តើធ្វើដូចម្ដេចឲ្យក្រុមគ្រួសារមានភាពរឹងមាំខាងវិញ្ញាណបាន?
១ ក្រុមគ្រួសារគ្រីស្ទានគួរតែទទួលការសរសើរដោយព្រោះគេ‹ចេះគោរពប្រតិបត្ដិដល់ព្រះ ក្នុងពួកផ្ទះខ្លួន›។ (១ធី. ៥:៤) យ៉ាងណាក្ដី គឺចាំបាច់ដែលក្រុមគ្រួសារនិមួយៗគួរខិតខំរក្សាឲ្យមានភាពរឹងមាំខាងវិញ្ញាណ ដ្បិតមានឥទ្ធិពលអាក្រក់ជាច្រើនហ៊ុមព័ទ្ធជុំវិញយើង ដែលអាចធ្វើឲ្យជំនឿរបស់យើងចុះខ្សោយទៅៗ។ តើត្រូវធ្វើដូចម្ដេចឲ្យយើងរក្សាភាពរឹងមាំខាងវិញ្ញាណបាន?
២ ចូរធ្វើតាមគំរូរបស់ព្រះគ្រីស្ទក្នុងការនាំមុខក្រុមគ្រួសារ: មេគ្រួសារម្នាក់ៗត្រូវយកតម្រាប់តាមព្រះយេស៊ូគ្រីស្ទ ស្តីពីរបៀបបំពេញភារៈដើម្បីជួយក្រុមគ្រួសារឲ្យមានភាពរឹងមាំជាងខាងវិញ្ញាណ។ ព្រះយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង មិនត្រឹមតែសោយទិវង្គតជាយញ្ញបូជាប៉ុណ្ណោះទេ តែទ្រង់«តែងចិញ្ចឹម ហើយថ្នាក់ថ្នម»ពួកជំនុំទ្រង់ជានិច្ច។ (អេភ. ៥:២៥-២៩) មាតាបិតាដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ក៏អនុវត្តតាមគំរូល្អនេះ ដោយផ្គត់ផ្គង់សេចក្ដីត្រូវការខាងវិញ្ញាណប្រចាំថ្ងៃរបស់ក្រុមគ្រួសារគាត់។ ការធ្វើដូចនេះតម្រូវឲ្យមានការសិក្សាព្រះគម្ពីរជាក្រុមគ្រួសារប្រចាំសប្ដាហ៍ រួមទាំងការឆ្លៀតពេលពិគ្រោះគ្នាអំពីរឿងខាងវិញ្ញាណយ៉ាងស៊ីជំរៅសមតាមកាលៈទេសៈ ព្រមទាំងដោះស្រាយបញ្ហាដែលគេមានផងដែរ។—ចោទិ. ៦:៦, ៧
៣ ក្នុងកិច្ចបំរើផ្សាយ: សមាជិកម្នាក់ៗក្នុងក្រុមគ្រួសារគួរយល់ថា ការធ្វើបន្ទាល់ដល់អ្នកដទៃអំពីព្រះយេហូវ៉ានិងបំណងព្រះហឫទ័យរបស់ទ្រង់ នោះជាផ្នែកដ៏សំខាន់មួយនៃការថ្វាយបង្គំរបស់យើង។ (អេសា. ៤៣:១០-១២) មាតាបិតាទាំងឡាយអើយ! បើអ្នកចង់ឲ្យកូនៗធ្វើជាស្មរបន្ទាល់ស្មោះត្រង់របស់ព្រះយេហូវ៉ានោះ អ្នកត្រូវធ្វើឲ្យកិច្ចបំរើផ្សាយដក់ជាប់នៅក្នុងចិត្តកូនតាំងតែពីគេនៅតូចម្ល៉េះ។ សូមពិគ្រោះអំពីមូលហេតុដែលយើងត្រូវចេះធ្វើពលិកម្មក្នុងកិច្ចបំរើនេះ ទាំងធ្វើកិច្ចការនេះរាល់សប្ដាហ៍ផងដែរ។ (ម៉ាថ. ២២:៣៧-៣៩) រួចមក សូមរៀបចំកម្មវិធីឲ្យកូនចូលរួមកិច្ចបំរើផ្សាយនេះជាទៀងទាត់ជាមួយនឹងអ្នកដែរ។
៤ សូមជួយឲ្យក្រុមគ្រួសារទទួលស្គាល់កិច្ចការផ្សព្វផ្សាយជាកិច្ចការដ៏សំខាន់ ដោយកំណត់ទុកពេលខ្លះក្នុងកម្មវិធីសិក្សាជាក្រុមគ្រួសារប្រចាំសប្ដាហ៍ ដើម្បីរៀបចំនិងសមនិយាយតាមពាក្យផ្សាយណាដែលមានប្រសិទ្ធិភាព។ ចូរបង្វឹកបង្វឺនកូននិមួយៗម្នាក់ម្ដងៗ ដោយទៅផ្សាយជាមួយគេផ្ទាល់តែម្ដង ទាំងជួយគេជឿនទៅមុខស្របទៅតាមអាយុ និងសមត្ថភាពរបស់គេរៀងៗខ្លួន។ ក្រោយពីចំណាយពេលក្នុងកិច្ចបំរើផ្សាយជាមួយគ្នាហើយនោះ សូមពិគ្រោះជាមួយគេដោយបញ្ជាក់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ាដែលគេទើបតែបានឃើញដោយភ្នែកផ្ទាល់។ សូមរៀបរាប់បទពិសោធន៍ផ្សេងៗដ៏គួរឲ្យលើកទឹកចិត្ត។ ពេលក្រុមគ្រួសារ«ភ្លក់»កាន់តែច្រើន«ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អ» នោះពួកគេនឹងមានភាពស្និទ្ធស្នាលកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ដែលនេះអាចជួយពង្រឹងកម្លាំងរបស់គេដើម្បីទប់ទល់នឹង«អស់ទាំងសេចក្ដីគំរក់»។—១ពេ. ២:១-៣
៥ នៅឯកិច្ចប្រជុំ: គឺល្អណាស់ហ្ន៎! ពេលសមាជិកគ្រួសារជួយគ្នាទៅវិញទៅមកដើម្បីចូលរួមកិច្ចប្រជុំក្រុមជំនុំ ជាពិសេសពេលមាននរណាម្នាក់អស់កម្លាំង ធ្លាក់ទឹកចិត្ត ឬក៏មានបន្ទុកធ្ងន់។ ប្អូនស្រីម្នាក់បានស្រដីថា៖ «រាល់ដង ពេលប៉ាខ្ញុំត្រឡប់មកពីធ្វើការវិញ គាត់អស់កម្លាំងណាស់។ ខ្ញុំចូលចិត្តប្រាប់គាត់នូវចំណុចល្អណាមួយដែលនឹងត្រូវយកមកពិគ្រោះក្នុងកម្មវិធីប្រជុំល្ងាចនោះ ហើយគាត់មានកម្លាំងចិត្តទៅប្រជុំតែម្ដង។ ពេលណាខ្ញុំហត់វិញ ប៉ាក៏ជួយលើកទឹកចិត្តខ្ញុំឲ្យទៅប្រជុំដែរ»។—ហេ. ១០:២៤, ២៥
៦ ការធ្វើអ្វីៗជាមួយគ្នា: ក្រុមគ្រួសារគួរធ្វើអ្វីៗជាមួយគ្នា ដូចជាជួយធ្វើការងារផ្ទះជាដើម។ ពួកគេក៏ត្រូវទុកពេលសំរាប់ដើរកំសាន្តដែរ។ ការទៅលេងភ្នំ ដើរកំសាន្តញ៉ាំបាយជុំគ្នា លេងល្បែងកំសាន្តជាមួយគ្នា ឬទៅលេងបងប្អូនញាតិមិត្ត នោះអាចជាគ្រាដ៏សប្បាយ ទាំងគួរឲ្យចងចាំទៀតផង។—សាស. ៣:៤
៧ ក្រុមគ្រួសារគ្រីស្ទានដ៏រឹងមាំខាងវិញ្ញាណនោះ តែងយកឈ្នះលើឧបសគ្គដែលគេជួបប្រទះជារៀងរាល់ថ្ងៃ ដែលអាចរារាំងភាពរឹងមាំខាងវិញ្ញាណរបស់គេ។ ដោយចូលកាន់តែជិតព្រះយេហូវ៉ា នោះគេទទួលកម្លាំងដែលទ្រង់ប្រទានឲ្យ។—អេភ. ៦:១០