្រគល់​មក​ខ្ញុំ ដូច​ដំណឹង​ល្អ​សម្រាប់​ជនជាតិ​យូដា*បាន​ត្រូវ​ប្រគល់​ទៅ​ពេត្រុស​ដែរ ៨ ព្រោះ​លោក​ដែល​បាន​ឲ្យ​អំណាច​ដល់​ពេត្រុស​ដើម្បី​ធ្វើ​ជា​សាវ័ក​សម្រាប់​ពួក​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក ក៏​បាន​ឲ្យ​អំណាច​ដល់​ខ្ញុំ​ដើម្បី​ធ្វើ​ជា​សាវ័ក​សម្រាប់​ជន​ជាតិ​ដទៃ​ដែរ។+ ៩ ដូច្នេះ ពួក​គាត់​បាន​ទទួល​ស្គាល់​អំពី​គុណ​ដ៏​វិសេស​លើស​លប់​ដែលខ្ញុំ​បាន​ទទួល+ ពេល​នោះ​យ៉ាកុប+ កេផាស* និង​យ៉ូហាន ជា​ពួក​អ្នក​ដែល​ត្រូវ​គេចាត់​ទុក​ជា​សសរ​នៃ​ក្រុម​ជំនុំ បាន​ហុច​ដៃ​ស្ដាំ​មក​យើង​ដើម្បី​បញ្ជាក់​ការ​យល់​ព្រម​ថា ខ្ញុំ​និង​បាណាបាស+គួរ​ទៅ​ឯ​ជន​ជាតិ​ដទៃ តែ​ពួក​គាត់​នឹង​ទៅ​ឯ​អស់​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក។ ១០ ពួក​គាត់​បាន​សុំ​យើង​រឿង​មួយ​គឺ កុំ​ឲ្យ​ភ្លេច​គិត​ដល់​បង​ប្អូន​ក្រី​ក្រ ហើយ​ខ្ញុំ​ក៏​បាន​ព្យាយាម​ធ្វើ​ការ​នោះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដែរ។+

១១ ក៏​ប៉ុន្តែ ពេល​កេផាស*+មក​ដល់​ក្រុង​អាន់ទីយ៉ូក+ ខ្ញុំ​បាន​ស្ដី​បន្ទោស​គាត់​នៅ​ចំពោះ​មុខ​តែ​ម្ដង ពី​ព្រោះ​គាត់​ពិត​ជា​បាន​ធ្វើ​ខុស​មែន។* ១២ ព្រោះ​យ៉ាកុប+បាន​ចាត់​បុរស​ខ្លះ​ឲ្យ​មក ហើយ​មុន​ពេល​ពួក​គេ​មក​ដល់ កេផាស​តែង​តែ​បរិភោគ​ជា​មួយ​នឹង​ជន​ជាតិ​ដទៃ។+ ប៉ុន្តែ ពេល​ដែល​បុរស​ទាំង​នោះ​មក​ដល់ កេផាស​ឈប់​ធ្វើ​ដូច្នោះ​ទៀត ហើយ​នៅ​ដោយ​ឡែក​ពី​ជន​ជាតិ​ដទៃ​វិញ ដោយ​សារ​គាត់​ខ្លាច​ពួក​អ្នក​ដែល​គាំទ្រ​ការ​កាត់​ចុង​ស្បែក។+ ១៣ រីឯ​ជនជាតិ​យូដា​ឯ​ទៀត​បាន​ធ្វើ​ពើ*ជា​មួយ​នឹង​គាត់ សូម្បី​តែ​បាណាបាស​ក៏​បាន​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​ពួក​គាត់​ក្នុង​ការ​ធ្វើ​ពើ​នោះ​ដែរ។ ១៤ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ឃើញ​ថា​ពួក​គាត់​មិន​ដើរ​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ+ នោះ​ខ្ញុំ​និយាយ​ទៅ​កេផាស​នៅ​មុខ​ពួក​គាត់​ទាំង​អស់​គ្នា​ថា​៖ ​«​ទោះ​ជា​អ្នក​ជា​ជនជាតិ​យូដា​ក៏​ដោយ តែ​បើ​អ្នក​មិន​រស់​នៅ​ដូច​ជនជាតិ​យូដា​ទេ គឺ​រស់​នៅ​ដូច​ជន​ជាតិ​ដទៃ ហេតុ​អ្វី​អ្នក​កំពុង​ជំរុញ​ចិត្ត​ជន​ជាតិ​ដទៃ​ឲ្យ​រស់​នៅ​តាម​ទំនៀម​ទម្លាប់​យូដា?​»។+

១៥ ចំណែក​យើង​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​យូដា យើង​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង*ដូច​ជន​ជាតិ​ដទៃ​ទេ ១៦ ហើយ​យើង​ដឹង​ថា​មនុស្ស​បានត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត មិន​មែន​ដោយ​អាង​លើ​ការ​ប្រព្រឹត្ត​តាម​ច្បាប់​ទេ តែ​តាម​រយៈ​ជំនឿ+លើ​គ្រិស្ត​យេស៊ូ​ប៉ុណ្ណោះ។+ ដូច្នេះ យើង​បាន​ជឿ​គ្រិស្ត​យេស៊ូ ដើម្បី​យើង​អាច​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​លើ​គ្រិស្ត មិន​មែន​ដោយ​អាង​លើ​ការ​ប្រព្រឹត្ត​តាម​ច្បាប់​ទេ ពី​ព្រោះ​គ្មាន​អ្នក​ណា​អាច​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​អាង​លើ​ការ​ប្រព្រឹត្ត​តាម​ច្បាប់​ឡើយ។+ ១៧ ប្រសិន​បើ​យើង​ដែល​កំពុង​ព្យាយាម​ធ្វើ​ជា​អ្នក​ដែល​នឹង​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​តាម​រយៈ​គ្រិស្ត បាន​ត្រូវ​គេ​ចាត់​ទុក​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​វិញ តើ​នេះ​មាន​ន័យ​ថា​គ្រិស្ត​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ខុស​ឬ? មិន​អាច​ទេ! ១៨ ប្រសិន​បើ​ខ្ញុំ​យក​អ្វី​ៗ​ដែល​ខ្ញុំ​បាន​រំលំ​ចោល ហើយ​មក​សង់​ឡើង​វិញ នោះ​បង្ហាញ​ថា​ខ្ញុំ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​រំលង។ ១៩ ព្រោះ​តាម​រយៈ​ច្បាប់ ខ្ញុំ​បាន​រួច​ពី​ច្បាប់*+ ដូច្នេះ​ខ្ញុំ​អាច​រស់​ដើម្បី​ព្រះ។ ២០ ខ្ញុំ​បាន​ត្រូវ​ព្យួរ*ជា​មួយ​នឹង​គ្រិស្ត។+ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់ តែ​គឺ​គ្រិស្ត​ដែល​កំពុង​រស់+ ហើយ​លោក​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ។ ឥឡូវ​នេះ ខ្ញុំ​រស់​នៅ​ស្រប​តាម​ជំនឿ​លើ​បុត្រ​របស់​ព្រះ+ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​ដែល​បាន​បូជា​ជីវិត​ដើម្បី​ខ្ញុំ។+ ២១ ខ្ញុំ​មិន​ច្រាន​ចោល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ឡើយ+ ព្រោះ​ប្រសិន​បើ​សេចក្ដី​សុចរិត​គឺ​តាម​រយៈ​ច្បាប់ នោះ​គ្រិស្ត​បាន​ស្លាប់​គឺ​ជា​ការ​ឥត​ប្រយោជន៍​ទទេ។+

៣ ឱ​អ្នក​ខេត្ត​កាឡាទី​ដែល​មិន​ចេះ​ពិចារណា​អើយ! តើ​អ្នក​ណា​បាន​បញ្ឆោត​អ្នក​រាល់​គ្នា?+ ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រូវ​ពន្យល់​យ៉ាង​ច្បាស់​អំពី​ការ​ស្លាប់​របស់​លោក​យេស៊ូ​គ្រិស្ត​លើ​បង្គោល​ឈើ*រួច​ហើយ។+ ២ ខ្ញុំ​ចង់​សួរ​មួយ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ឫទ្ធានុភាព​របស់​ព្រះ​ដោយ​សារ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ច្បាប់ ឬ​ដោយ​សារ​មាន​ជំនឿ​លើ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ?+ ៣ តើ​អ្នក​រាល់​គ្នា​ពិត​ជា​មិន​ចេះ​ពិចារណា​ដល់​ថ្នាក់​នេះ​ឬ? អ្នក​រាល់​គ្នា​បាន​ចាប់​ផ្ដើម​ដោយ​ផ្អែក​លើ​ឫទ្ធានុភាព​របស់​ព្រះ តែ​ឥឡូវ តើ​អ្នក​រាល់​គ្នា​បែរ​ជា​បញ្ចប់​ដោយ​ផ្អែក​លើ​អ្វី​ៗ​ដែល​មក​ពី​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ឬ?+ ៤ តើ​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​លំបាក​ជា​ច្រើន​ដោយ​ឥត​អំពើ​ឬ? ខ្ញុំ​ប្រាកដ​ថា​ការ​នោះ​មិន​មែន​ឥត​អំពើ​ទេ។ ៥ ចុះ​អ្នក​ដែល​ឲ្យ​ឫទ្ធានុភាព​របស់ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព+ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​អ្នក​នោះ​ធ្វើ​ការ​ទាំង​នោះ​ដោយ​សារ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ច្បាប់ ឬ​ក៏​ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ​លើ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ? ៦ ដូច​អាប្រាហាំ​«​បាន​ជឿ​ព្រះ​យេហូវ៉ា* ហើយ​គាត់​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត​»។+

៧ អ្នក​រាល់​គ្នា​ច្បាស់​ជា​ដឹង​ថា អ្នក​ណា​ដែល​ធ្វើ​តាម​ជំនឿ អ្នក​នោះ​ជា​កូន​អាប្រាហាំ។+ ៨ បទ​គម្ពីរ​បាន​ចែង​ទុក​តាំង​ពី​យូរ​មក​ហើយ​ថា ព្រះ​នឹង​ប្រកាស​ថា​ជន​ជាតិ​ដទៃ​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​របស់​ពួក​គេ ហើយ​បទ​គម្ពីរ​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​អាប្រាហាំ​ជា​មុន​ថា​៖ ​«​តាម​រយៈ​អ្នក ប្រជាជាតិ​ទាំង​អស់​នឹង​ទទួល​ពរ​»។+ ៩ ហេតុ​នេះ អស់​អ្នក​ដែល​ធ្វើ​តាម​ជំនឿ​កំពុង​ទទួល​ពរ​ជា​មួយ​នឹង​អាប្រាហាំ​ដែល​ជា​អ្នក​មាន​ជំនឿ។+

១០ អស់​អ្នក​ដែល​អាង​លើ​ការ​ប្រព្រឹត្ត​តាម​ច្បាប់ អ្នក​ទាំង​នោះ​ត្រូវ​បណ្ដាសា​ហើយ ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​អស់​អ្នក​ណា​ដែល​មិន​ធ្វើ​តាម​ជា​និច្ច​នូវ​អ្វី​ៗ​ទាំង​អស់ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​ច្បាប់* អ្នក​នោះ​ត្រូវ​បណ្ដាសា​ហើយ​»។+ ១១ ម្យ៉ាង​ទៀត យើង​ឃើញ​ច្បាស់​ថា​ព្រះ​មិន​ប្រកាស​ថា​អ្នក​ណា​ជា​មនុស្ស​សុចរិត​ដោយ​សារច្បាប់​ទេ+ ពី​ព្រោះ​«​មនុស្ស​សុចរិត​នឹង​រស់​ដោយ​សារ​ជំនឿ​»។+ ១២ ឯ​ច្បាប់​មិន​តម្រូវ​ឲ្យ​មាន​ជំនឿ​ទេ ប៉ុន្តែ​«​អ្នក​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​ទាំង​នោះ នឹង​រស់​ដោយ​សារ​បញ្ញត្ដិ​ទាំង​នោះ​»។+ ១៣ ដោយ​សារ​គ្រិស្ត​បាន​ទិញ​យើង+ នោះ​លោក​បាន​រំដោះ​យើង+ឲ្យ​រួច​ពី​បណ្ដាសា​នៃ​ច្បាប់ ដោយ​ធ្វើ​ជា​អ្នក​ត្រូវ​បណ្ដាសា​ជំនួស​យើង ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ត្រូវ​ព្យួរ​លើ​បង្គោល​ឈើ អ្នក​នោះ​ត្រូវ​បណ្ដាសា​ហើយ​»។+ ១៤ ការ​នោះ​បាន​កើត​ឡើង​ដើម្បី​ឲ្យ​ជន​ជាតិ​ដទៃ​បាន​ពរ​របស់​អាប្រាហាំ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។+ យ៉ាង​នេះ យើង​អាច​ទទួល​ឫទ្ធានុភាព​របស់​ព្រះ​តាម​សេចក្ដី​សន្យា​របស់​លោក+ ដោយ​សារ​ជំនឿ​របស់​យើង។

១៥ បង​ប្អូន​អើយ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​៖ ពេល​កិច្ច​ព្រម​ព្រៀង​មួយ​មាន​សុពលភាព នោះ​គ្មាន​អ្នក​ណា​អាច​លើក​ចោល​ឬ​បន្ថែម​អ្វី​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ទេ។ ១៦ អាប្រាហាំ​និង​កូន​ចៅ*របស់​គាត់​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​នោះ។+ បទ​គម្ពីរ​មិន​ចែង​ថា​៖ ​«​ដល់​កូន​ចៅ*ទាំង​ឡាយ​របស់​អ្នក​»​ទេ ព្រោះ​បើ​ចែង​ដូច្នេះ​គឺ​សំដៅ​លើ​មនុស្ស​ច្រើន។ ប៉ុន្តែ គម្ពីរ​ចែង​ថា​៖ ​«​ដល់​កូន​ចៅ*របស់​អ្នក​»​ គឺ​សំដៅ​លើ​មនុស្ស​តែ​ម្នាក់​វិញ គឺ​ជា​គ្រិស្ត។+ ១៧ ម្យ៉ាង​ទៀត ខ្ញុំ​សុំ​និយាយ​ថា​៤៣០​ឆ្នាំ​ក្រោយ​មក+ ច្បាប់​ម៉ូសេ​បាន​ត្រូវ​បង្កើត​ឡើង តែ​ច្បាប់​នេះ​មិន​អាច​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​មាន​សុពលភាព​ពី​មុន​នោះ​ទៅ​ជា​មោឃ ឬ​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​ផ្លាស់​ប្ដូរ​នោះ​ទេ។ ១៨ ព្រោះ​ប្រសិន​បើ​ព្រះ​ឲ្យ​មត៌ក​ដោយ​សារ​ច្បាប់ នោះ​លោក​នឹង​លែង​ឲ្យ​ដោយ​សារ​សេចក្ដី​សន្យា​ទៀត​ហើយ។ ក៏​ប៉ុន្តែ ព្រះ​បាន​មេត្តា​ឲ្យ​មត៌ក​នោះ​ដល់​អាប្រាហាំ គឺ​តាម​រយៈ​សេចក្ដី​សន្យា។+

១៩ បើ​ដូច្នេះ ហេតុ​អ្វី​ក៏​មាន​ច្បាប់? ច្បាប់​នោះ​បាន​ត្រូវ​បន្ថែម​ដើម្បី​ស​ឲ្យ​ឃើញ​ការ​រំលង+ រហូត​ដល់​កូន​ចៅ*ដែល​បាន​ទទួល​សេចក្ដី​សន្យា​នោះ​លេច​មក។+ ព្រះ​បាន​ប្រើ​ទេវតា​ឲ្យ​ប្រគល់​ច្បាប់​នោះ​ដល់​បណ្ដា​ជន+ តាម​រយៈ​អ្នក​សម្រុះ​សម្រួល។+ ២០ ពេល​ដែល​មាន​ភាគី​តែ​ម្ខាង នោះ​មិន​ត្រូវ​ការ​អ្នក​សម្រុះ​សម្រួល​ទេ។ ដូច​គ្នា​ដែរ ព្រះ​គឺ​ជា​ភាគី​តែ​ម្ខាង​ដែល​បាន​ធ្វើ​សេចក្ដី​សន្យា​នោះ។ ២១ បើ​ដូច្នេះ តើ​ច្បាប់​ប្រឆាំង​សេចក្ដី​សន្យា​របស់​ព្រះ​ឬ? ច្បាស់​ជា​មិន​មែន​ទេ! ព្រោះ​ប្រសិន​បើ​មនុស្ស​បាន​ទទួល​ច្បាប់​មួយ​ដែល​អាច​ផ្ដល់​ជីវិត នោះ​ពួក​គេ​នឹង​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត​តាម​រយៈ​ច្បាប់​នោះ។ ២២ ប៉ុន្តែ បទ​គម្ពីរ​បាន​បង្ហាញ​ថា​មនុស្ស​បាន​នៅ​ក្រោម​អំណាច​នៃ​ភាព​ខុស​ឆ្គង* ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​គ្រិស្ត អាច​ទទួល​សេចក្ដី​សន្យា​ពី​ព្រះ។

២៣ ក៏​ប៉ុន្តែ មុន​ជំនឿ​នោះ​មក​ដល់ យើង​បាន​ត្រូវ​ការ​ពារ​និង​គ្រប់​គ្រង​ដោយ​ច្បាប់ ហើយ​យើង​កំពុង​រង់​ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​បើក​បង្ហាញ។+ ២៤ ហេតុ​នេះ ច្បាប់​បាន​ធ្វើ​ជា​អ្នក​មើល​ថែ​រក្សា*ដែល​នាំ​យើង​ទៅ​ដល់​គ្រិស្ត+ ដើម្បី​ឲ្យ​ព្រះ​ប្រកាស​ថា​យើង​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ។+ ២៥ ប៉ុន្តែ ឥឡូវ​ជំនឿ​នោះ​បាន​មក​ដល់​ហើយ+ ដូច្នេះ​យើង​លែង​នៅ​ក្រោម​អំណាច​អ្នក​មើល​ថែ​រក្សា​ទៀត។+

២៦ តាម​ការ​ពិត អ្នក​រាល់​គ្នា​ជា​កូន​ព្រះ+ ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ​លើ​គ្រិស្ត​យេស៊ូ។+ ២៧ ព្រោះ​អ្នក​រាល់​គ្នា​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដើម្បី​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត បាន​បំពាក់​ខ្លួន​ដោយ​គ្រិស្ត។+ ២៨ គ្មាន​ជនជាតិ​យូដា ឬ​ជន​ជាតិ​ក្រិច+ គ្មាន​ខ្ញុំ​បម្រើ ឬ​អ្នក​ដែល​មាន​សេរី​ភាព+ គ្មាន​ប្រុស ឬ​ស្រី​ឡើយ+ ព្រោះ​អ្នក​រាល់​គ្នា​រួប​រួម​គ្នា​ដូច​ជា​បុគ្គល​តែ​មួយ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។+ ២៩ ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​រាល់​គ្នា​ជា​របស់​គ្រិស្ត អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ*អាប្រាហាំ+ដែល​ជា​អ្នក​ទទួល​មត៌ក+តាម​សេចក្ដី​សន្យា។+

៤ ឥឡូវ ខ្ញុំ​សុំ​ប្រាប់​ថា ដរាប​ណា​អ្នក​ដែល​ទទួល​មត៌ក​នៅ​ជា​ក្មេង​តូច ដរាប​នោះ​គាត់​មិន​ខុស​ពី​ខ្ញុំ​បម្រើ​ទេ ទោះ​ជា​គាត់​ជា​ម្ចាស់​លើ​អ្វី​ៗ​ទាំង​អស់​ក៏​ដោយ។ ២ ផ្ទុយ​ទៅ​វិញ គាត់​នៅ​ក្រោម​អំណាច​របស់​អ្នក​មើល​ការ​ខុស​ត្រូវ​និង​អ្នក​ចាត់​ចែង​កិច្ច​ការ​ផ្ទះ រហូត​ដល់​ថ្ងៃ​ដែល​ឪពុក​របស់​គាត់​បាន​កំណត់​ទុក។ ៣ ដូច​គ្នា​ដែរ កាល​ដែល​យើង​ជា​ក្មេង​តូច​នៅ​ឡើយ យើង​ជា​ខ្ញុំ​បម្រើ​នៃ​អ្វី​ៗ​របស់​ពិភព​លោក​នេះ។*+ ៤ ប៉ុន្តែ ពេល​ដល់​គ្រា​កំណត់​ហើយ ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក រួច​បុត្រ​នោះ​បាន​កើត​ពី​ស្ត្រី+ ក៏​បាន​ទៅ​ជា​អ្នក​ដែល​នៅ​ក្រោម​ច្បាប់+ ៥ ដើម្បី​បុត្រ​នោះ​អាច​រំដោះ​ដោយ​ទិញ​អស់​អ្នក​ដែល​នៅ​ក្រោម​ច្បាប់។+ ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​ព្រះ​ទទួល​យើង​ជា​កូន។+

៦ ពី​ព្រោះ​យើង​ជា​កូន​ព្រះ ព្រះ​បាន​ចាត់​ឫទ្ធានុភាព​បរិសុទ្ធ+ដែល​បុត្រ​របស់​លោក​បាន​ទទួល ឲ្យ​ចូល​ក្នុង​ចិត្ត​យើង+ ហើយ​ឫទ្ធានុភាព​នោះ​ស្រែក​ឡើង​ថា​៖ ​«​អប្បា* បិតា​អើយ!​»។+ ៧ ដូច្នេះ អ្នក​មិន​មែន​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ តែ​ជា​កូន​ព្រះ ហើយ​ប្រសិន​បើ​អ្នក​ជា​កូន​ព្រះ នោះ​ព្រះ​ក៏​បាន​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អ្នក​ទទួល​មត៌ក​ដែរ។+

៨ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេល​ដែល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ អ្នក​រាល់​គ្នា​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​នា​នា​ដែល​មិន​មែន​ជា​ព្រះ​ពិត។ ៩ ប៉ុន្តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​ព្រះ​ហើយ ឬ​អាច​និយាយ​ថា ឥឡូវ​នេះ​ព្រះ​ស្គាល់​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ត្រឡប់​ទៅ​រក​អ្វី​ៗ​ដែល​គ្មាន​ប្រយោជន៍+និង​គ្មាន​តម្លៃ ហើយ​ចង់​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្វី​ៗ​ទាំង​នោះ​ម្ដង​ទៀត?+ ១០ អ្នក​រាល់​គ្នា​កាន់​តាម​ថ្ងៃ ខែ+ រដូវ និង​ឆ្នាំ​ផ្សេង​ៗ​យ៉ាង​ផ្ចិត​ផ្ចង់។ ១១ ខ្ញុំ​បារម្ភ​អំពី​អ្នក​រាល់​គ្នា ព្រោះ​ការ​ខំ​ប្រឹង​របស់​ខ្ញុំ​ដើម្បី​ជួយ​អ្នក​រាល់​គ្នា​ប្រហែល​ជា​ឥត​ប្រយោជន៍។

១២ បង​ប្អូន​អើយ ពី​មុន​ខ្ញុំ​ធ្លាប់​ធ្វើ​ដូច​អ្នក​រាល់​គ្នា​ដែរ ដូច្នេះ​ខ្ញុំ​សូម​អង្វរ​អ្នករាល់​គ្នា​ឲ្យ​ធ្វើ​ដូច​ខ្ញុំ​ធ្វើ​នៅ​ឥឡូវ​នេះ។+ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ខ្ញុំ​ទេ។ ១៣ ប៉ុន្តែ​អ្នក​រាល់​គ្នា​ដឹង​ហើយ នៅ​លើក​ដំបូង ខ្ញុំ​មាន​ឱកាស​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ដោយ​សារ​ខ្ញុំ​ឈឺ។ ១៤ ទោះ​ជា​ជំងឺ​របស់​ខ្ញុំ​ជា​ការ​ល្បង​ល​ដល់អ្នក​រាល់​គ្នា​ក៏​ដោយ អ្នក​រាល់​គ្នា​មិន​បាន​មើល​ងាយ​ឬ​ស្អប់​ខ្ពើម​ខ្ញុំ*ទេ តែ​អ្នក​រាល់​គ្នា​បាន​ទទួល​ខ្ញុំ​ដូច​ជា​ទទួល​ទេវតា​របស់​ព្រះ ឬ​ដូច​ទទួល​គ្រិស្ត​យេស៊ូ។ ១៥ ដូច្នេះ តើ​សុភមង្គល​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​មាន​ពី​មុន​នៅ​ឯ​ណា? ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា នៅពេល​នោះ​អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ខ្វេះ​ភ្នែក​ខ្លួន​ឯង​ផ្ដល់​ឲ្យ​ខ្ញុំ​ហើយ ប្រសិន​បើ​អាច​ធ្វើបាន។+ ១៦ បើ​ដូច្នេះ តើ​ខ្ញុំ​បាន​ទៅ​ជា​សត្រូវ​របស់​អ្នក​រាល់​គ្នា ដោយ​សារ​ខ្ញុំ​ប្រាប់​សេចក្ដី​ពិត​ដល់​អ្នក​រាល់​គ្នា​ឬ? ១៧ អ្នក​ទាំង​នោះ​ខំ​ខ្នះ​ខ្នែង​ឲ្យ​បាន​អ្នក​រាល់​គ្នា ប៉ុន្តែ​មិន​មែន​ដោយ​មាន​បំណង​ចិត្ត​ល្អ​ទេ តែ​ពួក​គេ​ចង់​ពង្រាត់​អ្នក​រាល់​គ្នា​ចេញ​ពី​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​សង្វាត​ទៅ​តាម​ពួក​គេ​វិញ។ ១៨ ក៏​ប៉ុន្តែ ជា​ការ​ល្អ​ប្រសិន​បើ​មាន​គេ​ខ្នះ​ខ្នែង​ឲ្យ​បាន​អ្នក​រាល់​គ្នា​ដោយ​មាន​បំណង​ចិត្ត​ល្អ​ជា​និច្ច មិន​គ្រាន់​តែ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ទេ។ ១៩ កូន​ៗ​អើយ!+ ដោយ​សារ​អ្នក​រាល់​គ្នា ខ្ញុំ​កំពុង​ឈឺ​ចាប់​ម្ដង​ទៀត​ដូច​ជា​ស្ត្រី​ដែល​កំពុង​កើត​កូន ហើយ​ខ្ញុំ​នឹង​បន្ត​ឈឺ​ចាប់​រហូត​ដល់​អ្នក​រាល់​គ្នា​មាន​គុណ​សម្បត្តិ​ដូច​គ្រិស្ត។ ២០ ខ្ញុំ​ចង់​នៅ​ជា​មួយ​នឹង​អ្នករាល់​គ្នាឥឡូវ​នេះ ហើយ​និយាយ​ទៅ​អ្នក​រាល់​គ្នា​តាម​របៀប​មួយ​ផ្សេង​ទៀត ពី​ព្រោះ​ខ្ញុំ​ឆ្ងល់អំពី​អ្នក​រាល់​គ្នា​ណាស់។

២១ សូម​ប្រាប់​ខ្ញុំ អ្នក​រាល់​គ្នា​ដែល​ចង់​នៅ​ក្រោម​ច្បាប់* តើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​អ្វី​ដែល​ច្បាប់​ចែង​ទេ​ឬ? ២២ ជា​ឧទាហរណ៍ បទ​គម្ពីរ​ចែង​ថា​អាប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់ ម្នាក់​កើត​ពី​ស្ត្រី​ដែល​ជា​អ្នក​បម្រើ+ ហើយ​ម្នាក់​ទៀត​កើត​ពី​ស្ត្រី​ដែល​មាន​សេរី​ភាព។+ ២៣ ប៉ុន្តែ កូន​ប្រុស​ដែល​កើត​ពី​ស្ត្រី​ដែល​ជា​អ្នក​បម្រើ បាន​កើត​មក​ដូច​មនុស្ស​ទូទៅ+ តែ​កូន​ប្រុស​ម្នាក់​ទៀត​ដែល​កើត​ពី​ស្ត្រី​ដែល​មាន​សេរី​ភាព បាន​កើត​មក​ដោយ​សារ​សេចក្ដី​សន្យា​របស់​ព្រះ។+ ២៤ ព្រឹត្តិ​ការណ៍​ទាំង​នេះ​មាន​អត្ថន័យ​ជា​និមិត្ត​រូប ព្រោះ​ស្ត្រី​ទាំង​ពីរ​នេះ​ជា​តំណាង​កិច្ច​ព្រម​ព្រៀង​ពីរ។ មួយ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ភ្នំ​ស៊ីណាយ+ ក៏​បង្កើត​កូន​ដែល​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ប្រៀប​ដូច​ជា​នាង​ហាកា។ ២៥ ឯ​ហាកា​គឺ​ជា​តំណាង​ភ្នំ​ស៊ីណាយ+ ជា​ភ្នំ​មួយ​នៅ​ស្រុក​អារ៉ាប់ ហើយ​សព្វ​ថ្ងៃ​នេះ នាង​ជា​តំណាង​ក្រុង​យេរូសាឡិម ព្រោះ​នាង​និង​កូន​របស់​នាង​ជា​ខ្ញុំ​បម្រើ។ ២៦ ប៉ុន្តែ ក្រុង​យេរូសាឡិម​នៅ​ស្ថាន​លើ​មាន​សេរី​ភាព ហើយ​នា​ង​ជា​ម្ដាយ​របស់​យើង។

២៧ ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​ស្ត្រី​អារ​ដែល​មិន​បង្កើត​កូន​អើយ! ចូរ​ត្រេក​អរ​ឡើង! ស្ត្រី​ដែល​មិន​ធ្លាប់​ឈឺ​ចាប់​ដោយ​សម្រាល​កូន​អើយ! ចូរ​បន្លឺ​សំឡេង ហើយ​ស្រែក​ឡើង​ដោយ​អំណរ! ព្រោះ​កូន​របស់​ស្ត្រី​អារ* គឺ​ច្រើន​ជាង​កូន​របស់​ស្ត្រី​ដែល​មាន​ប្ដី​»។+ ២៨ ចំណែក​យើង​វិញ បង​ប្អូន​អើយ យើង​ជា​កូន​នៃ​សេចក្ដី​សន្យា​នោះ ដូច​អ៊ីសាក​ដែរ។+ ២៩ ប៉ុន្តែ នៅ​ពេល​នោះ​ក៏​ដូច​សព្វ​ថ្ងៃ​នេះ​ដែរ ព្រោះ​អ្នក​ដែល​កើត​ដូច​មនុស្ស​ទូទៅ​ចាប់​ផ្ដើម​បៀត​បៀន​អ្នក​ដែល​កើត​ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ។+ ៣០ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? បទ​គម្ពីរ​ចែង​ថា​៖ ​«​ចូរ​បណ្ដេញ​ស្ត្រី​ដែល​ជា​អ្នក​បម្រើ​និង​កូន​ប្រុស​របស់​នាង​ចេញ​ទៅ ព្រោះ​កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​នឹង​មិន​ទទួល​មត៌ក​ជា​មួយ​នឹង​កូន​របស់​ស្ត្រី​ដែល​មាន​សេរី​ភាព​ឡើយ​»។+ ៣១ ដូច្នេះ បង​ប្អូន​អើយ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​ទេ តែ​ជា​កូន​របស់​ស្ត្រី​ដែល​មាន​សេរី​ភាព។

៥ គ្រិស្ត​បាន​រំដោះ​យើង ដើម្បី​ឲ្យ​មាន​សេរី​ភាព​បែប​នោះ។ ម្ល៉ោះ​ហើយ ចូរកាន់ជំហរ​មាំ​មួន+ កុំ​ឲ្យ​អ្នក​ណា​ដាក់​នឹម​លើ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ម្ដង​ទៀត​ឡើយ។+

២ មើល! ខ្ញុំ ប៉ូល សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​ការ​កាត់​ចុងស្បែក* នោះ​អ្វី​ៗ​ដែល​គ្រិស្ត​បាន​ធ្វើ​នឹង​គ្មាន​ប្រយោជន៍​ចំពោះ​អ្នក​រាល់​គ្នា​ទេ។+ ៣ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ដល់​បុរស​ទាំង​អស់​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​ថា អ្នក​រាល់​គ្នា​ក៏​មាន​កាតព្វកិច្ច​បំពេញ​តាម​ច្បាប់*ទាំង​មូល​ដែរ។+ ៤ អ្នក​ណា​ដែល​ខំ​ព្យាយាម​ឲ្យ​ព្រះ​ប្រកាស​ថា​ខ្លួន​ជា​មនុស្ស​សុចរិត ដោយ​កាន់​តាម​ច្បាប់+ អ្នក​នោះ​បាន​ឃ្លាត​ចេញ​ពី​គ្រិស្ត​និង​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ហើយ។ ៥ ចំណែក​យើង​វិញ ដោយ​ឫទ្ធានុភាព​របស់​ព្រះ យើង​កំពុង​ទន្ទឹង​ចាំ​ដោយ​ចិត្ត​រំភើប ហើយ​យើង​សង្ឃឹម​ថា​នឹង​បាន​ទទួល​ភាព​សុចរិត​ទាំង​ស្រុង​ដោយ​សារ​ជំនឿ​របស់​យើង។ ៦ ព្រោះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ ការ​កាត់​ចុង​ស្បែក​ឬ​មិន​កាត់ នោះ​មិន​សំខាន់​ចំពោះ​លោក​ឡើយ។+ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​ជំនឿ​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់។

៧ កន្លង​មក​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​យ៉ាង​ល្អ។*+ តើ​អ្នក​ណា​បាន​រា​រាំង​អ្នក​រាល់​គ្នា​មិន​ឲ្យ​បន្ត​ធ្វើ​តាម​សេចក្ដី​ពិត? ៨ ការ​វែក​ញែក​បែប​នេះ​មិន​មែន​មក​ពី​ព្រះ​ដែល​កំពុង​ហៅ​អ្នក​រាល់​គ្នា​ទេ។ ៩ ដំបែ​តែ​បន្តិច​ធ្វើ​ឲ្យ​ដុំ​ម្សៅ​ទាំង​មូល​ដោរ​ឡើង។+ ១០ ខ្ញុំ​ជឿ​ជាក់​ថា អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់+នឹង​មិន​មាន​គំនិត​ផ្សេង​ទេ។ ប៉ុន្តែ អ្នក​ណា​ដែល​កំពុង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ពិបាក+ អ្នក​នោះ​នឹង​ទទួល​ការ​ផ្ដន្ទា​ទោស ទោះ​ជា​អ្នក​នោះ​ជា​អ្នក​ណា​ក៏​ដោយ។ ១១ បង​ប្អូន​អើយ ចំណែក​ខ្ញុំ​វិញ ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ប្រកាស​ឲ្យ​គេ​ទទួល​ការ​កាត់​ចុង​ស្បែក ហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​បៀត​បៀន​ខ្ញុំ? បើ​ដូច្នោះ សេចក្ដី​បង្រៀន​អំពី​បង្គោល​ទារុណកម្ម*+ មិន​មែន​ជា​ឧបសគ្គ​ដែល​នាំ​ឲ្យ​ជំពប់​ដួល*ទៀត​ទេ។ ១២ ខ្ញុំ​អរ​ណាស់ បើ​បុរស​ទាំង​នោះ​ដែល​កំពុង​ខំ​ប្រឹង​បង្វិល​ខួរ​អ្នក​រាល់​គ្នា ប្រគល់​ខ្លួន​ទៅ​ឲ្យ​គេ​គ្រៀវ*នោះ។

១៣ ពិត​មែន​តែ​បង​ប្អូន​បាន​ត្រូវ​ហៅ​មក​ដើម្បី​ឲ្យ​មាន​សេរី​ភាព តែ​កុំ​ប្រើ​សេរី​ភាព​នេះ​ជា​ឱកាស​ដើម្បី​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​ឡើយ។+ ប៉ុន្តែ ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។+ ១៤ ព្រោះ​ច្បាប់​ទាំងមូលបាន​ត្រូវ​សម្រេច*ដោយ​បញ្ញត្ដិ​តែ​មួយ ពោល​គឺ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។+ ១៥ ប្រសិន​បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រខាំ​និង​ត្របាក់​គ្នា​ទៅ​វិញ​ទៅ​មក+ នោះ​ចូរ​ប្រយ័ត្ន ក្រែង​លោ​ត្រូវ​វិនាស​ដោយ​សារ​តែ​គ្នា​ឯង។+

១៦ ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​បន្ត​ដឹក​នាំ​អ្នក​រាល់​គ្នា+ ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​ឡើយ។+ ១៧ ព្រោះ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​ប្រឆាំង​ឫទ្ធានុភាព​របស់​ព្រះ ហើយ​ឫទ្ធានុភាព​របស់​ព្រះ​ប្រឆាំង​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ។ ទាំង​ពីរ​នេះ​គឺ​ប្រទាំង​គ្នា​ជា​និច្ច។ ហេតុ​នេះ អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​ចង់​ធ្វើ អ្នក​បែរ​ជា​មិន​ធ្វើ​ទៅ​វិញ។+ ១៨ ម្យ៉ាង​ទៀត ប្រសិន​បើ​ឫទ្ធានុភាព​របស់​ព្រះ​កំពុង​ដឹក​នាំ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ច្បាប់​ឡើយ។

