បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ហេប្រឺ ១:១-១៣:២៥
  • ហេប្រឺ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេប្រឺ
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ហេប្រឺ

ជូន​ចំពោះ​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ

១ នៅ​អតីតកាល ព្រះ​ធ្លាប់​មាន​ប្រសាសន៍​ទៅ​ពួក​បុព្វ​បុរស​របស់​យើង​ជា​ច្រើន​លើក​និង​ច្រើន​វិធី តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ។+ ២ នៅ​ចុង​បញ្ចប់​នៃ​គ្រា​នេះ ព្រះ​បាន​មាន​ប្រសាសន៍​មក​យើង​តាម​រយៈ​បុត្រ​របស់​លោក+ ដែល​លោក​បាន​តែង​តាំង​ឲ្យ​ទទួល​អ្វី​ៗ​ទាំង​អស់​ជា​មត៌ក+ ហើយ​តាម​រយៈ​បុត្រ​នោះ លោក​បាន​បង្កើត​អ្វី​ៗ​ក្នុង​សកល​លោក។*+ ៣ បុត្រ​នោះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​សិរី​រុង​រឿង​របស់​ព្រះ+ ហើយ​ក៏​មាន​បុគ្គលិក​លក្ខណៈ​ដូច​ព្រះ​ទាំង​ស្រុង។+ បុត្រ​នោះ​ទ្រ​ទ្រង់​អ្វី​ៗ​ទាំង​អស់​ដោយ​ប្រសាសន៍​ដ៏​មាន​ឫទ្ធានុភាព​របស់​លោក ហើយ​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​នៃ​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​នៅ​ស្ថាន​សួគ៌+ បន្ទាប់​ពី​បាន​ជម្រះ​យើង​ឲ្យ​ស្អាត​បរិសុទ្ធ​ពី​ការ​ខុស​ឆ្គង*របស់​យើង។+ ៤ ដូច្នេះ លោក​បាន​ទៅ​ជា​ខ្ពង់​ខ្ពស់​ជាង​បណ្ដា​ទេវតា+ ពី​ព្រោះ​លោក​បាន​ទទួល​មត៌ក ជា​នាម​ដ៏​ប្រសើរ​ជាង​នាម​របស់​ពួក​គេ។+

៥ ជា​ឧទាហរណ៍ តើ​ព្រះ​ធ្លាប់​មាន​ប្រសាសន៍​ទៅ​ទេវតា​ណា​ផ្សេង​ទៀត​ឬ​ទេ​ថា​៖ ​«​អ្នក​ជា​បុត្រ​របស់​ខ្ញុំ ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​ជា​បិតា​របស់​អ្នក​»​+ ឬ​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​ជា​បិតា​របស់​គាត់ ហើយ​គាត់​នឹង​ទៅ​ជា​បុត្រ​របស់​ខ្ញុំ​»​?+ ៦ ប៉ុន្តែ ពេល​ដែល​ព្រះ​ចាត់​បុត្រ​ច្បង​របស់​លោក+ឲ្យ​មក​ឯ​ពិភព​លោក*ម្ដង​ទៀត លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​ទេវតា​ទាំង​អស់​របស់​ព្រះ​លំឱន​កាយ​គោរព​លោក​»។

៧ ម្យ៉ាង​ទៀត លោក​មាន​ប្រសាសន៍​អំពី​បណ្ដា​ទេវតា​ថា​៖ ​«​លោក​ធ្វើ​ឲ្យ​ពួក​ទេវតា​របស់​លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា* ហើយ​ធ្វើ​ឲ្យ​ពួក​អ្នក​បម្រើ*+របស់​លោក​ទៅ​ជា​អណ្ដាត​ភ្លើង​»។+ ៨ ប៉ុន្តែ លោក​មាន​ប្រសាសន៍​អំពី​បុត្រ​នោះ​ថា​៖ ​«​ព្រះ​ជា​បល្ល័ង្ក​របស់​អ្នក+ជា​រៀង​រហូត​ត​ទៅ ហើយ​ដំបង​រាជ្យ​នៃ​រាជាណាចក្រ​របស់​អ្នក ជា​ដំបង​រាជ្យ​នៃ​សេចក្ដី​ទៀង​ត្រង់។* ៩ អ្នក​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​បាន​ស្អប់​ការ​ប្រឆាំង​ច្បាប់។ ហេតុ​នេះ ព្រះ​ដែល​ជា​ព្រះរបស់អ្នក បានរើស​តាំង​អ្នក+ដោយ​ចាក់​ប្រេង​នៃ​អំណរ​ឲ្យ​អ្នក​ច្រើន​ជាង​ស្ដេច​ឯ​ទៀត​»​*+ ១០ ហើយ​ក៏​ចែង​ដែរ​ថា​៖ ​«​លោក​ម្ចាស់​អើយ នៅ​ដើម​ដំបូង​លោក​បាន​ដាក់​គ្រឹះ​ផែនដី ហើយ​លោក​ក៏​បាន​បង្កើត​មេឃ​ដែរ។ ១១ អ្វី​ទាំង​នោះ​នឹង​កន្លង​បាត់​ទៅ តែ​លោក​នឹង​ស្ថិត​ស្ថេរ​នៅ។ អ្វី​ទាំង​នោះ​នឹង​សឹក​ដាច​អស់​ទៅ​ប្រៀប​ដូច​ជា​សម្លៀក​បំពាក់ ១២ ហើយ​លោក​នឹង​មូរ​អ្វី​ៗ​ទាំង​អស់​នោះ​ដូច​មូរ​សំពត់​ដណ្ដប់ ហើយ​អ្វី​ៗ​ទាំង​អស់​នោះ​នឹង​ត្រូវ​ផ្លាស់​ដូច​ជា​ផ្លាស់​សម្លៀក​បំពាក់។ ប៉ុន្តែ លោក​នៅ​តែ​ដូច​ដើម ហើយ​ជីវិត​របស់​លោក​គ្មាន​ទី​បញ្ចប់​ឡើយ​»។+

១៣ ប៉ុន្តែ តើ​ព្រះ​ធ្លាប់​មាន​ប្រសាសន៍​ទៅ​ទេវតា​ណា​ផ្សេង​ទៀត​ឬ​ទេ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​ពួក​សត្រូវ​របស់​អ្នក​ជា​កំណល់​កល់​ជើង​អ្នក​»​?+ ១៤ ទេវតា​ទាំង​ឡាយ​សុទ្ធ​តែ​ជា​វិញ្ញាណ ហើយ​ពួក​គេ​ជា​អ្នក​បម្រើ​ព្រះ។+ ព្រះ​ចាត់​ពួក​គេ​ឲ្យ​មក​បម្រើ​អស់​អ្នក​ដែល​លោក​នឹង​សង្គ្រោះ។

២ ហេតុ​នេះ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​ចំពោះ​អ្វី​ដែល​យើង​បាន​ឮ+ ដើម្បី​កុំ​ឲ្យ​យើង​រសាត់​ចេញ​ពី​ជំនឿ។+ ២ ព្រោះ​ប្រសិន​បើ​ប្រសាសន៍​របស់​ព្រះ​ដែល​បាន​ត្រូវ​ថ្លែង​ប្រាប់​តាម​រយៈ​ពួក​ទេវតា+ គឺ​ជា​ការ​ពិត ហើយ​បើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​រំលង​និង​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់ បាន​ទទួល​ទោស​ស្រប​តាម​យុត្តិធម៌+ ៣ នោះ​តើ​យើង​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ដូច​ម្ដេច ប្រសិន​បើ​យើង​មិន​អើពើ​ចំពោះ​សេចក្ដី​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ?+ ព្រោះ​លោក​ម្ចាស់​របស់​យើង​ជា​អ្នក​មាន​ប្រសាសន៍​មុន​គេ​អំពី​សេចក្ដី​សង្គ្រោះ​នោះ+ ហើយ​ពួក​អ្នក​ដែល​បាន​ឮ​ពី​លោក ក៏​បាន​បញ្ជាក់​ឲ្យ​យើង​ដឹង​ថា​ការ​នោះ​គឺ​ពិត​មែន ៤ ពេល​ដែល​ព្រះ​បាន​ចូល​រួម​ធ្វើ​ជា​សាក្សី​ដោយ​ធ្វើ​សញ្ញា​សម្គាល់ ការ​អស្ចារ្យ និង​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព+ ព្រម​ទាំង​ចែក​ចាយ​ឫទ្ធានុភាព​បរិសុទ្ធ​តាម​បំណង​ប្រាថ្នា​របស់​លោក។+

៥ ព្រោះ​ព្រះ​មិន​បាន​ឲ្យ​ពួក​ទេវតា​គ្រប់​គ្រង​ពិភព​លោក*ដែល​នឹង​មក​នៅ​ថ្ងៃ​មុខ+ ដែល​យើង​កំពុង​រៀប​រាប់​ទេ។ ៦ ប៉ុន្តែ សាក្សី​ម្នាក់​បាន​សរសេរ​ថា​៖ ​«​តើ​មនុស្ស​ជា​អ្វី​បាន​ជា​លោក​ត្រូវ​គិត​ដល់? ហើយ​តើ​កូន​មនុស្ស​ជា​អ្នក​ណា​បាន​ជា​លោក​ត្រូវ​ថែ​រក្សា?+ ៧ លោក​បាន​ឲ្យ​គាត់​តូច​ទាប​ជាង​បណ្ដា​ទេវតា​តែ​បន្តិច​ប៉ុណ្ណោះ ថែម​ទាំង​ឲ្យ​គាត់​មាន​កិត្តិយស​និង​សិរី​រុង​រឿង​ទៀត​ផង ហើយ​លោក​បាន​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ស្នា​ដៃ​របស់​លោក។ ៨ លោក​បាន​ដាក់​អ្វី​ៗ​ទាំង​អស់​ឲ្យ​ចុះ​ចូល​នៅ​ក្រោម​បាត​ជើង​គាត់​»។+ ដោយ​សារ​ព្រះ​ដាក់​អ្វី​ៗ​ទាំង​អស់​ឲ្យ​ចុះ​ចូល​នឹង​បុត្រ​លោក+ នោះ​គ្មាន​អ្វី​ដែល​មិន​ចុះ​ចូល​នឹង​បុត្រ​លោក​ឡើយ។+ ក៏​ប៉ុន្តែ ឥឡូវ​នេះ​យើង​មិន​ទាន់​ឃើញ​អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​នឹង​បុត្រ​លោក​ទេ។+ ៩ ប៉ុន្តែ យើង​ឃើញ​លោក​យេស៊ូ ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​តូច​ទាប​ជាង​បណ្ដា​ទេវតា​បន្តិច+ ក៏​បាន​ទទួល​សិរី​រុង​រឿង​និង​កិត្តិយស​ទុក​ជា​មកុដ ពី​ព្រោះ​លោក​បាន​រង​ការ​ឈឺ​ចាប់​រហូត​ដល់​ស្លាប់+ ដើម្បី​លោក​អាច​ឆ្លង​កាត់​សេចក្ដី​ស្លាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​រូប ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។+

១០ អ្វី​ៗ​ទាំង​អស់​គឺ​មាន​នៅ​ដើម្បី​ព្រះ ហើយ​អ្វី​ៗ​ទាំង​អស់​គឺ​មាន​នៅ​ដោយ​សារ​ព្រះ។ ព្រះ​ចង់​ឲ្យ​កូន​ជា​ច្រើន​មាន​សិរី​រុង​រឿង+ ដូច្នេះ​ជា​ការ​សម​រម្យ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​រង​ទុក្ខ​លំបាក+ ដើម្បី​ឲ្យ​មេ​ដឹក​នាំ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​សង្គ្រោះ​ពួក​គេ។+ ១១ ព្រោះ​ទាំង​លោក​ដែល​ធ្វើ​ឲ្យ​បរិសុទ្ធ ទាំង​ពួក​អ្នកដែល​ទៅ​ជា​បរិសុទ្ធ+ មាន​បិតា​តែ​មួយ។+ ហេតុ​នេះ លោក​មិន​ខ្មាស​ក្នុង​ការ​ហៅ​ពួក​គាត់​ថាបង​ប្អូន​ទេ+ ១២ ដូច​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​បង​ប្អូន​ខ្ញុំ​ឲ្យ​ស្គាល់​នាម​របស់​លោក។ ខ្ញុំ​នឹង​ច្រៀង​សរសើរ​លោក​នៅ​ក្នុង​ក្រុម​ជំនុំ​»។+ ១៣ លោក​ក៏​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​ខ្ញុំ​នឹង​ទុក​ចិត្ត​លោក​»​+ ហើយ​មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​មើល! ខ្ញុំ​និង​កូន​តូច​ៗ ដែល​ព្រះ​យេហូវ៉ា*បាន​ប្រគល់​ឲ្យ​ខ្ញុំ​»។+

១៤ ដូច្នេះ ដោយ​សារ​«​កូន​តូច​ៗ​»​ជា​សាច់​ឈាម នោះ​លោក​ក៏​បាន​ក្លាយ​ទៅ​ជា​សាច់​ឈាម​ដែរ+ ដើម្បី​តាម​រយៈ​សេចក្ដី​ស្លាប់​របស់​លោក លោក​អាច​បំផ្លាញ​ចោល​អ្នក​ដែល​មាន​សមត្ថភាព​បណ្ដាល​ឲ្យ​ស្លាប់+ ពោល​គឺ​មេកំណាច*+ ១៥ ហើយ​ដើម្បី​លោក​អាច​រំដោះ​អស់​អ្នក​ដែល​ជា​ខ្ញុំ​បម្រើ​អស់​មួយ​ជីវិត​ដោយ​សារ​ខ្លាច​សេចក្ដី​ស្លាប់។+ ១៦ ព្រោះ​តាម​ការ​ពិត​លោក​មិន​មែន​ជួយ​ពួក​ទេវតា​ទេ តែ​លោក​កំពុង​ជួយ​កូន​ចៅ*របស់​អាប្រាហាំ។+ ១៧ ដូច្នេះ លោក​ត្រូវ​ក្លាយ​ទៅ​ជា​ដូច​«​បង​ប្អូន​»​របស់​លោក​ទាំង​ស្រុង+ ដើម្បី​លោក​អាច​ក្លាយ​ទៅ​ជា​សម្ដេច​សង្ឃ​ដែល​ស្មោះ​ត្រង់ និង​មាន​សេចក្ដី​មេត្តា​ករុណា​ក្នុង​កិច្ច​បម្រើ​ព្រះ ដើម្បី​ជូន​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្ត​ភាព​រវាង​មនុស្ស​និង​ព្រះ+ ព្រម​ទាំង​លោះ​មនុស្ស​ពី​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ផង។+ ១៨ ដោយ​សារ​លោក​បាន​រង​ទុក្ខ​ពេល​ដែល​ទទួល​ការ​ល្បង​ល+ នោះ​លោក​ក៏​អាច​ចូល​មក​ជួយ​ពួក​អ្នក​ដែល​កំពុង​ទទួល​ការ​ល្បង​ល​ដែរ។+

៣ ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​ជា​អ្នក​រួម​ចំណែក​ជា​មួយ​នឹង​អ្នក​ដែល​បានត្រូវ​ហៅ*ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌+ ចូរ​ពិចារណា​អំពី​សាវ័ក*និង​អំពី​សម្ដេច​សង្ឃ​ដែល​យើង​ប្រកាស​ទទួល​ស្គាល់ ពោល​គឺ​លោក​យេស៊ូ។+ ២ លោក​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដែល​បាន​តែង​តាំង​លោក+ ដូច​ម៉ូសេ​បាន​ស្មោះ​ត្រង់​ចំពោះ​ព្រះ ពេល​ដែល​គាត់​បម្រើ​ក្នុង​ផ្ទះ*ទាំង​មូល​របស់​លោក។+ ៣ ពី​ព្រោះ​លោក*បាន​ត្រូវ​ចាត់​ទុក​ថា​សម​នឹង​ទទួល​កិត្តិយស+ច្រើន​ជាង​ម៉ូសេ ដោយ​សារ​អ្នក​ដែល​សង់​ផ្ទះ មាន​កិត្តិយស​ច្រើន​ជាង​ផ្ទះ​នោះ។ ៤ ពិត​មែន​តែ​ផ្ទះ​ទាំង​អស់​មាន​អ្នក​សង់ ប៉ុន្តែ​អ្នក​ដែល​បាន​សង់​អ្វី​ៗ​ទាំង​អស់​គឺ​ព្រះ។ ៥ ម៉ូសេ​បាន​ស្មោះ​ត្រង់​ក្នុង​ផ្ទះ​ទាំង​មូល​របស់​ព្រះ ក្នុង​ឋានៈ​ជា​អ្នក​បម្រើ ហើយ​កិច្ច​បម្រើ​របស់​គាត់​ជា​សាក្សី​បញ្ជាក់*អំពី​អ្វី​ដែល​នឹង​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​ក្រោយ។ ៦ ប៉ុន្តែ គ្រិស្ត*បាន​ស្មោះ​ត្រង់​ក្នុង​ការ​គ្រប់​គ្រង​ផ្ទះ​របស់​ព្រះ ក្នុង​ឋានៈ​ជា​បុត្រ។+ យើង​ជា​ផ្ទះ​របស់​លោក+ ប្រសិន​បើ​យើង​បន្ត​និយាយ​ដោយ​ក្លាហាន និង​បន្ត​អួត​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​រហូត​ដល់​ទី​បញ្ចប់។

៧ ហេតុ​នេះ ដូច​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ប្រាប់​ថា​៖+ ​«​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​សំឡេង​របស់​លោក ៨ កុំ​មាន​ចិត្ត​រឹង​ចចេស ដូច​គ្រា​ដែល​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង នៅ​ថ្ងៃ​ដែល​បាន​ល្បង​ល​ខ្ញុំ​នៅ​តំបន់​ស្ងាត់​ជ្រងំ។+ ៩ ទោះ​ជា​ពួក​គេ​បាន​ឃើញ​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​តំបន់​ស្ងាត់ជ្រងំ​អស់​៤០​ឆ្នាំ​ក៏​ដោយ ក៏​ពួក​គេ​បាន​ល្បង​ល​ខ្ញុំ​ដែរ។+ ១០ ហេតុ​នេះ ខ្ញុំ​បាន​ជិនឆ្អន់នឹង​មនុស្ស​ជំនាន់​នេះ ហើយ​ខ្ញុំ​ពោល​ថា​៖ ‹ពួក​គេ​តែង​តែ​ធ្វើ​តាម​ទំនើង​ចិត្ត​ខ្លួន ហើយ​ពួក​គេ​មិន​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ​ទេ›។ ១១ ដូច្នេះ ខ្ញុំ​ខឹង​ខ្លាំង​ណាស់​ទាំង​ស្បថ​ថា​៖ ‹ពួក​គេ​នឹង​មិន​ចូល​ក្នុង​ការ​សម្រាក​របស់​ខ្ញុំ​ឡើយ›​»។+

១២ បង​ប្អូន​អើយ ចូរ​ប្រុង​ប្រយ័ត្ន ក្រែង​លោ​អ្នក​រាល់​គ្នា​ណា​ម្នាក់​មាន​ចិត្ត​ទុច្ចរិត​ហើយ​គ្មាន​ជំនឿ ដោយ​សារ​ថយ​ចេញ​ពី​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ។+ ១៣ ប៉ុន្តែ ចូរ​បន្ត​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ដរាប​ណា​ដែល​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ដែល​ហៅ​ថា​«​ថ្ងៃ​នេះ​»​+ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ណា​ម្នាក់​ទៅ​ជា​មនុស្ស​រឹង​ចចេស​ដោយ​សារ​ការ​ល្បួង​នៃ​ភាព​ខុស​ឆ្គង។ ១៤ បើ​យើង​រក្សា​ទំនុក​ចិត្ត​ដែល​យើង​មាន​នៅ​ដើម​ដំបូង​ឲ្យ​រឹង​មាំ​រហូត​ដល់​ទី​បញ្ចប់ នោះ​យើង​នឹង​ទៅ​ជា​អ្នក​រួម​ចំណែក​ជា​មួយ​នឹង​គ្រិស្ត+ ១៥ ដូច​ដែល​បទ​គម្ពីរ​ចែង​ថា​៖ ​«​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​សំឡេង​របស់​លោក កុំ​មាន​ចិត្ត​រឹង​ចចេស ដូច​គ្រា​ដែល​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង​»។+

១៦ ព្រោះ​តើ​ពួក​អ្នក​ដែល​បាន​ឮ​សំឡេង​របស់​ព្រះ ប៉ុន្តែ​នៅ​តែ​ធ្វើ​ឲ្យ​លោក​ខឹង​យ៉ាង​ខ្លាំង​នោះ​ជា​អ្នក​ណា? គឺ​អស់​អ្នក​ដែល​បាន​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ក្រោម​ការ​ដឹក​នាំ​របស់​ម៉ូសេ មែន​ទេ?+ ១៧ ម្យ៉ាង​ទៀត តើ​ព្រះ​បាន​ជិន​ឆ្អន់​នឹង​អ្នក​ណា​អស់​៤០​ឆ្នាំ?+ គឺ​ពួក​អ្នក​ដែល​បាន​ធ្វើ​ខុស ហើយ​បាន​ស្លាប់​ចោល​ឆ្អឹង​នៅ​តំបន់​ស្ងាត់​ជ្រងំ មែន​ទេ?+ ១៨ ហើយ​តើ​លោក​បាន​ស្បថ​នឹង​អ្នក​ណា​ថា លោក​នឹង​មិន​ឲ្យ​ពួក​គេ​ចូល​ក្នុង​ការ​សម្រាក​របស់​លោក? គឺ​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់ មែន​ទេ? ១៩ ដូច្នេះ យើង​ឃើញ​ថា​ពួក​គេ​មិន​អាច​ចូល​បាន​ទេ ដោយ​សារ​ពួក​គេ​គ្មាន​ជំនឿ។+

៤ ដូច្នេះ ដោយ​សារ​នៅ​មាន​សេចក្ដី​សន្យា​ដែល​ថា រាស្ត្រ​របស់​ព្រះ​នឹង​ចូល​ក្នុង​ការ​សម្រាក​របស់​លោក ចូរ​យើង​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ណា​ម្នាក់​បាត់​បង់​សេចក្ដី​សន្យា​នោះ។+ ២ ព្រោះ​យើង​បាន​ឮ​ដំណឹង​ល្អ+ ដូច​ពួក​បុព្វ​បុរស​របស់​យើង​បាន​ឮ​ដែរ។ ប៉ុន្តែ បណ្ដាំ​ដែល​ពួក​គាត់​បាន​ឮ មិន​មាន​ប្រយោជន៍​ដល់​ពួក​គាត់​ឡើយ ពី​ព្រោះ​ពួក​គាត់​មិន​មាន​ជំនឿ​ដូច​ពួក​អ្នក​ដែល​បាន​ស្ដាប់​បង្គាប់​ទេ។ ៣ ក៏​ប៉ុន្តែ យើង​ដែល​បង្ហាញ​ជំនឿ បាន​ចូល​ក្នុង​ការ​សម្រាក​នោះ។ ចំណែក​ពួក​គេ​វិញ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​នេះ ខ្ញុំ​ខឹង​ខ្លាំង​ណាស់​ទាំង​ស្បថ​ថា​៖ ‹ពួក​គេ​នឹង​មិន​ចូល​ក្នុង​ការ​សម្រាក​របស់​ខ្ញុំ​ឡើយ›​»។+ លោក​មាន​ប្រសាសន៍​ដូច្នេះ ទោះ​ជា​លោក​បាន​សម្រាក ក្រោយ​ពី​លោក​បញ្ចប់​កិច្ច​ការ​របស់​លោក​តាំង​ពី​កំណើត​ពិភព​លោក​ក៏​ដោយ។+ ៤ ព្រោះ​នៅ​បទ​គម្ពីរ​មួយ លោក​មាន​ប្រសាសន៍​អំពី​ថ្ងៃ​ទី​៧​ថា​៖ ​«​ព្រះ​បាន​សម្រាក​ពី​កិច្ច​ការ​ទាំង​អស់​របស់​លោក​នៅ​ថ្ងៃ​ទី​៧​»​+ ៥ ហើយ​លោក​មាន​ប្រសាសន៍​ម្ដង​ទៀត​ថា​៖ ​«​ពួក​គេ​នឹង​មិន​ចូល​ក្នុង​ការ​សម្រាក​របស់​ខ្ញុំ​ឡើយ​»។+

៦ ដូច្នេះ ពួក​អ្នក​ដែល​បាន​ឮ​ដំណឹង​ល្អ​នៅ​ដើម​ដំបូង​មិន​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​ទេ ពី​ព្រោះ​ពួក​គេ​មិន​ស្ដាប់​បង្គាប់ តែ​អ្នក​ខ្លះ​ទៀត​នៅ​តែ​មាន​ឱកាស​ចូល​ទៅ។+ ៧ ហេតុ​នេះ ជា​យូរ​ក្រោយ​មក​ព្រះ​បាន​កំណត់​ថ្ងៃ​មួយ​ម្ដង​ទៀត​ក្នុង​បទ​ចម្រៀង​របស់​ដាវីឌ ដោយ​ប្រើ​ពាក្យ​ថា​«​ថ្ងៃ​នេះ​»​ ដូច​ដែល​បាន​រៀប​រាប់​ក្នុង​សំបុត្រ​នេះ​ថា​៖ ​«​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​សំឡេង​របស់​លោក កុំ​មាន​ចិត្ត​រឹង​ចចេស​»។+ ៨ ព្រោះ​ប្រសិន​បើ​យ៉ូស្វេ+បាន​នាំ​ពួក​គេ​ទៅ​កន្លែង​សម្រាក នោះ​ក្រោយ​មក​ព្រះ​មិន​បាន​មាន​ប្រសាសន៍​អំពី​ថ្ងៃ​មួយ​ម្ដង​ទៀត​ទេ។ ៩ ដូច្នេះ នៅ​តែ​មាន​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​រាស្ដ្រ​របស់​ព្រះ។+ ១០ ព្រោះ​អ្នក​ណា​ដែល​បាន​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​ហើយ អ្នក​នោះ​បាន​សម្រាក​ពី​កិច្ច​ការ​របស់​ខ្លួន ដូច​ព្រះ​ក៏​បាន​សម្រាក​ពី​កិច្ច​ការ​របស់​លោក​ដែរ។+

១១ ហេតុ​នេះ ចូរ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​ក្នុង​ការ​សម្រាក​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ធ្លាក់​ខ្លួន​ដើរ​តាម​គន្លង​របស់​ពួក​អ្នក​ដែល​មិន​បាន​ស្ដាប់បង្គាប់។+ ១២ ព្រោះ​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធានុភាព+ ក៏​មុតជាង​ដាវ​ដែល​មាន​មុខ​ពីរ+ រួច​ទម្លុះ​រហូត​ដល់​ញែក​លក្ខណៈ​ខាង​ក្រៅ​ចេញ​ពី​ធាតុ​ពិត ហើយ​ញែក​សន្លាក់​ឆ្អឹង​ចេញ​ពី​ខួរ​ឆ្អឹង ក៏​អាច​បង្ហាញ​ឲ្យ​ឃើញ​គំនិត​និង​បំណង​ចិត្ត។ ១៣ ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​បង្កើត​មក គ្មាន​អ្វី​សោះ​ដែល​លោក​មិនអាច​មើល​ឃើញ​ឡើយ+ តែ​អ្វី​ៗ​ទាំង​អស់​នៅ​ចំហ​និង​មិន​កំបាំង​ពី​ភ្នែក​របស់​លោក ជា​អ្នក​ដែល​យើង​ត្រូវ​ជម្រាប​អំពី​ការ​ដែល​យើង​បាន​ធ្វើ។+

១៤ ដូច្នេះ ដោយ​សារ​យើង​មាន​សម្ដេច​សង្ឃ​ដ៏​ឧត្ដុង្គ​ឧត្ដម​ដែល​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ ពោល​គឺ​លោក​យេស៊ូ​ដែល​ជា​បុត្រ​ព្រះ+ នោះ​ចូរ​យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ប្រកាស​អំពី​លោក​ជា​សាធារណៈ។+ ១៥ ព្រោះ​សម្ដេច​សង្ឃ​របស់​យើង​មិនមែន​ជា​អ្នក​ដែល​មិន​អាច​យល់​ភាព​ទន់​ខ្សោយ​របស់​យើង​ទេ+ តែ​គឺ​ជា​អ្នក​ដែល​បាន​ត្រូវ​ល្បង​ល​គ្រប់​ជំពូក​ដូច​យើង​ដែរ ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ឡើយ។+ ១៦ ហេតុ​នេះ ចូរ​យើង​ចូល​ទៅ​និយាយ​ដោយ​ក្លាហាន​នៅ​មុខ​បល្ល័ង្ក​នៃ​គុណ​ដ៏​វិសេស​លើស​លប់+ ដើម្បី​យើង​អាច​ទទួល​សេចក្ដី​មេត្តា​ករុណា និង​គុណ​ដ៏​វិសេស​លើស​លប់​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ។

៥ ព្រោះ​សម្ដេច​សង្ឃ​ម្នាក់​ៗ​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​មនុស្ស គាត់​ទទួល​ការ​តែង​តាំង​ដើម្បី​បំពេញ​កិច្ច​បម្រើ​របស់​ព្រះ​ជា​ប្រយោជន៍​ដល់​មនុស្ស+ ដើម្បី​ជូន​ជំនូន​និង​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង។+ ២ គាត់​អាច​ប្រព្រឹត្ត​ដោយ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ខុស​ដោយ​សារ​គ្មាន​ការ​យល់​ដឹង ពី​ព្រោះ​រូប​គាត់​ផ្ទាល់​ក៏​មាន​ភាព​ទន់​ខ្សោយ​ដែរ។ ៣ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​ជូន​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​របស់​ខ្លួន ដូច​ដែល​គាត់​បាន​ធ្វើ​សម្រាប់​បណ្ដា​ជន​ដែរ។+

៤ មនុស្ស​មិន​អាច​តែង​តាំង​ខ្លួន​ឯង​ឲ្យ​មាន​កិត្តិយស​នេះ​បាន​ទេ លុះ​ត្រា​តែ​ព្រះ​តែង​តាំង​អ្នក​នោះ ដូច​លោក​បាន​តែង​តាំង​អេរ៉ុន។+ ៥ ដូច​គ្នា​ដែរ គ្រិស្ត​មិន​បាន​តម្កើង​ខ្លួន+ឲ្យ​មាន​ឋានៈ​ជា​សម្ដេច​សង្ឃ​ទេ ប៉ុន្តែ​លោក​បាន​ត្រូវ​តម្កើង​ដោយ​ព្រះ​ដែល​បាន​មាន​ប្រសាសន៍​ទៅ​លោក​ថា​៖ ​«​អ្នក​ជា​បុត្រ​របស់​ខ្ញុំ ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​ជា​បិតា​របស់​អ្នក​»។+ ៦ ម្យ៉ាង​ទៀត ព្រះ​មាន​ប្រសាសន៍​នៅ​បទ​គម្ពីរ​មួយ​ផ្សេង​ទៀត​ថា​៖ ​«​អ្នក​ជា​សង្ឃ​ជា​រៀង​រហូត តាម​របៀប​ដូច​ម៉េលគីសេដិក​»។+

៧ ពេល​ដែល​គ្រិស្ត​រស់​នៅ​ផែនដី លោក​បាន​ធ្វើ​សំណូម​ពរ​និង​អង្វរ​ទាំង​ទឹក​ភ្នែក ព្រម​ទាំង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង+ទៅ​ព្រះ​ដែល​មាន​សមត្ថភាព​សង្គ្រោះ​លោក​ពី​សេចក្ដី​ស្លាប់ ហើយ​ព្រះ​បាន​ទទួល​សំណូម​ពរ​របស់​លោក ដោយ​សារ​លោក​កោត​ខ្លាច​ព្រះ។ ៨ ទោះ​ជា​លោក​ជា​បុត្រ​របស់​ព្រះ​ក៏​ដោយ លោក​បាន​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ព្រះ ដោយ​សារ​អ្វី​ៗ​ដែល​លោក​បាន​រង​ទុក្ខ។+ ៩ ក្រោយ​ពី​លោក​មាន​គុណ​សម្បត្តិ​ពេញ​លេញ*ហើយ+ លោក​បាន​ទទួល​ភារកិច្ច​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដែល​គ្មាន​ទី​បញ្ចប់​ដល់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក+ ១០ ពី​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​លោក​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ​តាម​របៀប​ដូច​ម៉េលគីសេដិក។+

