សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច
១ ពីខ្ញុំ ប៉ូល និងស៊ីលវេនុស*+ ព្រមទាំងធីម៉ូថេ+ ជូនចំពោះក្រុមជំនុំនៅក្រុងថែស្សាឡូនិចដែលរួបរួមជាមួយនឹងព្រះដែលជាបិតា និងលោកម្ចាស់យេស៊ូគ្រិស្ត៖
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្ត។
២ យើងតែងតែអរគុណព្រះ ពេលយើងអធិដ្ឋានអំពីអ្នកទាំងអស់គ្នា។+ ៣ ពីព្រោះនៅចំពោះមុខព្រះដែលជាបិតារបស់យើង យើងមិនដែលភ្លេចកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ និងការខំព្យាយាមដែលផុសចេញពីសេចក្ដីស្រឡាញ់ ថែមទាំងការស៊ូទ្រាំរបស់អ្នករាល់គ្នាទេ ដោយសារអ្នករាល់គ្នាមានសេចក្ដីសង្ឃឹម+លើលោកម្ចាស់យេស៊ូគ្រិស្ត។ ៤ ព្រោះយើងដឹងថា ព្រះស្រឡាញ់បងប្អូន ហើយលោកជ្រើសរើសអ្នករាល់គ្នា ៥ ដោយសារដំណឹងល្អដែលយើងផ្សាយប្រាប់អ្នករាល់គ្នា មិនគ្រាន់តែដោយពាក្យសម្ដីប៉ុណ្ណោះទេ តែដោយមានឥទ្ធិពលខ្លាំង ដោយឫទ្ធានុភាពបរិសុទ្ធ និងដោយជំនឿរឹងមាំ។ អ្នករាល់គ្នាដឹងហើយថា យើងបានទៅជាមនុស្សបែបណាដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។ ៦ អ្នករាល់គ្នាបានយកតម្រាប់យើង+និងលោកម្ចាស់+ ព្រោះទោះជាមានទុក្ខវេទនាជាច្រើនក៏ដោយ+ អ្នករាល់គ្នានៅតែទទួលបណ្ដាំរបស់ព្រះដោយអំណរដែលមកពីឫទ្ធានុភាពបរិសុទ្ធ។ ៧ ហេតុនេះ អ្នករាល់គ្នាជាគំរូដល់អ្នកជឿទាំងឡាយនៅតំបន់ម៉ាសេដូននិងខេត្តអាខេយ៉ា។
៨ តាមការពិត អ្នករាល់គ្នាមិនត្រឹមតែធ្វើឲ្យបណ្ដាំរបស់ព្រះយេហូវ៉ា* ឮសុសសាយនៅតំបន់ម៉ាសេដូននិងខេត្តអាខេយ៉ាប៉ុណ្ណោះទេ តែជំនឿរបស់អ្នករាល់គ្នាទៅលើព្រះត្រូវគេឮនៅគ្រប់ទិសទី។+ ម្ល៉ោះហើយ យើងមិនចាំបាច់និយាយអ្វីទេ។ ៩ ព្រោះអ្នកទាំងនោះតែងតែរៀបរាប់អំពីពេលដំបូងដែលយើងបានជួបអ្នករាល់គ្នា និងអំពីការដែលអ្នករាល់គ្នាបានលះបង់ចោលរូបព្រះផ្សេងៗ ហើយបែរមកគោរពប្រណិប័តន៍និងបម្រើព្រះដ៏ពិត+ ជាព្រះដែលមានជីវិតរស់នៅវិញ ១០ ព្រមទាំងរង់ចាំបុត្ររបស់ព្រះដែលមកពីស្ថានសួគ៌+ ជាបុត្រដែលបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ពោលគឺលោកយេស៊ូដែលសង្គ្រោះយើងពីកំហឹងរបស់ព្រះដែលនឹងមក។+
២ បងប្អូនអើយ អ្នករាល់គ្នាដឹងច្បាស់ថា ការដែលយើងបានមកឯអ្នករាល់គ្នា នោះមិនមែនឥតប្រយោជន៍ទេ។+ ២ ព្រោះដូចអ្នករាល់គ្នាដឹងហើយ ទោះជានៅពេលដំបូងយើងបានរងទុក្ខលំបាក និងត្រូវគេប្រព្រឹត្តដោយគ្មានការគោរពមកលើយើងនៅក្រុងភីលីពក៏ដោយ+ យើងបានតាំងចិត្តក្លាហាន*ដោយសារព្រះរបស់យើង ដើម្បីប្រាប់ដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា+ ទាំងត្រូវប្រឈមមុខនឹងការបៀតបៀនយ៉ាងខ្លាំង។* ៣ ព្រោះការដាស់តឿនរបស់យើង មិនមែនផុសចេញពីគំនិតខុស ឬបំណងចិត្តមិនបរិសុទ្ធ ឬការបោកបញ្ឆោតឡើយ។ ៤ ប៉ុន្តែ ព្រះបានពេញចិត្តយើង ដោយប្រគល់កិច្ចការផ្សាយដំណឹងល្អឲ្យយើង។ ដូច្នេះ យើងមិនមែននិយាយដើម្បីឲ្យមនុស្សពេញចិត្តទេ តែដើម្បីឲ្យព្រះពេញចិត្ត គឺព្រះដែលពិនិត្យមើលចិត្តរបស់យើង។+
៥ តាមការពិត អ្នករាល់គ្នាដឹងហើយថា យើងមិនដែលប្រើពាក្យបញ្ជោរ ឬលាក់ពុតដោយលោភចង់បានរបស់ណាមួយឡើយ+ មានព្រះជាសាក្សី! ៦ យើងក៏មិនបានរកកិត្តិយសពីមនុស្សដែរ ទោះជាពីអ្នករាល់គ្នាឬពីអ្នកឯទៀតក្ដី ហើយទោះជាយើងអាចធ្វើឲ្យអ្នករាល់គ្នាចំណាយប្រាក់ច្រើនដោយសារយើងជាសាវ័ក*របស់គ្រិស្តក៏ដោយ តែយើងមិនធ្វើដូច្នោះទេ។+ ៧ ផ្ទុយទៅវិញ យើងបានប្រព្រឹត្តដោយស្លូតបូតចំពោះអ្នករាល់គ្នា ដូចម្ដាយដែលបំបៅកូនយ៉ាងថ្នាក់ថ្នមដោយសេចក្ដីស្រឡាញ់។ ៨ ដូច្នេះ ដោយមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអ្នករាល់គ្នា យើងតាំងចិត្ត*ផ្ដល់ឲ្យអ្នករាល់គ្នាមិនត្រឹមតែដំណឹងល្អរបស់ព្រះប៉ុណ្ណោះទេ តែថែមទាំងជីវិត*របស់យើងទៀតផង+ ពីព្រោះយើងស្រឡាញ់អ្នករាល់គ្នាខ្លាំងណាស់។+
៩ បងប្អូនអើយ អ្នករាល់គ្នាប្រាកដជាចាំអំពីការនឿយហត់របស់យើង។ កាលដែលយើងផ្សព្វផ្សាយដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាណាម្នាក់ត្រូវចំណាយប្រាក់ច្រើនមកលើយើង។+ ១០ ព្រះនិងអ្នករាល់គ្នាដែលជាអ្នកជឿ ក៏បានឃើញថាយើងសុចរិត ហើយស្មោះត្រង់ និងគ្មានកន្លែងបន្ទោសក្នុងរបៀបដែលយើងប្រព្រឹត្តចំពោះអ្នករាល់គ្នា។ ១១ អ្នករាល់គ្នាដឹងច្បាស់ថា យើងបានព្យាយាមដាស់តឿន និងសម្រាលទុក្ខអ្នករាល់គ្នា ព្រមទាំងលើកទឹកចិត្តអ្នករាល់គ្នាម្នាក់ៗ+ ដូចឪពុក+ប្រព្រឹត្តចំពោះកូន ១២ ដើម្បីឲ្យអ្នករាល់គ្នាបន្តប្រព្រឹត្តឲ្យសមជាអ្នកដែលព្រះ+បានហៅទៅឯរាជាណាចក្រ+និងសិរីរុងរឿងរបស់លោក។+
១៣ ហេតុនេះ យើងអរគុណព្រះជានិច្ច+ ដោយសារពេលដែលអ្នករាល់គ្នាបានឮបណ្ដាំរបស់ព្រះពីយើង អ្នករាល់គ្នាបានទទួលយក មិនមែនទុកជាបណ្ដាំរបស់មនុស្សទេ តែបានទទួលយកទុកជាបណ្ដាំរបស់ព្រះតាមភាពពិតនៃបណ្ដាំនោះ ជាបណ្ដាំដែលកំពុងមានឥទ្ធិពលទៅលើអ្នករាល់គ្នាដែលជាអ្នកជឿ។ ១៤ បងប្អូនអើយ អ្នករាល់គ្នាបានធ្វើតាមគំរូនៃក្រុមជំនុំគ្រិស្តសាសនិកនានានៅតំបន់យូឌាដែលជាក្រុមជំនុំរបស់ព្រះ ពីព្រោះអ្នករាល់គ្នាបានរងទុក្ខក្នុងកណ្ដាប់ដៃនៃជនរួមជាតិរបស់ខ្លួន+ ដូចបងប្អូននៅតំបន់យូឌាកំពុងរងទុក្ខក្នុងកណ្ដាប់ដៃនៃជនជាតិយូដា ១៥ ដែលបានសម្លាប់ទាំងលោកម្ចាស់យេស៊ូ+និងពួកអ្នកប្រកាសទំនាយ ហើយក៏បានបៀតបៀនពួកយើងដែរ។+ បន្ថែមទៅទៀត ពួកគេមិនបានធ្វើឲ្យព្រះពេញចិត្តទេ តែពួកគេធ្វើឲ្យមនុស្សទាំងអស់បង់ប្រយោជន៍ ១៦ កាលដែលពួកគេខំព្យាយាមឃាត់ឃាំងយើងមិនឲ្យផ្សព្វផ្សាយដល់ជនជាតិដទៃ ដើម្បីកុំឲ្យអ្នកទាំងនោះទទួលសេចក្ដីសង្គ្រោះ។+ តាមរបៀបនេះ ពួកគេបន្តធ្វើអំពើខុសឆ្គង*កាន់តែច្រើនឡើង។ ប៉ុន្តែនៅទីបំផុត ព្រះបញ្ចេញកំហឹងរបស់លោកមកលើពួកគេ។+
១៧ បងប្អូនអើយ ពេលយើងបានត្រូវពង្រាត់ចេញពីអ្នករាល់គ្នាអស់មួយរយៈពេលខ្លី (ឃ្លាតកាយ តែមិនឃ្លាតចិត្ត) នោះយើងបានខំប្រឹងខ្លាំងជាងធម្មតា ដោយសារយើងចង់ជួប*អ្នករាល់គ្នាខ្លាំងណាស់។ ១៨ ដោយសារតែយើងចង់មកជួបអ្នករាល់គ្នា ដូច្នេះខ្ញុំ ប៉ូល ខ្ញុំបានព្យាយាមអស់ពីរដង តែសាថាន*បានរារាំងផ្លូវយើង។ ១៩ ព្រោះតើអ្នកណាជាសេចក្ដីសង្ឃឹម អំណរ ឬមកុដនៃមោទនភាពរបស់យើងក្នុងអំឡុងវត្តមានរបស់លោកម្ចាស់យេស៊ូ? តើមិនមែនជាអ្នករាល់គ្នាទេឬ?+ ២០ ត្រូវហើយ អ្នករាល់គ្នាជាមោទនភាពនិងជាអំណររបស់យើង។
៣ ដូច្នេះ ពេលដែលយើងមិនអាចទ្រាំចាំតទៅទៀត យើងសម្រេចចិត្តថាល្អជាងបន្តស្នាក់នៅក្រុងអាថែនតែម្នាក់ឯង+ ២ ហើយយើងបានចាត់ធីម៉ូថេ+ជាប្អូនប្រុសរបស់យើងឲ្យទៅជួបអ្នករាល់គ្នា គាត់ជាអ្នកបម្រើរបស់ព្រះ*ក្នុងការប្រកាសដំណឹងល្អអំពីគ្រិស្ត គាត់នឹងជួយអ្នករាល់គ្នាឲ្យមាំមួនឡើង ព្រមទាំងសម្រាលទុក្ខអ្នករាល់គ្នា ដើម្បីជាប្រយោជន៍ដល់ជំនឿរបស់អ្នករាល់គ្នា។ ៣ យ៉ាងនេះ គ្មានអ្នកណាត្រូវរង្គោះរង្គើ ដោយសារសេចក្ដីវេទនាទាំងនោះឡើយ។ ព្រោះអ្នករាល់គ្នាដឹងថា យើងមិនអាចជៀសផុតពីការរងទុក្ខបែបនោះទេ។*+ ៤ ព្រោះពេលដែលយើងនៅជាមួយនឹងអ្នករាល់គ្នា យើងធ្លាប់ប្រាប់ទុកជាមុនថា យើងត្រូវរងទុក្ខវេទនា ដូចអ្នករាល់គ្នាដឹងហើយថា យើងបានរងទុក្ខវេទនាមែន។+ ៥ ហេតុនេះ ពេលដែលខ្ញុំមិនអាចទ្រាំចាំតទៅទៀត ខ្ញុំបានចាត់ធីម៉ូថេឲ្យទៅ ដើម្បីឲ្យគាត់នាំដំណឹងអំពីសេចក្ដីស្មោះត្រង់របស់អ្នករាល់គ្នាមកប្រាប់ខ្ញុំ+ ក្រែងលោមេល្បួង+មកល្បួងអ្នករាល់គ្នា។ បើដូច្នោះមែន នោះការខំប្រឹងប្រែងរបស់យើងអាចទៅជាឥតប្រយោជន៍ទទេ។
៦ ឥឡូវធីម៉ូថេទើបនឹងមកពីជួបអ្នករាល់គ្នាវិញ+ ហើយគាត់បានប្រាប់យើងនូវដំណឹងល្អអំពីសេចក្ដីស្មោះត្រង់និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយប្រាប់ថាអ្នករាល់គ្នាតែងតែនឹករឭកដល់យើង ហើយចង់ឃើញមុខយើងយ៉ាងខ្លាំង ដូចយើងចង់ឃើញមុខអ្នករាល់គ្នាដែរ។ ៧ ហេតុនេះ បងប្អូនអើយ ពេលដែលយើងបានឮអំពីអ្នករាល់គ្នានិងសេចក្ដីស្មោះត្រង់ដែលអ្នករាល់គ្នាបង្ហាញ នោះសម្រាលទុក្ខយើង ទោះជាយើងជួបទុក្ខលំបាក*និងរងទុក្ខវេទនាក៏ដោយ។+ ៨ ពីព្រោះយើងមានកម្លាំង*ឡើងវិញ ពេលដឹងថាអ្នករាល់គ្នាកាន់ជំហរមាំមួនក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់។ ៩ តើយើងអាចអរគុណព្រះអំពីអ្នករាល់គ្នាយ៉ាងដូចម្ដេច ឲ្យសមនឹងអំណរខ្លាំងក្រៃលែងដែលយើងមាននៅចំពោះមុខព្រះដោយសារអ្នករាល់គ្នា? ១០ យើងអធិដ្ឋានអង្វរសុំព្រះទាំងយប់ទាំងថ្ងៃយ៉ាងអស់ពីចិត្ត ដើម្បីយើងអាចឃើញមុខអ្នករាល់គ្នា និងដើម្បីអាចផ្ដល់អ្វីដែលអ្នករាល់គ្នាត្រូវការសម្រាប់ពង្រឹងជំនឿរបស់អ្នករាល់គ្នា។+
១១ សូមឲ្យព្រះដែលជាបិតារបស់យើង និងលោកយេស៊ូជាម្ចាស់របស់យើង រៀបចំផ្លូវឲ្យយើងទៅឯអ្នករាល់គ្នា។ ១២ ម្យ៉ាងទៀត សូមឲ្យលោកម្ចាស់ធ្វើឲ្យអ្នករាល់គ្នាចម្រើនឡើង គឺមានសេចក្ដីស្រឡាញ់ជាបរិបូរចំពោះគ្នាទៅវិញទៅមក+ ដូចសេចក្ដីស្រឡាញ់ដែលយើងមានចំពោះអ្នករាល់គ្នា ១៣ ដើម្បីលោកអាចពង្រឹងកម្លាំងចិត្តរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាបរិសុទ្ធដោយគ្មានកន្លែងបន្ទោសនៅចំពោះមុខព្រះ+ដែលជាបិតារបស់យើង ក្នុងអំឡុងវត្តមានរបស់លោកយេស៊ូជាម្ចាស់របស់យើង+ រួមទាំងពួកអ្នកបរិសុទ្ធទាំងអស់របស់លោក។
៤ បងប្អូនអើយ អ្នករាល់គ្នាកំពុងមានរបៀបរស់នៅដែលព្រះពេញចិត្តដូចដែលយើងបានបង្រៀន*អ្នករាល់គ្នា+ តែឥឡូវក្នុងនាមលោកម្ចាស់យេស៊ូ យើងចង់ដាស់តឿនអ្នករាល់គ្នា និងសុំឲ្យអ្នករាល់គ្នាបន្តធ្វើដូច្នេះឲ្យកាន់តែប្រសើរឡើងថែមទៀត។ ២ ពីព្រោះអ្នករាល់គ្នាស្គាល់ការណែនាំ*ដែលយើងបានឲ្យអ្នករាល់គ្នាដោយនូវនាមលោកម្ចាស់យេស៊ូហើយ។
៣ ព្រោះនេះជាបំណងប្រាថ្នារបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ+ ហើយជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។*+ ៤ អ្នករាល់គ្នាម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយរបស់ខ្លួន+ ដោយសេចក្ដីបរិសុទ្ធ+និងកិត្តិយស ៥ មិនមែនដូចជនជាតិដទៃដែលមិនស្គាល់ព្រះនោះឡើយ គឺអ្នកដែលមិនគ្រប់គ្រងចំណង់ផ្លូវភេទរបស់ខ្លួន+ និងរកបំពេញកាមតណ្ហាដោយមិនចេះឆ្អែតឆ្អន់។*+ ៦ មិនត្រូវឲ្យអ្នកណាម្នាក់ធ្វើបាបបងប្អូនខ្លួន ឬទាញយកប្រយោជន៍ពីបងប្អូនខ្លួនក្នុងរឿងនោះទេ ពីព្រោះព្រះយេហូវ៉ា*នឹងដាក់ទោសអស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នោះ ដូចយើងបានប្រាប់អ្នករាល់គ្នាពីមុន ហើយក៏បានព្រមានយ៉ាងម៉ឺងម៉ាត់ដែរ។ ៧ ព្រោះព្រះហៅយើងមក មិនមែនឲ្យប្រព្រឹត្តអំពើស្មោកគ្រោកឡើយ តែបានហៅយើងមកឲ្យធ្វើជាមនុស្សបរិសុទ្ធ។+ ៨ ដូច្នេះ អ្នកណាដែលមិនអើពើចំពោះសេចក្ដីបង្រៀននេះ អ្នកនោះមិនមែនមិនអើពើចំពោះមនុស្សទេ តែអ្នកនោះមិនអើពើចំពោះព្រះ+ដែលផ្ដល់ឫទ្ធានុភាពបរិសុទ្ធដល់អ្នករាល់គ្នាវិញ។+
៩ ក៏ប៉ុន្តែ ស្ដីអំពីការស្រឡាញ់រាប់អានគ្នាជាបងប្អូន+ អ្នករាល់គ្នាមិនត្រូវការឲ្យយើងសរសេរទៅកាន់អ្នករាល់គ្នាទេ ព្រោះព្រះបានបង្រៀនអ្នករាល់គ្នាឲ្យស្រឡាញ់គ្នាទៅវិញទៅមករួចហើយ។+ ១០ តាមពិត អ្នករាល់គ្នាកំពុងធ្វើដូច្នោះចំពោះបងប្អូនទាំងអស់នៅតំបន់ម៉ាសេដូន។ ប៉ុន្តែ បងប្អូនអើយ យើងសូមលើកទឹកចិត្តអ្នករាល់គ្នាឲ្យធ្វើដូច្នោះកាន់តែប្រសើរថែមទៀត។ ១១ ចូរខំព្យាយាមរស់នៅដោយស្ងៀមស្ងាត់+ មិនជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ+ និងខំប្រឹងធ្វើការដោយដៃរបស់ខ្លួន+ ដូចយើងបានបង្គាប់អ្នករាល់គ្នា ១២ ដើម្បីឲ្យអ្នករាល់គ្នាមានការប្រព្រឹត្តល្អនៅមុខពួកអ្នកក្រៅ+ ហើយមិនខ្វះអ្វីឡើយ។
១៣ ម្យ៉ាងទៀត បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាយល់អំពីអនាគតរបស់ពួកអ្នកដែលបានស្លាប់*+ ដើម្បីកុំឲ្យអ្នករាល់គ្នាកើតទុក្ខដូចពួកអ្នកដទៃដែលគ្មានសេចក្ដីសង្ឃឹម។+ ១៤ ព្រោះប្រសិនបើយើងមានជំនឿថា លោកយេស៊ូបានស្លាប់ ហើយរស់ឡើងវិញ+ នោះយើងក៏មានជំនឿថាអស់អ្នកដែលបានស្លាប់ដោយមានភក្ដីភាពចំពោះលោកយេស៊ូ ព្រះនឹងប្រោសពួកគាត់ឲ្យរស់ឡើងវិញដែរ ហើយឲ្យពួកគាត់នៅជាមួយនឹងលោក។+ ១៥ ព្រោះយើងសូមប្រាប់អ្នករាល់គ្នាស្របតាមបណ្ដាំរបស់ព្រះយេហូវ៉ា*ថា យើងដែលរស់នៅរហូតដល់អំឡុងវត្តមានរបស់លោកម្ចាស់ នឹងមិនទៅមុនពួកអ្នកដែលបានស្លាប់ទេ ១៦ ពីព្រោះលោកម្ចាស់នឹងចុះពីស្ថានសួគ៌មក លោកនឹងស្រែកបញ្ជា ដោយមានសំឡេងរបស់មហាទេវតា+ និងដោយមានត្រែរបស់ព្រះ។ រួចពួកអ្នកដែលបានស្លាប់ដោយមានភក្ដីភាពចំពោះគ្រិស្ត នឹងរស់ឡើងវិញមុនគេបង្អស់។+ ១៧ ក្រោយមក យើងដែលនៅរស់ នឹងត្រូវកញ្ឆក់យកទៅក្នុងពពកជាមួយនឹងពួកគាត់+ដើម្បីជួបនឹងលោកម្ចាស់+នៅលើមេឃ រួចយើងនឹងនៅជាមួយនឹងលោកម្ចាស់ជារៀងរហូតតទៅ។+ ១៨ ដូច្នេះ ចូរបន្តសម្រាលទុក្ខគ្នាទៅវិញទៅមកដោយពាក្យសម្ដីទាំងនេះ។
៥ ឥឡូវបងប្អូនអើយ ស្ដីអំពីពេលកំណត់ អ្នករាល់គ្នាមិនត្រូវការឲ្យអ្នកណាសរសេរទៅកាន់អ្នករាល់គ្នាឡើយ។ ២ ព្រោះអ្នករាល់គ្នាដឹងច្បាស់ថា ថ្ងៃរបស់ព្រះយេហូវ៉ា*+នឹងមកដូចជាចោរមកនៅពេលយប់។+ ៣ នៅពេលដែលពួកគេនិយាយថា៖ «មានសន្តិភាពនិងសន្តិសុខហើយ!» នោះស្រាប់តែសេចក្ដីហិនវិនាសកើតមានដល់ពួកគេភ្លាមមួយរំពេច+ ដូចជាការឈឺចាប់របស់ស្ត្រីដែលហៀបនឹងសម្រាលកូន។ ពួកគេនឹងគេចមិនផុតឡើយ។ ៤ ប៉ុន្តែ បងប្អូនអើយ អ្នករាល់គ្នាមិននៅក្នុងភាពងងឹតទេ ដូច្នេះថ្ងៃនោះនឹងមិនមកដោយអ្នករាល់គ្នាមិនដឹងខ្លួន ដូចជាពន្លឺថ្ងៃមកដោយពួកចោរមិនដឹងខ្លួននោះឡើយ ៥ ព្រោះអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ។+ យើងមិនមែនជាកូននៃភាពងងឹត ឬជាកូននៃយប់ទេ។+
៦ ដូច្នេះ កុំឲ្យយើងដេកលង់លក់ដូចអ្នកឯទៀត+ តែចូរឲ្យយើងភ្ញាក់+ហើយដឹងខ្លួនជានិច្ច។+ ៧ ព្រោះអ្នកដែលដេក ក៏ដេកនៅពេលយប់ ហើយអ្នកដែលស្រវឹងស្រា ក៏ស្រវឹងនៅពេលយប់។+ ៨ ប៉ុន្តែ ចំណែកយើងដែលនៅខាងថ្ងៃវិញ ចូរឲ្យយើងដឹងខ្លួនជានិច្ច ហើយពាក់ជំនឿនិងសេចក្ដីស្រឡាញ់ជាអាវការពារដើមទ្រូង ថែមទាំងពាក់សេចក្ដីសង្ឃឹមនៃសេចក្ដីសង្គ្រោះជាមួកការពារក្បាល+ ៩ ពីព្រោះព្រះបានជ្រើសរើសយើង មិនមែនដើម្បីឲ្យយើងទទួលកំហឹងរបស់លោកទេ តែដើម្បីឲ្យយើងទទួលសេចក្ដីសង្គ្រោះ+តាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។ ១០ លោកបានស្លាប់ដើម្បីឲ្យយើង+អាចរស់ជាមួយនឹងលោក ទោះជាយើងដេកលក់*ឬនៅភ្ញាក់ក៏ដោយ។+ ១១ ដូច្នេះ ចូរបន្តលើកទឹកចិត្តគ្នា*ទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក+ ដូចអ្នករាល់គ្នាកំពុងធ្វើ។
១២ បងប្អូនអើយ ឥឡូវយើងសុំឲ្យអ្នករាល់គ្នាគោរពពួកអ្នកដែលកំពុងខំធ្វើការយ៉ាងនឿយហត់ក្នុងចំណោមអ្នករាល់គ្នា និងកំពុងដឹកនាំអ្នករាល់គ្នាក្នុងកិច្ចបម្រើលោកម្ចាស់ ព្រមទាំងកំពុងដាស់តឿនអ្នករាល់គ្នា។ ១៣ បន្ថែមទៅទៀត ចូរអ្នករាល់គ្នាបង្ហាញសេចក្ដីស្រឡាញ់និងឲ្យតម្លៃខ្ពស់ចំពោះពួកគាត់ ដោយសារកិច្ចការដែលពួកគាត់បានធ្វើ។+ ចូររក្សាឲ្យមានសន្តិភាពរវាងគ្នានឹងគ្នា។+ ១៤ មួយវិញទៀត បងប្អូនអើយ យើងជំរុញចិត្តអ្នករាល់គ្នាឲ្យព្រមាន*ពួកអ្នកដែលមិនស្ដាប់បង្គាប់+ និយាយសម្រាលទុក្ខពួកអ្នកដែលធ្លាក់ទឹកចិត្ត គាំពារពួកអ្នកដែលខ្សោយ និងមានចិត្តអត់ធ្មត់ចំពោះមនុស្សទាំងអស់។+ ១៥ កុំឲ្យអ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើអាក្រក់ឡើយ+ តែចូររកវិធីធ្វើអំពើល្អចំពោះគ្នាទៅវិញទៅមក និងចំពោះអ្នកឯទៀតជានិច្ច។+
១៦ ចូរអរសប្បាយជានិច្ច។+ ១៧ ចូរអធិដ្ឋានឥតឈប់។+ ១៨ ចូរថ្លែងអំណរគុណសម្រាប់អ្វីៗទាំងអស់។+ នេះជាបំណងប្រាថ្នារបស់ព្រះសម្រាប់អ្នកកាន់តាមគ្រិស្តយេស៊ូ។ ១៩ កុំរារាំងឥទ្ធិពលនៃឫទ្ធានុភាពរបស់ព្រះ។+ ២០ កុំចាត់ទុកទំនាយថាគ្មានតម្លៃឡើយ។+ ២១ ចូរពិចារណាអ្វីៗទាំងអស់ឲ្យប្រាកដថាត្រឹមត្រូវ+ ចូរកាន់ខ្ជាប់តាមអ្វីៗដែលប្រសើរ។ ២២ ចូរជៀសចេញពីអំពើទុច្ចរិតគ្រប់យ៉ាង។+
២៣ សូមឲ្យព្រះនៃសេចក្ដីសុខសាន្តធ្វើឲ្យអ្នករាល់គ្នាបរិសុទ្ធទាំងស្រុង។ សូមឲ្យចិត្តគំនិត ជីវិត* និងរូបកាយរបស់បងប្អូនបានត្រូវរក្សាឲ្យមានគ្រប់លក្ខណៈ ហើយការពារមិនឲ្យមានកន្លែងបន្ទោស ក្នុងអំឡុងវត្តមានរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។+ ២៤ លោកដែលកំពុងហៅអ្នករាល់គ្នាគឺស្មោះត្រង់ ហើយលោកនឹងធ្វើការនោះពិតមែន។
២៥ បងប្អូនអើយ សូមបន្តអធិដ្ឋានឲ្យយើង។+
២៦ សូមសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើប។*
២៧ ខ្ញុំបង្គាប់អ្នករាល់គ្នាក្នុងនាមលោកម្ចាស់ ឲ្យអានសំបុត្រនេះជូនបងប្អូនទាំងអស់ស្ដាប់។+
២៨ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងនៅជាមួយនឹងអ្នករាល់គ្នា។
ក៏មានឈ្មោះថាស៊ីឡាសដែរ
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ចិត្តអង់អាច»
ឬប្រហែលជាមានន័យថា«ដោយខំតស៊ូយ៉ាងខ្លាំង»
ភាសាក្រិច«អាប៉ូស្តូឡូស»មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
ន័យត្រង់«សប្បាយចិត្ត»
មើលនិយមន័យពាក្យ«ជីវិត»
សំដៅលើអ្វីក៏ដោយដែលមិនសមស្របតាមបុគ្គលិកលក្ខណៈ ខ្នាតតម្រា ការប្រព្រឹត្ត ឬបំណងប្រាថ្នារបស់ព្រះ ហើយអ្វីក៏ដោយដែលធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងជាមួយនឹងព្រះ
ន័យត្រង់«ចង់ឃើញមុខ»
ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
ឬប្រហែលជាមានន័យថា«អ្នករួមការងារជាមួយនឹងព្រះ»
ឬ«យើងបានត្រូវកំណត់ឲ្យរងទុក្ខបែបនោះ»
ន័យត្រង់«យើងខ្វះខាត»
ន័យត្រង់«មានជីវិត»
ឬ«បង្គាប់»
ឬ«បង្គាប់»
ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ឬ«ដោយចិត្តលោភលន់»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ដេកលក់ក្នុងសេចក្ដីស្លាប់»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ដេកលក់ក្នុងសេចក្ដីស្លាប់»
ឬ«សម្រាលទុក្ខគ្នា»
ឬ«ដាស់តឿន»
មើលនិយមន័យពាក្យ«ជីវិត»
គ្រិស្តសាសនិកធ្លាប់សួរសុខទុក្ខគ្នាដោយការថើបពេលជួបគ្នា