ការទទួលអំណរពីកិច្ចបំរើដ៏បរិសុទ្ធរបស់អ្នក
១ ពួកគេបានត្រឡប់មកវិញ«ដោយអំណរ»។ កំណត់ហេតុព្រះគម្ពីរពណ៌នាអំពីអារម្មណ៍របស់សិស្ស៧០នាក់ ពេលគេត្រឡប់មករាយការណ៍ជំរាបព្រះយេស៊ូ ក្រោយពីការដើរផ្សព្វផ្សាយអស់មួយរយៈយូរមក។ ពួកគេបានពិសោធន៍នូវសេចក្ដីសប្បាយរីករាយក្នុងចិត្ត ដោយធ្វើតាមព្រះហឫទ័យរបស់ព្រះ។ (លូកា ១០:១៧) តើអ្វីអាចជួយអ្នកឲ្យរកឃើញនូវអំណរដូចគ្នាដែរ ក្នុងកិច្ចបំរើដ៏បរិសុទ្ធរបស់អ្នក?
២ អាកប្បកិរិយាដ៏វិជ្ជមាន: អ្នកមានឯកសិទ្ធិពីព្រះ ជាការនាំមនុស្សឲ្យស្គាល់គោលបំណងដ៏ឧត្តុង្គឧត្តមរបស់ព្រះយេហូវ៉ា។ តាមរយៈការផ្សព្វផ្សាយរបស់អ្នក អ្នកប្រហែលជានឹងជួយរំដោះមនុស្សម្នាក់ពីការប្រព្រឹត្តថោកទាបរបស់លោកីយ៍នេះ ថែមទាំងសាសនាមិនពិតដែលចាប់ចងគេដូចជាខ្នោះ។ អ្នកអាចផ្ដល់ឲ្យមនុស្សនូវសេចក្ដីសង្ឃឹមពីជីវិតក្នុងពិភពលោកមួយ ប្រាសចាកពីការបែកបាក់គ្នាដែលឡោមព័ទ្ធយើងសព្វថ្ងៃនេះ។ សូមគិតពីអំណរដែលព្រះយេហូវ៉ាមាន ពេលដែលអ្នកដាំបណ្ដុះសេចក្ដីពិតក្នុងចិត្តមួយដែលចង់ទទួល។ រក្សាចិត្តគំនិតវិជ្ជមានក្នុងការអធិស្ឋានសុំទទួលព្រះវិញ្ញាណរបស់ព្រះ ដើម្បីបង្កើតផលផ្លែអំណរក្នុងអ្នក ពេលដែលអ្នកបន្តធ្វើក្នុងកិច្ចបំរើឲ្យអស់អំពីចិត្ត។
៣ ការបង្ហាត់បង្រៀនដែលមានប្រយោជន៍: ការប្រជុំណែនាំដែលព្រះយេស៊ូបានមានជាមួយសិស្ស៧០នាក់នោះ បានត្រូវគេប្រៀបធៀបនឹងប្រជុំអប់រំកិច្ចបំរើមួយនាពេលបច្ចុប្បន្ន។ ទ្រង់បានផ្ដល់ការបង្ហាត់បង្រៀន ឲ្យគេសម្រេចកិច្ចបំរើរបស់គេដោយប្រសិទ្ធិភាព។ (លូកា ១០:១-១៦) សព្វថ្ងៃនេះ ប្រជុំអប់រំកិច្ចបំរើបង្ហាត់បង្រៀនអ្នកឲ្យចេះនូវរបៀបទាក់ទងជាមួយមនុស្ស ដូចជាផ្ដើមការសន្ទនា របៀបចាប់ផ្ដើមការសិក្សាព្រះគម្ពីរនិងដឹកនាំការសិក្សាព្រះគម្ពីរតាមផ្ទះ។ ដោយការខិតខំនិងការធ្វើឲ្យសមត្ថភាពផ្សព្វផ្សាយរបស់អ្នកកាន់តែប្រសើរឡើង នោះអ្នកនឹងឃើញថាអារម្មណ៍ភិតភ័យឬក៏អារម្មណ៍ថាខ្លួនខ្វះខាតនូវសមត្ថភាពនឹងត្រូវថយទៅ ហើយត្រូវលុបលើដោយទំនុកចិត្តនិងអំណរ។
៤ ផ្ដោតអារម្មណ៍ទៅលើអនាគត: ព្រះយេស៊ូបានទទួលអំណរពីកិច្ចបំរើបរិសុទ្ធ ថ្វីបើទ្រង់បានស៊ូទ្រាំនឹងទុក្ខលំបាកក៏ដោយ។ ហេតុអ្វី? ពីព្រោះទ្រង់បានប្រុងស្មារតីទៅលើពរនិងឯកសិទ្ធិ ដែលស្ថិតនៅពេលឆាប់ៗខាងមុខទ្រង់។ (ហេព្រើរ ១២:២) អ្នកក៏អាចធ្វើដូច្នោះដែរ ដោយការប្រមូលអារម្មណ៍និងគំនិតទៅលើព្រះនាមព្រះយេហូវ៉ា និងទៅលើពរដែលនឹងមកក្នុងពិភពលោកថ្មីរបស់ទ្រង់។ នេះនឹងថែមអំណរនិងអត្ថន័យនៃកិច្ចបំរើរបស់អ្នក។
៥ ការថ្វាយកិច្ចបំរើបរិសុទ្ធជូនព្រះយេហូវ៉ា គឺជាឯកសិទ្ធិដ៏ប្រពៃបំផុតដែលយើងអាចមាននៅសព្វថ្ងៃនេះ។ ដូច្នេះ សូមឲ្យយើងនិយាយថា៖ «ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់»។—ទំនុកដំកើង ៤០:៨