១១ យើង​មាន​អ្វី​ជា​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​លោក ប៉ុន្តែ​អ្វី​ទាំង​នោះ​គឺ​ពិបាក​ពន្យល់ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​មនុស្ស​ដែល​ក្រ​នឹង​យល់។* ១២ ព្រោះ​តាម​ការ​ពិត បើ​គិត​អំពី​គ្រា​នេះ អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​អ្នក​បង្រៀន​គេ តែ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​អ្នក​រាល់​គ្នា​ម្ដង​ទៀត​អំពី​បឋម​សេចក្ដី+នៃ​ប្រសាសន៍​ដ៏​ពិសិដ្ឋ​របស់ព្រះ។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ជា​អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ មិន​មែន​អាហារ​រឹង​ទេ។ ១៣ ព្រោះ​អ្នក​ណា​ដែល​បន្ត​ទទួល​ទាន​តែ​ទឹក​ដោះ​ប៉ុណ្ណោះ អ្នក​នោះ​មិន​ស្គាល់​បណ្ដាំ​នៃ​សេចក្ដី​សុចរិត​ទេ ពី​ព្រោះ​អ្នក​នោះ​ជា​កូន​ក្មេង។+ ១៤ ប៉ុន្តែ អាហារ​រឹង​គឺ​សម្រាប់​មនុស្ស​ពេញ​វ័យ*ដែល​តែង​តែ​ប្រើ​ប្រាស់​សមត្ថភាព​វែក​ញែក។* ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​បង្វឹក​បង្ហាត់​សមត្ថភាព​វែក​ញែក​របស់​ខ្លួន ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។

៦ ឥឡូវ យើង​បាន​រៀន​សេចក្ដី​បង្រៀន​ជា​មូលដ្ឋាន+អំពី​គ្រិស្ត​រួច​ហើយ។ ដូច្នេះ ចូរ​យើង​ខំ​ប្រឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ+ ហើយ​កុំ​ឲ្យ​យើង​រៀន​សេចក្ដី​បង្រៀន​ជា​មូលដ្ឋាន​ម្ដង​ទៀត ដោយ​រៀន​អំពី​ការ​ប្រែ​ចិត្ត​ពី​ការ​ប្រព្រឹត្ត​ដែល​ឥត​ប្រយោជន៍ និង​អំពី​ជំនឿ​ទៅ​លើ​ព្រះ ២ សេចក្ដី​បង្រៀន​អំពី​ការ​ជ្រមុជ​ទឹក ការ​ដាក់​ដៃ​លើ+ ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ+ និង​ការ​វិនិច្ឆ័យ​ទោស​ដែល​នៅ​ជាប់​ជា​រៀង​រហូត។ ៣ ប្រសិន​បើ​ព្រះ​អនុញ្ញាត យើង​នឹង​ឈាន​ទៅ​រក​ភាព​ចាស់​ទុំ​ពិត​ប្រាកដ។

៤ ព្រោះ​ចំពោះ​ពួក​អ្នក​ដែល​ធ្លាប់​ទទួល​ការ​បំភ្លឺ​ម្ដង​រួច​ហើយ+ និង​ដែល​បាន​ភ្លក់​អំណោយ​ទាន​ពី​ស្ថាន​សួគ៌ ហើយ​បាន​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ ៥ ក៏​បាន​ទទួល​បណ្ដាំ​ដ៏​ល្អ​ប្រសើរ​របស់​ព្រះ ថែម​ទាំង​បាន​ឃើញ​លទ្ធផល​ពី​ឫទ្ធានុភាព​ដែល​នឹង​ត្រូវ​បង្ហាញ​ក្នុង​របៀប​របប​ពិភព​លោក​ដែល​នឹង​មក​ដល់* ៦ តែ​ពួក​គេ​បាន​បែរ​ចេញ​ពី​ជំនឿ+ នោះ​គ្មាន​ផ្លូវ​អាច​ជួយ​ពួក​គេ​ឲ្យ​ភ្ញាក់​ខ្លួន ហើយ​ប្រែ​ចិត្ត​បាន​ទេ ពី​ព្រោះ​ពួក​គេ​ព្យួរ​បុត្រ​របស់​ព្រះ​សា​ជា​ថ្មី​ដោយ​ខ្លួន​គេ ហើយ​ធ្វើ​ឲ្យ​លោក​អាប់​ឱន​កិត្តិយស​នៅ​មុខ​មនុស្ស​ទូទៅ។+ ៧ ជា​ឧទាហរណ៍ ដី​ណា​ដែល​ទទួល​ទឹក​ភ្លៀង​ជា​រឿយ​ៗ ហើយ​ធ្វើ​ឲ្យ​ដុះ​រុក្ខជាតិ​ល្អ​សម្រាប់​អ្នក​ដែល​ដាំ​ដុះ ដី​នោះ​ទទួល​ពរ​ពី​ព្រះ។ ៨ ប៉ុន្តែ ប្រសិន​បើ​ដី​នោះ​ធ្វើ​ឲ្យ​ដុះ​ដើម​បន្លា​វិញ ដី​នោះ​នឹង​ត្រូវ​គេ​បោះ​បង់​ចោល ហើយ​ជិត​ត្រូវ​បណ្ដាសា។ នៅ​ទី​បំផុត ដី​នោះ​នឹង​ត្រូវ​គេ​ដុត​ចោល។

៩ ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ទី​ស្រឡាញ់​អើយ ទោះ​ជា​យើង​និយាយ​ដូច្នោះ​ក៏​ដោយ យើង​ជឿ​ជាក់​ថា ករណី​អ្នក​រាល់​គ្នា​គឺ​ប្រសើរ​ជាង​ពួក​អ្នក​ដែល​បាន​បែរ​ចេញ​ពី​ជំនឿ ហើយ​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ពី​ព្រះ។ ១០ ព្រោះ​ព្រះ​មិន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌ ដោយ​បំភ្លេច​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ និង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាញ​ចំពោះ​នាម​របស់​លោក​ឡើយ+ គឺ​អ្នក​រាល់​គ្នា​បាន​បម្រើ​ពួក​អ្នក​បរិសុទ្ធ ហើយ​នៅ​តែ​បម្រើ​ពួក​គាត់​ជា​និច្ច។ ១១ ប៉ុន្តែ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បង្ហាញ​ចិត្ត​ឧស្សាហ៍​ដូច​កាល​ពី​ដើម ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ពិត​ប្រាកដ+រហូត​ដល់​ទី​បញ្ចប់+ ១២ និង​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​មនុស្ស​ខ្ជិល​ឡើយ+ តែ​ចូរ​យក​តម្រាប់​ពួក​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ជា​មត៌ក ដោយ​សារ​ពួក​គេ​មាន​ជំនឿ​និង​ចិត្ត​អត់​ធ្មត់។

១៣ ពី​ព្រោះ​ពេល​ដែល​ព្រះ​សន្យា​ជា​មួយ​នឹង​អាប្រាហាំ លោក​ធានា​សេចក្ដី​សន្យា​របស់​លោក​ដោយ​អាង*ជីវិត​ខ្លួន​លោក ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង​លោក​ដែល​លោក​អាច​អាង​ដើម្បី​ធានា​សេចក្ដី​សន្យា​នោះ​ឡើយ។+ ១៤ លោក​បាន​មាន​ប្រសាសន៍ថា​៖ ​«​ខ្ញុំ​ប្រាកដ​ជា​នឹង​ឲ្យ​ពរ​ដល់​អ្នក ហើយ​ខ្ញុំ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​មានគ្នា​ច្រើន​ឡើង​»។+ ១៥ ដូច្នេះ ក្រោយ​ពី​អាប្រាហាំ​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់ គាត់ក៏​ទទួល​សេចក្ដី​សន្យា​នោះ។ ១៦ ព្រោះ​មនុស្ស​ស្បថ​ដោយ​អាង​អ្នក​ដែល​ធំ​ជាង ហើយ​សម្បថ​របស់​ពួក​គេ​បញ្ចប់​គ្រប់​ជម្លោះ ពី​ព្រោះ​សម្បថ​នោះ​ជា​ការ​ធានា​រ៉ាប់​រង​តាម​ច្បាប់​ចំពោះ​ពួក​គេ។+ ១៧ តាម​របៀប​នោះ​ដែរ ពេល​ដែល​ព្រះ​បាន​សម្រេច​ចិត្ត​បង្ហាញ​ឲ្យ​ពួក​អ្នក​ដែល​នឹង​ទទួល​សេចក្ដី​សន្យា​ជា​មត៌ក ឃើញ​កាន់​តែ​ច្បាស់​ថា+ គោល​បំណង​របស់​លោក​មិន​អាច​ប្រែ​ប្រួល នោះ​លោក​បាន​ធានា​ដោយ​ស្បថ​បន្ថែម​ពី​លើ​សេចក្ដី​សន្យា​នោះ។ ១៨ ដូច្នេះ តាម​រយៈ​ការ​ទាំង​ពីរ​នោះ​ដែល​ពុំ​អាច​ប្រែ​ប្រួល និង​ដែល​បង្ហាញ​ថា​ព្រះ​មិន​អាច​កុហក​បាន+ នោះ​យើង​ដែល​ជា​អ្នក​បាន​រត់​ទៅ​ទី​ជ្រក​កោន​របស់​លោក អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដើម្បី​ឈោង​ចាប់​សេចក្ដី​សង្ឃឹម​ដែល​បាន​ត្រូវ​ដាក់​នៅ​មុខ​យើង។ ១៩ សេចក្ដី​សង្ឃឹម​នេះ+ជា​យុថ្កា​សម្រាប់​ជីវិត​យើង ក៏​រឹង​មាំ​និង​ពិត​ប្រាកដ ហើយ​សេចក្ដី​សង្ឃឹម​នេះ​នាំ​យើង​ចូល​ហួស​វាំងនន+ ២០ ជា​កន្លែង​ដែល​អ្នក​បើក​ផ្លូវ​បាន​ចូល​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង គឺ​លោក​យេស៊ូ+ដែល​បាន​ក្លាយ​ទៅ​ជា​សម្ដេច​សង្ឃ​ជា​រៀង​រហូត តាម​របៀប​ដូច​ម៉េលគីសេដិក។+

៧ ព្រោះ​ម៉េលគីសេដិក​ដែល​ជា​ស្ដេច​ក្រុង​សាឡិម និង​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត បាន​ជួប​អាប្រាហាំ​ហើយ​ឲ្យ​ពរ​ដល់​គាត់ ក្រោយ​ដែល​អាប្រាហាំ​បាន​ត្រឡប់​មក​ពី​វាយ​ឈ្នះ​ស្ដេច​មួយ​ចំនួន។+ ២ អាប្រាហាំ​បាន​ឲ្យ​១​ភាគ​១០​នៃ​អ្វី​ៗ​ទាំង​អស់​ដល់​ម៉េលគីសេដិក ដែល​ឈ្មោះ​របស់​គាត់​មាន​ន័យ​ថា​«​ស្ដេច​នៃ​សេចក្ដី​សុចរិត​»​ ហើយ​គាត់​ជា​ស្ដេច​នៃ​ក្រុង​សាឡិម ឬ​«​ស្ដេច​នៃ​សន្តិភាព​»។ ៣ មិន​មាន​កំណត់​ត្រា​អំពី​ឪពុក ម្ដាយ ពង្សាវតារ និង​អំពី​ថ្ងៃ​កើត​ឬ​ថ្ងៃ​ស្លាប់​របស់​ស្ដេច​នោះ​ទេ តែ​ស្ដេច​នោះ​បាន​ត្រូវ​ធ្វើ​ឲ្យ​ដូច​ជា​បុត្រ​របស់​ព្រះ។ ហេតុ​នេះ គាត់​គឺ​ជា​សង្ឃ​ជា​ដរាប។+

៤ ដូច្នេះ តើ​អ្នក​រាល់​គ្នា​ឃើញ​ឬ​ទេ? បុរស​នេះ​គឺ​ឧត្ដុង្គ​ឧត្ដម​ណាស់។ ហេតុ​នេះ​ហើយ​បាន​ជា​អាប្រាហាំ​ដែល​ជា​មេ​គ្រួសារ បាន​ឲ្យ​គាត់​១​ភាគ​១០​នៃ​របស់​ល្អ​បំផុត​ដែល​រឹប​អូស​បាន។+ ៥ ពិត​មែន អស់​អ្នក​ពី​ចំណោម​កូន*លេវី+ ដែល​មាន​តំណែង​ជា​សង្ឃ បាន​ត្រូវ​បង្គាប់​តាម​ច្បាប់*ឲ្យ​ប្រមូល​១​ភាគ​១០​ពី​បណ្ដា​ជន+ គឺ​ពី​បង​ប្អូន​របស់​ពួក​គេ ទោះ​ជា​បង​ប្អូន​ទាំង​នោះ​ជា​កូន​ចៅ​របស់​អាប្រាហាំ​ក៏​ដោយ។ ៦ ប៉ុន្តែ បុរស​នេះ​ដែល​មិន​មែន​មក​ពី​វង្ស​ត្រកូល​លេវី បាន​យក​១​ភាគ​១០​ពី​អាប្រាហាំ ហើយ​បាន​ឲ្យ​ពរ​ដល់​គាត់​ដែល​ជា​អ្នក​ទទួល​សេចក្ដី​សន្យា។+ ៧ មនុស្ស​ទាំង​អស់​យល់​ស្រប​ថា អ្នក​តូច​ជាង​ទទួល​ពរ​ពី​អ្នក​ដែល​ធំ​ជាង។ ៨ លេវី​បាន​ទទួល​១ភាគ​១០ ហើយ​ជា​មនុស្ស​ដែល​អាច​ស្លាប់ តែ​បុរស​ម្នាក់​ទៀត​ដែល​បាន​ទទួល​១ភាគ​១០ បទ​គម្ពីរ​បញ្ជាក់​ថា​គាត់​បន្ត​មាន​ជីវិត​រស់​នៅ។+ ៩ ដូច្នេះ អាច​និយាយ​បាន​ថា សូម្បី​តែ​លេវី​ដែល​ទទួល​១​ភាគ​១០ ក៏​បាន​ឲ្យ​១​ភាគ​១០​ដែរ តាម​រយៈអាប្រាហាំ ១០ ព្រោះ​លេវី​មិន​ទាន់​កើត​មក​ពី​ពូជ​ពង្ស​អាប្រាហាំ​នៅ​ឡើយ ពេល​ដែល​ម៉េលគីសេដិក​ជួប​អាប្រាហាំ។+

១១ ការ​រៀបចំ​ឲ្យ​មាន​សង្ឃ​ពី​កុល​សម្ព័ន្ធ​លេវី គឺ​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ម៉ូសេ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទទួល។ បើ​សង្ឃ​ពី​កុល​សម្ព័ន្ធ​លេវី​អាច​នាំ​ឲ្យ​មាន​ភាព​ល្អ​ឥត​ខ្ចោះ+ តើ​យើង​ត្រូវ​ការ​សង្ឃ​ម្នាក់​ទៀត​តាម​របៀប​ដូច​ម៉េលគីសេដិក​ឬ​ទេ?+ តើ​ការ​មាន​សង្ឃ​តាម​របៀប​ដូច​អេរ៉ុន មិន​គ្រប់​គ្រាន់​ឬ? ១២ ដោយ​សារ​របៀប​រៀបចំ​ជា​សង្ឃ​បាន​ត្រូវ​ផ្លាស់​ប្ដូរ នោះ​ច្បាប់​ក៏​ចាំ​បាច់​ត្រូវ​ផ្លាស់​ប្ដូរ​ដែរ។+ ១៣ ព្រោះ​បុរស​ម្នាក់​នោះ​ដែល​បាន​ត្រូវ​ពិពណ៌នា​ដូច្នេះ គាត់​មក​ពី​កុល​សម្ព័ន្ធ​មួយ​ផ្សេង​ទៀត ដែល​មិន​ធ្លាប់​មាន​អ្នក​ណា​ម្នាក់​បំពេញ​កិច្ច​បម្រើ​នៅ​ទី​បូជា​ទេ។+ ១៤ ព្រោះ​ប្រាកដ​ហើយ​ថា លោក​ម្ចាស់​របស់​យើង​បាន​កើត​មក​ពី​កុល​សម្ព័ន្ធ​យូដា+ តែ​ម៉ូសេ​មិន​បាន​ប្រាប់​ថា​នឹង​មាន​សង្ឃ​ចេញ​មក​ពី​កុល​សម្ព័ន្ធ​នោះ​ទេ។

