បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ទីតុស ១:១-៣:១៥
  • ទីតុស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទីតុស
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ទីតុស

ជូន​ចំពោះ​ទីតុស

១ ពី​ខ្ញុំ ប៉ូល ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​និង​ជា​សាវ័ក*របស់​លោក​យេស៊ូ​គ្រិស្ត* ស្រប​តាម​ជំនឿ​របស់​ពួក​អ្នក​ដែល​ព្រះ​បាន​ជ្រើស​រើស និង​ស្រប​តាម​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​ដែល​សម​ស្រប​នឹង​ភក្ដី​ភាព​ចំពោះ​ព្រះ ២ ហើយ​អ្វី​ទាំង​អស់​នេះ​មាន​មូលដ្ឋាន​លើ​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​ជីវិត​គ្មាន​ទី​បញ្ចប់+ ដែល​ព្រះ​បាន​សន្យា​តាំង​ពី​យូរ​យារ​មក​ហើយ លោក​មិន​អាច​កុហក​ឡើយ។+ ៣ ប៉ុន្តែ នៅ​ពេល​កំណត់​របស់​លោក លោក​បាន​បើក​បង្ហាញ​បណ្ដាំ​របស់​លោក​តាម​រយៈ​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​ខ្ញុំ+ ស្រប​តាម​បង្គាប់​របស់​ព្រះ​ដែល​ជា​អ្នក​សង្គ្រោះ​យើង។ ៤ ជូន​ចំពោះ​ទីតុស ជា​កូន​ពិត​ប្រាកដ​ដែល​រួម​ជំនឿ​ជា​មួយ​នឹង​ខ្ញុំ​៖

សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា ព្រម​ទាំង​ពី​គ្រិស្ត​យេស៊ូ​ដែល​ជា​អ្នក​សង្គ្រោះ​យើង។

៥ ខ្ញុំ​បាន​ទុក​អ្នក​នៅ​កោះ​ក្រេត ដើម្បី​ឲ្យ​អ្នក​កែ​តម្រូវ​អ្វី​ដែល​ខុស* ហើយ​តែង​តាំង​អ្នក​ចាស់​ទុំ​នៅ​ក្រុង​នី​មួយ​ៗ ដូច​ខ្ញុំ​បាន​បង្គាប់​អ្នក​ដូច​ត​ទៅ​៖ ៦ បុរស​ដែល​អាច​ធ្វើ​ជា​អ្នក​ចាស់​ទុំ ត្រូវ​ជា​អ្នក​ដែល​គ្មាន​កន្លែង​ចាប់​កំហុស មាន​ប្រពន្ធ​តែ​មួយ មាន​កូន​ដែល​មិន​បះ​បោរ​ប្រឆាំង និង​ជា​អ្នក​ជឿ​ដែល​គ្មាន​អ្នក​ណា​ចោទ​ប្រកាន់​ថា​ជា​អ្នក​ប្រព្រឹត្ត​អំពើ​អបាយមុខ។+ ៧ ព្រោះ​ក្នុង​នាម​ជា​អ្នក​ចាត់​ចែង*របស់​ព្រះ អ្នក​ចាស់​ទុំ*ត្រូវ​គ្មាន​កន្លែង​ចាប់​កំហុស មិន​ប្រកាន់​គំនិត​ខ្លួន+ មិន​ឆាប់​ខឹង+ មិន​មែន​ជា​អ្នក​ប្រមឹក​ស្រា មិន​មែន​ជា​មនុស្ស​ឃោរ​ឃៅ* មិន​លោភ​លន់​ដោយ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ៨ តែ​ចេះ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់+ ស្រឡាញ់​គុណធម៌ ដឹង​ខុស​ត្រូវ*+ ជា​មនុស្ស​សុចរិត មាន​ភក្ដី​ភាព+ ចេះ​ទប់​ចិត្ត+ ៩ និង​កាន់​ខ្ជាប់​តាម​បណ្ដាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​របៀប​ដែល​គាត់​បង្រៀន+ ដើម្បី​គាត់​អាច​លើក​ទឹក​ចិត្ត*អ្នក​ឯ​ទៀត​តាម​រយៈ​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍+ ព្រម​ទាំង​កែ​តម្រង់+អស់​អ្នក​ដែល​និយាយ​ប្រឆាំង​សេចក្ដី​បង្រៀន​ទាំង​នោះ។

១០ ព្រោះ​មាន​បុរស​ជា​ច្រើន​ជា​អ្នក​បះ​បោរ​ប្រឆាំង ជា​អ្នក​និយាយ​ឥត​ប្រយោជន៍ និង​ជា​អ្នក​បោក​បញ្ឆោត ជា​ពិសេស​គឺ​អស់​អ្នក​ដែល​កាន់​ខ្ជាប់​ការ​កាត់​ចុង​ស្បែក។*+ ១១ គឺ​ចាំ​បាច់​ត្រូវ​បិទ​មាត់​បុរស​ទាំង​នោះ ព្រោះ​ពួក​គេ​ចេះ​តែ​បំផ្លាញ​ជំនឿ​បង​ប្អូន​ទាំង​គ្រួសារ​ៗ ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​បង្រៀន ដើម្បី​ទទួល​ប្រយោជន៍​ផ្ទាល់​ខ្លួន​តាម​របៀប​មិន​ទៀង​ត្រង់។ ១២ អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដែល​ជា​ជន​រួម​ជាតិ​របស់​ពួក​គេ បាន​និយាយ​ថា​៖ ​«​អ្នក​កោះ​ក្រេត​សុទ្ធ​តែ​ជា​អ្នក​ភូត​ភរ ជា​សត្វ​ព្រៃ​ដ៏​សាហាវ និង​ជា​អ្នក​ល្មោភ​ស៊ី​ដែល​មិន​ធ្វើ​ការ​អ្វី​សោះ​»។

១៣ នេះ​ជា​ការ​បញ្ជាក់​ដ៏​ពិត​ត្រង់។ ហេតុ​នេះ ចូរ​បន្ត​ប្រដៅ​តម្រង់​ពួក​គេ​យ៉ាង​ម៉ឺង​ម៉ាត់ ដើម្បី​ពួក​គេ​អាច​មាន​ជំនឿ​មាំ​មួន ១៤ ដោយ​មិន​ស្ដាប់​រឿង​ព្រេង​របស់​ជនជាតិ​យូដា និង​មិន​ស្ដាប់​បញ្ញត្ដិ​របស់​មនុស្ស​ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​ឡើយ។ ១៥ អ្វី​ៗ​ទាំង​អស់​គឺ​ស្អាត​បរិសុទ្ធ​ចំពោះ​មនុស្ស​ដែល​ស្អាត​បរិសុទ្ធ។+ ក៏​ប៉ុន្តែ ចំពោះ​មនុស្ស​ដែល​មិន​ស្អាត​បរិសុទ្ធ*និង​គ្មាន​ជំនឿ អ្វី​ៗ​ទាំង​អស់​គឺ​មិន​ស្អាត​បរិសុទ្ធ​ទេ ព្រោះ​ទាំង​គំនិត​ទាំង​សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គេ សុទ្ធ​តែ​ស្មោក​គ្រោក។+ ១៦ ពួក​គេ​ប្រកាស​ជា​សាធារណៈ​ថា​ពួក​គេ​ស្គាល់​ព្រះ តែ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​បង្ហាញ​ថា​ពួក​គេ​មិន​ទទួល​ស្គាល់​ព្រះ​ទេ+ ពី​ព្រោះ​ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម មិន​ស្ដាប់​បង្គាប់ ហើយ​មិន​សម​នឹង​ការ​ល្អ​ណា​មួយ​សោះ​ឡើយ។

២ ចំណែក​អ្នក​វិញ ចូរ​បន្ត​និយាយ​អ្វី​ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍។+ ២ បុរស​វ័យ​ចាស់​ត្រូវ​ចេះ​ប្រមាណ​ខ្លួន ត្រូវ​មាន​ចិត្ត​គំនិត​នឹង​ធឹង ដឹង​ខុស​ត្រូវ មាន​ជំនឿ​មាំ​មួន មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង និង​ចេះ​ស៊ូ​ទ្រាំ។ ៣ ដូច​គ្នា​ដែរ ស្ត្រី​វ័យ​ចាស់​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ដែល​លើក​កិត្តិយស​ព្រះ មិន​និយាយ​បង្កាច់​បង្ខូច និង​មិន​ញៀន​ស្រា តែ​ជា​អ្នក​បង្រៀន​អំពី​អ្វី​ដែល​ល្អ ៤ ដើម្បី​អាច​ផ្ដល់​ឱវាទ​ដល់*ស្ត្រី​វ័យ​ក្មេង​ឲ្យ​ស្រឡាញ់​ប្ដី ស្រឡាញ់​កូន ៥ ឲ្យ​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ ដឹង​ខុស​ត្រូវ ឧស្សាហ៍​ធ្វើ​កិច្ច​ការ​ផ្ទះ ចិត្ត​ល្អ ហើយ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន+ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​និយាយ​ប្រមាថ​បណ្ដាំ​របស់​ព្រះ។

៦ ស្រដៀង​គ្នា​ដែរ ចូរ​បន្ត​ជំរុញ​ចិត្ត​បុរស​វ័យ​ក្មេង​ឲ្យ​ដឹង​ខុស​ត្រូវ+ ៧ ហើយ​ចូរ​ទុក​គំរូ​ដោយ​ប្រព្រឹត្ត​ល្អ​ក្នុង​គ្រប់​ការ​ទាំង​អស់។ ចូរ​បង្រៀន​អ្វី​ដែល​បរិសុទ្ធ* ដោយ​មាន​ចិត្ត​គំនិត​នឹង​ធឹង​គ្រប់​ជំពូក។+ ៨ ចូរ​ពោល​តែ​សម្ដី​ល្អ​ៗ​ដែល​គេ​មិន​អាច​រិះ​គន់+ ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រឆាំង​អៀន​ខ្មាស ព្រោះ​មិន​អាច​និយាយ​អាក្រក់​អំពី​យើង​បាន។+ ៩ ចូរ​ឲ្យ​ពួក​ខ្ញុំ​បម្រើ​ចុះ​ចូល​នឹង​ម្ចាស់​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់+ ដោយ​ព្យាយាម​ធ្វើ​ឲ្យ​ម្ចាស់​ពេញ​ចិត្ត ហើយ​មិន​ត្រូវ​តមាត់​ឡើយ ១០ ក៏​មិន​ត្រូវ​លួច​ពី​ម្ចាស់​ដែរ+ តែ​ត្រូវ​បង្ហាញ​ថា​ខ្លួន​គួរ​ឲ្យ​ទុក​ចិត្ត​ទាំង​ស្រុង ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​របស់​ព្រះ​ជា​អ្នក​សង្គ្រោះ​យើង ទាក់​ទាញ​ចិត្ត​មនុស្ស​កាន់​តែ​ខ្លាំង។+

១១ ព្រោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ ហើយ​នាំ​មនុស្ស​គ្រប់​ប្រភេទ​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ។+ ១២ គុណ​ដ៏​វិសេស​លើស​លប់​នោះ​បាន​បង្រៀន​យើង​ឲ្យ​បដិសេធ​អ្វី​ៗ​ទាំង​អស់​ដែល​ខុស​ពី​បំណង​ប្រាថ្នា​របស់​ព្រះ និង​ឲ្យ​បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពិភព​លោក​នេះ+ ហើយ​រស់​នៅ​ដោយ​ដឹង​ខុស​ត្រូវ ដោយ​សេចក្ដី​សុចរិត និង​ដោយ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​របៀប​របប​ពិភព​លោក*នេះ+ ១៣ កាល​ដែល​យើង​រង់​ចាំ​សេចក្ដី​សង្ឃឹម​ដ៏​សប្បាយ+ និង​ការ​លេច​មក​ដែល​ប្រកប​ដោយ​សិរី​រុង​រឿង​របស់​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​និង​យេស៊ូ​គ្រិស្ត​ជា​អ្នក​សង្គ្រោះ​យើង ១៤ គឺ​លោក​ដែល​បាន​ប្រគល់​ខ្លួន+ដើម្បី​រំដោះ​យើង+ឲ្យ​រួច​ពី​ការ​ប្រឆាំង​ច្បាប់​គ្រប់​បែប​យ៉ាង ហើយ​សម្អាត​យើង​ឲ្យ​ធ្វើ​ជា​រាស្ដ្រ​និង​ជា​ទ្រព្យ​វិសេស​របស់​លោក​ផ្ទាល់ ពោល​គឺ​រាស្ដ្រ​ដែល​ខ្នះ​ខ្នែង​ធ្វើ​ការ​ដ៏​ល្អ​ប្រសើរ។+

១៥ ចូរ​បន្ត​និយាយ​ការ​ទាំង​នេះ ព្រម​ទាំង​ដាស់​តឿន* និង​កែ​តម្រង់ ដោយ​ប្រើ​អំណាច​របស់​អ្នក​យ៉ាង​ពេញ​លេញ។+ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក​ឡើយ។

៣ ចូរ​បន្ត​រំលឹក​ពួក​គេ​ឲ្យ​ចុះ​ចូល​ស្ដាប់​បង្គាប់​រដ្ឋាភិបាល​និង​ពួក​អាជ្ញាធរ+ ហើយ​ប្រុង​ប្រៀប​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង ២ មិន​ត្រូវ​និយាយ​អាក្រក់​អំពី​អ្នក​ឯ​ទៀត មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ឈ្លោះ​ប្រកែក តែ​ត្រូវ​ធ្វើ​ជា​មនុស្ស​សម​ហេតុ​សម​ផល+ ហើយ​បង្ហាញ​ចិត្ត​ស្លូត​បូត​ជា​និច្ច​ចំពោះ​មនុស្ស​ទាំង​អស់។+ ៣ ព្រោះ​យើង​ធ្លាប់​ជា​មនុស្ស​មិន​ចេះ​គិត​ពិចារណា មិន​ស្ដាប់​បង្គាប់ ត្រូវ​គេ​បំភាន់ ក៏​ធ្លាប់​ជា​ខ្ញុំ​បម្រើនៃ​សេចក្ដី​ប៉ង​ប្រាថ្នា​ផ្សេង​ៗ​និង​ការ​សប្បាយ​ឥត​បើ​គិត ថែម​ទាំង​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ច្រណែន​ឈ្នានីស និង​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​ក៏​ធ្លាប់​ស្អប់​គ្នា​ដែរ។

៤ ក៏​ប៉ុន្តែ ព្រះ​ជា​អ្នក​សង្គ្រោះ​យើង​បាន​បង្ហាញ​សេចក្ដី​សប្បុរស+និង​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស ៥ (​មិន​មែន​ដោយ​សារ​យើង​បាន​ប្រព្រឹត្ត​សុចរិត​ទេ+ តែ​ដោយ​សារ​លោក​មាន​សេចក្ដី​មេត្តា​ករុណា​)។+ លោក​បាន​សង្គ្រោះ​យើង តាម​រយៈ​ការ​លាង​សម្អាត​ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ឡើង​វិញ+ និង​ដោយ​បង្កើត​យើង​ជា​ថ្មី​តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ។+ ៦ លោក​បាន​ចាក់​ឫទ្ធានុភាព​នេះ​មក​លើ​យើង​យ៉ាង​បរិបូរ* តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​អ្នក​សង្គ្រោះ​យើង+ ៧ ដើម្បី​ឲ្យ​យើង​ទៅ​ជា​អ្នក​ទទួល​មត៌ក+ សម​ស្រប​តាម​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ ក្រោយ​ពី​យើង​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។+

៨ ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ពិត ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​បន្ត​លើក​បញ្ជាក់​អំពី​រឿង​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​ព្រះ ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រព្រឹត្ត​ល្អ​ប្រសើរ​ជា​និច្ច។ អ្វី​ៗ​ទាំង​នោះ​គឺ​ល្អ​ប្រសើរ ហើយ​មាន​ប្រយោជន៍​ចំពោះ​មនុស្ស។

៩ ប៉ុន្តែ ចូរ​ជៀស​ចេញ​ពី​ការ​ជជែក​តវ៉ា​ផ្ដេស​ផ្ដាស ការ​ស្រាវ​ជ្រាវ​អំពី​ពង្សាវតារ ការ​ទាស់​ទែង​គ្នា និង​ការ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ច្បាប់ ព្រោះ​ការ​ទាំង​នោះ​គ្មាន​ប្រយោជន៍ ហើយ​ឥត​ខ្លឹម​សារ។+ ១០ រីឯ​បុរស​ណា​ដែល​ផ្សាយ​សេចក្ដី​បង្រៀន​មិន​ពិត+ ចូរ​ឈប់​សេព​គប់​គាត់+ បន្ទាប់​ពី​បាន​ដាស់​តឿន*គាត់​អស់​ពីរ​ដង+ ១១ ព្រោះ​អ្នក​ដឹង​ថា​បុរស​បែប​នោះ​បាន​បែរ​ចេញ​ពី​ផ្លូវ​ត្រឹម​ត្រូវ ទៅ​ធ្វើ​អំពើ​ខុស​ឆ្គង ហើយ​កំហុស​របស់​គាត់​កំពុង​ផ្ដន្ទា​ទោស​គាត់។

១២ ពេល​ដែល​ខ្ញុំ​ចាត់​អាតេម៉ាស ឬ​ទីឃីកុស+ឲ្យ​ទៅ​ឯ​អ្នក ចូរ​អ្នក​ខំ​អស់ពី​សមត្ថភាព​ដើម្បី​មក​ឯ​ខ្ញុំ​នៅ​ក្រុង​នីកូពើលិស ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ស្នាក់​នៅទី​នោះ​ក្នុង​អំឡុង​រដូវ​ត្រជាក់។ ១៣ ចូរ​យក​ចិត្ត​ទុក​ដាក់​ផ្គត់​ផ្គង់​អាប៉ូឡុស​និង​សេណាស​ដែល​ជា​អ្នក​ចេះ​ច្បាប់​ស្ទាត់ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ខ្វះ​អ្វី​ឡើយ​ពេល​ធ្វើ​ដំណើរ។+ ១៤ ប៉ុន្តែ បង​ប្អូន​របស់​យើង​ក៏​ត្រូវ​បន្ត​រៀន​ធ្វើ​ការ​ល្អ​ប្រសើរ​ជា​និច្ច​ដែរ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ជា​បន្ទាន់​របស់​អ្នក​ឯ​ទៀត+ ប្រយោជន៍​ឲ្យ​បង​ប្អូន​អាច​បង្កើត​ផល​ក្នុង​កិច្ច​បម្រើ។+

១៥ អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ ផ្ដាំ​សួរ​សុខ​ទុក្ខ។ សូម​សួរ​សុខ​ទុក្ខ​ពួក​អ្នក​រួម​ជំនឿ​ដែល​ស្រឡាញ់​យើង។

សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​

ឬ​«​អ្វី​ដែល​ខ្វះ​ខាត​»​

ឬ​«​អ្នក​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​»​

ឬ​«​អ្នក​ត្រួត​ពិនិត្យ​»​

ឬ​«​អ្នក​វាយ​តប់​»​

ឬ​«​ដោយ​ចេះ​គិត​ពិចារណា​»​ ឬ​«​ដោយ​មាន​គំនិត​សម​ហេតុ​សម​ផល​»​

ឬ​«​ដាស់​តឿន​»​

មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​

ឬ​«​ស្មោក​គ្រោក​»​

ឬ​«​អាច​បង្រៀន​ដល់​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​បង្រៀន​ដោយ​សេចក្ដី​បរិសុទ្ធ​»​

មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ឬ​«​លើក​ទឹក​ចិត្ត​»​

ឬ​«​ដោយ​ចិត្ត​ទូលាយ​»​

ឬ​«​ព្រមាន​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក