សេចក្ដីស្រឡាញ់ជំរុញចិត្តយើងឲ្យផ្សព្វផ្សាយ
១ យើងដែលជាស្មរបន្ទាល់ព្រះយេហូវ៉ា ជាទូទៅត្រូវមនុស្សសម្គាល់យើងជាអ្នកប្រកាសប្រាប់យ៉ាងខ្នះខ្នែងនូវដំណឹងអំពីព្រះរាជាណាចក្រ។ (ម៉ាថាយ ២៤:១៤) ស្មរបន្ទាល់ជាងប្រាំមួយលាននាក់កំពុងតែមានសកម្មភាពទូទាំងពិភពលោក។ អ្នកថ្មីក៏រួមបញ្ចូលនឹងចំនួននោះដែរ ពេលគេចូលរួមផ្សព្វផ្សាយជាមួយនឹងយើង។ ចំនួននោះត្រូវគិតដោយរាប់ចំនួននាក់ដែលចូលរួមកិច្ចការនោះ។
២ តើអ្វីដែលជំរុញឲ្យយើងស្ម័គ្រចិត្តចូលរួមក្នុងការងារមួយនេះដ៏មិនសូវងាយស្រួលប៉ុន្មានទេនោះ? យើងមិនបានត្រូវបង្ខិតបង្ខំទេ ហើយក៏មិនបានត្រូវចិត្តរបស់យើងលួងលោមដោយចង់បានវត្ថុទ្រព្យ ឬក៏ត្រូវគេលើកកិត្ដិយសជាពិសេសចំពោះយើងនោះឡើយ។ នៅដើមដំបូង យើងភាគច្រើនធ្លាប់មានអារម្មណ៍ភិតភ័យ ដោយសារយើងនឹកស្មានថាខ្លួនខ្វះខាតនូវលក្ខណៈគ្រប់គ្រាន់ ថែមទាំងដោយសាររបៀបដែលមនុស្សភាគច្រើនបានតបឆ្លើយនឹងការផ្សព្វផ្សាយ គឺច្រើនតែអវិជ្ជមាន។ (ម៉ាថាយ ២៤:៩) អ្នកក្រៅភាគច្រើនដែលសង្កេតមើលយើង មិនយល់ដឹងពីអ្វីដែលជំរុញចិត្តយើងនោះទេ។ ត្រូវតែមានហេតុដ៏ល្អមួយដែលជំរុញចិត្តយើងយ៉ាងខ្លាំងឲ្យតស៊ូក្នុងកិច្ចការនេះ។
៣ កម្លាំងពីសេចក្ដីស្រឡាញ់: ព្រះយេស៊ូបានសម្គាល់បញ្ជាក់នូវបញ្ញត្តដ៏សំខាន់បំផុត ពេលដែលទ្រង់មានបន្ទូលថា យើង‹ត្រូវស្រឡាញ់ ដល់[ព្រះយេហូវ៉ា] . . . ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃយើង›។ (ម៉ាកុស ១២:៣០) សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាមានមូលដ្ឋានទៅលើការយល់ដឹងថា ព្រះយេហូវ៉ាគឺជាអ្នកណានិងទ្រង់មានឋានៈណាខ្លះ គឺថាទ្រង់ជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុត និងជាអ្នកដែលបានបង្កើតអ្វីៗទាំងអស់ ហើយ«គួរនឹងទទួលសិរីល្អ កិតិនាម នឹងព្រះចេស្ដា»។ (វិវរណៈ ៤:១១) គុណសម្បត្ដិដ៏អស្ចារ្យរបស់ទ្រង់មិនអាចប្រៀបផ្ទឹមបានទេ។—និក្ខមនំ ៣៤:៦, ៧
៤ បើសិនជាយើងស្គាល់និងស្រឡាញ់ព្រះយេហូវ៉ា នោះនឹងជំរុញចិត្តយើងដោយចង់ឲ្យពន្លឺរបស់យើង ភ្លឺនៅមុខមនុស្សលោក។ (ម៉ាថាយ ៥:១៦) ពន្លឺរបស់យើងភ្លឺឡើងពេលយើងសរសើរព្រះយេហូវ៉ាជាសាធារណៈ ដោយប្រាប់អំពីការដ៏អស្ចារ្យរបស់ទ្រង់ និងផ្សព្វផ្សាយសារអំពីព្រះរាជាណាចក្រ។ យើងក៏មាន«ដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់ . . . គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារ»ដូចជាទេវតាមួយនោះដែលកំពុងតែហោះកាត់មេឃ។ (វិវរណៈ ១៤:៦) សេចក្ដីស្រឡាញ់របស់យើងគឺជាកម្លាំងដែលជំរុញឲ្យមានកិច្ចការផ្សព្វផ្សាយនេះទូទាំងពិភពលោក។
៥ លោកីយ៍នេះចាត់ទុកការផ្សព្វផ្សាយរបស់យើងជា«សេចក្ដីចំកួត»ដែលមិនគួរនឹងស្ដាប់ទេ។ (កូរិនថូសទី១ ១:១៨) នៅកន្លែងជាច្រើន មានការខិតខំបង្ក្រាបកិច្ចការរបស់យើង។ សេចក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់យើង បានចំរើនកម្លាំងរបស់យើង ដើម្បីនិយាយថា៖ «យើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ . . . [យើង]ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។ (កិច្ចការ ៤:២០; ៥:២៩) កិច្ចផ្សព្វផ្សាយបន្តរីកសាយនៅគ្រប់ទិសទីលើផែនដី ទោះបីមានការប្រឆាំងក៏ដោយ។
៦ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាគឺប្រៀបដូចជាភ្លើងមួយដែលកំពុងតែឆេះក្នុងចិត្តយើង ទាំងជំរុញឲ្យយើងប្រកាសប្រាប់នូវសេចក្ដីប្រសើររបស់ទ្រង់។ (យេរេមា ២០:៩; ពេត្រុសទី១ ២:៩) យើងនឹងបន្ត«សរសើរពីកិច្ចការ ទាំងប៉ុន្មានរបស់ទ្រង់ចុះ! នៅកណ្ដាលប្រជាជនទាំងឡាយ . . . ពីព្រោះទ្រង់បានធ្វើការដ៏ប្រសើរ»។—អេសាយ ១២:៤, ៥