បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១២ ទំ. ២៩-៣០
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • អត្ថបទស្រដៀងគ្នា
  • ឱវាទដ៏ល្អសម្រាប់អ្នកនៅលីវនិងអ្នកដែលរៀបការហើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ពេលអ្នកនៅលីវ ចូរប្រើគ្រានោះឲ្យមានប្រយោជន៍ច្រើនបំផុត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ភាពនៅលីវ—ជាទ្វារមួយសំរាប់សកម្មភាពដែលគ្មានការរំខាន
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • តើគម្ពីរចែងយ៉ាងណាអំពីការនៅលីវនិងការរៀបការ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១២ ទំ. ២៩-៣០

សំណួរ​ពី​អ្នក​អាន

តើ​គ្រិស្ត​សាសនិក​អាច​ធ្វើ​យ៉ាង​ណា បើ​ពិបាក​រក​គូ​អាពាហ៍ពិពាហ៍​ល្អ​ម្នាក់?

សូម្បី​តែ​គ្រិស្ត​សាសនិក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ក៏​ដោយ ក៏​អាច​កើត​ទុក្ខ​នៅ​ពេល​ដែល​សង្ឃឹម​ថា​នឹង​បាន​អ្វី​មួយ តែ​មិន​បាន​ដូច​ប្រាថ្នា​នោះ។ អារម្មណ៍​របស់​យើង​បាន​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​នៅ​ក្នុង​សៀវភៅ​សុភាសិត​ដែល​ចែង​ថា​៖ «សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត»​ឬ​មួយ​ក៏​«ការ​អស់​សង្ឃឹម តែង​តែ​នាំ​អោយ​ព្រួយ​ចិត្ត»។ (សុភាសិត ១៣:១២; ខ.ស.) បងប្អូន​គ្រិស្ត​សាសនិក​ខ្លះ​មាន​អារម្មណ៍​បែប​នេះ ពេល​ដែល​ពួក​គាត់​ចង់​រៀប​ការ តែ​មិន​អាច​រក​គូ​អាពាហ៍ពិពាហ៍​ដែល​ល្អ​សម​គ្នា។ នេះ​គឺ​ពិបាក​ជាង​គេ ជា​ពិសេស​ចំពោះ​អស់​អ្នក​ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់​ថា​៖ «មាន​សេចក្ដី​រោលរាល»​ឬ​«ពុះ​កញ្ជ្រោល»។—កូរិនថូសទី១ ៧:៩; ខ.ស.

ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ជាតិ​ឲ្យ​មាន​បំណង​ចង់​នៅ​ជា​មួយ​មនុស្ស​ម្នាក់​ទៀត​ដែល​ជា​ភេទ​ផ្ទុយ។ ដូច្នេះ​ហើយ មិន​ជា​ការ​ចម្លែក​ទេ ដែល​បងប្អូន​នៅ​លីវ​មាន​អារម្មណ៍​បែប​នេះ។ (លោកុប្បត្តិ ២:១៨) ប្រហែល​ជា​ទំនៀម​ទម្លាប់​ក្នុង​សង្គម​សង្កត់​ធ្ងន់​ទៅ​លើ​សារៈ​សំខាន់​នៃ​ការ​រៀប​ការ (ឬ​ការ​រៀប​អាពាហ៍ពិពាហ៍​មុន​ចាស់​ពេក) ហើយ​នេះ​អាច​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ចង់​រៀប​ការ​ភ្លាមៗ។ ណា​មួយ​ទៀត គ្រិស្ត​សាសនិក​ខ្លះ​ដែល​នៅ​លីវ​អាច​មាន​អារម្មណ៍​បែប​នេះ​ពេល​ឃើញ​បងប្អូន​ភាគ​ច្រើន​នៅ​ក្នុង​ក្រុម​ជំនុំ​បាន​រៀប​ការ​រួច​ហើយ ថែម​ទាំង​មាន​សុភមង្គល​ផង។ យ៉ាង​ណា​ក៏​ដោយ ខ្វល់ខ្វាយ​ពី​បញ្ហា​នេះ​រហូត មិន​ជា​ការ​ល្អ​ឡើយ។ ដូច្នេះ តើ​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​អាច​ទប់ទល់ ដោយ​មិន​បណ្ដោយ​ខ្លួន​ឲ្យ​ខូច​ចិត្ត​ខ្លាំង​ពេក​តាម​របៀប​ណា?

ការ​ទប់​ចិត្ត​មិន​តែង​តែ​ស្រួល​ទេ ហើយ​អ្នក​ដទៃ​ក៏​មិន​គួរ​មាន​គំនិត​ថា អ្នក​នៅ​លីវ​នោះ​បំផ្លើស​ពី​អារម្មណ៍​របស់​ខ្លួន ឬ​ចាត់​ទុក​នេះ​ជា​បញ្ហា​តូចតាច​ដែល​មិន​សូវ​សំខាន់​ឡើយ។ ក៏​ប៉ុន្តែ ការ​ទប់ទល់​នឹង​អារម្មណ៍​ដ៏​ពិបាក​ក្នុង​ចិត្ត និង​ការ​រិះ​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ ច្រើន​តែ​អាស្រ័យ​ទៅ​លើ​ខ្លួន​អ្នក​ដែល​នៅ​លីវ។

គោលការណ៍​មួយ​នេះ​ក្នុង​គម្ពីរ បញ្ជាក់​ពី​វិធី​ម្យ៉ាង​ដែល​អ្នក​នៅ​លីវ​អាច​ទប់ទល់​និង​មិន​បណ្ដោយ​ខ្លួន​ឲ្យ​ខូច​ចិត្ត​ខ្លាំង​ពេក។ បទ​គម្ពីរ​ចែង​ថា​៖ «ដែល​ឲ្យ នោះ​បាន​ពរ​ជាជាង​ទទួល»។ (កិច្ចការ ២០:៣៥) នេះ​ជា​ពាក្យ​របស់​បុរស​ម្នាក់​ដែល​នៅ​លីវ គឺ​ព្រះ​យេស៊ូ ហើយ​ទ្រង់​ក៏​យល់​ច្បាស់​ពី​អ្វី​ដែល​ទ្រង់​បាន​និយាយ​ដែរ។ ពេល​យើង​ជាប់​រវល់​ក្នុង​ការ​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន នេះ​ជា​វិធី​មួយ​ដ៏​សមរម្យ​មែន ដើម្បី​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ចិត្ត​អស់​សង្ឃឹម​នោះ។ ចំពោះ​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ តើ​គោលការណ៍​នេះ​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​ធ្វើ​អ្វី​ខ្លះ?

គោលការណ៍​នេះ​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​នៅ​លីវ​ឲ្យ​ធ្វើ​ការ​ល្អៗ​ចំពោះ​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​អ្នក​ឯ​ទៀត​ក្នុង​ក្រុមជំនុំ ថែម​ទាំង​បង្កើន​សកម្មភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។ ឱវាទ​នេះ​មិន​មែន​ជា​យោបល់​ថា ‹ចូរ​ជាប់​រវល់​ចុះ! នោះ​អ្នក​នឹង​លែង​ចង់​រៀប​ការ​ហើយ›ទេ។ ប៉ុន្តែ ពេល​ជាប់​រវល់​ក្នុង​កិច្ចការ​ជា​គ្រិស្ត​សាសនិក អ្នក​ដែល​នៅ​លីវ​ប្រហែល​ជា​នឹង‹ស៊ូ​កុំ​ឲ្យ​រៀប​ការ› ទាំង​មាន​ចិត្ត​«សប្បាយ»​ក្នុង​ការ​ចេះ​«អត់​ទ្រាំ» ហើយ​នេះ​អាច​ធ្វើ​ឲ្យ​កាលៈទេសៈ​ក្នុង​ជីវិត​របស់​គាត់​ទៅ​ជា​មាន​ប្រយោជន៍​ច្រើន​ជាង។—ម៉ាថាយ ១៩:១០, ១១; កូរិនថូស​ទី១ ៧:៩, ៤០

អ្នក​ខ្លះ​ដែល​មាន​ចំណង់​ចង់​រៀប​ការ​ខ្លាំង​ពេក បាន​ជក់​ស្លុង​នឹង​ក្ដី​ប្រាថ្នា​មួយ​នេះ​យ៉ាង​ហួស​ហេតុ។ ពួក​គាត់​ក៏​ហ៊ាន​រហូត​ដល់​បាន​ចុះ​តាម​សារព័ត៌​មាន​ដើម្បី​ប្រកាស​រក​គូ​ផង។ ប៉ុន្តែ​តាម​ការ​ពិត យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​ជាង បើ​យើង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អំណរ​ដែល​យើង​អាច​មាន​បាន​ពេល​នៅ​លីវ (សូម​មើល​វគ្គ​៤​-​៧ ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «ភរិយា​ទាំង​ឡាយ ចូរ​គោរព​ស្វាមី​យ៉ាង​ជ្រាល​ជ្រៅ» ក្នុង​ទស្សនាវដ្ដី​ប៉មយាម ចុះ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០០៧ និង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «ភាព​នៅ​លីវ​ជា​ទ្វារ​មួយ​សំរាប់​សកម្មភាព​ដែល​គ្មាន​ការ​រំខាន» ក្នុង​ទស្សនាវដ្ដី​ប៉មយាម ចុះ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៩៧)។

ចូរ​អធិស្ឋាន​សូម​ព្រះ​យេហូវ៉ា​ជួយ​ឲ្យ​ចេះ​ស៊ូទ្រាំ​នឹង​ភាព​នៅ​លីវ។ (ភីលីព ៤:៦, ៧, ១៣) បងប្អូន​គ្រិស្ត​សាសនិក​ច្រើន​នាក់​ដែល​មិន​ទាន់​រៀប​ការ​ក៏​ទទួល​ស្គាល់​ថា ការ​យក​ពេល​ដើម្បី​សិក្សា​និង​រំពឹង​គិត​ពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ចូល​រួម​កិច្ច​ប្រជុំ​និង​រួម​ចំណែក​ដោយ​ផ្ដល់​ចម្លើយ បាន​ធ្វើ​ឲ្យ​ពួក​គាត់​«ស្ងប់​ចិត្ត» ដូច​ព្រះ​យេស៊ូ​បាន​សន្យា​ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​ទ្រង់។ (ម៉ាថាយ ១១:២៨​-​៣០, ខ.ស.) នេះ​បាន​ជួយ​ពួក​គាត់​ឲ្យ​ពង្រឹង​ចំណង​មេត្រីភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដើម្បី​ធ្វើ​ជា​ស្វាមី​និង​ភរិយា​ដែល​ល្អ​ជាង នៅ​ពេល​ក្រោយ បើ​ពួក​គាត់​អាច​រក​គូ​អាពាហ៍ពិពាហ៍​ដែល​ល្អ​សម​គ្នា​បាន។

សូម​ចាំ​កុំ​ភ្លេច​ថា ព្រះ​យេហូវ៉ា​យល់​ពី​កាលៈទេសៈ​របស់​អ្នក​បម្រើ​ទ្រង់​ដែល​នៅ​លីវ។ ទ្រង់​ជ្រាប​ថា ស្ថានភាព​ក្នុង​ជីវិត​នៅ​ពេល​នេះ ប្រហែល​មិន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​ទេ។ បិតា​ដែល​ជា​ទី​ស្រឡាញ់​របស់​យើង​នៅ​ឯ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ពី​អ្វី​ដែល​យើង​ត្រូវ​ការ​នៅ​ពេល​ឥឡូវ​នេះ ហើយ​និង​ត​ទៅ​មុខ​ទៀត​ផង។ ដូច្នេះ ទ្រង់​រមែង​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ឲ្យ​មាន​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់ ព្រម​ទាំង​ចិត្ត​ស្កប់ស្កល់​ផង​ដែរ។ ជា​លទ្ធផល ពេល​ដែល​យើង​សង្ឃឹម​ទៅ​លើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់ធ្មត់ ព្រម​ទាំង​អនុវត្ត​តាម​គោលការណ៍​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ទ្រង់ នោះ​យើង​អាច​ដឹង​ជា​ប្រាកដ​ថា ទ្រង់​នឹង​ប្រទាន​អ្វីៗ​ដែល​ជា​ចាំបាច់​ដើម្បី​ផ្ដល់​ប្រយោជន៍​ជា​រៀង​រហូត​ដល់​យើង​គ្រប់​គ្នា។—សូម​ពិនិត្យ​បន្ថែម ទំនុកដំកើង ១៤៥:១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក