ជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរ
១ ពីខ្ញុំ ប៉ូល សាវ័ក*របស់គ្រិស្តយេស៊ូតាមបំណងប្រាថ្នារបស់ព្រះ ជូនចំពោះពួកអ្នកបរិសុទ្ធដែលជាអ្នកកាន់តាមគ្រិស្តយេស៊ូយ៉ាងស្មោះត្រង់នៅក្រុងអេភេសូរ៖+
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្ត ពីព្រះដែលជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៣ សូមសរសើរព្រះ ជាបិតារបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង ព្រោះព្រះបានឲ្យពរសព្វបែបយ៉ាងមកយើងនៅស្ថានសួគ៌តាមរយៈឫទ្ធានុភាពរបស់លោក ដោយសារយើងជាអ្នកកាន់តាមគ្រិស្ត+ ៤ ដូចលោកបានជ្រើសរើសយើងមុនកំណើតពិភពលោកឲ្យរួបរួមជាមួយនឹងគ្រិស្ត ដើម្បីឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោក ហើយឲ្យយើងបរិសុទ្ធ និងឥតស្នាមប្រឡាក់+នៅចំពោះមុខលោក។ ៥ ព្រោះលោកបានជ្រើសរើសយើងទុកជាមុន+ ដើម្បីឲ្យយើងទៅជាកូនរបស់លោក+តាមរយៈលោកយេស៊ូគ្រិស្ត តាមដែលលោកពេញចិត្ត និងតាមបំណងប្រាថ្នារបស់លោក+ ៦ ដើម្បីឲ្យលោកទទួលសេចក្ដីសរសើរដោយសារភាពរុងរឿងនៃគុណដ៏វិសេសលើសលប់+ដែលលោកមានចំពោះយើង តាមរយៈបុត្រជាទីស្រឡាញ់របស់លោក។+ ៧ បុត្រលោកបានរំដោះយើងដោយបង់ថ្លៃលោះតាមរយៈឈាមរបស់ខ្លួន+ ពោលគឺយើងទទួលការអភ័យទោសចំពោះកំហុសរបស់យើង+ ដោយសារភាពបរិបូរនៃគុណដ៏វិសេសលើសលប់របស់លោក។
៨ ព្រះបានធ្វើឲ្យគុណដ៏វិសេសលើសលប់របស់លោកមានជាបរិបូរលើយើង ព្រមទាំងឲ្យយើងមានប្រាជ្ញានិងការយល់ដឹងគ្រប់យ៉ាង ៩ ដោយធ្វើឲ្យយើងស្គាល់អាថ៌កំបាំងដ៏ពិសិដ្ឋ+អំពីបំណងប្រាថ្នារបស់លោក។ អាថ៌កំបាំងនោះគឺអំពីអ្វីដែលលោកពេញចិត្តធ្វើ តាមការតាំងចិត្តរបស់លោក ១០ ដើម្បីរៀបចំរបៀបចាត់ចែងមួយនៅពេលដែលគ្រាកំណត់បានមកដល់ទីបញ្ចប់ ពោលគឺដើម្បីបង្រួបបង្រួមអ្វីៗទាំងអស់ក្នុងគ្រិស្ត គឺអ្វីៗនៅស្ថានសួគ៌និងអ្វីៗនៅផែនដី។+ គឺក្នុងគ្រិស្តហើយ ដែលអ្វីៗទាំងអស់នឹងត្រូវបង្រួបបង្រួម។ ១១ យើងបានត្រូវតែងតាំងឲ្យទទួលមត៌ករួមគ្នាជាមួយនឹងលោក+ ដោយសារយើងបានត្រូវជ្រើសរើសទុកជាមុនស្របតាមគោលបំណងរបស់ព្រះដែលធ្វើអ្វីៗទាំងអស់តាមបំណងប្រាថ្នារបស់លោក ១២ ដើម្បីឲ្យយើងដែលបានសង្ឃឹមលើគ្រិស្តមុនគេ ធ្វើឲ្យសិរីរុងរឿងរបស់ព្រះបានទទួលការសរសើរតម្កើង។ ១៣ ប៉ុន្តែ អ្នករាល់គ្នាក៏បានសង្ឃឹមលើលោកដែរ ក្រោយពីអ្នករាល់គ្នាបានឮបណ្ដាំអំពីសេចក្ដីពិត គឺជាដំណឹងល្អអំពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា។ ក្រោយពីអ្នករាល់គ្នាបានជឿហើយ ព្រះបានបិទត្រាមួយលើអ្នករាល់គ្នា+តាមរយៈគ្រិស្ត ដោយឫទ្ធានុភាពបរិសុទ្ធដែលព្រះបានសន្យាឲ្យ។ ១៤ ការបោះត្រានោះជាការបញ្ចាំចិត្ត*ដែលបញ្ជាក់ថាយើងនឹងទទួលមត៌ក។+ ព្រះធ្វើដូច្នេះដើម្បីរំដោះរាស្ដ្ររបស់លោកដោយថ្លៃលោះ+ ដើម្បីឲ្យសិរីរុងរឿងរបស់លោកបានត្រូវសរសើរតម្កើង។
១៥ ហេតុនេះ តាំងពីខ្ញុំបានឮថាអ្នករាល់គ្នាមានជំនឿលើលោកម្ចាស់យេស៊ូ ហើយថាអ្នករាល់គ្នាបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកអ្នកបរិសុទ្ធទាំងអស់ ១៦ ខ្ញុំក៏ថ្លែងអំណរគុណឥតឈប់ដោយសារអ្នករាល់គ្នា។ ខ្ញុំនៅតែអធិដ្ឋានអំពីអ្នករាល់គ្នាជានិច្ច ១៧ ដើម្បីឲ្យព្រះជាបិតាដែលប្រកបទៅដោយសិរីរុងរឿង គឺព្រះរបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង ផ្ដល់ឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងឲ្យអ្នករាល់គ្នាយល់អ្វីៗតាមដែលលោកបើកបង្ហាញ។ យ៉ាងនេះ អ្នករាល់គ្នានឹងមានចំណេះត្រឹមត្រូវអំពីលោក។+ ១៨ លោកបើកចិត្តអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាអាចមើលឃើញ ហើយស្គាល់សេចក្ដីសង្ឃឹមដែលលោកបានឲ្យអ្នករាល់គ្នា និងដើម្បីឲ្យអ្នករាល់គ្នាស្គាល់ទ្រព្យវិសេសក្រៃលែងដែលលោកបានសន្យាឲ្យដល់ពួកអ្នកបរិសុទ្ធ+ ១៩ ហើយឲ្យស្គាល់ឫទ្ធានុភាពខ្លាំងមហិមាដែលលោកបានបង្ហាញចំពោះយើងដែលជាអ្នកជឿ។+ នោះបានត្រូវសឲ្យឃើញតាមរបៀបដែលលោកប្រើឫទ្ធានុភាពខ្លាំងក្លារបស់លោក ២០ ក្នុងករណីរបស់គ្រិស្ត ពេលដែលលោកប្រោសគ្រិស្តឲ្យរស់ពីស្លាប់ឡើងវិញ ហើយឲ្យអង្គុយនៅខាងស្ដាំលោក+នៅស្ថានសួគ៌ ២១ គឺលើកតម្កើងគ្រិស្តឲ្យខ្ពង់ខ្ពស់ជាងគ្រប់រដ្ឋាភិបាល អំណាច ឫទ្ធានុភាព ការគ្រប់គ្រង និងនាមទាំងអស់+ មិនគ្រាន់តែនៅបច្ចុប្បន្ននេះ*ប៉ុណ្ណោះទេ តែនៅអនាគតដែរ។ ២២ ព្រះក៏បានដាក់អ្វីៗទាំងអស់ឲ្យចុះចូលក្រោមបាតជើងរបស់គ្រិស្ត+ ហើយបានតែងតាំងលោកជាប្រមុខនៃអ្វីៗទាំងអស់ដើម្បីក្រុមជំនុំ+ ២៣ ដែលជារូបកាយរបស់លោក+ និងដែលពេញទៅដោយអ្វីៗអំពីលោក។ គ្រិស្តជាអ្នកដែលបំពេញអ្វីៗទាំងអស់។
២ ម្យ៉ាងទៀត ព្រះបានធ្វើឲ្យអ្នករាល់គ្នាមានជីវិត ទោះជាអ្នករាល់គ្នាបានស្លាប់ ដោយសារកំហុសនិងការខុសឆ្គង*របស់អ្នករាល់គ្នាក៏ដោយ។+ ២ អ្នករាល់គ្នាធ្លាប់ប្រព្រឹត្តតាមមនុស្សឯទៀតក្នុងរបៀបរបបពិភពលោកនេះ+ និងតាមអ្នកគ្រប់គ្រងលើអំណាចនៃខ្យល់អាកាស+ដែលជាចិត្តគំនិត+ ដែលមានឥទ្ធិពលលើពួកអ្នកមិនស្ដាប់បង្គាប់។ ៣ យើងទាំងអស់គ្នាធ្លាប់ប្រព្រឹត្តតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ+ ដោយធ្វើអ្វីៗតាមបំណងប្រាថ្នារបស់រូបកាយ និងតាមគំនិតរបស់យើង+ ហើយពីកំណើត យើងក៏ជាអ្នកដែលគួរនឹងរងកំហឹងរបស់ព្រះ+ ដូចអ្នកឯទៀតដែរ។ ៤ ប៉ុន្តែ ព្រះមានសេចក្ដីមេត្តាករុណាដ៏បរិបូរ+ ហើយដោយសារលោកស្រឡាញ់យើងយ៉ាងខ្លាំង+ ៥ លោកបានធ្វើឲ្យយើងមានជីវិតជាមួយនឹងគ្រិស្ត ទោះជាយើងបានស្លាប់ដោយសារកំហុសរបស់យើងក៏ដោយ+ តែអ្នករាល់គ្នាបានត្រូវសង្គ្រោះដោយសារគុណដ៏វិសេសលើសលប់របស់លោក។ ៦ មួយវិញទៀត លោកបានធ្វើឲ្យយើងមានជីវិតជាមួយគ្នា ក៏បានឲ្យយើងអង្គុយជាមួយគ្នានៅស្ថានសួគ៌ ក្នុងនាមជាអ្នកកាន់តាមគ្រិស្ត+ ៧ ដើម្បីនៅថ្ងៃខាងមុខ* លោកអាចបង្ហាញយើងឲ្យឃើញនូវភាពបរិបូរក្រៃលែងនៃគុណដ៏វិសេសលើសលប់របស់លោក តាមរយៈសេចក្ដីមេត្តាករុណាដែលលោកបង្ហាញចំពោះយើងជាអ្នកកាន់តាមគ្រិស្តយេស៊ូ។
៨ ដោយសារគុណដ៏វិសេសលើសលប់នេះ អ្នករាល់គ្នាបានត្រូវសង្គ្រោះតាមរយៈជំនឿ+ ហើយនេះមិនមែនដោយសារការព្យាយាមរបស់អ្នករាល់គ្នាទេ តែជាអំណោយពីព្រះ។ ៩ នោះមិនមែនដោយសារការប្រព្រឹត្តរបស់អ្នកណាទេ+ ដើម្បីកុំឲ្យមនុស្សណាម្នាក់មានហេតុអួតអាង។ ១០ ព្រោះយើងជាស្នាដៃរបស់ព្រះ ហើយយើងបានត្រូវបង្កើតមក+ក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ+ ដើម្បីប្រព្រឹត្តការល្អដែលព្រះបានរៀបចំទុកជាមុនឲ្យយើងធ្វើ។
១១ ដូច្នេះ ចូរចាំមិនភ្លេចថា អ្នករាល់គ្នាមានដើមកំណើតជាជនជាតិដទៃ តែពួកអ្នកដែលបានទទួលការកាត់ចុងស្បែក*ពីមនុស្ស បានហៅអ្នករាល់គ្នាថា«ពួកអ្នកមិនកាត់ចុងស្បែក»។ ១២ នៅពេលនោះអ្នករាល់គ្នាមិនស្គាល់គ្រិស្តទេ ក៏នៅដាច់ពីរដ្ឋអ៊ីស្រាអែល ហើយមិនមែនជាភាគីនៃកិច្ចព្រមព្រៀងដែលទាក់ទងនឹងសេចក្ដីសន្យាឡើយ។+ អ្នករាល់គ្នាក៏ធ្លាប់រស់នៅក្នុងពិភពលោកដោយគ្មានសេចក្ដីសង្ឃឹមនិងដោយមិនស្គាល់ព្រះដែរ។+ ១៣ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាអ្នកកាន់តាមគ្រិស្តយេស៊ូ អ្នករាល់គ្នាដែលធ្លាប់នៅឆ្ងាយបានចូលមកជិតព្រះ ដោយសារឈាមរបស់គ្រិស្ត។ ១៤ ព្រោះលោកបាននាំឲ្យយើងមានសន្តិភាព+ គឺលោកដែលបានធ្វើឲ្យក្រុមទាំងពីរទៅជាក្រុមតែមួយវិញ+ ហើយលោកបានបំផ្លាញជញ្ជាំងដែលជាខណ្ឌរវាងក្រុមទាំងពីរ ដែលធ្វើឲ្យពួកគេនៅដាច់ពីគ្នា។+ ១៥ តាមរយៈរូបកាយរបស់លោក នោះលោកបានបំបាត់ហេតុដែលនាំឲ្យពួកគេធ្វើជាសត្រូវ ពោលគឺច្បាប់ដែលជាបញ្ញត្ដិនិងក្រឹត្យផ្សេងៗ ដើម្បីឲ្យលោកធ្វើឲ្យក្រុមទាំងពីរ ដែលជាអ្នកកាន់តាមលោក ទៅជាក្រុមថ្មីតែមួយ*+ ហើយធ្វើឲ្យមានសន្តិភាព ១៦ និងដើម្បីឲ្យលោកផ្សះផ្សាក្រុមទាំងពីរជាមួយនឹងព្រះ តាមរយៈបង្គោលទារុណកម្ម*+ ឲ្យទៅជារូបកាយតែមួយ ពីព្រោះលោកបានរម្ងាប់ការស្អប់គ្នា+ តាមរយៈលោកផ្ទាល់។ ១៧ លោកបានមកប្រកាសប្រាប់ដំណឹងល្អអំពីសន្តិភាពដល់អ្នករាល់គ្នាដែលនៅឆ្ងាយនិងនៅជិត ១៨ ពីព្រោះតាមរយៈលោក នោះពួកយើងដែលជាក្រុមទាំងពីរ មានផ្លូវចូលទៅជិតបិតានៅស្ថានសួគ៌ តាមរយៈឫទ្ធានុភាពតែមួយ។
១៩ ដូច្នេះ អ្នករាល់គ្នាលែងជាជនចម្លែកនិងជាអ្នកស្នាក់នៅទៀតហើយ+ តែជាជនរួមជាតិ+របស់ពួកអ្នកបរិសុទ្ធ និងជាសមាជិកនៃក្រុមគ្រួសាររបស់ព្រះ+ ២០ ហើយអ្នករាល់គ្នាបានត្រូវសាងសង់លើគ្រឹះនៃពួកសាវ័កនិងពួកអ្នកប្រកាសទំនាយ+ ឯថ្មគ្រឹះដ៏សំខាន់បំផុតគឺគ្រិស្តយេស៊ូផ្ទាល់។+ ២១ ការរួបរួមជាមួយនឹងគ្រិស្ត កំពុងធ្វើឲ្យសំណង់ទាំងមូលក្លាយទៅជាវិហារបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា*+ ដោយមានផ្នែកនីមួយៗជាប់គ្នាយ៉ាងមាំ។+ ២២ ដូចគ្នាដែរ ពេលអ្នករាល់គ្នារួបរួមជាមួយនឹងគ្រិស្ត អ្នករាល់គ្នាកំពុងត្រូវសាងសង់ជាមួយគ្នាឲ្យក្លាយទៅជាលំនៅសម្រាប់ឲ្យព្រះអាស្រ័យនៅ ដោយឫទ្ធានុភាពរបស់លោក។+
៣ ហេតុនេះ ខ្ញុំ ប៉ូល ដែលជាអ្នកទោស+ដើម្បីគ្រិស្តយេស៊ូ និងជាប្រយោជន៍ដល់អ្នករាល់គ្នាដែលជាជនជាតិដទៃ . . . ២ តាមពិតអ្នករាល់គ្នាបានឮហើយថា ខ្ញុំបានទទួលភារកិច្ចជួយអ្នករាល់គ្នា+ឲ្យទទួលប្រយោជន៍ពីគុណដ៏វិសេសលើសលប់របស់ព្រះ ៣ គឺអាថ៌កំបាំងដ៏ពិសិដ្ឋបានត្រូវបើកបង្ហាញដល់ខ្ញុំ ដូចខ្ញុំបានសរសេរយ៉ាងខ្លីខាងលើ។ ៤ អាស្រ័យហេតុនេះ ពេលដែលអ្នករាល់គ្នាអានសេចក្ដីនេះ អ្នករាល់គ្នាអាចដឹងថាខ្ញុំមានការយល់ដឹងយ៉ាងណាអំពីអាថ៌កំបាំងដ៏ពិសិដ្ឋ+អំពីគ្រិស្ត។ ៥ នៅជំនាន់មុនៗ ព្រះមិនបានបើកបង្ហាញអាថ៌កំបាំងនេះឲ្យមនុស្សដឹងទេ ប៉ុន្តែឥឡូវលោកបានបើកបង្ហាញដល់ពួកសាវ័កបរិសុទ្ធនិងពួកអ្នកប្រកាសទំនាយ តាមរយៈឫទ្ធានុភាពរបស់លោក។+ ៦ អាថ៌កំបាំងនោះគឺថា ជនជាតិដទៃត្រូវធ្វើជាអ្នកទទួលមត៌ករួមគ្នាជាមួយនឹងយើង ហើយជាអវយវៈនៃរូបកាយតែមួយ+ ក៏មានចំណែកក្នុងសេចក្ដីសន្យារបស់ព្រះជាមួយនឹងយើងដែរ ដោយសារពួកគេជាអ្នកកាន់តាមគ្រិស្តយេស៊ូតាមរយៈដំណឹងល្អ។ ៧ ខ្ញុំបានទៅជាអ្នកបម្រើនៃអាថ៌កំបាំងនេះ ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ។ លោកបានឲ្យអំណោយដ៏អស្ចារ្យនេះដល់ខ្ញុំ តាមរយៈឫទ្ធានុភាពរបស់លោក។+
៨ គុណដ៏វិសេសលើសលប់នេះបានត្រូវឲ្យដល់ខ្ញុំ+ ដែលជាអ្នកតូចជាងអ្នកតូចបំផុតក្នុងចំណោមពួកអ្នកបរិសុទ្ធ។+ នេះគឺដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អដល់ប្រជាជាតិនានា អំពីទ្រព្យសម្បត្តិរបស់គ្រិស្តដែលជាទ្រព្យសម្បត្តិដ៏អស្ចារ្យហួសពីការនឹកស្មាន ៩ ហើយដើម្បីឲ្យខ្ញុំធ្វើឲ្យមនុស្សទាំងឡាយយល់អំពីការចាត់ចែងនៃអាថ៌កំបាំងដ៏ពិសិដ្ឋ+ ជាអាថ៌កំបាំងដែលបានត្រូវលាក់ទុកតាំងពីអស់កាលដ៏យូរលង់នៅក្នុងព្រះដែលបានបង្កើតអ្វីៗទាំងអស់។ ១០ ការនេះគឺដើម្បីឲ្យរដ្ឋាភិបាលនិងអាជ្ញាធរទាំងឡាយនៅស្ថានសួគ៌ដឹងឥឡូវនេះអំពីលក្ខណៈដ៏ច្រើនអនេកនៃប្រាជ្ញារបស់ព្រះ+ តាមរយៈក្រុមជំនុំ។+ ១១ នេះស្របតាមគោលបំណងដែលមានជារៀងរហូត ដែលលោកបានគ្រោងទុកទាក់ទងនឹងគ្រិស្ត+យេស៊ូជាម្ចាស់របស់យើង។ ១២ ដោយសារយើងមានជំនឿលើគ្រិស្ត យើងអាចនិយាយដោយក្លាហាន ហើយអធិដ្ឋានទៅព្រះ+ដោយមានទំនុកចិត្ត។ ១៣ ដូច្នេះ ខ្ញុំសុំអ្នករាល់គ្នាកុំឈប់តស៊ូព្រោះតែសេចក្ដីវេទនាដែលខ្ញុំមានដើម្បីអ្នករាល់គ្នានោះឡើយ ព្រោះសេចក្ដីវេទនាទាំងនេះនាំឲ្យអ្នករាល់គ្នាទទួលកិត្តិយស។+
១៤ ហេតុនេះ ខ្ញុំលុតជង្គង់អធិដ្ឋានទៅបិតានៅស្ថានសួគ៌ ១៥ ជាបិតាដែលគ្រប់គ្រួសារនៅស្ថានសួគ៌និងនៅផែនដីមាននាមត្រកូលមកពីលោក។ ១៦ ខ្ញុំអធិដ្ឋានសុំឲ្យលោកដែលមានសិរីរុងរឿងដ៏បរិបូរ មេត្តាផ្ដល់ឫទ្ធានុភាពរបស់លោកដើម្បីធ្វើឲ្យអ្នករាល់គ្នាមានកម្លាំងចិត្តខ្លាំងក្លា+ ១៧ ហើយសុំឲ្យគ្រិស្តអាស្រ័យនៅក្នុងចិត្តអ្នករាល់គ្នាជាមួយនឹងសេចក្ដីស្រឡាញ់+ តាមរយៈជំនឿរបស់អ្នក។ សូមឲ្យអ្នករាល់គ្នាបានចាក់ឫស+ ហើយបានតាំងឡើងលើគ្រឹះមាំមួន+ ១៨ ដើម្បីឲ្យអ្នករាល់គ្នាអាចយល់ច្បាស់ដូចពួកអ្នកបរិសុទ្ធទាំងអស់អំពីទទឹង បណ្ដោយ កម្ពស់ និងជម្រៅនៃសេចក្ដីពិត ១៩ ហើយក្នុងបំណងឲ្យអ្នករាល់គ្នាស្គាល់សេចក្ដីស្រឡាញ់របស់គ្រិស្ត+ ដែលលើសពីចំណេះដឹង ដើម្បីឲ្យអ្នករាល់គ្នាបានពេញទៅដោយគុណសម្បត្តិទាំងអស់ដែលព្រះផ្ដល់ឲ្យ។
២០ ព្រះអាចធ្វើហួសពីអ្វីៗទាំងអស់ដែលយើងសុំឬគិតឃើញ+ ដោយឫទ្ធានុភាពរបស់លោកដែលកំពុងមានសកម្មភាពក្នុងយើង+ ២១ សូមឲ្យលោកទទួលការសរសើរតម្កើងតាមរយៈក្រុមជំនុំ និងតាមរយៈគ្រិស្តយេស៊ូ នៅគ្រប់ជំនាន់ជារៀងរហូតតទៅ។ អាមេន។
៤ ដូច្នេះ ខ្ញុំដែលជាអ្នកទោស+ដើម្បីលោកម្ចាស់ សូមអង្វរអ្នករាល់គ្នាឲ្យប្រព្រឹត្តសម+ជាអ្នកដែលបានត្រូវហៅ ២ ពោលគឺបង្ហាញចិត្តរាបទាប+និងចិត្តស្លូតបូតជានិច្ច ថែមទាំងមានចិត្តអត់ធ្មត់+ ហើយទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។+ ៣ ចូរព្យាយាមរក្សាឲ្យមានសាមគ្គីភាពដែលមកពីឫទ្ធានុភាពរបស់ព្រះ ហើយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានសាមគ្គីភាព។+ ៤ រូបកាយមានតែមួយ+ ហើយឫទ្ធានុភាពមានតែមួយ+ ដូចអ្នករាល់គ្នាបានត្រូវហៅដើម្បីឲ្យមានសេចក្ដីសង្ឃឹមតែមួយ។+ ៥ មានលោកម្ចាស់តែមួយ+ ជំនឿតែមួយ ការជ្រមុជទឹកតែមួយ ៦ ព្រះតែមួយនិងបិតាតែមួយរបស់មនុស្សទាំងអស់ ហើយលោកនៅលើមនុស្សទាំងអស់ តាមរយៈមនុស្សទាំងអស់ និងក្នុងមនុស្សទាំងអស់។
៧ ឯយើងម្នាក់ៗបានទទួលគុណដ៏វិសេសលើសលប់ ស្របទៅតាមកម្រិតដែលគ្រិស្តបានផ្ដល់អំណោយទាននោះ។+ ៨ ព្រោះបទគម្ពីរចែងថា៖ «ពេលដែលលោកបានឡើងទៅឯទីខ្ពស់ លោកបាននាំយកឈ្លើយសឹកទៅជាមួយ ហើយបានឲ្យអំណោយជាមនុស្ស»។+ ៩ តើពាក្យថា«លោកបានឡើងទៅលើ»មានន័យដូចម្ដេច? នេះមានន័យថាលោកក៏បានចុះមកក្រោមដល់ផែនដីដែរ។ ១០ លោកដែលបានចុះមកក្រោម ក៏ជាលោកដែលបានឡើងទៅលើ+ ខ្ពស់ហួសស្ថានសួគ៌ដែរ+ ដើម្បីលោកអាចសម្រេចការទាំងអស់បាន។
១១ លោកបានផ្ដល់អ្នកខ្លះឲ្យធ្វើជាសាវ័ក+ អ្នកខ្លះឲ្យធ្វើជាអ្នកប្រកាសទំនាយ+ អ្នកខ្លះឲ្យធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អ+ អ្នកខ្លះឲ្យធ្វើជាគង្វាលនិងជាអ្នកបង្រៀន+ ១២ ដើម្បីកែតម្រង់*ពួកអ្នកបរិសុទ្ធ ដើម្បីបំពេញកិច្ចបម្រើ ដើម្បីធ្វើឲ្យរូបកាយរបស់គ្រិស្តបានមាំមួនឡើង+ ១៣ រហូតដល់យើងទាំងអស់គ្នាមានឯកភាពក្នុងជំនឿនិងចំណេះត្រឹមត្រូវអំពីបុត្រព្រះ និងរហូតដល់មានភាពជាបុរសពេញវ័យ+ ហើយស្មើកម្រិតកម្ពស់របស់គ្រិស្ត។ ១៤ ដូច្នេះ យើងមិនត្រូវនៅជាកូនក្មេងទៀតទេ ហើយក៏មិនត្រូវមានគំនិតរេចុះរេឡើងដូចរបស់ដែលយោលតាមរលកសមុទ្រ ឬត្រូវបក់ផាត់ទៅនេះទៅនោះដោយខ្យល់នៃសេចក្ដីបង្រៀនគ្រប់បែបយ៉ាង+ តាមរយៈការស្ដាប់មនុស្សដែលជាអ្នកបោកបញ្ឆោត និងជាអ្នកដែលប្រើកលល្បិចដើម្បីប្រឌិតរឿងមិនពិត។ ១៥ ប៉ុន្តែ ចូរឲ្យយើងនិយាយសេចក្ដីពិត ហើយបង្ហាញសេចក្ដីស្រឡាញ់ នោះយើងអាចពេញវ័យក្នុងគ្រប់ការទាំងអស់ដើម្បីប្រើជីវិតស្របតាមគ្រិស្តដែលជាប្រមុខ។*+ ១៦ ដោយសារលោក អវយវៈទាំងអស់នៃរូបកាយ+ក៏លូតលាស់ឡើង ហើយដោយសារអវយវៈនីមួយៗជាប់គ្នាយ៉ាងល្អ និងសហការគ្នាតាមរយៈសន្លាក់ឆ្អឹងផ្សេងៗដែលបំពេញតួនាទីសំខាន់ៗ តាមអ្វីដែលបានត្រូវកំណត់ឲ្យ នោះធ្វើឲ្យរូបកាយទាំងមូលធំលូតលាស់ ដើម្បីពង្រឹងខ្លួនឯងឡើងដោយសេចក្ដីស្រឡាញ់។+
១៧ ដូច្នេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នា ហើយបញ្ជាក់ក្នុងនាមលោកម្ចាស់ថា អ្នករាល់គ្នាត្រូវឈប់ដើរដូចជនជាតិដទៃដែលដើរ+តាមគំនិតអសារឥតការរបស់ខ្លួន។+ ១៨ គំនិតរបស់ពួកគេងងឹតងងល់ ហើយនៅដាច់ពីជីវិតដែលមកពីព្រះ ដោយសារភាពល្ងង់ខ្លៅរបស់ពួកគេ និងដោយសារចិត្តរបស់ពួកគេស្ពឹក។ ១៩ ពួកគេលែងស្គាល់ល្អស្គាល់អាក្រក់ ដូច្នេះពួកគេបណ្ដោយខ្លួនទៅតាមការប្រព្រឹត្តដោយឥតកោតក្រែង*+ ដើម្បីធ្វើអំពើស្មោកគ្រោកគ្រប់បែបយ៉ាងដោយចិត្តលោភលន់។
២០ ប៉ុន្តែ អ្នករាល់គ្នាបានរៀនហើយដឹងថា គ្រិស្តមិនមែនជាបុគ្គលដូច្នោះទេ ២១ ព្រោះលោកបានបង្រៀនសេចក្ដីពិត ហើយអ្នករាល់គ្នាបានឮនិងបានរៀនពីលោក។ ២២ អ្នករាល់គ្នាបានត្រូវបង្រៀនថា ត្រូវដោះចេញនូវបុគ្គលិកលក្ខណៈ+ចាស់ដែលស្របតាមអំពើដែលអ្នកធ្វើពីមុន ហើយបុគ្គលិកលក្ខណៈចាស់នោះកំពុងត្រូវបង្ខូចតាមសេចក្ដីប៉ងប្រាថ្នាដែលបញ្ឆោតចិត្តរបស់អ្នក។+ ២៣ រួចមក អ្នករាល់គ្នាត្រូវឲ្យគំនិតថ្មីបន្តកាន់កាប់អ្នករាល់គ្នាវិញ+ ២៤ ហើយអ្នករាល់គ្នាត្រូវពាក់បុគ្គលិកលក្ខណៈថ្មី+ ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ហើយស្របតាមសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដ។
២៥ ម្ល៉ោះហើយ ដោយសារអ្នករាល់គ្នាបានបោះបង់ចោលពាក្យមិនពិតរួចហើយ ចូរអ្នករាល់គ្នាម្នាក់ៗនិយាយសេចក្ដីពិតទៅអ្នកជិតខាងខ្លួន+ ពីព្រោះយើងទាំងអស់គ្នាជាអវយវៈនៃរូបកាយតែមួយ។+ ២៦ ពេលដែលអ្នករាល់គ្នាខឹង កុំធ្វើខុស។+ កុំទុកកំហឹងរហូតដល់ថ្ងៃលិចឡើយ។+ ២៧ កុំឲ្យមេកំណាច*មានឱកាស។+ ២៨ អ្នកដែលលួចត្រូវឈប់លួចតទៅទៀត តែត្រូវឲ្យអ្នកនោះខំប្រឹងធ្វើការដោយទៀងត្រង់តាមរយៈដៃរបស់ខ្លួន+ ដើម្បីអាចមានអ្វីចែកដល់អ្នកដែលខ្វះខាត។+ ២៩ កុំឲ្យពាក្យអាក្រក់*ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ+ តែត្រូវពោលពាក្យណាដែលល្អសម្រាប់ពង្រឹងអ្នកឯទៀតតាមកាលៈទេសៈ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកស្ដាប់។+ ៣០ ម្យ៉ាងទៀត កុំធ្វើឲ្យឫទ្ធានុភាពបរិសុទ្ធរបស់ព្រះកើតទុក្ខឡើយ+ ព្រោះព្រះបានបិទត្រាលើអ្នករាល់គ្នា+ទុកសម្រាប់ថ្ងៃនៃការរំដោះដោយថ្លៃលោះ។+
៣១ ចូរអ្នករាល់គ្នាបោះបង់ចោលគំនុំ+ កំហឹង ចិត្តក្ដៅក្រហាយ ការស្រែកគំហក និងពាក្យប្រមាថមើលងាយ+ រួមទាំងសេចក្ដីអាក្រក់គ្រប់យ៉ាង។+ ៣២ ប៉ុន្តែ ចូរប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក មានសេចក្ដីអាណិតមេត្តា+ ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ ដូចព្រះបានអភ័យទោសឲ្យអ្នករាល់គ្នាតាមរយៈគ្រិស្ត ដោយគ្មានល័ក្ខខ័ណ្ឌដែរ។+
