របៀបពង្រីកកិច្ចបំរើផ្សាយរបស់អ្នក
១ ពេលដែលព្រះយេស៊ូចាត់សិស្សទ្រង់ឲ្យធ្វើជាអ្នកផ្សាយព្រះរាជាណាចក្ររបស់ព្រះ ទ្រង់បានមានបន្ទូលទៅកាន់ពួកគេថា៖ «ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ»។ ដោយសារសិស្សទាំងនោះមានកិច្ចការច្រើនម្ល៉េះ ព្រះយេស៊ូបានមានបន្ទូលបន្តទៀតថា៖ «ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់»។ (ម៉ាថ. ៩:៣៧, ៣៨) ពេលព្រះយេស៊ូបង្វឹកបង្វឺនសិស្សទ្រង់អំពីរបៀបសម្រេចកិច្ចបំរើផ្សាយរបស់គេនោះ បន្ទូលរបស់ទ្រង់ក៏បញ្ជាក់ពីភាពបន្ទាន់ផងដែរ។ ទ្រង់បានមានបន្ទូលថា៖ «អ្នករាល់គ្នានឹងដើរ មិនទាន់ដល់គ្រប់ទាំងទីក្រុងនៃសាសន៍អ៊ីស្រាអែលនៅឡើយ នោះកូនមនុស្សនឹងបានមកដល់ហើយ»។—ម៉ាថ. ១០:២៣
២ សព្វថ្ងៃនេះយើងក៏ត្រូវការជំនួយច្រើនដែរ ក្នុងកិច្ចបំរើផ្សាយរបស់យើងជាគ្រីស្ទាន។ យើងជិតអស់ពេលហើយ និងដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះ ត្រូវប្រកាសផ្សាយមុននឹងទីបញ្ចប់មកដល់។ (ម៉ាក. ១៣:១០) យើងច្បាស់ជាកំពុងប្រឈមនឹងស្ថានការណ៍ស្រដៀងនឹងជំនាន់ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់ដែរ តែសព្វថ្ងៃនេះកិច្ចការរបស់យើងគឺធំជាងច្រើនដងទៅទៀត ដ្បិតយើងមានលោកីយ៍ទាំងមូលជាតំបន់ផ្សាយរបស់យើង។ ដូចពួកសិស្សរបស់ព្រះយេស៊ូ យើងមានគ្នាតិចបើប្រៀបធៀបនឹងចំនួនមនុស្សក្នុងលោកីយ៍នេះ ក៏ប៉ុន្តែយើងអាចជឿជាក់ថា ព្រះយេហូវ៉ាមិនខ្វះសមត្ថភាពទេ ក្នុងការជួយឲ្យយើងផ្សព្វផ្សាយដំណឹងល្អពីព្រះរាជាណាចក្រទ្រង់ទូទាំងផែនដី។ ដំណឹងល្អនេះនឹងត្រូវប្រកាសប្រាប់ ហើយទីបញ្ចប់ក៏នឹងមកដល់ជាពុំខាន ស្របទៅតាមកំណត់ពេលរបស់ព្រះយេហូវ៉ា ហើយតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ប៉ុន្តែ តើព្រះនឹងទទួលស្គាល់យើងជាមនុស្សដែលបំពេញភារកិច្ចយ៉ាងស្មោះត្រង់ឬទេ ស្តីអំពីកិច្ចបំរើផ្សាយរបស់យើងនាពេលឥឡូវនេះ? (អេសេ. ៣៣:៨, ៩) តើយើងនឹងស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន ហើយបំពេញកិច្ចបំរើផ្សាយរបស់យើងឬទេ? តើយើងមានគោលដៅអ្វីខ្លះដើម្បីសម្រេចកិច្ចការនេះ?
៣ ព្រះយេស៊ូបានមានបន្ទូលប្រាប់អំពីអ្វីដែលព្រះយេហូវ៉ាតម្រូវពីអ្នកបំរើម្នាក់ៗដែលបានថ្វាយខ្លួនចំពោះទ្រង់ថា៖ «ឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង»។ (ម៉ាក. ១២:៣០) យើងរាល់គ្នាត្រូវបំរើព្រះអស់អំពីចិត្ត។ នេះមានន័យថា យើងម្នាក់ៗអាចបង្ហាញនូវជំរៅចិត្តភក្ដី និងធ្វើតាមការឧទ្ទិសថ្វាយខ្លួនរបស់យើងចំពោះទ្រង់ ដោយខំអស់ពីសមត្ថភាពក្នុងកិច្ចបំរើផ្សាយនេះ។ (២ធី. ២:១៥) ជីវិតយើងហុចឱកាសជាច្រើនឲ្យយើងធ្វើកិច្ចបំរើផ្សាយ ស្របទៅតាមកាលៈទេសៈនិងសមត្ថភាពយើងរៀងៗខ្លួន។ សូមពិចារណាមើលថា ឱកាសផ្សេងៗនេះរួមមានអ្វីខ្លះ ហើយសូមជ្រើសរើសគោលដៅណាខាងព្រះធិបតេយ្យ ដែលអ្នកនឹងប្ដេជ្ញាសម្រេចធ្វើតាមក្នុងការបំពេញកិច្ចបំរើផ្សាយរបស់អ្នក។
៤ ការធ្វើជាអ្នកផ្សាយជាមួយក្រុមជំនុំ: មនុស្សគ្រប់រូបដែលឱបក្រសោបនូវសេចក្ដីពិត ក៏អាចមានឯកសិទ្ធិធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អដែរ។ នេះជាកិច្ចការបឋមដែលព្រះយេស៊ូបានបង្គាប់ឲ្យសិស្សទ្រង់ធ្វើ។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) តាមធម្មតា ពួកសិស្សរបស់ព្រះយេស៊ូគ្រីស្ទចាប់ផ្ដើមប្រកាសប្រាប់អំពីដំណឹងល្អនេះដល់មនុស្សឯទៀត ពេលសិស្សនោះទទួលស្គាល់នូវតម្លៃនៃដំណឹងល្អនេះ។ អនទ្រេ ភីលីព និងកូនេលាសបានធ្វើដូចនេះមែន! (យ៉ូន. ១:៤០, ៤១, ៤៣-៤៥; កិច្ច. ១០:១, ២, ២៤; ១៦:១៤, ១៥, ២៥-៣៤) តើនេះមានន័យថា សិស្សរបស់យើងអាចចាប់ផ្ដើមប្រាប់ដំណឹងល្អដល់អ្នកដទៃ មុនគាត់ទទួលបុណ្យជ្រមុជទឹកទៅទៀត មែនឬ? មែនហើយ! កាលណាសិស្សមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកផ្សាយជាមួយក្រុមជំនុំតែមិនទាន់ទទួលបុណ្យជ្រមុជទឹកនោះ គាត់ក៏មានឱកាសចូលរួមការផ្សាយដំណឹងល្អពីផ្ទះមួយទៅផ្ទះមួយដែរ។ បន្ថែមទៀតនោះ គាត់អាចរួមចំណែកក្នុងកិច្ចការផ្សាយព្រះរាជាណាចក្រដែលមានលក្ខណៈផ្សេងៗទៀត ស្របតាមសមត្ថភាពនិងកាលៈទេសៈរបស់គាត់។
៥ បើអ្នកជាសមាជិកក្រុមជំនុំនិងបានទទួលបុណ្យជ្រមុជទឹកហើយ អ្នកច្បាស់ជាខំអស់ពីសមត្ថភាពដែរ ដើម្បីជួយមនុស្សឯទៀតរៀនដំណឹងល្អនេះ។ មនុស្សទាំងប្រុស ទាំងស្រីក៏មានឯកសិទ្ធិរួមចំណែកកិច្ចការផ្សព្វផ្សាយនេះដែលព្រះបណ្ដាលឲ្យធ្វើដែរ។ អ្នកផ្សាយទាំងឡាយត្រូវតាំងគំរូល្អក្នុងការបំពេញមុខនាទីរៀងៗខ្លួនក្នុងក្រុមជំនុំ។ (១ធី. ២:៩-១៥; ទីត. ២:១-១០; ១ពេ. ៥:៥) ក្នុងក្រុមជំនុំ បងប្អូនប្រុសៗដែលមានជំនឿនខាងវិញ្ញាណ និងដែលបានបំពេញតម្រូវការនោះរួចហើយ អាចទទួលតំណែងជាអ្នកងារជំនួយ។ (១ធី. ៣:៨-១០, ១២, ១៣) បើបុរសទាំងនេះព្យាយាមទទួលភារៈជាអ្នកត្រួតពិនិត្យ ហើយបំពេញតម្រូវការក្នុងព្រះគម្ពីរ នោះពួកគេត្រូវតែងតាំងឲ្យមានមុខតំណែងជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំ។ ពួកគេទទួលភារកិច្ចជួយបង្រៀនក្នុងក្រុមជំនុំ ហើយក៏អាចធ្វើកិច្ចបំរើជាអ្នកគង្វាលផងដែរ។ (១ធី. ៣:១-៧; ទីត. ១:៥-៩) ការរួមចំណែកសូម្បីតែបន្ដិចបន្តួចក៏ដោយ ក្នុងការលើកដំកើងព្រះរាជាណាចក្រនៃព្រះនោះ ពិតជាឯកសិទ្ធិដ៏ល្អមួយ។ អស់អ្នកដែលអាចពង្រីកកិច្ចបំរើផ្សាយរបស់គេ ដើម្បីមានឯកសិទ្ធិពិសេសក្នុងកិច្ចបំរើនោះ ពិតជានឹងមានសុភមង្គលមែន!