១៥ យើង​យល់​អំពី​ការ​នោះ​កាន់​តែ​ច្បាស់ ពេល​សង្ឃ​ម្នាក់​ទៀត+ដែល​ស្រដៀង​នឹង​ម៉េលគីសេដិក​លេច​មក។+ ១៦ លោក​បាន​ក្លាយ​ទៅ​ជា​សង្ឃ មិន​មែន​ដោយ​សារ​លោក​មាន​ពង្សាវតារ​ដែល​ច្បាប់​កំណត់​ឲ្យ​នោះ​ទេ តែ​ដោយ​សារ​ឫទ្ធានុភាព​ដែល​ធ្វើ​ឲ្យ​លោក​មាន​ជីវិត​ដែល​មិន​អាច​ត្រូវ​បំផ្លាញ​បាន​ឡើយ+ ១៧ ព្រោះ​បទ​គម្ពីរ​បញ្ជាក់​ថា​៖ ​«​អ្នក​ជា​សង្ឃ​ជា​រៀង​រហូត តាម​របៀប​ដូច​ម៉េលគីសេដិក​»។+

១៨ ដូច្នេះ បញ្ញត្ដិ​មុន​បាន​ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​មោឃ ដោយ​សារ​វា​ខ្សោយ​និង​គ្មាន​ប្រសិទ្ធភាព។+ ១៩ ព្រោះ​ច្បាប់​មិន​បាន​ធ្វើ​ឲ្យ​អ្វី​ក្លាយ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​ទេ+ តែ​សេចក្ដី​សង្ឃឹម​ដែល​ប្រសើរ​ជាង​នោះ​ដែល​ព្រះ​ផ្ដល់​ឲ្យ+ បាន​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជាល្អ​ឥត​ខ្ចោះ ហើយ​តាម​រយៈ​សេចក្ដី​សង្ឃឹម​នោះ យើង​កំពុង​ចូល​ទៅ​ជិត​ព្រះ។+ ២០ ដោយ​សារ​ព្រះ​បាន​ធ្វើ​សម្បថ ពេល​លោក​តែង​តាំង​លោក​យេស៊ូ​ជា​សង្ឃ ២១ (​ពិត​មែន​តែ​មាន​បុរស​ខ្លះ​ដែល​បាន​ក្លាយ​ទៅ​ជា​សង្ឃ​ដោយ​គ្មាន​សម្បថ​ពី​ព្រះ ប៉ុន្តែ​មាន​ម្នាក់​ដែល​បាន​ក្លាយ​ទៅ​ជា​សង្ឃ​ដោយ​មាន​សម្បថ​ពី​ព្រះ។ លោក​មាន​ប្រសាសន៍​អំពី​អ្នក​នោះ​ថា​៖ ​«​ព្រះ​យេហូវ៉ា*បាន​ស្បថ​ថា​៖ ‹អ្នក​ជា​សង្ឃ​ជា​រៀង​រហូត› ហើយ​លោក​នឹង​មិន​ផ្លាស់​ប្ដូរ​គំនិត*ឡើយ​»​)។+ ២២ ហេតុ​នោះ លោក​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​អ្នក​ធានា​កិច្ច​ព្រម​ព្រៀង​ដែល​ប្រសើរ​ជាង​នោះ។+ ២៣ ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​ត្រូវ​ធ្វើ​ជា​សង្ឃ​ត​ៗ​គ្នា+ ព្រោះ​ពួក​គេ​រមែង​ស្លាប់ ហើយ​មិន​អាច​កាន់​តំណែង​ជា​ដរាប​បាន​ទេ។ ២៤ ប៉ុន្តែ ដោយ​សារ​លោក​រស់​ជា​រៀង​រហូត+ នោះ​លោក​កាន់​តំណែង​ជា​សង្ឃ​ដោយ​មិន​ត្រូវ​ការ​អ្នក​ណា​បន្ត​តំណែង​ឡើយ។ ២៥ ដូច្នេះ លោក​អាច​សង្គ្រោះ​យ៉ាង​ពេញ​លេញ​នូវ​អស់​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​លោក ពី​ព្រោះ​លោក​រស់​ជា​រៀង​រហូត ដើម្បី​អង្វរ​ជំនួស​ពួក​គេ។+

២៦ ព្រោះ​សម្ដេច​សង្ឃ​បែប​នេះ​គឺ​សម​នឹង​យើង ពោល​គឺ​សម្ដេច​សង្ឃ​ដែល​មាន​ភក្ដី​ភាព គ្មាន​កលល្បិច ឥត​សៅហ្មង+ ខុស​ពី​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ហើយ​លោក​បាន​ទៅ​ជា​ខ្ពង់​ខ្ពស់​ជាង​មេឃ។+ ២៧ លោក​មិន​ចាំ​បាច់​ជូន​គ្រឿង​បូជា​រៀង​រាល់​ថ្ងៃ+ សម្រាប់​ការ​ខុស​ឆ្គង​របស់​លោក​និង​របស់​បណ្ដា​ជន​ដូច​សម្ដេច​សង្ឃ​ឯ​ទៀត​នោះ​ទេ+ ព្រោះ​លោក​បាន​ធ្វើ​ដូច្នេះ​មួយ​ដង​ជា​ការ​ស្រេច​ដោយ​ប្រគល់​ខ្លួន​ជា​គ្រឿង​បូជា។+ ២៨ ពី​ព្រោះ​ច្បាប់​តែង​តាំង​បុរស​ដែល​មាន​ភាព​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ+ តែ​សម្បថ+ដែល​មក​ក្រោយ​ច្បាប់​តែង​តាំង​បុត្រ​មួយ ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ+ជា​រៀង​រហូត។

៨ ចំណុច​សំខាន់​នៃ​អ្វី​ៗ​ដែល​យើង​កំពុង​រៀប​រាប់​គឺ យើង​មាន​សម្ដេច​សង្ឃ​បែប​នេះ+ ដែល​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​នៅ​ស្ថាន​សួគ៌។+ ២ លោក​ជា​អ្នក​បម្រើ​ដែល​បំពេញ​ការងារ​ក្នុង​កន្លែង​បរិសុទ្ធ+ ពោល​គឺ​ត្រសាល​ដ៏​ពិត ជា​ត្រសាល​ដែល​ព្រះ​យេហូវ៉ា*បាន​ដំឡើង មិន​មែន​មនុស្ស​ទេ។ ៣ ព្រោះ​សម្ដេច​សង្ឃ​ម្នាក់​ៗ​ទទួល​ការ​តែង​តាំង​ដើម្បី​ជូន​អំណោយ​និង​គ្រឿង​បូជា។ ហេតុ​នេះ លោក​ក៏​ត្រូវ​មាន​អ្វី​ដើម្បី​ជូន​ដែរ។+ ៤ ប្រសិន​បើ​លោក​នៅ​ផែនដី លោក​មិន​មែន​ជា​សង្ឃ​ទេ+ ពី​ព្រោះ​តាម​ច្បាប់​មាន​សង្ឃ​ឯ​ទៀត​ដែល​ជូន​គ្រឿង​បូជា។ ៥ ប៉ុន្តែ បុរស​ទាំង​នោះ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ដែល​គ្រាន់​តែ​ជា​និមិត្ត​រូប និង​ជា​ស្រមោល+នៃ​អ្វី​ៗ​នៅ​ស្ថាន​សួគ៌។+ ដូច​ពេល​ដែល​ម៉ូសេ​បម្រុង​នឹង​ធ្វើ​ត្រសាល គាត់​បាន​ទទួល​បង្គាប់​ពី​ព្រះ​ថា​៖ ​«​អ្នក​ត្រូវ​ធ្វើ​អ្វី​ៗ​ទាំង​អស់​តាម​គំរូ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បង្ហាញ​អ្នក​នៅ​លើ​ភ្នំ​»។+ ៦ ប៉ុន្តែ ឥឡូវ​លោក​យេស៊ូ​បាន​ទទួល​កិច្ច​បម្រើ​ដែល​ប្រសើរ​ជាង ពី​ព្រោះ​លោក​ជា​អ្នក​សម្រុះ​សម្រួល+ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​ប្រសើរ​ជាង​កិច្ច​ព្រម​ព្រៀង​មុន+ ហើយ​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​សុពលភាព​តាម​ច្បាប់ ដោយ​មាន​មូលដ្ឋាន​លើ​សេចក្ដី​សន្យា​ដែល​ប្រសើរ​ជាង​សេចក្ដី​សន្យា​មុន។+

៧ ប្រសិន​បើ​កិច្ច​ព្រម​ព្រៀង​ដំបូង​បាន​ពេញ​លក្ខណៈ* នោះ​មិន​ចាំ​បាច់​មាន​កិច្ច​ព្រម​ព្រៀង​មួយ​ផ្សេង​ទៀត​ទេ។+ ៨ ព្រោះ​ព្រះ​បន្ទោស​បណ្ដា​ជន ពេល​ដែល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ថា​៖ ‹មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ថ្មី​ជា​មួយ​នឹង​ពូជ​ពង្ស​អ៊ីស្រាអែល​និង​ពូជ​ពង្ស​យូដា។ ៩ កិច្ច​ព្រម​ព្រៀង​ថ្មី​នោះ មិន​មែន​ដូច​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​ខ្ញុំ​កាន់​ដៃ​ពួក​គេ​នាំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​នោះ​ទេ+ ពី​ព្រោះ​ពួក​គេ​បាន​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ។ ហេតុ​នេះ ខ្ញុំ​ក៏ឈប់​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​ទៀត›។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។*

១០ ​«​ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ថា​៖ ‹ព្រោះ​នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​នឹង​ធ្វើ​ជា​មួយ​នឹង​ពូជ​ពង្ស​អ៊ីស្រាអែល ក្រោយ​ពី​គ្រា​ទាំង​នោះ។ ខ្ញុំ​នឹង​ដាក់​ច្បាប់​របស់ខ្ញុំ​នៅ​ក្នុង​គំនិត​របស់​ពួក​គេ ហើយ​ខ្ញុំ​នឹង​ចារឹក​ច្បាប់​ទាំង​នោះ​ក្នុង​ចិត្ត​របស់​ពួក​គេ។+ ខ្ញុំនឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ដ្រ​របស់​ខ្ញុំ។+

១១ ​«​‹ពួក​គេ​នឹង​ឈប់​បង្រៀន​ជន​រួម​ជាតិ ឬ​បង​ប្អូន​របស់​ពួក​គេ​ត​ទៅ​ទៀត​ថា​៖ ​«​ចូរ​ស្គាល់​ព្រះ​យេហូវ៉ា!​»​ ព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​នឹង​ស្គាល់​ខ្ញុំ ចាប់​ពី​អ្នក​តូច​ជាង​គេ រហូត​ដល់​អ្នក​ធំ​ជាង​គេ​បំផុត។ ១២ ព្រោះ​ខ្ញុំ​នឹង​អភ័យ​ទោស​ចំពោះ​អំពើ​មិន​សុចរិត​របស់​ពួក​គេ ហើយ​ខ្ញុំ​នឹង​មិន​នឹក​ចាំ​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ឡើយ›​»។+

១៣ កាល​ដែល​លោក​មាន​ប្រសាសន៍​អំពី​«​កិច្ច​ព្រម​ព្រៀង​ថ្មី​»​ នោះ​លោក​បាន​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​ដំបូង​ទៅ​ជា​មោឃ​វិញ។+ ឥឡូវ អ្វី​ដែល​បាន​ទៅ​ជា​មោឃ និង​ដែល​កំពុង​ប្រែ​ជា​ចាស់​ទៅ គឺ​ជិត​បាត់​សូន្យ​ហើយ។+

៩ ឯ​កិច្ច​ព្រម​ព្រៀង​មុន ធ្លាប់​មាន​តម្រូវ​ការ​តាម​ច្បាប់​អំពី​ការ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ និង​ធ្លាប់​មាន​កន្លែង​បរិសុទ្ធ+នៅ​ផែនដី។ ២ ព្រោះ​បន្ទប់​ទី​១​នៃ​ត្រសាល​បាន​ត្រូវ​រៀបចំ ដោយ​មាន​ជើង​ចង្កៀង+ តុ និង​នំ​ប៉័ង​តាំង​ទុក​ជា​គ្រឿង​បូជា។+ បន្ទប់​នោះ​បាន​ត្រូវ​ហៅ​ថា កន្លែង​បរិសុទ្ធ។+ ៣ ប៉ុន្តែ ខាង​ក្រោយ​វាំងនន​ទី​២+ មាន​បន្ទប់​ដែល​ត្រូវ​ហៅ​ថា កន្លែង​បរិសុទ្ធ​បំផុត។+ ៤ បន្ទប់​នេះ​មាន​ប្រដាប់​សម្រាប់​ដុត​គ្រឿង​ក្រអូប​ធ្វើ​ពី​មាស+ ព្រម​ទាំង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង+ដែល​ស្រោប​មាស+ ហើយ​ក្នុង​ហឹប​នោះ​មាន​ម៉ាណា​ក្នុង​ក្រឡ​មាស​មួយ+ និង​មាន​ដំបង​របស់​អេរ៉ុន​ដែល​ចេញ​ពន្លក+ ព្រម​ទាំង​មាន​បន្ទះ​ថ្ម+នៃ​កិច្ច​ព្រម​ព្រៀង​ផង​ដែរ។ ៥ នៅ​លើ​ហឹប​នោះ​មាន​រូប​ចេរូប៊ីន​ពីរ​ដ៏​រុង​រឿង​ដែល​ចោល​ស្រមោល​លើ​គម្រប*ហឹប​នោះ។+ ប៉ុន្តែ នៅ​ពេល​នេះ​យើង​មិន​ត្រូវ​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​រឿង​ទាំង​នេះ​ទេ។

៦ ក្រោយ​ពី​របស់​ទាំង​នោះ​បាន​ត្រូវ​រៀបចំ​តាម​របៀប​នេះ​ហើយ ពួក​សង្ឃ​រមែង​ចូល​ក្នុង​បន្ទប់​ទី​១​នៃ​ត្រសាល​ដើម្បី​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ។+ ៧ ប៉ុន្តែ មាន​តែ​សម្ដេច​សង្ឃ​ប៉ុណ្ណោះ​ដែល​ចូល​ក្នុង​បន្ទប់​ទី​២ គាត់​ចូល​មួយ​ដង​ក្នុង​មួយ​ឆ្នាំ+ ដោយ​យក​ឈាម​ទៅ​ជា​មួយ។+ គាត់​ជូន​ឈាម​នោះ​សម្រាប់​ការ​ខុស​ឆ្គង​របស់​គាត់+ និង​ការ​ខុស​ឆ្គង​ដែល​បណ្ដា​ជន+បាន​ប្រព្រឹត្ត​ដោយ​មិន​ដឹង​ខ្លួន។ ៨ ដូច្នេះ ឫទ្ធានុភាព​បរិសុទ្ធ​បញ្ជាក់​យ៉ាង​ច្បាស់​ថា កាល​ដែល​នៅ​មាន​ត្រសាល​ដំបូង ផ្លូវ​ចូល​កន្លែង​បរិសុទ្ធ*មិន​ទាន់​ត្រូវ​បើក​នៅ​ឡើយ។+ ៩ ត្រសាល​នោះ​ឯង​ជា​និមិត្ត​រូប*ដែល​ទាក់​ទង​នឹង​ពេល​បច្ចុប្បន្ន+ ហើយ​តាម​រយៈ​ការ​រៀបចំ​នេះ នៅ​តែ​មាន​ការ​ជូន​អំណោយ​និង​គ្រឿង​បូជា។+ ក៏​ប៉ុន្តែ អ្វី​ទាំង​នោះ​មិន​អាច​ធ្វើ​ឲ្យ​បុរស​ដែល​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​នោះ មាន​សមត្ថភាព​វិនិច្ឆ័យ​ស្អាត​ស្អំ​ឡើយ។+ ១០ អំណោយ​និង​គ្រឿង​បូជា​ទាំង​នោះ​ទាក់​ទង​នឹង​អាហារ ភេសជ្ជៈ និង​ការ​លាង​ជម្រះ​ផ្សេង​ៗ​*តែ​ប៉ុណ្ណោះ។+ ការ​ទាំង​នោះ​ជា​តម្រូវ​ការ​នៃ​ច្បាប់​ដែល​ទាក់​ទង​នឹង​រូប​កាយ+ ហើយ​ត្រូវ​ធ្វើ​រហូត​ដល់​ពេល​កំណត់​សម្រាប់​ការ​កែ​លម្អ។