៥ ដូច្នេះ ចូរយកតម្រាប់ព្រះ+ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក ២ ហើយចូរបន្តរស់នៅដោយបង្ហាញសេចក្ដីស្រឡាញ់+ ដូចគ្រិស្តបានស្រឡាញ់យើង*+ ហើយបានប្រគល់ខ្លួនលោកដើម្បីយើង* ទុកជាគ្រឿងបូជានិងក្លិនក្រអូបជូនព្រះ។+
៣ អ្នករាល់គ្នាមិនត្រូវនិយាយទាល់តែសោះអំពីរឿងប្រាសចាកសីលធម៌ខាងផ្លូវភេទ* អំពើស្មោកគ្រោក ឬការលោភលន់ណាឡើយ+ ពីព្រោះនោះមិនសមត្រឹមត្រូវសម្រាប់ពួកអ្នកបរិសុទ្ធទេ។+ ៤ អ្នករាល់គ្នាក៏មិនត្រូវមានការប្រព្រឹត្តដែលគួរឲ្យខ្មាស ការនិយាយពាក្យផ្ដេសផ្ដាស ការនិយាយកំប្លែងអាសអាភាស+ ព្រោះការទាំងនេះមិនសមរម្យទេ តែត្រូវអរគុណព្រះវិញ។+ ៥ ព្រោះអ្នករាល់គ្នាដឹង ហើយក៏យល់ច្បាស់ថា អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ មនុស្សស្មោកគ្រោក ឬអ្នកលោភលន់+ដែលប្រៀបដូចជាមនុស្សគោរពបូជារូបព្រះ នឹងមិនបានទទួលមត៌កក្នុងរាជាណាចក្ររបស់គ្រិស្តនិងរបស់ព្រះឡើយ។+
៦ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យអសារឥតការឡើយ ព្រោះដោយសារការទាំងនោះ កំហឹងរបស់ព្រះនឹងមកលើពួកអ្នកមិនស្ដាប់បង្គាប់។ ៧ ដូច្នេះ កុំរួមចំណែកជាមួយនឹងពួកគេ។ ៨ អ្នករាល់គ្នាធ្លាប់ជាភាពងងឹត តែឥឡូវជាពន្លឺវិញ+ ពីព្រោះអ្នករាល់គ្នាជារបស់លោកម្ចាស់។+ ចូរបន្តរស់នៅជាកូននៃពន្លឺ ៩ ព្រោះផលនៃពន្លឺមាន គុណធម៌ សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់យ៉ាង។+ ១០ ចូរពិចារណាជានិច្ចដើម្បីឲ្យដឹងប្រាកដអំពីអ្វីដែលលោកម្ចាស់ពេញចិត្ត+ ១១ ហើយឈប់រួមចំណែកជាមួយនឹងពួកគេក្នុងការប្រព្រឹត្តដែលមិនកើតផលដែលជាការប្រព្រឹត្តខាងភាពងងឹត+ តែចូរលាតត្រដាងអ្វីដែលពួកគេបានធ្វើវិញ។ ១២ ព្រោះការដែលពួកគេធ្វើដោយសម្ងាត់ សូម្បីតែយកមកនិយាយ ក៏គួរឲ្យខ្មាសទៅហើយ។ ១៣ រីឯការទាំងអស់ដែលកំពុងត្រូវលាតត្រដាង* បានត្រូវឃើញច្បាស់ដោយពន្លឺ ព្រោះអ្វីៗទាំងអស់ដែលកំពុងត្រូវសឲ្យឃើញ គឺជាពន្លឺ។ ១៤ ដូច្នេះ មានសេចក្ដីដែលចែងថា៖ «អ្នកដេកលក់អើយ! ចូរភ្ញាក់ឡើង ហើយរស់ពីស្លាប់ឡើងវិញ+ រួចគ្រិស្តនឹងភ្លឺចាំងមកលើអ្នក»។+
១៥ ម្ល៉ោះហើយ ចូរយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្តរបស់ខ្លួន* កុំប្រព្រឹត្តដូចមនុស្សឥតប្រាជ្ញា តែប្រព្រឹត្តដូចមនុស្សដែលមានប្រាជ្ញាវិញ ១៦ ដោយប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត*+ ព្រោះយើងរស់នៅសម័យដ៏ទុច្ចរិត។ ១៧ ហេតុនេះ កុំធ្វើជាមនុស្សដែលមិនចេះគិតពិចារណា តែចូរខំព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។*+ ១៨ ម្យ៉ាងទៀត កុំស្រវឹងស្រាឡើយ+ ព្រោះនោះនាំឲ្យប្រព្រឹត្តអំពើអបាយមុខ* តែចូរឲ្យបានពេញទៅដោយឫទ្ធានុភាពរបស់ព្រះជានិច្ច។ ១៩ ចូរនិយាយគ្នា*ដោយចម្រៀងសរសើរព្រះ ពាក្យលើកតម្កើងព្រះ ចម្រៀងគោរពប្រណិប័តន៍ ហើយច្រៀង+និងលេងភ្លេងបន្ទរ+តាមក្នុងចិត្តជូនព្រះយេហូវ៉ា*+ ២០ ថែមទាំងអរគុណព្រះ+ដែលជាបិតារបស់យើងជានិច្ចចំពោះអ្វីៗទាំងអស់ ក្នុងនាមលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។+
២១ ចូរចុះចូលនឹងគ្នាទៅវិញទៅមក+ ដោយកោតខ្លាចគ្រិស្ត។ ២២ ចូរឲ្យប្រពន្ធចុះចូលនឹងប្ដី+ ដូចចុះចូលនឹងលោកម្ចាស់ ២៣ ពីព្រោះប្ដីជាប្រមុខរបស់ប្រពន្ធ+ ដូចគ្រិស្តជាប្រមុខនៃក្រុមជំនុំ+ ជារូបកាយរបស់លោកដែលលោកបានសង្គ្រោះ។ ២៤ តាមការពិត ចូរឲ្យប្រពន្ធចុះចូលនឹងប្ដីក្នុងគ្រប់ការទាំងអស់ ដូចក្រុមជំនុំចុះចូលនឹងគ្រិស្ត។ ២៥ ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជាដរាប+ ដូចគ្រិស្តបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់ខ្លួនលោកដើម្បីក្រុមជំនុំ+ ២៦ ដើម្បីលោកអាចញែកក្រុមជំនុំជាបរិសុទ្ធ ដោយសម្អាតជាមួយនឹងទឹកដែលជាបណ្ដាំរបស់ព្រះ។+ ២៧ យ៉ាងនេះ ក្រុមជំនុំអាចស្អាតនៅចំពោះមុខលោក ដោយឥតមានស្នាមប្រឡាក់ ជ្រួញ ឬលក្ខណៈឯទៀតបែបនោះឡើយ+ តែបរិសុទ្ធ និងឥតសៅហ្មងវិញ។+
២៨ ដូចគ្នាដែរ ប្ដីត្រូវស្រឡាញ់ប្រពន្ធ ដូចស្រឡាញ់រូបកាយរបស់ខ្លួន។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯង ២៩ ព្រោះគ្មានអ្នកណាស្អប់រូបកាយរបស់ខ្លួនទេ មានតែចិញ្ចឹមហើយស្រឡាញ់ថ្នាក់ថ្នម ដូចគ្រិស្តប្រព្រឹត្តចំពោះក្រុមជំនុំ ៣០ ពីព្រោះយើងជាអវយវៈនៃរូបកាយរបស់លោក។+ ៣១ «ហេតុនេះ បុរសនឹងចាកចេញពីឪពុកនិងម្ដាយខ្លួន ហើយនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ»។+ ៣២ អាថ៌កំបាំងដ៏ពិសិដ្ឋនេះ+អស្ចារ្យណាស់។ ខ្ញុំកំពុងនិយាយអំពីគ្រិស្តនិងក្រុមជំនុំ។+ ៣៣ ទោះជាយ៉ាងនោះក៏ដោយ ចូរអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន+ ដូចស្រឡាញ់ខ្លួនអ្នក រីឯប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ។+
៦ កូនទាំងឡាយអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយ+ស្របតាមបំណងប្រាថ្នារបស់លោកម្ចាស់ ព្រោះធ្វើដូច្នេះគឺសុចរិត។ ២ «ចូរគោរពឪពុកនិងម្ដាយរបស់អ្នក»+ នេះជាបញ្ញត្ដិទី១ដែលមានសេចក្ដីសន្យាជាប់ជាមួយ៖ ៣ «ដើម្បីឲ្យអ្នកបានសេចក្ដីសុខ* និងមានជីវិតយូរអង្វែងនៅផែនដី»។ ៤ ចំណែកអ្នករាល់គ្នាដែលជាឪពុក កុំធ្វើឲ្យកូនខឹង+ តែចូរអប់រំកូនទៅតាមការប្រៀនប្រដៅ+និងការណែនាំ*របស់ព្រះយេហូវ៉ា។*+
៥ ឯអ្នករាល់គ្នាដែលជាខ្ញុំបម្រើ ចូរស្ដាប់បង្គាប់យ៉ាងស្មោះចំពោះម្ចាស់ជាមនុស្ស+ ដោយគោរពកោតខ្លាច ដូចដែលស្ដាប់បង្គាប់គ្រិស្ត ៦ មិនគ្រាន់តែស្ដាប់ពេលដែលគេឃើញ ដើម្បីផ្គាប់ចិត្តមនុស្សប៉ុណ្ណោះទេ+ ប៉ុន្តែស្ដាប់ដូចខ្ញុំបម្រើរបស់គ្រិស្ត ដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះយ៉ាងស្មោះអស់ពីចិត្ត។+ ៧ ចូរធ្វើជាខ្ញុំបម្រើដែលមានចិត្តគំនិតល្អ ដូចកំពុងបម្រើព្រះយេហូវ៉ា*+ មិនមែនបម្រើមនុស្សទេ ៨ ព្រោះអ្នករាល់គ្នាដឹងថា មនុស្សម្នាក់ៗនឹងទទួលរង្វាន់ពីព្រះយេហូវ៉ា*ចំពោះអំពើល្អណាក៏ដោយដែលគាត់ធ្វើ+ ទោះជាគាត់ជាខ្ញុំបម្រើ ឬជាអ្នកមានសេរីភាពក៏ដោយ។ ៩ ឯអ្នករាល់គ្នាដែលជាម្ចាស់ ចូរបន្តប្រព្រឹត្តចំពោះខ្ញុំបម្រើដូច្នោះដែរ ដោយមិនគំរាមកំហែង ព្រោះអ្នករាល់គ្នាដឹងថាទាំងពួកគេទាំងអ្នករាល់គ្នា មានម្ចាស់តែមួយដែលស្ថិតនៅស្ថានសួគ៌+ ហើយលោកមិនរើសមុខទេ។
១០ ក្រោយបង្អស់ ចូរអ្នករាល់គ្នាបន្តទទួលកម្លាំង+ពីលោកម្ចាស់ ព្រោះឫទ្ធានុភាពរបស់លោកគឺខ្លាំងក្លា។ ១១ ចូរពាក់គ្រប់គ្រឿងចម្បាំង+ពីព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចកាន់ជំហរមាំមួនក្នុងការប្រឈមមុខនឹងកលល្បិចទាំងប៉ុន្មានរបស់មេកំណាច* ១២ ពីព្រោះយើងមានការប្រយុទ្ធ+ មិនមែនប្រយុទ្ធនឹងមនុស្ស*ទេ តែប្រយុទ្ធនឹងរដ្ឋាភិបាលទាំងឡាយ ពួកអាជ្ញាធរ ពួកអ្នកគ្រប់គ្រងពិភពលោកងងឹតនេះ និងពួកវិញ្ញាណទុច្ចរិត+នៅស្ថានសួគ៌។ ១៣ ហេតុនេះ ចូរទទួលយកគ្រប់គ្រឿងចម្បាំងពីព្រះ+ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់នៅថ្ងៃទុច្ចរិត ហើយក្រោយពីអ្នករាល់គ្នាបានសម្រេចការទាំងអស់ នោះអ្នករាល់គ្នាអាចកាន់ជំហរមាំមួនបាន។
