បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ភីលេម៉ូន ១-២៥
  • ភីលេម៉ូន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ភីលេម៉ូន
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ភីលេម៉ូន

ជូន​ចំពោះ​ភីលេម៉ូន

១ ពី​ខ្ញុំ ប៉ូល ជា​អ្នក​ទោស+ដើម្បី​គ្រិស្ត*យេស៊ូ និង​ពី​ធីម៉ូថេ+ជា​ប្អូន​ប្រុស​របស់​យើង ជូន​ចំពោះ​ភីលេម៉ូន​ជា​ទី​ស្រឡាញ់ ដែល​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​យើង ២ ហើយ​ជូន​ចំពោះ​អាប់ភា​ជា​បង​ស្រី​របស់​យើង និង​អាឃីប៉ុស+ជា​ទាហាន​ដូច​យើង ព្រម​ទាំង​ជូន​ចំពោះ​ក្រុម​ជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​របស់​អ្នក​៖+

៣ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា ព្រម​ទាំង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

៤ ខ្ញុំ​អរគុណ​ព្រះ​របស់​ខ្ញុំ​ជា​និច្ច ពេល​ដែល​ខ្ញុំ​អធិដ្ឋាន​អំពី​អ្នក+ ៥ ព្រោះ​យើង​តែង​តែ​ឮ​អំពី​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​លោក​ម្ចាស់​យេស៊ូ និង​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់។ ៦ ខ្ញុំ​អធិដ្ឋាន​សូម​ឲ្យ​ជំនឿ​របស់​អ្នក​និង​ជំនឿ​របស់​បង​ប្អូន​ឯ​ទៀត ជំរុញ​ចិត្ត​អ្នក​ឲ្យ​ទទួល​ស្គាល់​ថា ពរ​ជា​ច្រើន​ដែល​យើង​បាន​ទទួល គឺ​តាម​រយៈ​គ្រិស្ត។ ៧ ប្អូន​ប្រុស​អើយ ខ្ញុំ​បាន​ទទួល​ការ​សម្រាល​ទុក្ខ​និង​អំណរ​ខ្លាំង​ណាស់ ពេល​បាន​ឮ​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក ព្រោះ​អ្នក​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។

៨ ហេតុ​នេះ ក្នុង​នាម​ជា​សាវ័ក*របស់​គ្រិស្ត ទោះ​ជា​ខ្ញុំ​មាន​សិទ្ធិ​បង្គាប់​អ្នក​ឲ្យធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ក៏​ដោយ ៩ តែ​ខ្ញុំ​សូម​អង្វរ​អ្នក​វិញ ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​មាន​សេចក្ដី​ស្រឡាញ់។ ខ្ញុំ ប៉ូល ពេល​នេះ​ខ្ញុំ​ចាស់​ហើយ ថែម​ទាំង​ជាប់​គុក​ដើម្បី​គ្រិស្ត​យេស៊ូ​ទៀត​ផង។ ១០ ខ្ញុំ​អង្វរ​អ្នក​ជំនួស​កូន​របស់​ខ្ញុំ គឺ​អូណេស៊ីម។+ ខ្ញុំ​បាន​ទៅ​ជា​ឪពុក​របស់​គាត់+ ពេល​ខ្ញុំ​ជាប់​គុក។* ១១ ពី​មុន​គាត់​គ្មាន​ប្រយោជន៍​សោះ​ចំពោះ​អ្នក តែ​ឥឡូវ​គាត់​មាន​ប្រយោជន៍​ចំពោះ​អ្នក​និង​ខ្ញុំ​ដែរ។ ១២ ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំង​ណាស់ តែ​ខ្ញុំ​នឹង​ចាត់​គាត់​ឲ្យ​ទៅ​ឯ​អ្នក​វិញ។

