បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt យ៉ាកុប ១:១-៥:២០
  • យ៉ាកុប

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ាកុប
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
យ៉ាកុប

សំបុត្រ​របស់​យ៉ាកុប

១ ពី​ខ្ញុំ យ៉ាកុប+ ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​និង​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត ជូន​ចំពោះ​កុល​សម្ព័ន្ធ​ទាំង​១២​ដែល​បែក​ខ្ញែក​គ្នា​ទៅ​កន្លែង​ផ្សេង​ៗ​៖

ជម្រាប​សួរ!

២ បង​ប្អូន​ខ្ញុំ​អើយ ពេល​អ្នក​រាល់​គ្នា​ជួប​ទុក្ខ​លំបាក​ផ្សេង​ៗ ចូរ​ចាត់​ទុក​ថា​ការ​នោះ​ជា​អំណរ​សុទ្ធសាធ+ ៣ ព្រោះ​អ្នក​ដឹង​ថា ពេល​ជំនឿ​របស់​អ្នក​បាន​ត្រូវ​សាក​ល្បង​យ៉ាង​នេះ នោះ​ធ្វើ​ឲ្យ​អ្នក​ចេះ​ស៊ូ​ទ្រាំ។+ ៤ បើ​អ្នក​បន្ត​ស៊ូ​ទ្រាំ នេះ​នឹង​បង្វឹក​បង្ហាត់​អ្នក​ឲ្យ​បាន​ពេញ​លក្ខណៈ* ហើយ​អ្នក​នឹង​គ្មាន​គុណ​វិបត្តិ ក៏​មិន​ខ្វះ​គុណ​សម្បត្តិ​ណា​មួយ​សោះ​ឡើយ។+

៥ ម្ល៉ោះ​ហើយ ប្រសិន​បើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ+ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្ដី​បន្ទោស*ឡើយ។+ ធ្វើ​ដូច្នេះ អ្នក​នោះ​នឹង​ទទួល​ប្រាជ្ញា​មែន។+ ៦ ប៉ុន្តែ ចូរ​ឲ្យ​អ្នក​នោះ​បន្ត​សុំ​ដោយ​មាន​ជំនឿ+ និង​ដោយ​មិន​សង្ស័យ​សោះ+ ព្រោះ​អ្នក​ណា​ដែល​សង្ស័យ អ្នក​នោះ​ដូច​ជា​រលក​សមុទ្រ​ដែល​រំពើក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។ ៧ តាម​ពិត អ្នក​នោះ​មិន​គួរ​រំពឹង​ថា​ខ្លួន​នឹង​ទទួល​អ្វី​ពី​ព្រះ​យេហូវ៉ា*ឡើយ។ ៨ អ្នក​នោះ​មាន​ចិត្ត​ពីរ+ ហើយ​ក៏​មិន​នឹង​ធឹង​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែរ។

៩ ប៉ុន្តែ ចូរ​ឲ្យ​បង​ប្អូន​ដែល​ជា​អ្នក​ក្រ​រីករាយ ដោយ​សារ​បាន​ត្រូវ​លើក​តម្កើង+ ១០ ហើយ​ចូរ​ឲ្យ​បង​ប្អូន​ដែល​ជា​អ្នក​មាន​រីករាយ ដោយ​សារបាន​ត្រូវ​បន្ទាប+ ពី​ព្រោះ​អ្នក​មាន​នឹង​រោយ​ទៅ​ដូច​ផ្កា​នៅ​ឯ​វាល ១១ គាត់​នឹង​បាត់​សូន្យ​ទៅ​ក្នុង​កាល​ដែល​គាត់​កំពុង​ដេញ​តាម​ទ្រព្យ​សម្បត្តិ ដូច​រុក្ខជាតិ​ប្រែ​ជា​ស្លោក ផ្កា​វា​ក៏​ជ្រុះ ហើយ​ភាព​ស្រស់​ស្អាត​នៃ​រុក្ខជាតិ​នោះ​ក៏​បាត់​សូន្យ​ទៅ ក្រោយ​ថ្ងៃ​រះ​បញ្ចេញ​កម្ដៅ​ខ្លាំង​ក្រៃ​លែង។+

១២ អ្នក​ណា​ដែល​បន្ត​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​មាន​សុភមង្គល+ ពី​ព្រោះ​ពេល​ដែល​ព្រះ​យេហូវ៉ា*ពេញ​ចិត្ត​អ្នក​នោះ អ្នក​នោះ​នឹង​ទទួល​មកុដ​ជីវិត+ ដែល​ព្រះ​បាន​សន្យា​ឲ្យ​ដល់​អស់​អ្នក​ដែល​រក្សា​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក។+ ១៣ ពេល​ដែល​ជួប​ទុក្ខ​លំបាក កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា​៖ ​«​ព្រះ​កំពុង​ល្បង​ល​ខ្ញុំ​»។ ព្រោះ​គ្មាន​អ្នក​ណា​អាច​ល្បង​ល​ព្រះ​ដោយ​សេចក្ដី​អាក្រក់​ឡើយ ហើយ​ព្រះ​ក៏​មិន​ល្បង​ល​អ្នក​ណា​ដោយ​សេចក្ដី​អាក្រក់​ដែរ។ ១៤ ប៉ុន្តែ មនុស្ស​ម្នាក់​ៗ​ត្រូវ​ល្បង​ល​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ​និង​ល្បួង​លួង​លោម។+ ១៥ រួច​មក ពេល​ដែល​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​ចាប់​មាន​គភ៌ នោះ​ក៏​សម្រាល​ចេញ​ជា​អំពើ​ខុស​ឆ្គង* ហើយ​កាល​ណា​អំពើ​ខុស​ឆ្គង​បាន​សម្រេច​ហើយ នោះ​នាំ​ឲ្យ​ស្លាប់។+

១៦ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ កុំ​ភាន់​ច្រឡំ​ឡើយ។ ១៧ ព្រោះ​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ សុទ្ធ​តែ​មក​ពី​ស្ថាន​លើ+ ព្រោះ​របស់​ទាំង​នោះ​មក​ពី​បិតា​នៃ​ពន្លឺ​នា​នា​នៅ​លើ​មេឃ+ ហើយ​លោក​មិន​ប្រែ​ប្រួល​ដូច​ស្រមោល​ឡើយ។+ ១៨ ដោយ​សារ​ជា​បំណង​ប្រាថ្នា​របស់​លោក នោះ​លោក​បាន​នាំ​យើង​មក​ដោយ​បណ្ដាំ​នៃ​សេចក្ដី​ពិត។+ លោក​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​បាន​ដូច​ជា​ផល​ដំបូង​ពី​ចំណោម​មនុស្សជាតិ។+

១៩ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ដឹង​ថា​មនុស្ស​ម្នាក់​ៗ​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ+ មិន​រហ័ស​ខឹង+ ២០ ព្រោះ​កំហឹង​របស់​មនុស្ស​មិន​នាំ​ឲ្យ​ធ្វើ​អ្វី​ត្រឹម​ត្រូវ​ដែល​ព្រះ​ពេញ​ចិត្ត​ទេ។*+ ២១ ដូច្នេះ ចូរ​លះចោល​អ្វី​ៗ​ទាំង​អស់​ដែល​កខ្វក់ និង​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង*+ ហើយ​ចូរ​ទទួល​ដោយ​ចិត្ត​ស្លូត​បូត​នូវ​បណ្ដាំ​របស់​ព្រះ​ដែល​បាន​ត្រូវ​ដាំ​ក្នុង​អ្នក​រាល់​គ្នា គឺ​ជា​បណ្ដាំ​ដែល​អាច​សង្គ្រោះ​ជីវិត*អ្នក​រាល់​គ្នា។

២២ ក៏​ប៉ុន្តែ ចូរ​អ្នក​រាល់​គ្នា​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ+ ហើយ​កុំ​បញ្ឆោត​ខ្លួន​ដោយ​វែក​ញែក​ខុស​ថា គ្រាន់​តែ​ឮ​គឺ​គ្រប់​គ្រាន់​ហើយ។ ២៣ ព្រោះ​ប្រសិន​បើ​អ្នក​ណា​ជា​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ តែ​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​តាម+ អ្នកនោះ​គឺ​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ឆ្លុះ​មុខ*ក្នុង​កញ្ចក់។ ២៤ ព្រោះ​គាត់​ឆ្លុះ​មុខ​ខ្លួន​ឯង រួច​ចេញ​ទៅ ហើយ​ភ្លេច​ភ្លាម​ថា ខ្លួន​គាត់​ជា​មនុស្ស​បែប​ណា។ ២៥ ប៉ុន្តែ អ្នក​ណា​ដែល​ពិនិត្យ​មើល​ច្បាប់​ល្អ​ឥត​ខ្ចោះ+ដែល​នាំ​ឲ្យ​មាន​សេរី​ភាព ហើយ​ព្យាយាម​ធ្វើ​តាម​ជា​និច្ច អ្នក​នោះ​នឹង​មាន​សុភមង្គល​ក្នុង​ការ​នោះ ពី​ព្រោះ​អ្នក​នោះ​បាន​ទៅ​ជា​អ្នក​ដែល​ធ្វើ​ការ​នោះ មិន​មែន​ជា​អ្នក​ដែល​ឮ រួច​ភ្លេច​ទៅ​វិញ​ទេ។+

២៦ ប្រសិន​បើ​អ្នក​ណា​គិត​ថា​ខ្លួន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ តែ​មិន​ទប់​អណ្ដាត​ខ្លួន+ អ្នក​នោះ​កំពុង​បញ្ឆោត​ចិត្ត​ខ្លួន ហើយ​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក​នោះ​គឺ​គ្មាន​ប្រយោជន៍​ទេ។ ២៧ តាម​ទស្សនៈ​របស់​លោក​ដែល​ជា​ព្រះ​និង​ជា​បិតា​របស់​យើង របៀប​គោរព​ប្រណិប័តន៍​ដែល​ស្អាត​ស្អំ​និង​ឥត​សៅហ្មង​នោះ​គឺ​៖ យើង​ត្រូវ​ថែ​រក្សា​កូន​កំព្រា+និង​ស្ត្រី​មេម៉ាយ+ដែល​កំពុង​រង​ទុក្ខ​វេទនា+ ហើយ​យើង​ត្រូវ​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡូក​ប្រឡាក់​នឹង​ពិភព​លោក​នេះ។+

២ បង​ប្អូន​ខ្ញុំ​អើយ តើ​អ្នក​រាល់​គ្នា​កំពុង​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​ដ៏​រុង​រឿង​របស់​យើង ហើយ​ដំណាល​គ្នា​នោះ​អ្នក​រាល់​គ្នា​បែរ​ជា​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​លម្អៀង​ឬ?+ ២ ប្រសិន​បើ​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រជុំ មាន​បុរស​ម្នាក់​ចូល​មក​ទាំង​ពាក់​ចិញ្ចៀន​មាស​និង​សម្លៀក​បំពាក់​ល្អ​ប្រណីត ហើយ​មានបុរស​ក្រី​ក្រ​ម្នាក់​ដែល​មាន​សម្លៀក​បំពាក់​កខ្វក់​ចូល​មក​ដែរ ៣ រួច​អ្នករាល់គ្នាមើល​ទៅ​បុរស​ដែល​មាន​សម្លៀក​បំពាក់​ល្អ​ប្រណីត​ដោយ​ក្ដី​ពេញ​ចិត្ត ហើយ​និយាយ​ថា​«​សូម​អង្គុយ​កន្លែង​ល្អ​នេះ​»​ រួច​អ្នក​និយាយ​ទៅ​បុរស​ក្រី​ក្រ​ថា​«​ចូរ​ឈរ​ត​ទៅ​ទៀត​»​ ឬ​ថា​«​ចូរ​អង្គុយ​ទី​នោះ​នៅ​ជិត​កំណល់​កល់​ជើង​ខ្ញុំ​»​ តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច្នេះ​ឬ​ទេ?+ ៤ បើ​ធ្វើ​ដូច្នេះ​មែន អ្នក​រាល់​គ្នា​បាន​បែង​ចែក​វណ្ណៈ+ ហើយ​ទៅ​ជា​ចៅ​ក្រម​ដែល​កាត់​ក្ដី​ដោយ​ទុច្ចរិត​ហើយ។+

៥ បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ស្ដាប់។ ព្រះ​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​មាន​ខាង​ជំនឿ+ និង​ធ្វើ​ជា​អ្នក​ទទួល​រាជាណាចក្រ​ជា​មត៌ក ជា​អ្វី​ដែល​លោក​បាន​សន្យា​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​លោក មែន​ទេ?+ ៦ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​អ្នក​ក្រ​អាប់​ឱន​កិត្តិយស។ តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ​ដែល​ជិះ​ជាន់​អ្នក​រាល់​គ្នា+ ហើយ​អូស​អ្នក​រាល់​គ្នា​ទៅ​តុលាការ? ៧ តើ​មិន​មែន​ពួក​គេ​ទេ​ឬ​ដែល​ជា​អ្នក​ប្រមាថ​នាម​ល្អ​ប្រសើរ​ដែល​អ្នក​រាល់​គ្នា​ជា​តំណាង? ៨ ឥឡូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​ព្យាយាម​ប្រព្រឹត្ត​តាម​ច្បាប់​របស់​ស្ដេច​ស្រប​តាម​បទ​គម្ពីរ​ដែល​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»​+ នោះ​អ្នក​រាល់​គ្នា​កំពុង​ប្រព្រឹត្ត​ល្អ​ហើយ។ ៩ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បន្ត​បង្ហាញ​ចិត្ត​លម្អៀង+ នោះ​អ្នក​កំពុង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ហើយ។ តាម​ច្បាប់​នោះ អ្នក​បាន​ត្រូវ​ចាត់​ទុក*ថា​ជា​អ្នក​រំលង​ច្បាប់។+

១០ ព្រោះ​បើ​អ្នក​ណា​ធ្វើ​តាម​ច្បាប់*ទាំង​មូល តែ​ល្មើស​ប្រការ​ណា​មួយ អ្នក​នោះ​បាន​ល្មើស​ច្បាប់​ទាំង​មូល​ហើយ។+ ១១ ព្រោះ​លោក​ដែល​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​មិន​ត្រូវ​សម្លាប់​មនុស្ស​»​+ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​អ្នក​មិន​ត្រូវ​ផិត​ក្បត់​»។+ ឥឡូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ផិត​ក្បត់ តែ​សម្លាប់​មនុស្ស នោះ​អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជា​អ្នក​រំលង​ច្បាប់​ហើយ។ ១២ ចូរ​បន្ត​និយាយ​និង​ប្រព្រឹត្ត​ដូច​អ្នក​ដែល​នឹង​ត្រូវ​វិនិច្ឆ័យ​តាម​ច្បាប់​សម្រាប់​មនុស្ស​ដែល​មាន​សេរី​ភាព។*+ ១៣ ព្រោះ​អ្នក​ណា​ដែល​មិន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា អ្នក​នោះ​ក៏​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​គ្មាន​សេចក្ដី​មេត្តា​ករុណា​ដែរ។+ សេចក្ដី​មេត្តា​ករុណា​ឈ្នះ​ការ​វិនិច្ឆ័យ។

១៤ បង​ប្អូន​ខ្ញុំ​អើយ ប្រសិន​បើ​អ្នក​ណា​ម្នាក់​និយាយ​ថា​ខ្លួន​មាន​ជំនឿ តែ​អ្នក​នោះ​គ្មាន​ការ​ប្រព្រឹត្ត តើ​មាន​ប្រយោជន៍​អ្វី?+ ជំនឿ​របស់​អ្នក​នោះ​មិន​អាច​សង្គ្រោះ​អ្នក​នោះ​បាន​ឡើយ មែន​ទេ?+ ១៥ ប្រសិន​បើ​បង​ប្អូន​ប្រុស​ឬ​បង​ប្អូន​ស្រី​ណា​ម្នាក់​គ្មាន​សម្លៀក​បំពាក់ ឬ​អាហារ​គ្រប់​គ្រាន់​សម្រាប់​ថ្ងៃ​នេះ ១៦ ប៉ុន្តែ អ្នក​រាល់​គ្នា​ណា​ម្នាក់​និយាយ​ទៅ​អ្នក​នោះ​ថា​«​សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ ហើយ​សូម​ឲ្យ​ខ្លួន​ប្រាណ​បាន​កក់​ក្ដៅ និង​ឆ្អែត​ស្កប់​ស្កល់​ចុះ​»​ តែ​អ្នក​មិន​ឲ្យ​អ្វី​ដែល​ពួក​គាត់​ត្រូវ​ការ​សម្រាប់​រូប​កាយ តើ​មាន​ប្រយោជន៍​អ្វី?+ ១៧ ដូច​គ្នា​ដែរ ប្រសិន​បើ​មាន​ជំនឿ តែ​គ្មាន​ការ​ប្រព្រឹត្ត ជំនឿ​នោះ​គឺ​ស្លាប់​ហើយ។+

១៨ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នឹង​មាន​អ្នក​ណា​ម្នាក់​និយាយ​ថា​៖ ​«​អ្នក​មាន​ជំនឿ ឯ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ត។ តើ​អ្នក​អាច​បង្ហាញ​ជំនឿ​របស់​អ្នក​ឲ្យ​ខ្ញុំ​ឃើញ​ដូច​ម្ដេច​បាន បើ​អ្នក​គ្មាន​ការ​ប្រព្រឹត្ត? តែ​ខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់​ខ្ញុំ​ឲ្យ​អ្នក​ឃើញ ដោយ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​»។ ១៩ អ្នក​ជឿ​ថា​មាន​ព្រះ​តែ​មួយ មែន​ទេ? បើ​អ្នក​ជឿដូច្នោះ នោះ​ល្អ​ហើយ។ សូម្បី​តែ​ពួក​វិញ្ញាណ​កំណាច* ក៏​ជឿ​ហើយ​ញ័រ​រន្ធត់​ដែរ។+ ២០ មនុស្ស​គំនិត​រាក់​កំភែល​អើយ តើ​អ្នក​មិន​ដឹង​ទេ​ឬ​ថា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត នោះ​គ្មាន​ប្រយោជន៍? ២១ អាប្រាហាំ​ដែល​ជា​ឪពុក​របស់​យើង​បាន​ត្រូវ​ប្រកាស​ថា ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត បន្ទាប់​ពី​គាត់​បូជា​អ៊ីសាក​ជា​កូន​លើ​ទី​បូជា មែន​ទេ?+ ២២ អ្នក​រាល់​គ្នា​ឃើញ​ថា ជំនឿ​របស់​គាត់​បាន​ស​ឲ្យ​ឃើញ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​គាត់ ហើយ​ការ​ប្រព្រឹត្ត​របស់​គាត់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គាត់​មាន​ជំនឿ​ពិត​ប្រាកដ។*+ ២៣ អ្វី​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​បទ​គម្ពីរ​បាន​ត្រូវ​សម្រេច ដែល​ថា​៖ ​«​អាប្រាហាំ​បាន​ជឿ​ព្រះ​យេហូវ៉ា* ហើយ​គាត់​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត​»​+ ហើយ​គាត់​បាន​ត្រូវ​ហៅ​ថា​«​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​»។*+

២៤ អ្នក​ឃើញ​ថា​មនុស្ស​ម្នាក់​នឹង​ត្រូវ​ប្រកាស​ថា ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត មិន​គ្រាន់​តែ​ដោយ​សារ​ជំនឿ​ប៉ុណ្ណោះ​ទេ។ ២៥ ដូច​គ្នា​ដែរ រ៉ាហាប​ដែល​ជា​ស្រី​ពេស្យា​បាន​ត្រូវ​ប្រកាស​ថា ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត បន្ទាប់​ពី​នាង​បាន​ទទួល​អ្នក​នាំ​សារ​យ៉ាង​រាក់​ទាក់ រួច​បាន​ឲ្យ​ពួក​គេ​ចេញ​ទៅ​តាម​ផ្លូវ​ផ្សេង មែន​ទេ?+ ២៦ ពិត​ណាស់ ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​គឺ​ស្លាប់​ហើយ+ ដូច​រូប​កាយ​ដែល​គ្មាន​ជីវិត។*+

៣ បង​ប្អូន​ខ្ញុំ​អើយ មិន​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ច្រើន​នាក់​ធ្វើ​ជា​អ្នក​បង្រៀន​ឡើយ ពី​ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា​យើង​នឹង​ទទួល​ខុស​ត្រូវ​ធ្ងន់​ជាង​ចំពោះ​ព្រះ។+ ២ ព្រោះ​យើង​ទាំង​អស់​គ្នា​ជំពប់​ដួល*ជា​ញឹក​ញយ។+ ប្រសិន​បើ​អ្នក​ណា​មិន​ដែល​ជំពប់​ដួល​ខាង​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​អាច​កាន់​កាប់​រូប​កាយ​ទាំង​មូល​របស់​ខ្លួន។ ៣ ប្រសិន​បើ​យើង​ដាក់​បង្ហៀរ​នៅ​មាត់​សេះ​ដើម្បី​ធ្វើ​ឲ្យ​វា​ស្ដាប់​បង្គាប់​យើង នោះ​យើង​អាច​កាន់​កាប់​រូប​កាយ​ទាំង​មូល​របស់​វា​បាន។ ៤ មើល! សំពៅ​ក៏​ដូច្នេះ​ដែរ វា​ជា​របស់​ធំ​ណាស់ ហើយ​ក៏​ត្រូវ​រុញ​ច្រាន​ដោយ​ខ្យល់​ដែល​បក់​បោក​យ៉ាង​ខ្លាំង ប៉ុន្តែ​អ្នក​បើក​សំពៅ​អាច​ធ្វើ​ឲ្យ​វា​ទៅ​កន្លែង​ណា​ក៏​បាន​តាម​ដែល​ចិត្ត​គាត់​ចង់ ដោយ​ប្រើ​តែ​ចង្កូត​តូច​មួយ។

៥ ដូច​គ្នា​ដែរ អណ្ដាត​ជា​សរីរាង្គ​ដ៏​តូច​មួយ តែ​វា​អួត​ខ្លាំង​ណាស់។ មើល! គ្រាន់​តែ​ភ្លើង​ដ៏​តូច​មួយ អាច​ធ្វើ​ឲ្យ​ព្រៃ​ធំ​ឆេះ​បាន! ៦ អណ្ដាត​ក៏​ដូច​ជា​ភ្លើង​ដែរ។+ អណ្ដាត​ជា​សរីរាង្គ​រូប​កាយ​យើង ដែល​ពេញ​ទៅ​ដោយ​ភាព​មិន​សុចរិត ព្រោះ​វា​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ស្មោក​គ្រោក+ ហើយ​អាច​បំផ្លាញ​ជីវិត​របស់​មនុស្ស និង​នាំ​ឲ្យ​វិនាស​ដូច​ដែល​កេហេណា*នាំ​ឲ្យ​វិនាស​ដែរ។ ៧ ព្រោះ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ និង​សត្វ​សមុទ្រ​គ្រប់​ពូជ​អាច​ផ្សាំង​បាន ក៏​បាន​ត្រូវ​មនុស្សជាតិ​ផ្សាំង​ហើយ​ដែរ។ ៨ ប៉ុន្តែ​អណ្ដាត​វិញ គ្មាន​មនុស្ស​ណា​អាច​ផ្សាំង​បាន​ទេ។ វា​ជា​របស់​មួយ​ដែល​ធ្វើ​ឲ្យ​អន្តរាយ ក៏​ពោរ​ពេញ​ទៅ​ដោយ​ពិស​ពុល​ដែល​នាំ​ឲ្យ​ស្លាប់។+ ៩ យើង​ប្រើ​អណ្ដាត​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា*ដែល​ជា​បិតា តែ​យើង​ក៏​ប្រើ​អណ្ដាត​ដើម្បី​ដាក់​បណ្ដាសា​មនុស្ស​ដែល​កើត​មក​«​មាន​ភាព​ដូច​ព្រះ​»​ដែរ។+ ១០ មាន​សេចក្ដី​សរសើរ​និង​បណ្ដាសា​ចេញ​ពី​មាត់​តែ​មួយ។

បង​ប្អូន​ខ្ញុំ​អើយ មិន​គួរ​ឲ្យ​ការ​នោះ​កើត​ឡើង​ដូច្នេះ​ទេ។+ ១១ ទឹក​ប្រៃ​និង​ទឹក​សាប​មិន​ផុស​ចេញ​ពី​ប្រភព​ទឹក​តែ​មួយ​ទេ មែន​ទេ? ១២ បង​ប្អូន​ខ្ញុំ​អើយ ដើម​ល្វា​តូច​មិន​អាច​បង្កើត​ផល​ជា​ផ្លែ​អូលីវ​ទេ ហើយ​វល្លិ​ទំពាំង​បាយ​ជូរ​ក៏​មិន​អាច​បង្កើត​ផលជា​ផ្លែ​ល្វា​តូច​ដែរ មែន​ទេ?+ ហើយ​ទឹក​ប្រៃ​ក៏​មិន​អាច​បង្កើត​ទឹក​សាប​បាន​ដែរ។

១៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​អ្នក​ណា​មាន​ប្រាជ្ញា​និង​ការ​យល់​ដឹង? ចូរ​ឲ្យ​អ្នក​នោះ​បង្ហាញ​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ គឺ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​ចិត្ត​ស្លូត​បូត​ដែល​មក​ពី​ប្រាជ្ញា។ ១៤ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ច្រណែន​ឫស្យា+និង​មាន​ចិត្ត​ចង់​បង្ក​ទំនាស់*+ នោះ​កុំ​អួតអាង​ថា​ខ្លួន​មាន​ប្រាជ្ញា​ឡើយ។+ បើ​អ្នក​ធ្វើ​ដូច្នេះ នោះ​បង្ហាញ​ថា​អ្នក​និយាយ​កុហក​ហើយ។ ១៥ ការ​នោះ​មិន​មែន​ជា​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​ទេ។ ការ​នោះ​ជា​ប្រាជ្ញា​ដែល​មក​ពី​ពិភព​លោក​នេះ+ ព្រម​ទាំង​ដូច​សត្វ​តិរច្ឆាន និង​ដូច​ពួក​វិញ្ញាណ​កំណាច។ ១៦ ព្រោះ​កន្លែង​ណា​ដែល​មាន​ចិត្ត​ច្រណែន​និង​ចិត្ត​ចង់​បង្ក​ទំនាស់* កន្លែង​នោះ​មាន​ភាព​ច្របូក​ច្របល់ និង​មាន​អំពើ​អាក្រក់​គ្រប់​យ៉ាង។+

១៧ ប៉ុន្តែ​ប្រាជ្ញា​ពី​ស្ថាន​លើ​វិញ ដំបូង​បង្អស់​គឺ​បរិសុទ្ធ+ រួច​ធ្វើ​ឲ្យ​មាន​សន្តិភាព+ សម​ហេតុ​សម​ផល+ រង់​ចាំ​ធ្វើ​តាម​បង្គាប់ ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​និង​ផល​ល្អ+ មិន​លម្អៀង*+ ហើយ​គ្មាន​ពុត​ត្បុត។+ ១៨ ម្យ៉ាង​ទៀត សេចក្ដី​សុចរិត​ជា​ផល​ដែល​បាន​ត្រូវ​សាប​ព្រោះ​ក្នុង​ស្ថានភាព​ដែល​មាន​សន្តិភាព+ ដើម្បី​ជា​ប្រយោជន៍​ដល់*ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព។+

៤ តើ​អ្វី​បណ្ដាល​ឲ្យ​ឈ្លោះ​ប្រកែក​និង​កើត​វិវាទ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា? ការ​ទាំង​នោះ​បណ្ដាល​មក​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដែល​កំពុង​ប្រយុទ្ធ​ក្នុង​រូប​កាយ​របស់​អ្នក​រាល់​គ្នា មែន​ទេ?+ ២ អ្នក​រាល់​គ្នា​ចង់​បាន តែ​មិន​បាន​ទេ។ អ្នក​រាល់​គ្នា​ចេះ​តែ​ស្អប់​គ្នា*និង​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ឯ​ទៀត តែ​មិន​អាច​បាន​ដូច​បំណង​ទេ។ អ្នក​រាល់​គ្នា​ចេះ​តែ​កើត​វិវាទ​នឹង​គ្នា ហើយ​ឈ្លោះ​ប្រកែក​គ្នា។+ អ្នក​រាល់​គ្នា​មិន​បាន​ទទួល ដោយ​សារ​មិន​បាន​សុំ។ ៣ ពេល​ដែល​អ្នក​រាល់​គ្នា​សុំ នោះ​មិន​បាន​ទទួល​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​សុំ​ដោយ​មាន​បំណង​អាក្រក់ ដើម្បី​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ​របស់​អ្នក​រាល់​គ្នា។

៤ មនុស្ស​ផិត​ក្បត់*អើយ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ការ​ធ្វើ​ជា​មិត្ត​របស់​ពិភព​លោក​នេះ មាន​ន័យ​ថា​ធ្វើ​ជា​សត្រូវ​របស់​ព្រះ? ដូច្នេះ អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​មិត្ត​របស់​ពិភព​លោក​នេះ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​របស់​ព្រះ​ហើយ។+ ៥ ឬ​តើ​អ្នក​រាល់​គ្នា​គិត​ថា​បទ​គម្ពីរ​ចែង​ឥត​ប្រយោជន៍​ឬ ដែល​ថា​៖ ​«​ដោយ​សារ​យើង​មាន​ភាព​ទោរ​ទន់​ទៅ​រក​ការ​ច្រណែន នោះ​យើង​តែង​តែ​ប៉ង​ប្រាថ្នា​ចង់​បាន​អ្វី​ផ្សេង​ៗ​»​?+ ៦ ក៏​ប៉ុន្តែ គុណ​ដ៏​វិសេស​លើស​លប់​ដែល​ព្រះ​ផ្ដល់​ឲ្យ គឺ​ខ្លាំង​ជាង។ ដូច្នេះ បទ​គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​ប្រឆាំង​មនុស្ស​ក្រអឺត​ក្រទម+ តែ​លោក​ផ្ដល់​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​»។+

៧ ហេតុ​នេះ ចូរ​ចុះ​ចូល​នឹង​ព្រះ+ តែ​ចូរ​ត​ស៊ូ​នឹង​មេកំណាច*+ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។+ ៨ ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា។+ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អើយ+ ចូរ​សម្អាត​ដៃ​អ្នក​រាល់​គ្នា ហើយ​ពួក​អ្នក​ដែល​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​អ្នក​រាល់​គ្នា។+ ៩ ចូរ​កើត​ទុក្ខ សោកសៅ ហើយ​យំ​សោក​ចុះ។+ ចូរ​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​ការ​យំ​សោក ហើយ​អំណរ​ក្លាយ​ទៅ​ជា​ការ​ព្រួយ​ចិត្ត​វិញ។ ១០ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា*ចុះ+ ហើយ​លោក​នឹង​តម្កើង​អ្នក​រាល់​គ្នា។+

១១ បង​ប្អូន​អើយ ឈប់​និយាយ​អាក្រក់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។+ អ្នក​ណា​ដែល​និយាយ​អាក្រក់​អំពី​បង​ប្អូន​ឬ​វិនិច្ឆ័យ​បង​ប្អូន អ្នក​នោះ​និយាយ​អាក្រក់​អំពី​ច្បាប់ ហើយ​វិនិច្ឆ័យ​ច្បាប់។ ឥឡូវ ប្រសិន​បើ​អ្នក​វិនិច្ឆ័យ​ច្បាប់ អ្នក​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​តាម​ច្បាប់​ទេ តែ​ជា​ចៅ​ក្រម​វិញ។ ១២ លោក​ដែល​បង្កើត​ច្បាប់​និង​ជា​ចៅ​ក្រម+ មាន​តែ​មួយ​ទេ គឺ​លោក​ដែល​អាច​សង្គ្រោះ​និង​អាច​បំផ្លាញ។+ ប៉ុន្តែ​អ្នក​វិញ តើ​អ្នក​ជា​អ្នក​ណា​បាន​ជា​វិនិច្ឆ័យ​អ្នក​ជិត​ខាង​របស់​ខ្លួន?+

១៣ ឯ​អ្នក​រាល់​គ្នា​ដែល​និយាយ​ថា​៖ ​«​ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក យើង​នឹង​ទៅ​ក្រុង​នេះ​ឬក្រុង​នោះ រួច​ស្នាក់​នៅ​ទី​នោះ​មួយ​ឆ្នាំ ហើយ​រក​ស៊ី​បាន​ចំណេញ​»​ សូម​គិត​ទៅ​មើល+ ១៤ អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ជីវិត​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​នៅ​ថ្ងៃ​ស្អែក។+ ព្រោះ​អ្នក​រាល់​គ្នា​ជា​អ័ព្ទ​ដែល​នៅ​តែ​មួយ​រយៈ​ពេល​ខ្លី រួច​បាត់​ទៅ។+ ១៥ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​គួរ​និយាយ​ថា​៖ ​«​ប្រសិន​បើ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា*+ យើង​នឹង​រស់ ហើយ​ធ្វើ​ការ​នេះ​ឬ​ការ​នោះ​»។ ១៦ ប៉ុន្តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​មោទនភាព​ដោយ​សារ​ការ​អួតអាង​របស់​អ្នក​រាល់​គ្នា។ ការ​អួតអាង​ទាំង​អស់​បែប​នេះ​គឺ​ទុច្ចរិត។ ១៧ ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ចេះ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ តែ​បែរ​ជា​មិន​ធ្វើ​ទៅ​វិញ នោះ​ជា​ការ​ខុស​ឆ្គង​ហើយ។+

៥ ឯ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន​អើយ ចូរ​ស្រែក​យំ​ដោយ​សារទុក្ខ​លំបាក​ដែល​នឹង​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា។+ ២ ទ្រព្យ​របស់​អ្នក​រាល់​គ្នា​បាន​រលួយ​ហើយ ឯ​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​ក៏​សត្វ​ល្អិត​បាន​ស៊ី​បំផ្លាញ​ដែរ។+ ៣ មាស​និង​ប្រាក់​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​ច្រែះ​ស៊ី​ធ្លុះ​អស់ ឯ​ច្រែះ​នោះ​នឹង​ធ្វើ​ជា​សាក្សី​ប្រឆាំង​អ្នក​រាល់​គ្នា ហើយ​នឹង​ស៊ី​សាច់​អ្នក​រាល់​គ្នា។ អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ប្រមូល​ទុក​សម្រាប់​គ្រា​ចុង​ក្រោយ​បង្អស់ នឹង​ប្រៀប​ដូច​ជា​ភ្លើង។+ ៤ មើល! កម្មករ​ដែល​បានប្រមូល​ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក​រាល់​គ្នា ចេះ​តែ​ស្រែក​ឡើង​ឥត​ឈប់ ដោយ​សារ​អ្នក​រាល់​គ្នា​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គេ ហើយ​សម្រែក​សុំ​ជំនួយ​របស់​ពួក​អ្នក​ច្រូត​កាត់​បាន​ឮ​ដល់​ព្រះ​យេហូវ៉ា*នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។+ ៥ អ្នករាល់​គ្នា​បាន​រស់​នៅ​ផែនដី​យ៉ាង​សម្បូរ​សប្បាយ ហើយ​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។ ចិត្ត​របស់​អ្នក​រាល់​គ្នា​គឺ​ប្រៀប​ដូច​ជា​សត្វ​ដែល​គេ​បំប៉ន​ឲ្យ​ធំ​ធាត់ រហូត​ដល់​ថ្ងៃដែល​គេ​សម្លាប់។+ ៦ អ្នក​រាល់​គ្នា​បាន​ផ្ដន្ទា​ទោស​និង​ធ្វើ​ឃាត​អ្នក​សុចរិត។ ហេតុ​នោះ​ហើយ​បាន​ជា​គាត់*កំពុង​ប្រឆាំង​អ្នក​រាល់​គ្នា។

៧ ដូច្នេះ បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់​ធ្មត់​រហូត​ដល់​វត្តមាន​របស់​លោក​ម្ចាស់។+ មើល! កសិករ​បង្ហាញ​ចិត្ត​អត់​ធ្មត់​កាល​ដែល​រង់​ចាំ​ភោគ​ផល*ពី​ផែនដី រហូត​ដល់​រដូវ​ភ្លៀង​ដើម​ឆ្នាំ​និង​រដូវ​ភ្លៀង​ចុង​ឆ្នាំ​មក​ដល់។*+ ៨ ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អត់​ធ្មត់​ដែរ+ ហើយ​តាំង​ចិត្ត​រឹង​មាំ ពី​ព្រោះ​វត្តមាន​របស់​លោក​ម្ចាស់​គឺ​ជិត​ដល់​ហើយ។+

៩ បង​ប្អូន​អើយ កុំ​ត្អូញត្អែរ*អំពី​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នាទទួល​ការ​វិនិច្ឆ័យ។+ មើល! ចៅ​ក្រម​កំពុង​ឈរ​នៅ​មាត់​ទ្វារ​ហើយ។ ១០ បង​ប្អូន​អើយ ចូរ​ទុក​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​និយាយ​តាង​នាម​ព្រះ​យេហូវ៉ា*+ ថា​ជា​គំរូ​ពី​ការ​រង​សេចក្ដី​អាក្រក់+និង​ការ​បង្ហាញ​ចិត្ត​អត់​ធ្មត់។+ ១១ មើល! យើង​ចាត់​ទុក​ពួក​អ្នក​ដែល​បាន​ស៊ូ​ទ្រាំ​ថា​ជា​អ្នក​មាន​សុភមង្គល។+ អ្នក​រាល់​គ្នា​ធ្លាប់​ឮ​អំពី​ការ​ស៊ូ​ទ្រាំ​របស់​យ៉ូប+ ក៏​ដឹង​អំពី​ពរ​ដែល​ព្រះ​យេហូវ៉ា*បាន​ឲ្យ​ដល់​គាត់+ ហើយ​តាម​រយៈ​ការ​នោះ អ្នក​ឃើញ​ថា​ព្រះ​យេហូវ៉ា*មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ និង​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា។+

១២ ជា​ពិសេស​បង​ប្អូន​ខ្ញុំ​អើយ ឈប់​ស្បថ​ត​ទៅ​ទៀត ទោះ​ជា​ស្បថ​ដោយ​យកស្ថាន​សួគ៌ ផែនដី ឬ​អ្វី​ផ្សេង​ទៀត​ជា​សាក្សី​ក៏​ដោយ។ ប៉ុន្តែ ចូរ​រក្សា​សម្ដី បើ​ថា​«​មែន​»​ គឺ​មែន បើ​ថា​«​ទេ​»​ គឺ​ទេ+ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​វិនិច្ឆ័យ។

១៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​កំពុង​រង​ទុក្ខ​លំបាក​ឬ​ទេ? ចូរ​ឲ្យ​អ្នក​នោះ​បន្ត​អធិដ្ឋាន។+ តើ​មាន​អ្នក​ណា​មាន​អារម្មណ៍​ល្អ​ឬ​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ច្រៀង​សរសើរ​ព្រះ។+ ១៤ តើ​មាន​អ្នក​ណា​ឈឺ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឬ​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​អ្នក​ចាស់​ទុំ+ក្នុង​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​ពួក​គាត់​អធិដ្ឋាន​ឲ្យ​អ្នក​នោះ ព្រម​ទាំង​លាប​ប្រេង​ឲ្យ​អ្នក​នោះ+ក្នុង​នាម​ព្រះ​យេហូវ៉ា។* ១៥ រួច​សេចក្ដី​អធិដ្ឋាន​ដែល​បាន​ត្រូវ​ពោល​ដោយ​ជំនឿ​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ឈឺ*បាន​ជា​សះ​ស្បើយ ហើយ​ព្រះ​យេហូវ៉ា*នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​សុខភាព​ល្អ​ឡើង​វិញ។ ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​នឹង​ត្រូវ​អភ័យ​ទោស​ឲ្យ។

១៦ ដូច្នេះ ចូរ​សារភាព​ការ​ខុស​ឆ្គង​របស់​ខ្លួន​ដោយ​ចំហ+ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អធិដ្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ។ សេចក្ដី​អធិដ្ឋាន​អង្វរ​របស់​មនុស្ស​សុចរិត​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។*+ ១៧ អេលីយ៉ា​ក៏​ជា​មនុស្ស​ដូច​យើង​ដែរ* តែ​ពេល​គាត់​អធិដ្ឋាន​អស់​ពី​ចិត្ត​សូម​កុំ​ឲ្យ​ភ្លៀង​ធ្លាក់ នោះ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​នោះ​អស់​៣​ឆ្នាំ​៦​ខែ។+ ១៨ បន្ទាប់​មក គាត់​អធិដ្ឋាន​ម្ដង​ទៀត ហើយ​មេឃ​ក៏​បង្អុរ​ភ្លៀង​មក រួច​ដី​បង្កើត​ភោគ​ផល។+

១៩ បង​ប្អូន​ខ្ញុំ​អើយ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ត្រូវ​បង្វែរ​ចេញ​ពី​សេចក្ដី​ពិត ហើយ​មាន​អ្នក​ណា​ម្នាក់​ជួយ​នាំ​អ្នក​នោះ​មក​វិញ ២០ ចូរ​ដឹង​ថា អ្នក​ណា​ដែល​ជួយ​នាំ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​មក​ពី​ផ្លូវ​អាក្រក់​វិញ+ អ្នក​នោះ​នឹង​សង្គ្រោះ​ជីវិត*គាត់*ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ព្រះ​នឹង​អភ័យ​ទោស​អំពើ​ខុស​ឆ្គង​ជា​ច្រើន​របស់​គាត់។+

ឬ​«​ចូរ​ឲ្យ​ការ​ស៊ូ​ទ្រាំ​សម្រេច​គោល​បំណង​របស់​វា​»​

ឬ​«​មិន​ចាប់​កំហុស​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ

ន័យ​ត្រង់​«​មិន​នាំ​ឲ្យ​បាន​សេចក្ដី​សុចរិត​របស់​ព្រះ​ទេ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អំពើ​អាក្រក់​ច្រើន​ក្រៃ​លែង​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឬ​«​ឆ្លុះ​មុខ​របស់​គាត់​ពី​កំណើត​»​

ឬ​«​ផ្ដន្ទា​ទោស​»​

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

ន័យ​ត្រង់​«​ច្បាប់​នៃ​សេរី​ភាព​»​

ភាសា​ក្រិច​«​ដាយម៉ូនីអន​»​សំដៅ​លើ​ពួក​ទេវតា​អាក្រក់

ន័យ​ត្រង់​«​ជំនឿ​របស់​គាត់​គឺ​ល្អ​ឥត​ខ្ចោះ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឬ​«​ធ្វើ​ខុស​»​

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មាន​មហិច្ឆតា​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មាន​មហិច្ឆតា​»​

ឬ​«​មិន​រើស​មុខ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​តាម​រយៈ​»​

ន័យ​ត្រង់​«​ចេះ​តែ​សម្លាប់​»​

ឬ​«​មនុស្ស​មិន​ស្មោះ​ត្រង់​»​

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ព្រះ​»​

ឬ​«​ភោគ​ផល​វិសេស​»​

រដូវ​ភ្លៀង​ដើម​ឆ្នាំ​ចាប់​ផ្ដើម​ពាក់​កណ្ដាល​ខែ​តុលា។ រដូវ​ភ្លៀង​ចុង​ឆ្នាំ​ចាប់​ផ្ដើម​ពាក់​កណ្ដាល​ខែ​មេសា។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥

ឬ​«​ថ្ងូរ​»​ ឬ​«​រអ៊ូ​រទាំ​»។ ន័យ​ត្រង់​«​ដក​ដង្ហើម​ធំ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ដែល​អស់​កម្លាំង​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់ ពេល​ដែល​សេចក្ដី​អធិដ្ឋាន​នោះ​បាន​ត្រូវ​តប​ឆ្លើយ​»​

ឬ​«​ក៏​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ដូច​យើង​ដែរ​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

សំដៅ​លើ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក