តើអ្នកណាជាអ្នកគ្រប់គ្រង?
«តើអ្នកណាជាអ្នកគ្រប់គ្រងរបស់លោកីយ៍នេះ»? បើសិនជាមានអ្នកណាម្នាក់សួរអំពីសំនួរនេះ តើអ្នកនឹងតបឆ្លើយដោយរបៀបណា? មនុស្សកាន់សាសនាជាច្រើនប្រហែលជានិយាយថា «ព្រះ» ឬ «ព្រះយេស៊ូ»។ ក្នុងពត៌មានហ្វ្រីផួតនៃកាសែតបាហាម៉ាស់ មានអត្ថបទមួយដែលបានឆ្លើយសំនួរ ដែលមនុស្សខ្លះរង់ចាំមើល។
អ្នកសរសេរអត្ថបទនេះចាប់ផ្ដើមនិយាយថា «ខ្ញុំបានរើសខិត្តប័ណ្ណមួយពីមាត់ទ្វាររបស់ខ្ញុំ។ តាមធម្មតា ខ្ញុំមិនអានអ្វីដែលទុកចោលនៅតាមមាត់ទ្វារនោះទេ ប៉ុន្តែ ពេលនេះខ្ញុំបានតាំងចិត្តអានវាម្ដង។ ចំណងជើងសួរសំនួរថា ‹តើអ្នកណា ជាអ្នកគ្រប់គ្រងដ៏ពិតប្រាកដរបស់លោកីយ៍នេះ›»? ដោយបានអានខិត្តប័ណ្ណនៃព្រះគម្ពីរ ស្ត្រីម្នាក់នេះបានយល់ថា អ្នកគ្រប់គ្រងរបស់លោកីយ៍នេះ មិនមែនព្រះឬក៏ជាព្រះយេស៊ូទេ ប៉ុន្តែ គឺជាអារក្សសាតាំងវិញ។—យ៉ូហាន ១២:៣១; ១៤:៣០; ១៦:១១; យ៉ូហានទី១ ៥:១៩
នៅក្នុងខិត្តប័ណ្ណនោះបានពន្យល់ថា «សូមលោកអ្នកពិចារណានូវ អំពើឃោរឃៅយ៉ាងក្រៃលែង ដែលមនុស្សបានប្រព្រឹត្តនឹងគ្នា ដោយគ្មានមេត្ដាសោះឡើយ។ មនុស្សបានប្រើបន្ទប់បំពុល ដែលពោរពេញទៅដោយជាតិឧស្ម័ន បន្ទាយឃុំឃាំងមនុស្ស អាវុធបាញ់អណ្ដាតភ្លើង គ្រាប់បែកគីមីរលាក ហើយវិធីយ៉ាងសាហាវឯទៀតដើម្បីនឹងធ្វើទារុណកម្ម ហើយសម្លាប់គ្នាឯងដោយគ្មានមេត្ដាសោះឡើយផង។ . . . តើមានអានុភាពណាដែលជំរុញឲ្យមនុស្សប្រព្រឹត្តអំពើស្អប់ខ្ពើម ឬ ក៏ដឹកនាំពួកគេទៅក្នុងស្ថានការណ៍ដែលជំរុញឲ្យគេប្រព្រឹត្ត អំពើឃោរឃៅយ៉ាងក្រៃលែងនោះឬទេ? តើលោកអ្នកដែលធ្លាប់ងឿងឆ្ងល់ អំពីរឿងនេះទេ ថាតើមានអំណាចដ៏អាក្រក់ដែលមើលមិនឃើញណាមួយ ដែលកំពុងជំរុញឲ្យមនុស្សប្រព្រឹត្តអំពើឃោរឃៅយ៉ាងនេះឬទេ»? តើជាការណ៍ភ្ញាក់ផ្អើលឬ ដែលព្រះគម្ពីរហៅអារក្សសាតាំងថា «ព្រះរបស់លោកីយនេះ»?—កូរិនថូសទី២ ៤:៤
ជាការសប្បាយរីករាយ ព្រោះពេលវេលាជិតមកដល់ហើយ ដែលសាតាំងនិងពួកព្រាយបិសាចរបស់វា នឹងលែងមានទៀតឡើយ! «ឯលោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៧) ត្រូវហើយ ព្រះគម្ពីរបានសន្យាថា អ្នកណាដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យព្រះ នោះនឹងមានសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច ក្នុងពិភពលោកថ្មីដ៏សុចរិត។ (ទំនុកដំកើង ៣៧:៩-១១; ពេត្រុសទី២ ៣:១៣; វិវរណៈ ២១:៣, ៤) តើនឹងបានធូរស្បើយយ៉ាងណាទៅហ្ន៎ នៅពេលដែលអានុភាពដ៏អាក្រក់ នៃអារក្សសាតាំងនិងព្រាយបិសាចរបស់វាត្រូវយកចេញនោះ!
ក្រោយពីបានសង្ខេបរឿងនៃខិត្តប័ណ្ណតូចមួយនោះហើយ អ្នកសរសេរអត្ថបទនៃពត៌មានហ្វ្រីផួត បានសន្និដ្ឋានថា៖ «ខ្ញុំមានចិត្តត្រេកអរណាស់ ដែលខ្ញុំបានអានខិត្តប័ណ្ណនោះ . . . ពីព្រោះខ្ញុំក៏តែងតែមានចិត្តខ្វល់ខ្វាយអំពីស្ថានភាពនៃពិភពលោកនេះដែរ ហើយអំពីអ្នកណាដែលជាអ្នកគ្រប់គ្រង»។