ពេលមនុស្សជាទីស្រឡាញ់ស្លាប់ទៅ
ថ្ងៃអង្គារទី១៧ ខែកក្កដា ឆ្នាំ២០០៧ ប្រហែលជាម៉ោង៧ល្ងាចនៅអាកាសយានដ្ឋានមួយដែលមានសកម្មភាពមមាញឹកជាងគេ ដែលស្ថិតនៅកណ្ដាលទីក្រុងសាវប៉ោឡូនាប្រទេសប្រេស៊ីល នោះមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានរអិលផ្លាតចេញពីផ្លូវ ហើយរត់កាត់ផ្លូវធំមួយរួចទៅបុកឃ្លាំងផ្ទុកទំនិញខ្ទេចខ្ទីអស់។ មនុស្ស២០០នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនោះ។
គេបានពណ៌នាថា នេះជាមហន្តរាយដ៏ខ្លោចផ្សាបំផុតខាងផ្លូវអាកាសនៅប្រទេសប្រេស៊ីល ហើយចំពោះអស់អ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ ពួកគេមិនអាចបំភ្លេចបានឡើយ។ ក្លូដែតជាស្ត្រីម្នាក់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់នៅក្នុងមហន្តរាយនោះ។ នាងកំពុងមើលទូរទស្សន៍ ពេលឮដំណឹងថាយន្តហោះបានបុកឃ្លាំងទំនិញខ្ទេចខ្ទីអស់។ កូនប្រុសរបស់នាង ឈ្មោះរីណាតូដែលមានអាយុ២៦ឆ្នាំតែប៉ុណ្ណោះជិះយន្តហោះនោះ។ គាត់មានគម្រោងថានឹងរៀបការនៅខែតុលានៅឆ្នាំនោះឯង។ នាងខិតខំទាក់ទងទៅកូនតាមរយៈទូរស័ព្ទដៃរបស់គាត់ តែអត់មាននរណាលើកសោះ។ រួចនាងយំឡើងទន់ខ្លួនដួលទៅលើឥដ្ឋក្រាលរហូតដល់គ្មាននរណាអាចលួងលោមបានឡើយ។
អង់ហ្សេបានបាត់បង់គូដណ្ដឹងរបស់ខ្លួននៅខែមករា ឆ្នាំ១៩៨៦ ដោយសារគ្រោះថ្នាក់ឡានដ៏សែនខ្លោចផ្សា។ ពេលបានឮដំណឹងភ្លាម នាងក៏ស្លុតភាន់ភាំងស្មារតីតែម្ដង។ នាងនិយាយថា៖ «ដំបូងខ្ញុំមិនជឿទេ។ ខ្ញុំគិតថាជាសុបិនអាក្រក់ ហើយពេលភ្ញាក់ពីគេងភ្លាម នោះខ្ញុំនឹងដឹងថាជាការមិនពិតវិញ។ ខ្ញុំភ័យញាប់ញ័រនិងមានការឈឺចុកចាប់ហាក់ដូចជាមាននរណាម្នាក់បានដាល់មួយដៃចំនឹងពោះរបស់ខ្ញុំ»។ អង់ហ្សេមានជំងឺធ្លាក់ទឹកចិត្តអស់រយៈបីឆ្នាំបន្ទាប់មក។ ទោះបីជាសោកនាដកម្មនោះបានកន្លងទៅអស់រយៈ២០ឆ្នាំហើយក៏ដោយ នាងនៅតែភ័យញាប់ញ័រនៅឡើយ ពេលនឹកឃើញរឿងនោះម្ដងៗ។
យើងមិនអាចរកពាក្យដើម្បីរៀបរាប់ពីអារម្មណ៍ភ័យញាប់ញ័រ ការពិបាកជឿ ការគិតមិនចេញ ក្ដីអស់សង្ឃឹមដែលបណ្ដាលមកពីសោកនាដកម្មបែបនេះទេ។ យ៉ាងណាក៏ដោយ សូម្បីតែពេលដែលយើងដឹងថាមនុស្សជាទីស្រឡាញ់មានជំងឺរ៉ាំរ៉ៃនឹងស្លាប់ទៅថ្ងៃណាមួយជាមិនខានក្ដី ក៏យើងនៅតែមានការឈឺចាប់សោកស្ដាយខ្លាំងណាស់ដែរ។ គ្មាននរណាម្នាក់បានត្រៀមខ្លួនទាំងស្រុងចំពោះការស្លាប់របស់មនុស្សជាទីស្រឡាញ់ឡើយ។ ម្ដាយរបស់ណាន់ស៊ីស្លាប់នៅឆ្នាំ២០០២ បន្ទាប់ពីឈឺរ៉ាំរ៉ៃមកយ៉ាងយូរ។ ក៏ប៉ុន្តែ នៅថ្ងៃដែលម្ដាយគាត់ស្លាប់ ណាន់ស៊ីអង្គុយនៅលើឥដ្ឋក្រាលមន្ទីរពេទ្យហើយភ័យស្លុតញាប់ញ័រតែម្ដង។ នាងគិតថាជីវិតលែងមានន័យចំពោះនាងទៀតហើយ។ ម្ដាយណាន់ស៊ីបានស្លាប់អស់រយៈប្រាំឆ្នាំហើយ តែពេលនាងនឹកឃើញគាត់ម្ដងៗ នោះណាន់ស៊ីនៅតែយំស្រណោះនៅឡើយ។
វេជ្ជបណ្ឌិតម្នាក់ (ឈ្មោះ Dr. Holly G. Prigerson) មានប្រសាសន៍ថា៖ «មនុស្សមិនដែលបំភ្លេចការបាត់បង់ដោយមិននឹកនាដល់បានឡើយ តែគ្រាន់តែស៊ាំនឹងការបាត់បង់នោះប៉ុណ្ណោះ»។ ប្រសិនបើ អ្នកមានមនុស្សជាទីស្រឡាញ់ស្លាប់ទៅដោយបានដឹងទុកជាមុនឬក៏មិនបានក្ដី អ្នកប្រហែលជាឆ្ងល់ថា ‹តើការសោកសង្រេងជាការធម្មតាឬទេ? ពេលមនុស្សជាទីស្រឡាញ់ស្លាប់ទៅ តើអាចយកឈ្នះលើអារម្មណ៍សោកសៅយ៉ាងដូចម្ដេច? តើខ្ញុំនឹងជួបមនុស្សជាទីស្រឡាញ់ម្ដងទៀតឬទេ?›។ អត្ថបទបន្ទាប់នឹងពិគ្រោះអំពីសំណួរទាំងនេះ ព្រមទាំងសំណួរផ្សេងទៀតដែលអ្នកប្រហែលជាចង់ដឹងចង់យល់។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
EVERTON DE FREITAS/AFP/Getty Images