១៩ ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​គឺ​ស​ឲ្យ​ឃើញ​ជាក់​ស្ដែង ពោល​គឺ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*+ អំពើ​ស្មោក​គ្រោក ការ​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង*+ ២០ ការ​គោរព​បូជា​រូប​ព្រះ ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់+ ការ​ស្អប់​គ្នា ការ​ឈ្លោះ​ប្រកែក​គ្នា ការ​ច្រណែន ការ​ច្រឡោត​ខឹង ការ​ទាស់​ទែង​គ្នា ការ​បែក​បាក់​គ្នា ការ​បែក​ជា​និកាយ​ផ្សេង​ៗ​ ២១ ការ​ឈ្នានីស ការ​ផឹក​ស្រា​ឲ្យ​ស្រវឹង+ ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត ហើយ​អ្វី​ៗ​ដែល​ស្រដៀង​នឹង​ការ​ទាំង​នេះ។+ អំពី​ការ​ទាំង​នេះ ខ្ញុំ​កំពុង​ព្រមាន​អ្នក​រាល់​គ្នា​ទុក​ជា​មុន ដូច​ខ្ញុំ​បាន​ព្រមាន​អ្នក​រាល់​គ្នា​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត*ការ​ទាំង​នេះ​នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ។+

២២ ក៏​ប៉ុន្តែ ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​គឺ សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត* ចិត្ត​អត់​ធ្មត់* សេចក្ដី​សប្បុរស គុណធម៌+ ជំនឿ ២៣ ចិត្ត​ស្លូត​បូត ការ​ចេះ​ទប់​ចិត្ត។+ គ្មាន​ច្បាប់​ណា​ប្រឆាំង​អ្វី​ៗ​បែប​នេះ​ឡើយ។ ២៤ ម្យ៉ាង​ទៀត អ្នក​ដែល​ជា​របស់​គ្រិស្ត​យេស៊ូ​បាន​ព្យួរ​រូប​កាយ* និង​សេចក្ដី​ប៉ង​ប្រាថ្នា ព្រម​ទាំង​តណ្ហា​របស់​រូប​កាយ​ហើយ។+

២៥ ប្រសិន​បើ​យើង​កំពុង​រស់​នៅ​ស្រប​តាម​ការ​ដឹក​នាំ​នៃ​ឫទ្ធានុភាព​របស់​ព្រះ ចូរ​យើង​បន្ត​ប្រព្រឹត្ត​តាម​ការ​ដឹក​នាំ​នៃ​ឫទ្ធានុភាព​នោះ។+ ២៦ កុំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​លើក​ខ្លួន​ហួស​ប្រមាណ+ ដោយ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា+ និង​ដោយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។

៦ បង​ប្អូន​អើយ ទោះ​ជា​មនុស្ស​ម្នាក់​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​ដោយ​មិន​ដឹង​ខ្លួន​ក៏​ដោយ ចូរ​អ្នក​រាល់​គ្នា​ជា​គ្រិស្ត​សាសនិក​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ព្យាយាម​កែ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​ស្លូត​បូត។+ ប៉ុន្តែ ចូរ​ប្រយ័ត្ន​ខ្លួន​ផង+ ក្រែង​លោ​អ្នក​ត្រូវ​ល្បួង​ដែរ។+ ២ ចូរ​បន្ត​រែក​ពុន​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក+ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​បំពេញ​ច្បាប់​គ្រិស្ត​គ្រប់​ជំពូក។+ ៣ ព្រោះ​ប្រសិន​បើ​អ្នក​ណា​គិត​ថា​ខ្លួន​សំខាន់ តែ​តាម​ពិត​ខ្លួន​មិន​មែន​ជា​អ្វី​សោះ+ អ្នក​នោះ​កំពុង​បញ្ឆោត​ខ្លួន​ហើយ។ ៤ ចូរ​ឲ្យ​ម្នាក់​ៗ​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​ខ្លួន+ រួច​គ្រប់​គ្នា​នឹង​មាន​ហេតុ​ត្រេក​អរ​អំពី​ខ្លួន​ផ្ទាល់ ដោយ​មិន​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត។+ ៥ ព្រោះ​ម្នាក់​ៗ​ត្រូវ​ទទួល​ភារៈ​របស់​ខ្លួន។*+

៦ ម្យ៉ាង​ទៀត ចូរ​ឲ្យ​អ្នក​ណា​ដែល​ទទួល​ការ​បង្រៀន*ពី​បណ្ដាំ​របស់​ព្រះ និង​អ្នក​ដែល​បាន​បង្រៀន​សេចក្ដី​នោះ ចែក​រំលែក​អ្វី​ៗ​ល្អ​ទាំង​អស់​ជា​មួយ​គ្នា។+

៧ កុំ​ច្រឡំ​ឡើយ បញ្ឆោត​ព្រះ​មិន​បាន​ទេ។ ព្រោះ​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ។+ ៨ ពី​ព្រោះ​អ្នក​ណា​ដែល​សាប​ព្រោះ​ដោយ​គិត​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ អ្នក​នោះ​នឹង​ទទួល​ផល​ជា​សេចក្ដី​ហិន​វិនាស​ពី​រូប​កាយ។ ប៉ុន្តែ អ្នក​ណា​ដែល​សាប​ព្រោះ​ដោយ​គិត​អំពី​ឫទ្ធានុភាព​របស់​ព្រះ អ្នក​នោះ​នឹង​ទទួល​ផល​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ពី​ឫទ្ធានុភាព​របស់​ព្រះ។+ ៩ ដូច្នេះ យើង​មិន​ត្រូវ​ឈប់​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​ប្រសើរ​ឡើយ ព្រោះ​នៅ​ពេល​កំណត់​យើង​នឹង​ទទួល​ផល បើ​យើង​មិន​រសាយ​ចិត្ត​ទេ។*+ ១០ ម្ល៉ោះ​ហើយ ដរាប​ណា​យើង​មាន​ឱកាស នោះ​ចូរ​យើង​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ជា​ពិសេស​ដល់​បង​ប្អូន​រួម​ជំនឿ។

១១ មើល! ខ្ញុំ​បាន​សរសេរ​អក្សរ​ធំ​ៗ​ទៅ​កាន់​អ្នក​រាល់​គ្នា​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។

១២ អស់​អ្នក​ដែល​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ពេញ​ចិត្ត​នឹង​សម្បក​ក្រៅ​របស់​ពួក​គេ គឺ​ជា​អ្នក​ដែល​ខំ​ជំរុញ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​កាត់​ចុង​ស្បែក ដើម្បី​កុំ​ឲ្យ​គេ​បៀត​បៀន​ខ្លួន​ដោយ​សារ​បង្គោល​ទារុណកម្ម*របស់​គ្រិស្ត។ ១៣ ព្រោះ​សូម្បី​តែ​ពួក​អ្នក​ដែល​ទទួល​ការ​កាត់​ចុង​ស្បែក​ក៏​មិន​ធ្វើ​តាម​ច្បាប់​ដែរ+ ប៉ុន្តែ​ពួក​គេ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​កាត់​ចុង​ស្បែក ដើម្បី​ឲ្យ​ពួក​គេ​អាច​អួត​អំពី​សម្បក​ក្រៅ​របស់​អ្នក​រាល់​គ្នា។ ១៤ ក៏​ប៉ុន្តែ ខ្ញុំ​នឹង​មិន​អួត​អំពី​អ្វី​ក្រៅ​ពី​បង្គោល​ទារុណកម្ម*របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​ឡើយ។+ ចំពោះ​ខ្ញុំ ពិភព​លោក​បាន​ស្លាប់​ហើយ* ចំពោះ​ពិភព​លោក ខ្ញុំ​ក៏​បាន​ស្លាប់​ដែរ។ ១៥ ព្រោះ​ការ​កាត់​ចុង​ស្បែក​ឬ​មិន​កាត់ នោះ​មិន​សំខាន់​ឡើយ+ តែ​អ្វី​ដែល​ពិត​ជា​សំខាន់ គឺ​ព្រះ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​មនុស្ស​ថ្មី។+ ១៦ ចំណែក​អស់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​នៃ​ការ​ប្រព្រឹត្ត​នេះ ពោល​គឺ​អ៊ីស្រាអែល​នៃ​ព្រះ សូម​ឲ្យ​បាន​ប្រកប​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត​និង​សេចក្ដី​មេត្តា​ករុណា។+

១៧ ចាប់​ពី​ពេល​នេះ​ត​ទៅ កុំ​ឲ្យ​អ្នក​ណា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ទៀត ព្រោះ​នៅ​លើ​រូប​កាយ​ខ្ញុំ​មាន​ស្លាកស្នាម​ដែល​សម្គាល់​ថា​ខ្ញុំ​ជា​ខ្ញុំ​បម្រើ​របស់​លោក​យេស៊ូ។+

១៨ បង​ប្អូន​អើយ សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ អាមេន។

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ

មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ក៏​មាន​ឈ្មោះ​ថា​ពេត្រុស​ដែរ

មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​

ន័យ​ត្រង់​«​ព្រះ​មិន​មើល​តែ​សម្បក​ក្រៅ​របស់​មនុស្ស​ទេ​»​

ឬ​«​អ្នក​ដែល​មិន​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​»​

ឬ​«​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​»​

ក៏​មាន​ឈ្មោះ​ថា​ពេត្រុស​ដែរ

ក៏​មាន​ឈ្មោះ​ថា​ពេត្រុស​ដែរ

ឬ​«​គាត់​គួរ​ទទួល​ការ​ផ្ដន្ទា​ទោស​»​

ឬ​«​លាក់​ពុត​»​

សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ

ន័យ​ត្រង់​«​ខ្ញុំ​បាន​ស្លាប់​ចំពោះ​ច្បាប់​»​

ឬ​«​បោះ​ដែក​គោល​ភ្ជាប់​នឹង​បង្គោល​ឈើ​»​

ឬ​«​ដែល​បាន​ត្រូវ​បោះ​ដែក​គោល​ភ្ជាប់​នឹង​បង្គោល​ឈើ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ពូជ​»​

សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ

ឬ​«​ជា​គ្រូ​»​

ន័យ​ត្រង់​«​ពូជ​»​

ឬ​«​ខ្ញុំ​បម្រើ​នៃ​បឋម​សេចក្ដី​របស់​ពិភព​លោក​នេះ​»​

ភាសា​អេរ៉ាម មាន​ន័យ​ថា​«​ឱ​លោក​ឪពុក​អើយ!​»​

ឬ​«​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ​»​

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

ឬ​«​ស្ត្រី​ដែល​បាន​ត្រូវ​បោះ​បង់​ចោល​»​

មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

ន័យ​ត្រង់​«​អ្នក​រាល់​គ្នា​កំពុង​រត់​យ៉ាង​ល្អ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

សំដៅ​លើ​ការ​ភ្លាត់​ធ្វើ​ខុស ឬ​ការ​ជួប​ប្រទះ​ឧបសគ្គ​ចំពោះ​ជំនឿ

ឬ​«​កាត់​ប្រដាប់​ភេទ​ខ្លួន​ឯង​ចោល​»។ នៅ​ពេល​ធ្វើ​បែប​នេះ គាត់​នឹង​លែង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​ច្បាប់​ម៉ូសេ​ទៀត

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សរុប​មក​»​

ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ឬ​«​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស​»។ ភាសា​ក្រិច​«​អាសិលគា​»។ មើល​និយម​ន័យ​ពាក្យ​«​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង​»​

សំដៅ​លើ​ការ​ប្រព្រឹត្ត​ជា​ទម្លាប់

ឬ​«​សន្តិភាព​»​

ឬ​«​ចិត្ត​ធ្ងន់​»​

ឬ​«​បាន​បោះ​ដែក​គោល​ភ្ជាប់​រូប​កាយ​នឹង​បង្គោល​ឈើ​»​

ឬ​«​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​»​

នេះ​សំដៅ​លើ​ការ​បង្រៀន​ដោយ​មាត់​ទទេ

ឬ​«​មិន​ឈប់​ព្យាយាម​ទេ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

ឬ​«​បាន​ត្រូវ​ប្រហារ​ជីវិត​លើ​បង្គោល​ឈើ​ហើយ​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក