នៅពេលដែល‹យើងនៅបញ្ច្រាសខ្យល់›
ក្នុងការរៀបរាប់នូវបទពិសោធន៍ពិតក្នុងជីវិត អំពីពួកសិស្សរបស់ព្រះយេស៊ូ កាលដែលពួកគេខំទាំងលំបាកដើម្បីឆ្លងសមុទ្រកាលីឡេដោយទូក នោះអ្នកសរសេរសៀវភៅដំណឹងល្អ ឈ្មោះម៉ាកុសនិយាយថាពួកគេ«ចែវទូកទាំងលំបាក ព្រោះច្រាសខ្យល់»។ កាលដែលនៅតាមឆ្នេរសមុទ្រ នោះព្រះយេស៊ូបានទតឃើញស្ថានភាពដែលគេកំពុងប្រទះ ហើយជាអព្ភូតហេតុ នោះទ្រង់ក៏យាងកាត់ទឹកសមុទ្រទៅឯគេ។ នៅពេលដែល«ទ្រង់យាងឡើងទៅឯគេនៅក្នុងទូក រួចខ្យល់ក៏ស្ងប់ឈឹង»។—ម៉ាកុស ៦:៤៨-៥១
អ្នកសរសេរព្រះគម្ពីរម្នាក់នេះបានរាយការណ៍ថា នៅគ្រាមុននោះ «កើតមានខ្យល់ព្យុះជាខ្លាំង»។ ភ្លាមនោះ ព្រះយេស៊ូ«កំហែងខ្យល់ . . . នោះខ្យល់ក៏ស្ងប់ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ»។—ម៉ាកុស ៤:៣៧-៣៩
ទោះជាយើងសព្វថ្ងៃនេះ ឥតមានសិទ្ធិធ្វើជាសាក្សីនឹងព្រឹត្ដិការណ៍ដ៏អព្ភូតហេតុបែបនេះ តែយើងអាចរៀនបានច្រើនពីអព្ភូតហេតុទាំងនេះ។ ជាមនុស្សឥតគ្រប់ល័ក្ខណ៍ ដែលរស់នៅក្នុងសម័យដែលប្រកបដោយគ្រោះថ្នាក់ នោះយើងមិនស៊ាំនឹងខ្យល់នៃព្រឹត្ដិការណ៍អាក្រក់នោះទេ។ (ធីម៉ូថេទី២ ៣:១-៥) តាមការពិត នៅពេលខ្លះ យើងប្រហែលជាមានអារម្មណ៍ថា ការទុក្ខព្រួយដែលជាប់ទាក់ទងនឹងសេចក្ដីទុក្ខលំបាកផ្ទាល់ខ្លួន ឡើងដល់ប្រពលភាពនៃព្យុះសង្ឃរា។ ប៉ុន្តែគឺមានជំនួយ! ព្រះយេស៊ូបានប្រទាននូវសេចក្ដីអញ្ជើញនេះថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»។—ម៉ាថាយ ១១:២៨
នៅពេលណាដែលមានទំនងដូចជា‹យើងនៅបញ្ច្រាសខ្យល់› នោះយើងអាចពិសោធនូវ‹ការស្ងប់ចិត្តយ៉ាងខ្លាំង›។ តើយ៉ាងដូចម្ដេចទៅ? ដោយទុកចិត្តលើសេចក្ដីសន្យាដ៏មិនអាចបរាជ័យរបស់ព្រះយេហូវ៉ា។—ប្រៀបមើល អេសាយ ៥៥:៩-១១; ភីលីព ៤:៥-៧