១៤ ដូច្នេះ ចូរកាន់ជំហរមាំមួនដោយយកសេចក្ដីពិតមកក្រវាត់ចង្កេះ+ ហើយពាក់សេចក្ដីសុចរិតជាអាវការពារដើមទ្រូង+ ១៥ ថែមទាំងប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្តទុកជាស្បែកជើង។+ ១៦ សំខាន់បំផុត ចូរទទួលយកជំនឿទុកជាខែលធំ+ ដែលអ្នកអាចប្រើដើម្បីពន្លត់អស់ទាំងព្រួញឆេះរបស់មេកំណាច។+ ១៧ ម្យ៉ាងទៀត ចូរទទួលយកសេចក្ដីសង្គ្រោះទុកជាមួកការពារក្បាល+ ហើយទទួលយកឫទ្ធានុភាព ពោលគឺបណ្ដាំរបស់ព្រះ ទុកជាដាវ។+ ១៨ នៅដំណាលគ្នានោះ ចូរបន្តអធិដ្ឋាននៅគ្រប់ឱកាសស្របតាមឫទ្ធានុភាពរបស់ព្រះ+ ដោយប្រើសេចក្ដីអធិដ្ឋានគ្រប់ប្រភេទ+និងការអង្វរសុំគ្រប់យ៉ាង។ ដើម្បីធ្វើដូច្នេះ ចូរចាំយាមជានិច្ចដោយអង្វរព្រះដើម្បីពួកអ្នកបរិសុទ្ធទាំងឡាយ។ ១៩ ចូរអធិដ្ឋានឲ្យខ្ញុំផង ដើម្បីខ្ញុំអាចផ្សព្វផ្សាយដោយក្លាហានអំពីអាថ៌កំបាំងដ៏ពិសិដ្ឋនៃដំណឹងល្អ។+ ២០ ខ្ញុំជាទូត+ដែលជាប់ច្រវាក់ ដោយសារដំណឹងល្អ។ ដូច្នេះ ចូរអធិដ្ឋានដើម្បីឲ្យខ្ញុំមានចិត្តអង់អាចក្នុងការនិយាយអំពីដំណឹងល្អ ដូចដែលខ្ញុំគួរនិយាយ។
២១ ទីឃីកុស+ដែលជាបងប្អូនជាទីស្រឡាញ់និងជាអ្នកបម្រើដ៏ស្មោះត្រង់ក្នុងលោកម្ចាស់ គាត់នឹងប្រាប់អ្វីៗទាំងអស់ដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីស្ថានភាពរបស់ខ្ញុំ និងអ្វីដែលខ្ញុំកំពុងធ្វើ។+ ២២ ខ្ញុំនឹងចាត់គាត់ឲ្យទៅឯអ្នករាល់គ្នាសម្រាប់ការនោះឯង ដើម្បីឲ្យអ្នករាល់គ្នាមានដំណឹងអំពីយើង ហើយដើម្បីឲ្យគាត់សម្រាលទុក្ខអ្នករាល់គ្នា។
២៣ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខសាន្តនិងសេចក្ដីស្រឡាញ់ជាមួយនឹងជំនឿពីព្រះដែលជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។ ២៤ សូមឲ្យគុណដ៏វិសេសលើសលប់នៅជាមួយនឹងអស់អ្នកដែលស្រឡាញ់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ដោយមិនរសាយចិត្ត។
ភាសាក្រិច«អាប៉ូស្តូឡូស»មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
ឬ«ការធានា»
ឬ«របៀបរបបពិភពលោក»។ មើលនិយមន័យពាក្យ«របៀបរបបពិភពលោក»
សំដៅលើអ្វីក៏ដោយដែលមិនសមស្របតាមបុគ្គលិកលក្ខណៈ ខ្នាតតម្រា ការប្រព្រឹត្ត ឬបំណងប្រាថ្នារបស់ព្រះ ហើយអ្វីក៏ដោយដែលធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងជាមួយនឹងព្រះ
ឬ«របៀបរបបពិភពលោកខាងមុខ»។ មើលនិយមន័យពាក្យ«របៀបរបបពិភពលោក»
មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
ន័យត្រង់«មនុស្សម្នាក់ថ្មី»
មើលនិយមន័យពាក្យ«បង្គោលទារុណកម្ម»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«បង្ហាត់បង្រៀន»
ន័យត្រង់«ក្បាល»
ឬ«ប្រព្រឹត្តដោយឥតអៀនខ្មាស»។ ភាសាក្រិច«អាសិលគា»។ មើលនិយមន័យពាក្យ«ប្រព្រឹត្តដោយឥតកោតក្រែង»
ភាសាក្រិច «ឌីអាបូឡូស»មានន័យថា«អ្នកបង្កាច់បង្ខូច»
ន័យត្រង់«រលួយ»
ឬប្រហែលជាមានន័យថា«អ្នករាល់គ្នា»
ឬប្រហែលជាមានន័យថា«អ្នករាល់គ្នា»
ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ឬ«ត្រូវកែតម្រង់»
ន័យត្រង់«របៀបដែលអ្នកដើរ»
ន័យត្រង់«ដោយទិញពេលវេលាដែលបានកំណត់»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«អំពើផ្ដេសផ្ដាស»
ឬប្រហែលជាមានន័យថា«និយាយជាមួយខ្លួនឯង»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«បានចម្រុងចម្រើន»
ឬ«ការដាស់តឿន»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ភាសាក្រិច«ឌីអាបូឡូស»មានន័យថា«អ្នកបង្កាច់បង្ខូច»
ន័យត្រង់«សាច់ឈាម»