សេចក្ដីស្រឡាញ់ដល់អស់អ្នក‹ដែលទាក់ទងក្នុងជំនឿ›
ពួកគ្រីស្ទានដ៏ស្មោះគឺមានសម្ព័ន្ធក្នុងចំណោមពួកគេដូចនៅក្នុងគ្រួសារអ៊ីចឹង។ ប្រាកដហើយ តាំងពីសតវត្សទីមួយ ស.យ. នោះពួកគេបានហៅគ្នាជា«បងប្អូនប្រុសស្រី»។ (ម៉ាកុស ៣:៣១-៣៥; ភីលេម៉ូន ១, ២) នេះមិនគ្រាន់តែជាពាក្យសំដីប៉ុណ្ណោះទេ តែជាមូលដ្ឋាននៃពិពណ៌នានូវរបៀបដែលពួកអ្នកថ្វាយបង្គំព្រះ មានអារម្មណ៍ចំពោះគ្នាទៅវិញទៅមក។ (ប្រៀបមើល យ៉ូហានទី១ ៤:៧, ៨) ព្រះយេស៊ូបានមានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។—យ៉ូហាន ១៣:៣៥
សេចក្ដីស្រឡាញ់បែបនេះគឺឃើញជាក់ស្តែងនៅក្នុងខែកក្កដា ឆ្នាំ១៩៩៧ នៅពេលដែលគ្មានភ្លៀងដ៏យូរ ជាបន្ទាប់មក ក៏មានភ្លៀងដែលធ្លាក់ខ្លាំង ហើយមានទឹកជំនន់នៅក្នុងប្រទេសឆីលី។ ភ្លាមនោះ មនុស្សជាច្រើនគឺត្រូវការអាហារ សំលៀកបំពាក់ និងវត្ថុផ្សេងៗទៀត។ នៅក្នុងស្ថានការណ៍ដ៏មហន្តរាយនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាខំធ្វើតាមឱវាទរបស់ប៉ុល ដែលជូនពួកកាឡាទី៖ «ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។—កាឡាទី ៦:១០
ដូច្នេះហើយ ស្មរបន្ទាល់ព្រះយេហូវ៉ាបានរៀបចំខ្លួនយ៉ាងរហ័សដើម្បីឲ្យជំនួយ។ អាហារ សំលៀកបំពាក់ និងវត្ថុផ្សេងៗទៀតបានត្រូវប្រមូល ហើយបំបែកទៅតាមជំពូកផ្សេងៗ និងបានត្រូវរៀបចំដាក់ហិប ហើយរួចមកក៏បញ្ជូនទៅកន្លែងមហន្តរាយនេះ។ កូនក្មេងព្រមទាំងបានឲ្យប្រដាប់ក្មេងលេងផង! បងស្រីម្នាក់បានភ្ញាក់ផ្អើលណាស់ពេលនាងបានឃើញសាលប្រជុំមានពេញដោយវត្ថុជំនួយ។ នាងមានប្រសាសន៍ថា៖ «ខ្ញុំបានឈរស្រឡាំងកាំង ដោយឥតដឹងថាត្រូវសើចឬក៏យំ នេះគឺជាអ្វីដែលយើងត្រូវការមែន»។
បន្ទាប់មក ដោយមិនបានគិតស្មាន រញ្ជួយដីក៏បានកើតឡើងក្នុងមួយភាគនៃកន្លែងដដែលនេះ ដែលមានទឹកជំនន់នោះ។ ផ្ទះជាច្រើនបានត្រូវបំផ្លាញ។ គណៈកម្មាធិការជំនួយឯទៀតបានត្រូវស្ថាបនាឡើង ដើម្បីបំពេញនូវតម្រូវការ។ គណៈកម្មាធិការខាងការសង់តាមភូមិភាគ ដែលធម្មតាមើលខុសត្រូវខាងសំណង់សាលប្រជុំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា ក៏សហការគ្នា ហើយបានផ្ដល់ឲ្យការគាំទ្ររបស់គេ។ តើមានលទ្ធផលយ៉ាងណា? ផ្ទះជាច្រើនបានត្រូវគូរប្លង់ហើយសាងសង់ដោយបងប្អូនស្មរបន្ទាល់ ក៏បានផ្ដល់ឲ្យពួកអ្នកដែលបានបាត់បង់ផ្ទះរបស់គេដែរ។ ទោះបីផ្ទះទាំងនេះមិនមានក្បាច់ក្បូរឆើតឆាយក្ដី ប៉ុន្តែគឺមានខុសគ្នាស្រឡះពីផ្ទះដែលបានផ្ដល់មកដោយប្រាក់ខ្ចីហើយជំនួយពីលោកីយ៍ ដែលឥតមានកម្រាល ឥតមានបង្អួច ហើយឥតទាំងលាបពណ៌ផង។
បងប្អូនខ្លះបានធ្វើដំណើរឆ្ងាយ ដើម្បីទៅជួយ។ ប្រធានម្នាក់នៃគណៈកម្មាធិការខាងការសង់តាមភូមិភាគ បានពិនិត្យមើលកន្លែងបាក់បែកនេះពីរថ្ងៃជាប់គ្នា ថ្វីបើគាត់អង្គុយនៅក្នុងរទេះកង់អ្នកពិការក្ដី។ បងប្រុសម្នាក់ដែលខ្វាក់ភ្នែកបានខំធ្វើការយ៉ាងពិបាកក្រៃលែង ដោយលីរនូតទៅជាងឈើ ដែលគេនឹងកាត់រនូតនោះតាមទំហំដែលចង់បាន។ បងប្រុសម្នាក់ដែលថ្លង់ក៏យករនូតនោះ ទៅទីណាដែលត្រូវការ។
មនុស្សសង្កេតមើលជាច្រើនបានរំភើបចិត្តណាស់ នឹងជំនួយដែលបានផ្ដល់មកដោយបងប្អូនយើង។ នៅក្នុងភូមិមួយ រថយន្តប៉ូលិសបានត្រូវចតជិតផ្ទះបងស្រីម្នាក់ ដែលកំពុងតែជួសជុលឡើងវិញនោះ។ ពួកប៉ូលិសនេះបានមានចិត្តឆ្ងល់ណាស់។ ប៉ូលិសម្នាក់បានសួរបងប្រុសម្នាក់ថា៖ «តើពួកអ្នកធ្វើការទាំងនេះដែលហាក់ដូចជាសប្បាយម្ល៉េះ ជាអ្នកណាគេ ហើយតើពួកគេទទួលប្រាក់ប៉ុន្មានទៅ»? បងប្រុសបានពន្យល់ថា ពួកគេទាំងអស់សុទ្ធតែជាជនស្ម័គ្រចិត្ត។ ប៉ូលិសម្នាក់បានពន្យល់ថា គាត់បង់ប្រាក់មួយភាគដប់ប្រចាំខែដល់សាសនាគាត់ ក៏ប៉ុន្តែអ្នកគង្វាលរបស់គាត់ មិនទាំងបានមកលេងគាត់ផងតាំងពីកក្រើកដីនោះមក! ស្អែកឡើង បងស្រីម្នាក់បានទទួលការហៅទូរស័ព្ទពីមេប៉ូលិសម្នាក់។ លោកក៏បានសង្កេតឃើញពួកអ្នកធ្វើការទាំងនោះដែរ។ លោកបានមានប្រសាសន៍ថា លោកមានចិត្តស្ងើចនឹងគតិដ៏ខ្នះខ្នែងរបស់ពួកអ្នកធ្វើការ ដែលគាត់សឹងតែចូលជួយដែរ!
យ៉ាងប្រាកដហើយ ការខំប្រឹងខាងជំនួយនៅក្នុងប្រទេសឆីលី ជាបទពិសោធន៍ដ៏សប្បាយមួយចំពោះជនស្ម័គ្រចិត្តទាំងនោះ ហើយក៏បានធ្វើបន្ទាល់យ៉ាងប្រសើរដល់ពួកអ្នកសង្កេតមើល។