«សូមមេត្ដាទទួលអំណោយបន្ដិចបន្តួចនេះពីខ្ញុំ»
ការិយាល័យសាខារបស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសរុស្ស៊ី បានទទួលសំបុត្រមួយច្បាប់ដែលបានចារដោយពាក្យពេចន៍ទាំងអស់នេះ។ មានកេសមួយយ៉ាងធំដែលពេញទៅដោយស្រោមជើងធ្វើពីអំបោះឡែន បានផ្ញើភ្ជាប់មកជាមួយនឹងសំបុត្រនោះ។
អ៊ំស្រីឈ្មោះអេឡាមានអាយុ៦៧ឆ្នាំ ជាអ្នកដែលបានផ្ញើអំណោយនោះមក។ គាត់ជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ពីក្រុមជំនុំដែលស្ថិតនៅតំបន់មួយឆ្ងាយដាច់ស្រយាល នាភូមិភាគបូព៌ានៃប្រទេសរុស្ស៊ី។ អ៊ំស្រីបានបម្រើព្រះយេហូវ៉ាអស់រយៈជាង១០ឆ្នាំហើយ គាត់មានចិត្តឧស្សាហ៍ក្នុងការផ្សព្វផ្សាយដំណឹងល្អពីរាជាណាចក្ររបស់ព្រះ។ ទោះយ៉ាងនេះក៏ដោយ ថ្ងៃមួយគាត់បានក្លាយទៅជាពិការមួយកំណាត់ខ្លួនក្នុងរយៈពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ដោយដាច់សរសៃឈាមខួរក្បាល។ ដោយហេតុថាអ៊ំស្រីយើងមានចិត្តជំរុញដោយសេចក្ដីស្រឡាញ់ គាត់ក៏បានធ្វើតាមគំរូរបស់គ្រិស្តសាសនិកម្នាក់នៅសតវត្សរ៍ទីមួយ គឺស្ត្រីម្នាក់ឈ្មោះតេប៊ីថាដែលបានកាត់ដេរសម្លៀកបំពាក់ជូនដល់បងប្អូនគ្រិស្តសាសនិកគ្នីគ្នា។—កិច្ចការ ៩:៣៦, ៣៩
ក្នុងសំបុត្រដែលអ៊ំស្រីអេឡាបានសរសេរនោះ គាត់មានប្រសាសន៍ថា៖ «ជើងខ្ញុំមិនអាចកម្រើកបានទេ ប៉ុន្តែខ្ញុំអាចប្រើដៃទាំងពីរបាន។ ដូច្នេះ ដើម្បីផ្សព្វផ្សាយ ខ្ញុំសរសេរជាសំបុត្រ»។ អ៊ំស្រីសរសេរទៀតថា៖ «ខ្ញុំបានតាំងចិត្តជាស្រេច ដរាបណាដៃទាំងពីររបស់ខ្ញុំនៅប្រើបាន ដរាបនោះខ្ញុំនឹងចាក់ស្រោមជើងពីអំបោះឡែនឲ្យបានពីរបីគូ។ ខ្ញុំពេញចិត្តនឹងជូនស្រោមជើងទាំងនេះដល់បងប្អូនប្រុសស្រី ដែលនឹងធ្វើកិច្ចការសាងសង់សាលប្រជុំនៅឯតំបន់ដែលមានធាតុអាកាសត្រជាក់ ដូចជានៅតំបន់ឆ្ងាយដាច់ស្រយាល នាភូមិភាគបូព៌ានៃប្រទេសរុស្ស៊ី និងតំបន់ស៊ីបេរីជាដើម»។
ព្រះយេស៊ូមានប្រសាសន៍អំពីអ្នកដែលកាន់តាមលោកដោយចិត្តស្មោះត្រង់ថា៖ «គេនឹងដឹងថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) សេចក្ដីស្រឡាញ់ដែលអ៊ំស្រីបានបង្ហាញនោះ គឺជាលក្ខណៈសម្គាល់របស់អស់អ្នកដែលជាសិស្សពិតរបស់ព្រះយេស៊ូ។