១១ ក៏​ប៉ុន្តែ គ្រិស្ត​បាន​មក​ក្នុង​ឋានៈ​ជា​សម្ដេច​សង្ឃ ដើម្បី​ផ្ដល់​ពរ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ទទួល​ហើយ។ ពេល​លោក​ទៅ​ជា​សម្ដេច​សង្ឃ លោក​បាន​ចូល​ក្នុង​ត្រសាល​ដែល​ឧត្ដុង្គ​ឧត្ដម​និង​ល្អ​ឥត​ខ្ចោះ​ជាង ជា​ត្រសាល​ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ថា​មិន​មែន​ជា​អ្វី​ដែល​បាន​ត្រូវ​បង្កើត​ឡើង​ក្នុង​ពិភព​លោក​នេះ​ឡើយ។ ១២ លោក​ចូល​ក្នុង​កន្លែង​បរិសុទ្ធ​មិន​មែន​ដោយ​យក​ឈាម​ពពែ​និង​គោ​ឈ្មោល*ទេ តែ​បាន​យក​ឈាម​របស់​លោក​ផ្ទាល់+ចូល​ក្នុង​កន្លែង​នោះ​មួយ​ដង​ជា​ការ​ស្រេច ហើយ​តាម​រយៈ​លោក យើង​បាន​ទទួល​សេចក្ដី​សង្គ្រោះ*ដែល​គ្មាន​ទី​បញ្ចប់។+ ១៣ ព្រោះ​ប្រសិន​បើ​ការ​ប្រោះ​ឈាម​ពពែ ឈាម​គោ​ឈ្មោល+ និង​ផេះ​គោ​ញី*ទៅលើ​អ្នក​ដែល​ស្មោក​គ្រោក បាន​ជម្រះ​រូប​កាយ​ពួក​គេ​ឲ្យ​ទៅ​ជា​ស្អាត​បរិសុទ្ធ​ទៅ​ហើយ+ ១៤ នោះ​ឈាម​របស់​គ្រិស្ត+ច្បាស់​ជា​មាន​តម្លៃ​ជាង​នោះ​ទៅ​ទៀត ព្រោះ​លោក​បាន​ប្រគល់​ខ្លួន​លោក​ដែល​ឥត​ខ្ចោះ​ទៅ​ព្រះ ក្រោម​ការ​ដឹក​នាំ​នៃ​ឫទ្ធានុភាពដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ហេតុ​នេះ​ហើយ​បាន​ជា​ឈាម​របស់​លោក​នឹង​ជម្រះ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ឲ្យ​ស្អាត​ពី​ការ​ប្រព្រឹត្ត​ដ៏​ឥត​ប្រយោជន៍+ ដើម្បី​ឲ្យ​យើង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ។+

១៥ ម្ល៉ោះ​ហើយ លោក​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រម​ព្រៀង​ថ្មី+ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ត្រូវ​ហៅ អាច​ទទួល​សេចក្ដី​សន្យា​អំពី​មត៌ក​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+ ការ​ទាំង​អស់​នេះ​អាច​កើត​ឡើង​បាន​ដោយ​សារ​មរណភាព​របស់​លោក ដើម្បី​លោះ​ពួក​គេ+ពី​ការ​រំលង​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​មុន។ ១៦ ព្រោះ​ពេល​ណា​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ មនុស្ស​ដែល​ធ្វើ​កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​តែ​ស្លាប់។ ១៧ ដរាប​ណា​មនុស្ស​ដែល​ធ្វើ​កិច្ច​ព្រម​ព្រៀង​នោះ​នៅ​រស់ ដរាប​នោះ​កិច្ច​ព្រម​ព្រៀង​គ្មាន​សុពលភាព​ទេ ដោយ​សារ​សុពលភាព​នៃ​កិច្ច​ព្រម​ព្រៀង​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្លាប់។ ១៨ ដូច្នេះ កិច្ច​ព្រម​ព្រៀង​មុន​ក៏​មិន​បាន​ចាប់​ផ្ដើម​មាន​សុពលភាព​ដោយ​គ្មាន​ឈាម​ដែរ។ ១៩ ក្រោយ​ពី​ម៉ូសេ​បាន​ប្រាប់​បញ្ញត្ដិ​ទាំង​អស់​ក្នុង​ច្បាប់​ដល់​បណ្ដា​ជន នោះ​គាត់​យក​ឈាម​គោ​ឈ្មោល ឈាម​ពពែ ទឹក រោម​ចៀម​ជ្រលក់​ពណ៌​ក្រហម* និង​ដើម​ហ៊ីសុប មក​ប្រោះ​លើ​សៀវភៅ​កិច្ច​ព្រម​ព្រៀង និង​លើ​បណ្ដា​ជន ២០ ហើយ​និយាយ​ថា​៖ ​«​នេះ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម​»។+ ២១ រួច​គាត់​យក​ឈាម​នោះ មក​ប្រោះ​លើ​ត្រសាល​និង​ប្រដាប់​ប្រដា​ទាំង​អស់​សម្រាប់​កិច្ច​បម្រើ​បរិសុទ្ធ។*+ ២២ ពិត​មែន​ហើយ តាម​ច្បាប់ អ្វី​ៗ​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​សម្អាត​ដោយ​ឈាម+ ហើយ​បើ​គ្មាន​ការ​ច្រួច​ឈាម​ទេ នោះ​គ្មាន​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ឡើយ។+

២៣ ដូច្នេះ គឺ​ចាំ​បាច់​ឲ្យ​សម្អាត​របស់​ដែល​ជា​និមិត្ត​រូប+នៃ​អ្វី​ៗ​នៅ​ស្ថាន​សួគ៌​ដោយ​ឈាម​របស់​សត្វ​ដែល​ជា​គ្រឿង​បូជា+ តែ​អ្វី​ៗ​នៅ​ស្ថាន​សួគ៌​ត្រូវ​សម្អាត​ដោយ​គ្រឿង​បូជា​ដែល​ប្រសើរ​ជាង។ ២៤ ព្រោះ​គ្រិស្ត​មិន​បាន​ចូល​ក្នុង​កន្លែង​បរិសុទ្ធ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស+ និង​ដែល​ធ្វើ​តាម​គំរូ​អំពី​អ្វី​ដែល​ពិត​ប្រាកដ​នោះ​ឡើយ+ តែ​លោក​បាន​ចូល​ក្នុង​ស្ថាន​សួគ៌​តែ​ម្ដង+ ដើម្បី​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​ផ្ទាល់​ជា​ប្រយោជន៍​ដល់​យើង។+ ២៥ លោក​មិន​បាន​ប្រគល់​ខ្លួន​ជា​ច្រើន​ដង ដូច​សម្ដេច​សង្ឃ​ដែល​រៀង​រាល់​ឆ្នាំ+តែង​តែ​យក​ឈាម​ដែល​មិន​មែន​ជា​ឈាម​របស់​ខ្លួន ចូល​ក្នុង​កន្លែង​បរិសុទ្ធ​ឡើយ។ ២៦ បើ​មិន​ដូច្នោះ​ទេ លោក​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​ដង​តាំង​ពី​កំណើត​ពិភព​លោក។ ប៉ុន្តែ លោក​បាន​មក​មួយ​ដង​ជា​ការ​ស្រេច​នៅ​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក* ដើម្បី​បំបាត់​ភាព​ខុស​ឆ្គង​ដោយ​ប្រគល់​ខ្លួន​លោក​ជា​គ្រឿង​បូជា។+ ២៧ ដូច​មនុស្ស​ត្រូវ​ស្លាប់​មួយ​ដង​ជា​ការ​ស្រេច តែ​ក្រោយ​ពី​នោះ​នឹង​មាន​ការ​វិនិច្ឆ័យ ២៨ នោះ​គ្រិស្ត​បាន​ប្រគល់​ខ្លួន​លោក​មួយ​ដង​ជា​ការ​ស្រេច​ដែរ ដើម្បី​ទទួល​យក​ការ​ខុស​ឆ្គង​របស់​មនុស្ស​ជា​ច្រើន+ ហើយ​ពេល​ដែល​លោក​លេច​មក​ជា​លើក​ទី​២ លោក​នឹង​មិន​បំបាត់​ភាព​ខុស​ឆ្គង​ទេ តែ​លោក​នឹង​លេច​មក​ដើម្បី​សង្គ្រោះ​ពួក​អ្នក​ដែល​កំពុង​ស្វះ​ស្វែង​រក​លោក។+

១០ ច្បាប់​ជា​ស្រមោល+នៃ​ពរ​ដែល​នឹង​មក​ដល់+ តែ​មិន​មែន​ជា​រូប​ពិត​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ច្បាប់*និង​គ្រឿង​បូជា​ដដែល​ៗ​ដែល​ពួក​គេ​ជូន​ជា​រៀង​រាល់​ឆ្នាំ មិន​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ឡើយ។+ ២ បើ​គ្រឿង​បូជា​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ល្អ​ឥត​ខ្ចោះ ពួក​គេ​នឹង​ឈប់​ជូន​គ្រឿង​បូជា​ទៀត ព្រោះ​អស់​អ្នក​ដែល​ជូន​គ្រឿង​បូជា*នឹង​លែង​ដឹង​អំពី​ការ​ខុស​ឆ្គង​របស់​ខ្លួន​ទៀត ដោយ​សារបាន​ទទួល​ការ​សម្អាត​មួយ​ដង​ជា​ការ​ស្រេច។ ៣ ផ្ទុយ​ទៅ​វិញ គ្រឿង​បូជា​ទាំង​នេះ​រំលឹក​ពួក​គេ​ជា​រៀង​រាល់​ឆ្នាំ​ថា​ពួក​គេ​មាន​ការ​ខុស​ឆ្គង+ ៤ ព្រោះ​ឈាម​គោ​ឈ្មោល​និង​ឈាម​ពពែ​មិន​អាច​ដក​ការ​ខុស​ឆ្គង​ចេញ​បាន​ឡើយ។

៥ ដូច្នេះ ពេល​ដែល​គ្រិស្ត​មក​ក្នុង​ពិភព​លោក លោក​មាន​ប្រសាសន៍​ថា​៖ ​«​‹លោក​មិន​ត្រូវ​ការ​គ្រឿង​បូជា​និង​ជំនូន​ទេ តែ​លោក​បាន​រៀបចំ​រូប​កាយ​មួយ​សម្រាប់​ខ្ញុំ។ ៦ លោក​មិន​បាន​ពេញ​ចិត្ត​គ្រឿង​បូជា​ដុត* និង​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​ឡើយ›។+ ៧ រួច​ខ្ញុំ​ក៏​និយាយ​ថា​៖ ‹មើល! ខ្ញុំ​មក​ហើយ (​បទ​គម្ពីរ​ចែង​អំពី​ខ្ញុំ​)។ ឱ​ព្រះ​អើយ! ខ្ញុំ​មក​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក›​»​។+ ៨ ក្រោយ​ពី​លោក​មាន​ប្រសាសន៍​ថា​៖ ​«​លោក​មិន​ចង់​បាន​គ្រឿង​បូជា ហើយ​ក៏​មិន​ពេញ​ចិត្ត​ជំនូន គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​»​ (​គ្រឿង​បូជា​ដែល​ច្បាប់​តម្រូវ​ឲ្យ​ជូន​) ៩ នោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​មក​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​»។+ លោក​បំបាត់​ចោល​របៀប​រៀបចំ​ចាស់ ដើម្បី​លោក​អាច​ស្ថាបនា​របៀប​រៀបចំ​ថ្មី។ ១០ ដោយ​សារ​«​បំណង​ប្រាថ្នា​»​នោះ+ យើង​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ​តាម​រយៈ​ការ​ប្រគល់​រូប​កាយ​របស់​លោក​យេស៊ូ​គ្រិស្ត មួយ​ដង​ជា​ការ​ស្រេច។+

១១ ម្យ៉ាង​ទៀត សង្ឃ​ម្នាក់​ៗ​ចូល​ទៅ​ឈរ​នៅ​កន្លែង​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បំពេញ​កិច្ច​បម្រើ​បរិសុទ្ធ*+ ហើយ​ជូន​គ្រឿង​បូជា​ដដែល​ៗ​ជា​ច្រើន​ដង+ តែ​គ្រឿង​បូជា​ទាំង​នោះ​មិន​អាច​ដក​ការ​ខុស​ឆ្គង​ចេញ​ទាំង​ស្រុង​បាន​ឡើយ។+ ១២ ចំណែក​លោក​វិញ លោក​បាន​ជូន​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​មួយ​ដង​ជា​ការ​ស្រេច រួច​លោក​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ។+ ១៣ ចាប់​ពី​ពេល​នោះ លោក​រង់​ចាំ​រហូត​ដល់​ពួក​សត្រូវ​របស់​លោក​បាន​ត្រូវ​ដាក់​ជា​កំណល់​កល់​ជើង​លោក។+ ១៤ តាម​រយៈ​គ្រឿង​បូជា​តែ​មួយ លោក​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ត្រូវ​ញែក​ជា​បរិសុទ្ធ ទៅ​ជា​ល្អ​ឥត​ខ្ចោះ+ជា​ដរាប។ ១៥ បន្ថែម​ទៀត ឫទ្ធានុភាព​បរិសុទ្ធ​ក៏​ធ្វើ​ជា​សាក្សី​បញ្ជាក់​ដល់​យើង​ដែរ ដោយ​ប្រាប់​ថា​៖ ១៦ ​«​ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ថា​៖ ‹នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​នឹង​ធ្វើ​ជា​មួយ​នឹង​ពួក​គេ​ក្រោយ​ពី​គ្រា​នោះ។ ខ្ញុំ​នឹង​ដាក់​ច្បាប់​របស់​ខ្ញុំ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ហើយ​ខ្ញុំ​នឹង​ចារឹក​សេចក្ដី​នោះ​ក្នុង​គំនិត​របស់​ពួក​គេ›​»។+ ១៧ បន្ទាប់​មក ឫទ្ធានុភាព​ប្រាប់​ថា​៖ ​«​ខ្ញុំ​នឹង​មិន​នឹក​ចាំ​ការ​ប្រឆាំង​ច្បាប់​និង​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ឡើយ​»។+ ១៨ ពេល​ដែល​ការ​ខុស​ឆ្គង​ទាំង​នោះ​បាន​ត្រូវ​អភ័យ​ទោស នោះ​លែង​ត្រូវ​ការ​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​ទៀត​ហើយ។

១៩ ដូច្នេះ បង​ប្អូន​អើយ ដោយ​សារ​យើង​មាន​ចិត្ត​ក្លាហាន​ចូល​តាម​ផ្លូវ​ទៅ​ឯ​កន្លែង​បរិសុទ្ធ+តាម​រយៈ​ឈាម​របស់​លោក​យេស៊ូ ២០ ជា​ផ្លូវ​ថ្មី​ដែល​នាំ​ទៅ​ឯ​ជីវិត និង​ជា​ផ្លូវ​ដែល​លោក​បាន​បើក​ឲ្យ​យើង​ចូល​តាម​វាំងនន+ ពោល​គឺ​សាច់​ឈាម​របស់​លោក ២១ ហើយ​ដោយ​សារ​យើង​មាន​សម្ដេច​សង្ឃ​ឧត្ដុង្គ​ឧត្ដម​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្ទះ​របស់​ព្រះ+ ២២ នោះ​ចូរ​យើង​ចូល​ទៅ​ជិត​ព្រះ​ដោយ​មាន​ចិត្ត​ស្មោះ​និង​ជំនឿ​រឹង​មាំ ហើយ​មាន​ចិត្ត​ដែល​បាន​ត្រូវ​សម្អាត*ពី​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ស្អាត​ស្អំ+ ព្រម​ទាំង​មាន​រូប​កាយ​ដែល​បាន​ត្រូវ​លាង​សម្អាត​ដោយ​ទឹក​ស្អាត។+ ២៣ ចូរ​យើង​ខំ​ព្យាយាម​ឥត​ឈប់​ដោយ​មិន​រួញ​រា​ក្នុង​ការ​ប្រកាស​ប្រាប់​សេចក្ដី​សង្ឃឹម​របស់​យើង​ដល់​មនុស្ស​ទាំង​អស់+ ពី​ព្រោះ​លោក​ដែល​បាន​សន្យា​គឺ​ស្មោះ​ត្រង់។ ២៤ ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ+ ២៥ មិន​មែន​ដោយ​គេច​វេះ​ការ​ប្រជុំ​គ្នា+ ដូច​អ្នក​ខ្លះ​មាន​ទម្លាប់​គេច​វេះ​នោះ​ទេ តែ​ដោយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក+ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថ្ងៃ​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់។+

២៦ ព្រោះ​ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា​ក្រោយ​ពី​យើង​បាន​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​ហើយ+ នោះ​គ្មាន​គ្រឿង​បូជា​ណា​អាច​ត្រូវ​ជូន​សម្រាប់​ការ​ខុស​ឆ្គង​របស់​យើង​ឡើយ+ ២៧ មាន​តែ​រង់​ចាំ​ការ​វិនិច្ឆ័យ​ទោស​ដោយ​ភ័យ​ខ្លាច និង​សេចក្ដី​ក្រោធ​ខ្លាំង​ក្រៃ​លែង​របស់​ព្រះ​ដែល​នឹង​បំផ្លាញ​ពួក​អ្នក​ប្រឆាំង​លោក។+ ២៨ អ្នក​ណា​ដែល​បំពាន​លើ​ច្បាប់​ម៉ូសេ អ្នក​នោះ​នឹង​ត្រូវ​សម្លាប់​ចោល​ដោយ​ឥត​ត្រា​ប្រណី បើ​មាន​សាក្សី​ពីរ​ឬ​បី​នាក់​បញ្ជាក់​អំពី​ការ​បំពាន​នោះ។+ ២៩ ដូច្នេះ អ្នក​ណា​ដែល​បាន​ជាន់​ឈ្លី​បុត្រ​របស់​ព្រះ ហើយ​ចាត់​ទុក​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង+ដែល​បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ​ថា​ជា​របស់​ធម្មតា ថែម​ទាំង​បាន​ប្រមាថ​មើល​ងាយ​យ៉ាង​ខ្លាំង​ចំពោះ​ឫទ្ធានុភាព​នៃ​គុណ​ដ៏​វិសេស​លើស​លប់ តើ​អ្នក​រាល់​គ្នា​គិត​ថា​អ្នក​នោះ​សម​នឹង​ទទួល​ទោស​ធ្ងន់​ដល់​កម្រិត​ណា?+ ៣០ ព្រោះ​យើង​ស្គាល់​លោក​ដែល​មាន​ប្រសាសន៍​ថា​៖ ​«​ការ​សង​សឹក​ជា​របស់​ខ្ញុំ ខ្ញុំ​នឹង​សង​គេ​វិញ​»​ ហើយ​លោក​ក៏​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​ព្រះ​យេហូវ៉ា*នឹង​វិនិច្ឆ័យ​រាស្ដ្រ​របស់​លោក​»។+ ៣១ ការ​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​ណាស់។

៣២ ក៏​ប៉ុន្តែ ចូរ​នឹក​ចាំ​អំ​ពី​គ្រា​មុន​ជា​និច្ច ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ត្រូវ​បំភ្លឺ+ អ្នក​រាល់​គ្នា​បាន​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង ទោះ​ជា​រង​ទុក្ខ​លំបាក​ផ្សេង​ៗ​ក៏​ដោយ។ ៣៣ ពេល​ខ្លះ​អ្នក​រាល់​គ្នា​ត្រូវ​គេ​ធ្វើ​បាប​និង​ជេរ​ប្រមាថ​ជា​សាធារណៈ ហើយ​ពេល​ខ្លះ​ទៀត អ្នករាល់​គ្នា​បាន​រួម​ទុក្ខ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​ជួប​ប្រទះ​ទុក្ខ​លំបាក​បែប​នេះ។ ៣៤ ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ចំពោះ​អ្នក​ដែល​ជាប់​គុក ក៏​បាន​ទ្រាំ​ទាំង​មាន​អំណរ​ពេល​ដែល​គេ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា+ ដោយ​សារ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្លួន​មាន​ទ្រព្យ​ដែល​ប្រសើរ​ជាង និង​ជា​ទ្រព្យ​ដែល​ស្ថិត​ស្ថេរ។+

៣៥ ដូច្នេះ ចូរ​បន្ត​មាន​ចិត្ត​ក្លាហាន* ព្រោះ​ការ​នោះ​នឹង​នាំ​ឲ្យ​បាន​រង្វាន់​យ៉ាង​ធំ។+ ៣៦ អ្នក​រាល់​គ្នា​ត្រូវ​ស៊ូ​ទ្រាំ+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​តាម​សេចក្ដី​សន្យា ក្រោយ​ពី​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ៣៧ ពី​ព្រោះ​នៅ​តែ​«​បន្តិច​ទៀត​»​+ នោះ​«​លោក​ដែល​ត្រូវ​មក នឹង​មក​ដល់ ហើយ​មិន​បង្អែ​បង្អង់​ឡើយ​»។+ ៣៨ ​«​ប៉ុន្តែ អ្នក​បម្រើ​សុចរិត​របស់​ខ្ញុំ​នឹង​រស់​ដោយ​សារ​ជំនឿ​»​+ ហើយ​«​ប្រសិន​បើ​គាត់​រា​ថយ ខ្ញុំ​មិន​ពេញ​ចិត្ត​គាត់​ទេ​»។+ ៣៩ ក៏​ប៉ុន្តែ យើង​មិន​មែន​ជា​មនុស្ស​ដែល​រា​ថយ​ឲ្យ​ត្រូវ​បំផ្លាញ​នោះ​ទេ+ តែ​យើង​ជា​មនុស្ស​ដែល​មាន​ជំនឿ​ដើម្បី​រក្សា​ជីវិត។

១១ ជំនឿ​គឺ​ជា​ការ​ទុក​ចិត្ត​ដោយ​មាន​ទី​សំអាង​មាំ​មួន​ថា អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម+ ហើយ​ជា​ការ​ឃើញ​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន។ ២ ព្រោះ​ដោយ​មាន​ជំនឿ​ដូច​នេះ មនុស្ស​នៅ​សម័យ​បុរាណ​បាន​ទទួល​ការ​បញ្ជាក់​ថា​ព្រះ​ពេញ​ចិត្ត​ពួក​គេ។

៣ ដោយ​សារ​ជំនឿ យើង​យល់​ឃើញ​ថា​អ្វី​ៗ​ក្នុង​សកល​លោក*បាន​ត្រូវរៀបចំឡើង​ដោយ​ប្រសាសន៍​របស់​ព្រះ។ ហេតុ​នេះ អ្វី​ដែល​យើង​មើល​ឃើញ​បាន​កើតចេញ​ពី​អ្វី​ដែល​យើង​មើល​មិន​ឃើញ។

៤ ដោយ​សារ​ជំនឿ អេបិល​បាន​ជូន​គ្រឿង​បូជា​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គ្រឿង​បូជា​របស់​កាអ៊ីន+ ហើយ​ដោយ​សារ​ជំនឿ ព្រះ​បាន​បញ្ជាក់​ថា​គាត់​ជា​មនុស្ស​សុចរិត ព្រោះ​លោក​ពេញ​ចិត្ត​អំណោយ​របស់​គាត់។+ ទោះ​ជា​អេបិល​ស្លាប់​ហើយ​ក៏​ដោយ គាត់​នៅ​តែ​និយាយ​នៅ​ឡើយ+ តាម​រយៈ​ជំនឿ​របស់​គាត់។

៥ ដោយ​សារ​ជំនឿ អេណុក+បាន​ត្រូវ​យក​ចេញ ដើម្បី​កុំ​ឲ្យ​ជួប​សេចក្ដី​ស្លាប់ ហើយ​គេ​មិន​អាច​រក​គាត់​ឃើញ​ឡើយ ពី​ព្រោះ​ព្រះ​បាន​យក​គាត់​ចេញ។+ ប៉ុន្តែ មុន​ពេល​ដែល​គាត់​ត្រូវ​យក​ចេញ ព្រះ​បាន​បញ្ជាក់​ថា​គាត់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ៦ ម្យ៉ាង​ទៀត បើ​គ្មាន​ជំនឿ​ទេ នោះ​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​បាន​ឡើយ ព្រោះ​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា​មាន​ព្រះ ហើយ​ជឿ​ថា​លោក​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ត។+

៧ ដោយ​សារ​ជំនឿ ពេល​ណូអេ+ទទួល​ការ​ព្រមាន​ពី​ព្រះ​ស្ដី​អំពី​ការ​ដែល​គាត់​មិន​ទាន់​ឃើញ​នៅ​ឡើយ+ នោះ​គាត់​បង្ហាញ​ការ​កោត​ខ្លាច​ចំពោះ​ព្រះ ហើយ​សង់​ទូក​ធំ+ដើម្បី​សង្គ្រោះ​ពួក​អ្នក​ផ្ទះ​របស់​គាត់។ តាម​រយៈ​ជំនឿ គាត់​បាន​បង្ហាញ​ថា​ពិភព​លោក​សម​នឹង​ត្រូវ​បំផ្លាញ​ចោល+ ហើយ​គាត់​បាន​ទទួល​មត៌ក​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។

៨ ដោយ​សារ​ជំនឿ ពេល​ដែល​អាប្រាហាំ+បាន​ត្រូវ​ហៅ នោះ​គាត់​ស្ដាប់​បង្គាប់​ដោយ​ចេញ​ទៅ​កន្លែង​ដែល​គាត់​ត្រូវ​ទទួល​ជា​មត៌ក។ គាត់​ចាក​ចេញ​ទៅ ទោះ​ជា​គាត់​មិន​បាន​ដឹង​ថា​គាត់​ទៅ​កន្លែង​ណា​ក៏​ដោយ។+ ៩ ដោយ​សារ​ជំនឿ គាត់​បាន​ស្នាក់​នៅ​ជា​ជន​បរទេស​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា+ ក៏​បាន​រស់​នៅ​ក្នុង​ត្រសាល+ជា​មួយ​នឹង​អ៊ីសាក​និង​យ៉ាកុប ជា​អ្នក​ទទួល​សេចក្ដី​សន្យា​ដដែល​នោះ​ជា​មត៌ក​រួម​ជា​មួយ​នឹង​គាត់។+ ១០ ព្រោះ​គាត់​រង់​ចាំ​ក្រុង​ដែល​មាន​គ្រឹះ​ដ៏​ពិត ជា​ក្រុង​ដែល​មាន​ព្រះ​ជា​អ្នក​ចេញ​ប្លង់*និង​ជា​អ្នក​បង្កើត។+

១១ ដោយ​សារ​ជំនឿ សារ៉ា​បាន​ទទួល​សមត្ថភាព​មាន​ផ្ទៃ​ពោះ​បង្កើត​កូន* ទោះ​ជា​នាង​ហួស​អាយុ​នឹង​បង្កើត​កូន​ក៏​ដោយ+ ពី​ព្រោះ​នាង​ចាត់​ទុក​ថា​លោក​ដែល​បាន​សន្យា​ការ​នោះ​គឺ​ស្មោះ​ត្រង់។* ១២ ម្ល៉ោះ​ហើយ ពី​បុរស​តែ​ម្នាក់​ដែល​ប្រៀប​ដូច​ជា​ស្លាប់+ មាន​កូន​កើត​មក+ដែល​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដែល​រាប់​មិន​អស់​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។+

១៣ អ្នក​ទាំង​អស់​នោះ​បាន​ស្លាប់​ដោយ​មាន​ជំនឿ ទោះ​ជា​ពួក​គេ​មិន​បាន​ទទួល​អ្វី​ដែល​បាន​ត្រូវ​សន្យា​ក៏​ដោយ។+ ប៉ុន្តែ ពួក​គេ​បាន​ឃើញ​ការ​នោះ​ពី​ចម្ងាយ+ ហើយ​បាន​រីករាយ​នឹង​ការ​នោះ ថែម​ទាំង​បាន​ប្រកាស​ជា​ចំហ​ថា ពួក​គេ​ជា​ជន​បរទេស​និង​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​ស្រុក។ ១៤ ព្រោះ​មនុស្ស​ដែល​និយាយ​ដូច្នោះ បញ្ជាក់​ថា​ពួក​គេ​កំពុង​ស្វែង​រក​យ៉ាង​អស់​ពី​ចិត្ត​នូវ​កន្លែង​ដែល​នឹង​ទៅ​ជា​របស់​ខ្លួន។ ១៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប្រសិន​បើ​ពួក​គេ​បន្ត​នឹក​នា​ដល់​កន្លែង​ដែល​ពួក​គេ​បាន​ចាក​ចេញ+ ពួក​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ។ ១៦ ប៉ុន្តែ ពួក​គេ​កំពុង​ខំ​ព្យាយាម​ដើម្បី​ឲ្យ​បាន​កន្លែង​ដែល​ប្រសើរ​ជាង ជា​កន្លែង​របស់​ស្ថាន​សួគ៌។ ដូច្នេះ ព្រះ​មិន​អៀន​ខ្មាស​ទេ​ដែល​លោក​បាន​ត្រូវ​ហៅ​ថា​ជា​ព្រះ​របស់​ពួក​គេ+ ព្រោះ​លោក​បាន​រៀបចំ​ក្រុង​មួយ​សម្រាប់​ពួក​គេ។+

១៧ ដោយ​សារ​ជំនឿ ពេល​ដែល​អាប្រាហាំ​បាន​ត្រូវ​ល្បង​ល+ គាត់​បាន​បង្ហាញ​ជំនឿ​របស់​គាត់​ដោយ​បម្រុង​នឹង​បូជា​អ៊ីសាក ពោល​គឺ​អាប្រាហាំ​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ដោយ​អំណរ ហៀប​នឹង​បូជា​កូន​ប្រុស​តែ​មួយ​របស់​គាត់+ ១៨ ទោះ​ជា​ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​ដែល​នឹង​ត្រូវ​ហៅ​ថា​កូន​ចៅ*របស់​អ្នក នឹង​កើត​ពី​អ៊ីសាក​»​ក៏​ដោយ។+ ១៩ ប៉ុន្តែ គាត់​យល់​ឃើញ​ថា ព្រះ​អាច​ប្រោស​ឲ្យ​អ៊ីសាក​រស់​ឡើង​វិញ សូម្បី​តែ​ស្លាប់​ទៅ​ហើយ។ រួច​គាត់​បាន​ទទួល​អ៊ីសាក​ពី​សេចក្ដី​ស្លាប់​ក្នុង​ន័យ​ធៀប​មែន។+

២០ ដោយ​សារ​ជំនឿ អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប+និង​អេសាវ+ស្ដី​អំពី​អ្វី​ៗ​នៅ​ថ្ងៃ​មុខ។

២១ ដោយ​សារ​ជំនឿ ពេល​ដែល​យ៉ាកុប​ជិត​ស្លាប់+ គាត់​ឲ្យ​ពរ​ដល់​កូន​ប្រុស​ម្នាក់​ៗ​របស់​យ៉ូសែប+ រួច​លំឱន​កាយ​គោរព​ព្រះ*កាល​ដែល​ច្រត់​លើ​ដំបង​របស់​គាត់។+

២២ ដោយ​សារ​ជំនឿ ពេល​ដែល​យ៉ូសែប​ជិត​ស្លាប់ គាត់​និយាយ​អំពី​ការ​ចាក​ចេញ​របស់​កូន​ចៅ​អ៊ីស្រាអែល ហើយ​គាត់​ឲ្យ​បង្គាប់​ដល់​ពួក​គេ​ស្ដី​អំពី​ឆ្អឹង​របស់​គាត់។+

២៣ ដោយ​សារ​ជំនឿ ឪពុក​ម្ដាយ​របស់​ម៉ូសេ​បាន​លាក់​គាត់​អស់​បី​ខែ+ក្រោយ​ពី​គាត់​បាន​កើត​មក ពី​ព្រោះ​ពួក​គាត់​ឃើញ​ថា​កូន​តូច​នោះ​ស្អាត​ណាស់+ ហើយ​ពួក​គាត់​មិន​ខ្លាច​បង្គាប់​របស់​ស្ដេច​ទេ។+ ២៤ ដោយ​សារ​ជំនឿ ពេល​ដែល​ម៉ូសេ​ធំ​ពេញ​វ័យ+ គាត់​មិន​ព្រម​ឲ្យ​គេ​ហៅ​គាត់​ថា​ជា​កូន​របស់​កូន​ស្រី​ផារ៉ូ​ឡើយ។+ ២៥ គាត់​សម្រេច​ចិត្ត​ឲ្យ​គេ​ធ្វើ​បាប​គាត់​ជា​មួយ​នឹង​រាស្ដ្រ​របស់​ព្រះ ជា​ជាង​សប្បាយ​មួយ​រយៈ​ពេល​ខ្លី​នឹង​អំពើ​ខុស​ឆ្គង ២៦ ដោយ​សារ​គាត់​ចាត់​ទុក​ការ​រង​ការ​ជេរ​ប្រមាថ​ក្នុងនាម​ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង*ថា ជា​ទ្រព្យ​វិសេស​ជាង​ទ្រព្យ​ទាំង​អស់​ក្នុង​ស្រុក​អេហ្ស៊ីប ព្រោះ​គាត់​សម្លឹង​ចំ​ទៅ​រង្វាន់។ ២៧ ដោយ​សារ​ជំនឿ គាត់​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ តែ​មិន​មែន​ដោយ​ខ្លាច​កំហឹង​របស់​ស្ដេច​ទេ+ ព្រោះ​គាត់​បន្ត​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់ ហាក់​ដូច​ជា​មើល​ឃើញ​ព្រះ​ដែល​មនុស្ស​មើល​មិន​ឃើញ។+ ២៨ ដោយ​សារ​ជំនឿ គាត់​បាន​ធ្វើ​បុណ្យ​រំលង ហើយ​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​ទេវតា​របស់​ព្រះ​ប៉ះ​ពាល់​កូន​ច្បង​របស់​ពួក​គេ។+

២៩ ដោយ​សារ​ជំនឿ ពួក​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក។+ ប៉ុន្តែ ពេល​ដែល​ជន​ជាតិ​អេហ្ស៊ីប​ដេញ​តាម នោះ​ទឹក​សមុទ្រ​បាន​លេប​ពួក​គេ​បាត់។+

៣០ ដោយ​សារ​ជំនឿ ជន​ជាតិ​អ៊ីស្រាអែល​បាន​ដើរ​ជុំវិញ​កំពែង​ក្រុង​យេរីខូ​អស់​៧​ថ្ងៃ ហើយ​កំពែង​នោះ​បាន​រលំ។+ ៣១ ដោយ​សារ​ជំនឿ រ៉ាហាប​ដែល​ជា​ស្រី​ពេស្យា​មិន​បាន​វិនាស​ជីវិត​ជា​មួយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ឡើយ ពី​ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើបការណ៍​ដោយ​រាក់​ទាក់។+

៣២ តើ​ខ្ញុំ​គួរ​រៀប​រាប់​អំពី​អ្នក​ណា​ទៀត? ព្រោះ​គ្មាន​ពេល​គ្រប់​គ្រាន់​ឲ្យ​ខ្ញុំ​រៀប​រាប់​អំពី​គេឌាន+ បារ៉ាក់+ សាំសុន+ យែបថា+ ដាវីឌ+ ព្រម​ទាំង​សាំយូអែល+ និង​ពួក​អ្នក​ប្រកាស​ទំនាយ​ឯ​ទៀត​ទេ ៣៣ ព្រោះ​តាម​រយៈ​ជំនឿ ពួក​គេ​បាន​ច្បាំង​ឈ្នះ​រាជាណាចក្រ​ផ្សេង​ៗ​+ បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត បាន​ទទួល​សេចក្ដី​សន្យា+ បាន​បិទ​មាត់​តោ+ ៣៤ បាន​ទប់​កម្ដៅ​ភ្លើង+ បាន​រួច​ពី​មុខ​ដាវ+ ធ្លាប់​ខ្សោយ​តែ​បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​កម្លាំង​ខ្លាំង​ក្លា+ បាន​ទៅ​ជា​អ្នក​ច្បាំង​អង់អាច​ក្នុង​សង្គ្រាម+ និង​បាន​បំបាក់​ទ័ព​ឈ្លានពាន។+ ៣៥ ស្ត្រី​ខ្លះ​បាន​ទទួល​អស់​អ្នក​ដែល​ស្លាប់​មក​វិញ តាម​រយៈ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។+ ប៉ុន្តែ បុរស​ឯ​ទៀត​ត្រូវ​គេ​ធ្វើ​ទារុណកម្ម ដោយ​សារ​ពួក​គេ​មិន​ព្រម​លះ​បង់​ជំនឿ​ដើម្បី​ឲ្យ​រួច​ខ្លួន​ទេ។ យ៉ាង​នេះ ពួក​គេ​អាច​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ប្រសើរ​ជាង។ ៣៦ ចំណែក​អ្នក​ឯ​ទៀត​បាន​ត្រូវ​ល្បង​ល​ដោយ​ការ​ចំអក​មើល​ងាយ ត្រូវ​គេ​វាយ ថែម​ទាំង​ត្រូវ​គេ​ដាក់​គុក​ដាក់​ច្រវាក់​ទៀត​ផង។+ ៣៧ ពួក​គេ​ត្រូវ​គេ​គប់​នឹង​ថ្ម+ ត្រូវ​គេ​ល្បង​ល ត្រូវ​គេ​អារ​បណ្ដាច់​ខ្លួន និង​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ។+ ពួក​គេ​ស្លៀក​រោម​ចៀម​និង​រោម​ពពែ+ ក៏​បាន​ខ្វះ​ខាត រង​ទុក្ខ​លំបាក+ និង​ត្រូវ​គេ​ធ្វើ​បាប+ ៣៨ ហើយ​ពិភព​លោក​មិន​សម​នឹង​ពួក​គេ​ឡើយ។ ពួក​គេ​រស់​នៅ​តាម​រអាង+ តំបន់​ស្ងាត់​ជ្រងំ ភ្នំ និង​រូង​ដី។

៣៩ ប៉ុន្តែ អ្នក​ទាំង​អស់​នោះ​មិន​បាន​ទទួល​អ្វី​ដែល​ព្រះ​បាន​សន្យា​ទេ ទោះ​ជា​លោក​បាន​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​ពួក​គេ​ក៏​ដោយ។ ៤០ ពួក​គេ​មិន​អាច​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​មុន​យើង​ទេ*+ ព្រោះ​ព្រះ​ឃើញ​ទុក​ជា​មុន​នូវ​អ្វី​ដែល​ប្រសើរ​ជាង​សម្រាប់​យើង។

១២ ដូច្នេះ ដោយ​សារ​មាន​សាក្សី​មួយ​ក្រុម​ធំ*យ៉ាង​នេះ​នៅ​ជុំវិញ​យើង ចូរ​យើង​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​ធ្ងន់ និង​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​នោះ+ ហើយ​ចូរ​យើង​រត់​ដោយ​ស៊ូ​ទ្រាំ​ក្នុង​ការ​ប្រណាំង​ដែល​ព្រះ​បាន​កំណត់​ឲ្យ​យើង។+ ២ ដំណាល​គ្នា​នោះ យើង​សម្លឹង​មើល​ទៅ​លោក​យេស៊ូ ជា​មេ​ដឹក​នាំ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ និង​ដែល​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​បាន​ពេញ​លក្ខណៈ។+ ដោយ​សារ​អំណរ​ដែល​នៅ​ខាង​មុខ​លោក លោក​បាន​ស៊ូ​ទ្រាំ​លើ​បង្គោល​ទារុណកម្ម* ក៏​មិន​បាន​អាម៉ាស់​ខ្មាស​ដែរ ហើយ​ឥឡូវ​លោក​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​នៃព្រះ។+ ៣ ចូរ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អំពី​លោក​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​សម្ដី​ប្រឆាំង​ពី​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង+ ជា​សម្ដី​ដែល​ពួក​គេ​ផ្ដន្ទា​ទោស​ខ្លួន​ឯង។ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​ល្វើយ ហើយ​មិន​ឈប់​ព្យាយាម។+

៤ ក្នុង​ការ​ត​ស៊ូ​នឹង​ភាព​ខុស​ឆ្គង​នោះ អ្នក​រាល់​គ្នា​មិន​ទាន់​ត​ស៊ូ​រហូត​ដល់​ស្លាប់​ទេ។ ៥ ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​បាន​ភ្លេច​ទាំង​ស្រុង​នូវ​ដំបូន្មាន​ទៅ​កាន់​អ្នក​រាល់​គ្នា ដូច​ជា​ពាក្យ​ទូន្មាន​របស់​ឪពុក​ទៅ​កាន់​កូន​ថា​៖ ​«​កូន​អើយ កុំ​មើល​ងាយ​ការ​ប្រដៅ​ពី​ព្រះ​យេហូវ៉ា*ឡើយ ហើយ​កុំ​ឈប់​ព្យាយាម ពេល​ដែល​លោក​កែ​តម្រង់​កូន។ ៦ ព្រោះ​ព្រះ​យេហូវ៉ា*ប្រៀន​ប្រដៅ​អស់​អ្នក​ដែល​លោក​ស្រឡាញ់ តាម​ការ​ពិត អស់​អ្នក​ដែល​លោក​ទទួល​ជា​កូន លោក​វាយ​នឹង​រំពាត់​»។+

៧ អ្នក​រាល់​គ្នា​ត្រូវ​ស៊ូ​ទ្រាំ ព្រោះ​នោះ​ទុក​ជា​ការ​ប្រៀន​ប្រដៅ។* ព្រះ​កំពុង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​កូន។+ តើ​មាន​ឪពុក​ណា​ដែល​មិន​ប្រៀន​ប្រដៅ​កូន​ឬ​ទេ?+ ៨ ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ទទួល​ការ​ប្រៀន​ប្រដៅ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ស្រប​ច្បាប់ ហើយ​មិន​មែន​ជា​កូន​ពិត​ទេ។ ៩ ម្យ៉ាង​ទៀត យើង​មាន​ឪពុក​ជា​មនុស្ស​ដែល​ធ្លាប់​ប្រដៅ​យើង ហើយ​យើង​បាន​គោរព​ពួក​គាត់ ទម្រាំ​តែ​បិតា​ដែល​ណែនាំ​ជីវិត​យើង​ដោយ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ឲ្យ​យើង​នៅ​រស់ យើង​ក៏​ត្រូវចុះ​ចូល​នឹង​លោក​ជាង​នោះ​ទៅ​ទៀត មែន​ទេ?+ ១០ ព្រោះ​អស់​មួយ​រយៈ​ពេល​ខ្លី ពួក​គាត់​ធ្លាប់​ប្រៀន​ប្រដៅ​យើង​តាម​តែ​ពួក​គាត់​គិត​ថា​ល្អ តែ​ព្រះ​ប្រៀន​ប្រដៅ​យើង​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង​រួម​ចំណែក​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​លោក។+ ១១ ពិត​មែន ពេល​ទទួល​ការ​ប្រៀន​ប្រដៅ នោះ​ធ្វើ​ឲ្យ​កើត​ទុក្ខ* មិន​មែន​ធ្វើ​ឲ្យ​មាន​អំណរ​ទេ។ ប៉ុន្តែ ក្រោយ​មក​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​ប្រៀន​ប្រដៅ​នោះ នឹង​ទទួល​ផល​ជា​សេចក្ដី​សុខ​សាន្ត​និង​របៀប​រស់​នៅ​ដ៏​សុចរិត។

១២ ដូច្នេះ ចូរ​ធ្វើ​ឲ្យ​ដៃ​ដែល​ស្រយុត​និង​ជង្គង់​ដែល​ទន់​បាន​មាំ​មួន​ឡើង+ ១៣ ហើយ​ចូរ​បន្ត​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​អ្នក​រាល់​គ្នា+ ដើម្បី​កុំ​ឲ្យ​អវយវៈ​ដែល​របួស​នោះ​ភ្លាត់​ឆ្អឹង តែ​ដើម្បី​ឲ្យ​ជា​ឡើង​វិញ។ ១៤ ចូរ​ខំ​ប្រឹង​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់+ ហើយ​ខំ​ប្រឹង​ឲ្យ​មាន​សេចក្ដី​បរិសុទ្ធ+ ព្រោះ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​បរិសុទ្ធ អ្នក​នោះ​នឹង​មិន​ឃើញ​លោក​ម្ចាស់​ទេ។ ១៥ ចូរ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​បាត់​បង់​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ដើម្បី​កុំ​ឲ្យ​ឫស​ដែល​មាន​ពិស​ពុល​អាច​ដុះ​ឡើង​បង្កើត​បញ្ហា ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្មោក​គ្រោក។+ ១៦ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​អ្នក​ណា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* ឬ​មាន​អ្នក​ណា​ដែល​មិន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពិសិដ្ឋ ដូច​អេសាវ​នោះ​ឡើយ ព្រោះ​គាត់​បាន​ប្រគល់​សិទ្ធិ​ជា​កូន​ច្បង​ដើម្បី​ប្ដូរ​យក​អាហារ​តែ​មួយ​ពេល។+ ១៧ ពី​ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា ក្រោយ​មក​ពេល​ដែល​គាត់​ចង់​ទទួល​ពរ​នោះ​ជា​មត៌ក គាត់​បាន​ត្រូវ​បដិសេធ។ ទោះ​ជា​គាត់​ស្រក់​ទឹក​ភ្នែក ហើយ​ខំ​ប្រឹង​អស់​ពី​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​ឪពុក​ដូរ​គំនិត​ក៏​ដោយ+ គាត់​ធ្វើ​មិន​បាន​សម្រេច​ទេ។

១៨ ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ចូល​ទៅ​ជិត​ភ្នំ​មួយ​ដែល​អ្នក​រាល់​គ្នា​អាច​ពាល់​បាន+ ហើយ​ជា​ភ្នំ​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ+ មាន​ពពក​ខ្មៅ មាន​ភាព​ងងឹត​សូន្យសុង និង​មាន​ព្យុះ​បក់​បោក​ទេ+ ១៩ ហើយ​ក៏​មិន​បាន​ចូល​ទៅ​ជិត​ភ្នំ​នោះ​ដែល​មាន​សំឡេង​ត្រែ+ និង​មាន​សំឡេង​មួយ​បន្លឺ​ទៅ​កាន់​ពួក​គេ​ដែរ។+ ក្រោយ​ពី​ឮ​សំឡេង​នោះ​ហើយ ពួក​គេ​អង្វរ​សុំ​កុំ​ឲ្យ​សំឡេង​នោះ​បន្លឺ​ទៅ​កាន់​ពួក​គេ​ទៀត។+ ២០ ព្រោះ​ពួក​គេ​ខ្លាច​បង្គាប់​ដែល​ថា​៖ ​«​ប្រសិន​បើ​មាន​សត្វ​ណា​ប៉ះ​ភ្នំ​នេះ ត្រូវ​គប់​ថ្ម​សម្លាប់​សត្វ​នោះ​ចោល​»។+ ២១ ម្យ៉ាង​ទៀត ការ​នោះ​គួរ​ឲ្យ​ខ្លាច​ដល់​ម្ល៉េះ​បាន​ជា​ម៉ូសេ​និយាយ​ថា​៖ ​«​ខ្ញុំ​ភ័យ​ខ្លាច ក៏​ញ័រ​រន្ធត់​ផង​»។+ ២២ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ជិត​ភ្នំ​ស៊ីយ៉ូន+ និង​ក្រុង​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​ក្រុង​យេរូសាឡិម​នា​ស្ថាន​សួគ៌+ ព្រម​ទាំង​ទេវតា​ជា​ច្រើន​អនេក*ដែល​នៅ​ជុំ​គ្នា+ ២៣ និង​ក្រុម​ជំនុំ​របស់​បុត្រ​ច្បង​ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​សួគ៌ ព្រម​ទាំង​ព្រះ​ដែល​ជា​ចៅ​ក្រម​របស់​បុគ្គល​គ្រប់​រូប+ និង​មនុស្ស​សុចរិត​ដែល​បាន​កើត​ពី​ឫទ្ធានុភាព+ ហើយ​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ+ ២៤ និង​លោក​យេស៊ូ​ជា​អ្នក​សម្រុះ​សម្រួល+កិច្ច​ព្រម​ព្រៀង​ថ្មី+ ព្រម​ទាំង​ឈាម​ដែល​លោក​បាន​ប្រោះ​មក​លើ​យើង ជា​ឈាម​ដែល​និយាយ​អំពី​អ្វី​ដែល​ប្រសើរ​ជាង​ឈាម​របស់​អេបិល។+

២៥ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​រក​លេស​មិន​ស្ដាប់​បង្គាប់​លោក​ដែល​កំពុង​មាន​ប្រសាសន៍​ឡើយ។ ព្រោះ​ប្រសិន​បើ​អស់​អ្នក​ដែល​បាន​រក​លេស​មិន​ស្ដាប់​បង្គាប់​អ្នក​ដែល​ប្រាប់​សេចក្ដី​ព្រមាន​របស់​ព្រះ​នៅ​ផែនដី ពួក​គេ​មិន​អាច​គេច​ពី​ទោស​នៅ​ពេល​នោះ ទម្រាំ​តែ​យើង​វិញ យើង​ច្បាស់​ជា​មិន​អាច​គេច​ពី​ទោស​បាន​ឡើយ ប្រសិន​បើ​យើង​បែរ​ចេញ​ពី​លោក​ដែល​មាន​ប្រសាសន៍​ចេញ​ពី​ស្ថាន​សួគ៌!+ ២៦ នៅ​ពេល​នោះ សំឡេង​របស់​លោក​បាន​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ+ ប៉ុន្តែ​ឥឡូវ​លោក​បាន​សន្យា​ថា​៖ ​«​ខ្ញុំ​នឹង​អង្រួន​មេឃ​និង​ផែនដី​ម្ដង​ទៀត​»។+ ២៧ ពាក្យ​ថា​«​ម្ដង​ទៀត​»​ បញ្ជាក់​អំពី​ការ​ដក​ចេញ​នូវ​អ្វី​ដែល​នឹង​ត្រូវ​ធ្វើ​ឲ្យ​រញ្ជួយ ជា​អ្វី​ដែល​បាន​ត្រូវ​បង្កើត ដើម្បី​ឲ្យ​អ្វី​ដែល​នឹង​មិន​ត្រូវ​ធ្វើ​ឲ្យ​រញ្ជួយ​នៅ​ស្ថិត​ស្ថេរ។ ២៨ យើង​ឃើញ​ថា​យើង​នឹង​ទទួលរាជាណាចក្រ​ដែល​មិន​អាច​ត្រូវ​ធ្វើ​ឲ្យ​រញ្ជួយ​ឡើយ។ ហេតុ​នេះ ចូរ​យើង​បន្ត​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ជា​និច្ច ហើយ​តាម​រយៈ​គុណ​ដ៏​វិសេស​លើស​លប់​នោះ យើង​អាច​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ យើង​ធ្វើ​ដូច្នេះ​ដោយ​កោត​ខ្លាច​និង​ស្ញប់​ស្ញែង។ ២៩ ព្រោះ​ព្រះ​របស់​យើង​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ។+

១៣ ចូរ​បន្ត​ស្រឡាញ់​គ្នា​ជា​បង​ប្អូន។+ ២ កុំ​ភ្លេច​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់*+ ព្រោះ​ការ​ធ្វើ​បែប​នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា​ដោយ​មិន​ដឹង​ខ្លួន។+ ៣ ចូរ​ចាំ​ជា​និច្ច​អំពី​ពួក​អ្នក​ដែល​ជាប់​គុក+ ហាក់​ដូច​ជា​ខ្លួន​អ្នក​កំពុង​ជាប់​គុក​ជា​មួយ​នឹង​ពួក​គេ​ដែរ+ ហើយ​ចូរ​ចាំ​ជា​និច្ច​អំពី​ពួក​អ្នក​ដែល​កំពុង​ត្រូវ​គេ​ធ្វើ​បាប ព្រោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​រូប​កាយ​តែ​មួយ។* ៤ ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ចាត់ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ ហើយ​ចូរ​ឲ្យ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ឥត​សៅហ្មង+ ព្រោះ​ព្រះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*និងអ្នក​ផិត​ក្បត់។+ ៥ ចូរ​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​ពី​ការ​ស្រឡាញ់​ប្រាក់+ ហើយ​ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន។+ ព្រោះ​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាកដ​ជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ហើយ​ខ្ញុំ​ក៏​ប្រាកដ​ជា​មិន​បោះ​បង់​ចោល​អ្នក​ដែរ​»។+ ៦ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​៖ ​«​ព្រះ​យេហូវ៉ា*ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វីដល់​ខ្ញុំ?​»។+

៧ ចូរ​ចាំ​អំពី​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​អ្នក​រាល់​គ្នា+ ជា​អ្នក​ដែល​បាន​ប្រាប់​បណ្ដាំ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​ពេល​ពិចារណា​មើល​ការ​ប្រព្រឹត្ត​ល្អ​របស់​ពួក​គាត់ ចូរ​យក​តម្រាប់​ជំនឿ​របស់​ពួក​គាត់។+

៨ លោក​យេស៊ូ​គ្រិស្ត​គឺ​នៅ​ដដែល ម្សិលមិញ ថ្ងៃ​នេះ និង​ជា​រៀង​រហូត​ត​ទៅ។

៩ ចូរ​កុំ​បែរ​ចេញ​ទៅ​តាម​សេចក្ដី​បង្រៀន​ចម្លែក​ផ្សេង​ៗ​ឡើយ ព្រោះ​អ្វី​ដែល​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រឹង​មាំ*គឺ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ មិន​មែន​ម្ហូប​អាហារ*ទេ ដោយ​សារ​ពួក​អ្នក​ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ម្ហូប​អាហារ ពួក​គេ​មិន​ទទួល​ប្រយោជន៍​ឡើយ។+

១០ យើង​មាន​ទី​បូជា​មួយ តែ​មនុស្ស​ដែល​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​នៅ​ត្រសាល គ្មាន​សិទ្ធិ​បរិភោគ​គ្រឿង​បូជា​ពី​ទី​បូជា​នោះ​ទេ។+ ១១ ព្រោះ​សម្ដេច​សង្ឃ​បានយក​ឈាម​សត្វ​ចូល​ក្នុង​កន្លែង​បរិសុទ្ធ​សម្រាប់​ការ​ខុស​ឆ្គង ប៉ុន្តែ​ខ្មោច​សត្វ​ត្រូវ​ដុត​ចោល​ខាង​ក្រៅ​ជំរំ​វិញ។+ ១២ ដូច​គ្នា​ដែរ លោក​យេស៊ូ​បាន​រង​ទុក្ខ​នៅ​ខាង​ក្រៅ​ទ្វារ​ក្រុង+ ដើម្បី​ធ្វើ​ឲ្យ​បណ្ដា​ជន​បាន​បរិសុទ្ធ​តាម​រយៈ​ឈាម​របស់​លោក​ផ្ទាល់។+ ១៣ ដូច្នេះ ចូរ​យើង​ទៅ​ឯ​លោក​នៅ​ខាង​ក្រៅ​ជំរំ ហើយ​រង​ការ​ជេរ​ប្រមាថ​ដែល​លោក​បាន​រង+ ១៤ ព្រោះ​យើង​មិន​មាន​ក្រុង​មួយ​ដែល​ស្ថិត​ស្ថេរ​ទេ តែ​យើង​កំពុង​ទន្ទឹង​រង់​ចាំ​ក្រុង​ដែល​នឹង​មាន​នៅ​ថ្ងៃ​មុខ​ដោយ​ចិត្ត​រំភើប។+ ១៥ ដូច្នេះ តាម​រយៈ​លោក​យេស៊ូ ចូរ​យើង​ជូន​ព្រះ​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​ជា​និច្ច+ ពោល​គឺ​ផល​នៃ​បបូរ​មាត់+ ដែល​ប្រកាស​ប្រាប់​នាម​របស់​លោក​ដល់​អ្នក​ឯ​ទៀត។+ ១៦ ម្យ៉ាង​ទៀត កុំ​ភ្លេច​ធ្វើ​ការ​ល្អ ហើយ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀត+ ព្រោះ​ព្រះ​ពេញ​ចិត្ត​គ្រឿង​បូជា​បែប​នេះ។+

១៧ ចូរ​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា+ ព្រោះ​ពួក​គាត់​កំពុង​ថែ​រក្សា​អ្នក​រាល់​គ្នា ហើយ​ពួក​គាត់​នឹង​ទទួល​ខុស​ត្រូវ​អំពី​របៀប​ដែល​ពួក​គាត់​បាន​ធ្វើ​ការ​នោះ។+ ដូច្នេះ ពួក​គាត់​អាច​ធ្វើ​ការ​នោះ​ដោយ​មាន​អំណរ មិន​មែន​ដោយ​ដក​ដង្ហើម​ធំ​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង់​ប្រយោជន៍។

១៨ ចូរ​បន្ត​អធិដ្ឋាន​ឲ្យ​យើង ព្រោះ​យើង​ជឿ​ជាក់​ថា​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​នឹង​មិន​ផ្ដន្ទា​ទោស​យើង​ទេ ដោយ​សារ​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់។+ ១៩ ប៉ុន្តែ ជា​ពិសេស ខ្ញុំ​សូម​ជំរុញ​ចិត្ត​អ្នក​រាល់​គ្នា​អធិដ្ឋាន​ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​មក​ឯ​អ្នក​រាល់​គ្នា​ឆាប់​ៗ។

២០ សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ដែល​បាន​ប្រោស​គង្វាល​ដ៏​ឧត្ដុង្គ​ឧត្ដម+ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង ដោយ​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​សុពលភាព​ជា​ដរាប ២១ ផ្ដល់​អ្វី​ល្អ​ៗ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត សូម​ព្រះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត។ សូម​ឲ្យ​លោក​មាន​សិរី​រុង​រឿង​ជា​រៀង​រហូត​ត​ទៅ។ អាមេន។

២២ បង​ប្អូន​អើយ ឥឡូវ​ខ្ញុំ​សូម​អ្នក​រាល់​គ្នា​មេត្តា​ស្ដាប់​ពាក្យ​ដ៏​លើក​ទឹក​ចិត្ត​នេះ ព្រោះ​ខ្ញុំ​បាន​សរសេរ​សំបុត្រ​មួយ​យ៉ាង​ខ្លី​ទៅ​កាន់​អ្នក​រាល់​គ្នា។ ២៣ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ធីម៉ូថេ​ដែល​ជា​បង​ប្អូន​របស់​យើង​បាន​ត្រូវ​ដោះ​លែង​ហើយ។ ប្រសិន​បើ​គាត់​មក​ឆាប់​ៗ នោះ​ខ្ញុំ​នឹង​ទៅ​ជួប​អ្នក​រាល់​គ្នា​ជា​មួយ​នឹង​គាត់។

២៤ សូម​ផ្ដាំ​សួរ​សុខ​ទុក្ខ​អស់​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា និង​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់។ អស់​អ្នក​នៅ​ស្រុក​អ៊ីតាលី+ក៏​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា​ដែរ។

២៥ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់។

ឬ​«​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ

ន័យ​ត្រង់​«​ទី​អាស្រ័យ​នៅ​ផែនដី​»​

ន័យ​ត្រង់​«​លោក​ធ្វើ​ឲ្យ​ពួក​ទេវតា​របស់​លោក​ទៅ​ជា​វិញ្ញាណ​»​

ឬ​«​អ្នក​បម្រើ​សាធារណជន​»​

ឬ​«​យុត្តិធម៌​»​

សំដៅ​លើស្ដេច​ឯ​ទៀត​ក្នុង​តំណ​នៃ​វង្ស​ត្រកូល​ដាវីឌ

ន័យ​ត្រង់​«​ទី​អាស្រ័យ​នៅ​ផែនដី​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​

ន័យ​ត្រង់​«​ពូជ​»​

ឬ​«​អញ្ជើញ​»​

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

ពាក្យ​«​ផ្ទះ​»​សំដៅ​លើ​ប្រជាជាតិ​អ៊ីស្រាអែល

នេះ​សំដៅ​លើ​លោក​យេស៊ូ

ឬ​«​ជា​សក្ខី​ភាព​»​

មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​

ន័យ​ត្រង់​«​បាន​ក្លាយ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​»​

ន័យ​ត្រង់​«​មនុស្ស​ធ្ងន់​ត្រចៀក​»​

ឬ​«​មាន​ភាព​ចាស់​ទុំ​»​

ឬ​«​សមត្ថភាព​យល់​ដឹង​»​

ឬ​«​យុគ​សម័យ​ដែល​នឹង​មក​ដល់​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ន័យ​ត្រង់​«​ស្បថ​»​

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​លោក​នឹង​មិន​ស្ដាយ​ក្រោយ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​គ្មាន​កំហុស​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​នៅ​ទី​នេះ​ថា​«​គម្រប​»​ ក៏​អាច​សំដៅ​លើ​គ្រឿង​បូជា​ដែល​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ

តាម​មើល​ទៅ​នេះ​សំដៅ​លើ​កន្លែង​បរិសុទ្ធ​នៅ​ស្ថាន​សួគ៌

ឬ​«​ការ​ប្រៀប​ប្រដូច​»​

ការ​លាង​សម្អាត​មនុស្ស​និង​របស់​របរ​ផ្សេង​ៗ​តាម​តម្រូវ​ការ​ច្បាប់​ម៉ូសេ

ឬ​«​គោ​ស្ទាវ​»​

ន័យ​ត្រង់​«​ថ្លៃ​លោះ​»​

ឬ​«​គោ​ក្រមុំ​»​

ឬ​«​ក្រហម​ឆ្អៅ​»​

ឬ​«​កិច្ច​បម្រើ​សាធារណៈ​»​

ឬ​«​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មនុស្ស​»​

ឬ​«​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​»​

គ្រឿង​បូជា​នេះ​បាន​ត្រូវ​ដុត​ទាំង​មូល

ឬ​«​កិច្ច​បម្រើ​សាធារណៈ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​ប្រោះ​»​សំដៅ​លើ​ការ​យក​ឈាម​របស់​គ្រិស្ត​មក​ប្រោះ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​បន្ត​និយាយ​ដោយ​ក្លាហាន​»​

មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ឬ​«​ស្ថាបត្យករ​»​

ន័យ​ត្រង់​«​ពូជ​»​

ឬ​«​គួរ​ឲ្យ​ទុក​ចិត្ត​»​

ន័យ​ត្រង់​«​ពូជ​»​

ឬ​«​គោរព​ប្រណិប័តន៍​ព្រះ​»​

ន័យ​ត្រង់​«​គ្រិស្ត​»។ មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​

ន័យ​ត្រង់​«​ដោយ​គ្មាន​យើង​ទេ​»​

ន័យ​ត្រង់​«​ពួក​សាក្សី​ដូច​ជា​ពពក​មួយ​យ៉ាង​ធំ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ការ​បង្ហាត់​បង្រៀន​»​

ឬ​«​ឈឺ​ចិត្ត​»​

មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ឬ​«​ទេវតា​រាប់​ម៉ឺន​»​

ឬ​«​ដោយ​ចិត្ត​សប្បុរស​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ហាក់​ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​រង​ទុក្ខ​ជា​មួយ​នឹង​ពួក​គេ​»​

មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​ចិត្ត​របស់​អ្នក​បាន​ត្រូវ​ពង្រឹង​»​

ពោល​គឺ​ច្បាប់​អំពី​អាហារ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក