កិច្ចការដែល«ប្រាកដជានាំឲ្យមានការគោរព»
សាវ័កពេត្រុសបានដាស់តឿនពួកគ្រីស្ទានគ្នីគ្នាថា៖ «ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃដើម្បីនៅកន្លែងណា ដែលគេនិយាយដើមពីអ្នករាល់គ្នាទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ»។ (ពេត្រុសទី១ ២:១២) ជាច្រើនឆ្នាំមកហើយ ដែលស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសអ៊ីតាលី បានបង្ហាញនូវចរិយាដ៏ល្អបែបនេះ។ តាមសេចក្ដីដែលព្រះយេស៊ូបានបង្គាប់ឲ្យថ្លែង«ប្រាប់ពីលើដំបូលផ្ទះ» នោះគេមានសកម្មភាពខាងគ្រីស្ទានដោយឥតលាក់លាម នៅតាមសាធារណៈ។ (ម៉ាថាយ ១០:២៧; យ៉ូហាន ១៨:២០) ជាលទ្ធផល នៅពេលដែលមេធាវីជាតិអ៊ីតាលីនិងបព្វជិតម្នាក់បានបោះពុម្ពពាក្យចោទ ថាស្មរបន្ទាល់ព្រះយេហូវ៉ាគឺជា«និកាយ . . . ដែលអះអាងថាជាសាសនាមួយ» ហើយចាត់ទុកពួកគេជាមួយនឹង«សង្គមដ៏សម្ងាត់ដែលឃុំឃាំងមនុស្ស» នោះពួកស្មរបន្ទាល់បានសម្រេចចិត្តក្នុងការចាត់វិធានការប្ដឹងតាមច្បាប់ ដោយព្រោះសេចក្ដីថ្លែងដ៏បង្ខូចកេរ្ដិ៍ឈ្មោះនេះ។
ក្នុងវិនិច្ឆ័យកិច្ចដំបូង តុលាការបានសន្និដ្ឋានថា មេធាវីនិងបព្វជិតនេះមិនបានប្រព្រឹត្តល្មើសនឹងច្បាប់ណាមួយនោះទេ។ ប៉ុន្តែ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៧ នោះសាលាឧទ្ធរណ៍នៅទីក្រុងវិនីសបានប្ដូរបញ្ច្រាសទៅវិញនូវសេចក្ដីសម្រេចនៃតុលាការដំបូង ដោយឃើញថា ចុងចោទគឺមានទោស។ សាលាឧទ្ធរណ៍ថ្លែងថា៖ «អត្ថបទទាំងពីរដែលបានបោះពុម្ពនោះគឺមានការនិយាយនិងប្រយោគដែលប្រាកដជាអាចធ្វើឲ្យខូចកេរ្ដិ៍ឈ្មោះពួកកាន់តាមនៃសាសនារបស់‹ស្មរបន្ទាល់ព្រះយេហូវ៉ា›។ គឺឃើញជាក់ស្តែងថា គោលបំណងនៃអត្ថបទនេះគឺដើម្បីលាតត្រដាងឲ្យគេស្អប់ស្មរបន្ទាល់ទៅវិញ»។ តុលាការនេះថ្លែងថា អត្ថបទ«មិនមានសិទ្ធិត្រឹមត្រូវក្នុងការរាយការណ៍ឬរិះគន់នោះឡើយ»។ តុលាការបានពិន័យអ្នកបង្ខូចកេរ្ដិ៍ឈ្មោះទាំងពីរនាក់នេះ ហើយបញ្ជាឲ្យគេបង់ឈ្នួលតុលាការទាំងអស់ ដែលរួមបញ្ចូលសោហ៊ុយរបស់ស្មរបន្ទាល់ក្នុងក្ដីទាំងពីរនោះផង។
ក្នុងសេចក្ដីកាត់ទោសដែលចុះជាអក្ស នោះសាលាឧទ្ធរណ៍នៅទីក្រុងវិនីសថ្លែងថា៖ «លុះត្រាតែថ្លឹងថ្លែងហើយការពារនូវសិទ្ធិទាំងអស់ ដែលបានធានារ៉ាប់រងដោយច្បាប់ធម្មនុញ្ញ[អ៊ីតាលី] នោះទើបអាចបង្ការនូវការឥតចេះត្រាប្រណីនិងចរិយាដ៏អាក្រក់លើសាសនា»។ សេចក្ដីសម្រេចនេះទទួលស្គាល់ថា សកម្មភាពរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាគឺមិនមែនជាការលាក់លាមឬគ្រាន់តែជាការអះអាងថាជាសាសនានោះទេ។ តុលាការកត់សម្គាល់ថា «ការចាត់ទុកស្មរបន្ទាល់ក្នុងចំណោមពួកសង្គមសម្ងាត់ នោះគឺឥតទាំងគោរពដល់សេចក្ដីពិតក្នុងប្រវត្ដិសាស្ត្រសោះ ព្រោះសាសនានេះគឺមានក្នុងក្រុងជាច្រើន ហើយសកម្មភាពនៃការផ្សាយគ្រប់កន្លែងដែលមានសមាជិកខ្លួនធ្វើ ជាពិសេសនៅថ្ងៃអាទិត្យនិងថ្ងៃឈប់សំរាក់ឯទៀត នោះបានគេស្គាល់ពាសពេញ ហើយប្រាកដជានាំឲ្យមានការគោរព ទោះជាបុគ្គលម្នាក់ប្រហែលជាគិតថាគេបង្រៀនយ៉ាងណាក៏ដោយ»។ ដូច្នេះ ប្រវត្ដិនៃការផ្សាយដ៏ខ្នះខ្នែងនិងចរិយារបស់ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងប្រទេសអ៊ីតាលី បានជួយមនុស្សឲ្យរំលាយចោលនូវការប្រកាន់របស់គេ។—ម៉ាថាយ ៥:១៤-១៦; ពេត្រុសទី១ ២:១៥