តើជីវិតមានតម្លៃយ៉ាងណាចំពោះអ្នក?
ក្មេងប្រុសជំទង់ម្នាក់បានលោតសម្លាប់ខ្លួនពីជាន់ទីប្រាំបីនៃអាគារមួយ។ គាត់បានអានសៀវភៅមួយ ដែលរាយរាប់អំពីការលោតសម្លាប់ខ្លួន ជា«ការឥតមានការឈឺចាប់ ឬការមិនស្រួល ឬការភ័យខ្លាច។ តែផ្ទុយទៅវិញ នេះជាការដែលធ្វើឲ្យមានអារម្មណ៍ល្អ»។ អ្នកនិពន្ធសៀវភៅនេះ ដែលបានបោះពុម្ពនៅប្រទេសជប៉ុន បានអះអាងថា គាត់គ្រាន់តែផ្ដល់ឲ្យយោបល់ប៉ុណ្ណោះ ដែល«ការសម្លាប់ខ្លួនជាជម្រើសមួយក្នុងជីវិត»។
នៅសព្វថ្ងៃនេះ មនុស្សដែលគ្មានការគោរពដល់ជីវិត មិនមែនមានតែពួកអ្នកប្រព្រឹត្តការសម្លាប់ខ្លួនប៉ុណ្ណោះទេ។ ពួកអ្នកបើកឡានដែលធ្វេសប្រហែសក៏ពុំសូវមានការគោរពដល់ជីវិតដែរ។ អ្នកខ្លះថែមទាំងផឹកស្រាហើយបើកឡានទៀត ឯមនុស្សជាច្រើន គេបើកដោយជាន់ល្បឿនយ៉ាងលឿនរហូតដល់មានគ្រោះថ្នាក់ស្លាប់។
រីឯអ្នកឯទៀតគេដាក់ទម្ងន់ទៅលើតែការកំសាន្ត បង្ហាញថា គេវាយតម្លៃជីវិតរបស់គេតិចណាស់។ ពួកអ្នកជក់មិនព្រមកំចាត់ចោលបារីរបស់គេទេ ថ្វីបើការជក់បារីអាចបណ្ដាលឲ្យស្លាប់ ហើយត្រូវបានគេចាត់ទុកជាការសម្លាប់ខ្លួនតាមវិធីយឺតក៏ដោយ។ ជាជាងរក្សាឲ្យមានព្រហ្មចារីភាពនៅក្នុងលោកីយ៍ដ៏ឆ្កួតកាមនេះ មនុស្សជាច្រើនប្រព្រឹត្តការរួមដំណេកដោយមិនរើសមុខ ដែលតែងតែនាំឲ្យមានសេចក្ដីស្លាប់។
អ្នកខ្លះ ដោយមិនដឹងខ្លួន បានធ្វើឲ្យជីវិតរបស់ខ្លួនទៅជាខ្លី ដោយសារការបរិភោគហួសហេតុ ការផឹកជ្រុលហួស ការហាត់ប្រាណមិនគ្រប់គ្រាន់ និងការស្វែងរកតែការកំសាន្ត។ អ្នកនិពន្ធជាតិជប៉ុនម្នាក់ឈ្មោះ ហ្សិនយ៉ា នីហ្សីម៉ារូ បានព្រមានថា៖ «ទំលាប់បរិភោគដោយមិនចេះទប់ អាចប៉ះពាល់ដល់ដំណើរសរីរៈ ហើយការស្វែងរកតែភាពស្រណុកនិងការកំសាន្ត ធ្វើឲ្យសឹកដល់ជីវិតសម្ព័ន្ធភាពរបស់មនុស្ស»។ អ្នកខ្លះយល់ស្របតាមទស្សនៈនៃពួកជនសម័យបុរាណ ដែលបានមានប្រសាសន៍ថា៖ «ចូរយើងស៊ីហើយផឹកទៅ ដ្បិតនៅថ្ងៃស្អែកនេះ យើងត្រូវស្លាប់ហើយ»។—អេសាយ ២២:១៣; កូរិនថូសទី១ ១៥:៣២
ត្រូវហើយ ភាពគ្មានការគោរពដល់ជីវិត គឺមានពាសពេញនៅសព្វថ្ងៃនេះ។ ដូច្នេះ ជាការត្រឹមត្រូវដោយសួរថា តើជីវិតមានតម្លៃយ៉ាងណាចំពោះអ្នក? តើគួរតែការពារជីវិតទោះជាយ៉ាងណាក៏ដោយឬ? ហើយតើមានអ្វីទៀតដែលមានតម្លៃជាងជីវិតរបស់យើងនៅសព្វថ្ងៃនេះទេ?