១៣ តាម​ពិត ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ទី​នេះ​ត​ទៅ​ទៀត ដើម្បី​គាត់​អាច​បន្ត​បម្រើ​ខ្ញុំ​ជំនួស​អ្នក ក្នុង​ពេល​ដែល​ខ្ញុំ​ជាប់​គុក​ដើម្បី​ដំណឹង​ល្អ។+ ១៤ ប៉ុន្តែ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ឡើយ បើ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើ​ការ​ល្អ​ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ធ្វើ​ដោយ​បង្ខំ​ទេ។+ ១៥ ប្រហែល​នេះ​ជា​មូលហេតុ​ដែល​គាត់​បាន​ចាក​ចេញ​អស់​មួយ​រយៈ គឺ​ដើម្បី​ឲ្យ​អ្នក​បាន​គាត់​ត្រឡប់​មក​វិញ​ជា​រៀង​រហូត ១៦ មិន​មែន​ក្នុង​ឋានៈ​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ+ តែ​ក្នុង​ឋានៈ​ដែល​ល្អ​ជាង​នោះ គឺ​ជា​បង​ប្អូន​ជា​ទី​ស្រឡាញ់+ ជា​ពិសេស​គាត់​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ ប៉ុន្តែ គាត់​ជា​ទី​ស្រឡាញ់​របស់​អ្នក​ខ្លាំង​ជាង​នោះ​ទៅ​ទៀត ពោល​គឺ​ជា​ខ្ញុំ​បម្រើ​និង​ជា​បង​ប្អូន​គ្រិស្ត​សាសនិក។* ១៧ ដូច្នេះ ប្រសិន​បើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​មិត្ត សូម​ទទួល​គាត់​ដោយ​ចិត្ត​សប្បុរស ដូច​ទទួល​ខ្ញុំ​ដែរ។ ១៨ ម្យ៉ាង​ទៀត ប្រសិន​បើ​គាត់​បាន​ធ្វើ​ខុស​ចំពោះ​អ្នក​ក្នុង​រឿង​ណា​មួយ​ឬ​ជំពាក់​អ្នក​អ្វី​មួយ ខ្ញុំ​នឹង​ទទួល​ខុស​ត្រូវ។ ១៩ ខ្ញុំ ប៉ូល ខ្ញុំ​សរសេរ​សេចក្ដី​នេះ​ដោយ​ផ្ទាល់ដៃ គឺ​ខ្ញុំ​នឹង​សង​អ្វី​ដែល​អូណេស៊ីម​ជំពាក់​អ្នក។ ការ​ពិត អ្នក​ដឹង​ហើយ​ថា អ្នក​ជំពាក់ខ្ញុំ​ទាំងជីវិត​អ្នក​ផង។ ២០ ប្អូន​ប្រុស​អើយ ដោយ​សារ​យើង​ទាំង​ពីរ​នាក់​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់ សូម​អ្នក​ជួយ​ខ្ញុំ​ក្នុង​រឿង​នេះ ដើម្បី​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត។

២១ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា អ្នក​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​ខ្ញុំ​ជា​មិន​ខាន។ ហេតុ​នេះ ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក ដោយ​ដឹង​ថា​អ្នក​នឹង​ធ្វើ​លើស​ពី​អ្វី​ដែល​ខ្ញុំ​ប្រាប់​ទៅ​ទៀត។ ២២ ប៉ុន្តែ​ព្រម​ជា​មួយ​គ្នា​នេះ សូម​រៀបចំ​កន្លែង​មួយ​ឲ្យ​ខ្ញុំ​ស្នាក់​នៅ ព្រោះ​ខ្ញុំសង្ឃឹម​ថា​ខ្ញុំ​អាច​ត្រឡប់​ទៅ​ឯ​អ្នក​រាល់​គ្នា​វិញ ដោយ​សារ​សេចក្ដី​អធិដ្ឋាន​របស់​អ្នករាល់​គ្នា។+

២៣ អេប៉ាប្រាស+ដែល​ជា​អ្នក​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ​ដោយ​សារ​គ្រិស្ត​យេស៊ូ គាត់​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា ២៤ ហើយ​ម៉ាកុស អារីស្ដាក+ ដេម៉ាស+ និង​លូកា+ ដែល​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ខ្ញុំ ពួក​គាត់​ក៏​ផ្ដាំ​សួរ​សុខ​ទុក្ខ​ដែរ។

២៥ សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​បង្ហាញ​ចិត្ត​គំនិត​ត្រឹម​ត្រូវ។

មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

ន័យ​ត្រង់​«​ជាប់​ចំណង​»​

ន័យ​ត្រង់​«​ជា​បង​ប្អូន​ក្នុង​លោក​ម្ចាស់​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក