របៀបដែលសេចក្ដីពិតរំដោះយើងឲ្យមានសេរីភាព
១ នៅគ្រាមួយ ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកយូដាដែលជឿទ្រង់ថា៖ «អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាអោយមានសេរីភាព»។ (យ៉ូន. ៨:៣២, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ទ្រង់មានបន្ទូលអំពីសេរីភាពម្យ៉ាងដែលមានតំលៃខ្ពស់ជាងសេរីភាពរបស់ពលរដ្ឋម្នាក់ៗ នេះជាសេរីភាពដែលមានសំរាប់មនុស្សគ្រប់គ្នា ទាំងអ្នកមាននិងអ្នកក្រ អ្នកមានការអប់រំនិងអ្នកដែលពុំមានការអប់រំដែរ។ ព្រះយេស៊ូបានបង្រៀនសេចក្ដីពិតដែលនឹងនាំឲ្យមានសេរីភាពពីសេវកភាពនៃបាបនិងសេចក្ដីស្លាប់។ ដូចជាព្រះយេស៊ូបានពន្យល់ នោះ«អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ»។ (យ៉ូន. ៨:៣៤) យើងប្រាកដជាចង់បានគ្រាដែលមនុស្សចេះស្ដាប់បង្គាប់នឹង«បានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ!»។—រ៉ូម ៨:២១
២ សេចក្ដីពិតអំពីព្រះយេស៊ូនិងតួនាទីរបស់ទ្រង់ក្នុងការសម្រេចតាមរាជបំណងរបស់ព្រះ នឹងនាំឲ្យមានសេរីភាពបែបនេះ។ សេចក្ដីពិតរួមបញ្ចូលចំណេះអំពីយញ្ញបូជាលោះដែលទ្រង់ប្រទានឲ្យយើងគ្រប់គ្នា។ (រ៉ូម ៣:២៤) សូម្បីតែឥឡូវនេះ ការទទួលយកសេចក្ដីពិតក្នុងព្រះគម្ពីរនិងចុះចូលដោយគោរព ជួយយើងឲ្យមានសេរីភាពពីការខ្លាច ការអស់សង្ឃឹម និងពីការប្រព្រឹត្តដែលនាំឲ្យមានគ្រោះថ្នាក់។
៣ សេរីភាពពីការខ្លាចនិងការអស់សង្ឃឹម: យើងមិនចាំបាច់អស់សង្ឃឹមនឹងស្ថានភាពក្នុងពិភពលោកនេះទេ ពីព្រោះយើងយល់នូវមូលហេតុដែលមានអំពើអាក្រក់ជួជាតិ ហើយយើងដឹងថាមិនយូរប៉ុន្មានទៀត នោះព្រះនឹងបំបាត់អំពើអាក្រក់ចេញពីផែនដីហើយ។ (ទំនុក. ៣៧:១០, ១១; ២ធី. ៣:១; វិវរ. ១២:១២) ម្យ៉ាងវិញទៀត សេចក្ដីពិតនាំឲ្យយើងរួចផុតពីសេចក្ដីបង្រៀនក្លែងក្លាយអំពីស្ថានភាពនៃមនុស្សស្លាប់។ យើងដឹងថា មនុស្សស្លាប់មិនអាចធ្វើបាបយើងទេ ហើយពួកគេក៏មិនរងទុក្ខទារុណកម្មអស់កល្បជានិច្ចឡើយ និងព្រះក៏មិនធ្វើឲ្យមនុស្សស្លាប់ទៅដោយគ្រាន់តែយកពួកគេទៅស្ថានវិញ្ញាណនោះដែរ។—សាស. ៩:៥; កិច្ច. ២៤:១៥
៤ សេចក្ដីពិតបែបនេះបានជួយមាតាបិតា ពេលកូនរបស់ពួកគាត់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ មាតាម្នាក់បាននិយាយថា៖ «នេះគឺដូចជាបាត់បង់អ្វីមួយក្នុងជីវិតរបស់យើង ដែលពុំអាចបំពេញបានទេ រហូតដល់ពេលឃើញកូនយើងម្ដងទៀតតាមរយៈដំណើររស់ឡើងវិញ។ ប៉ុន្តែ យើងដឹងថា ការឈឺចាប់របស់យើងគឺគ្រាន់តែបណ្ដោះអាសន្នតែប៉ុណ្ណោះ»។
៥ សេរីភាពជួយឲ្យរួចផុតពីការប្រព្រឹត្តដែលមានគ្រោះថ្នាក់: សេចក្ដីពិតក្នុងព្រះគម្ពីរអាចកែប្រែគំនិតនិងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់បាន ហើយជាលទ្ធផលនាំឲ្យរួចផុតពីបញ្ហាដែលអាចជៀសវាងបាន។ (អេភ. ៤:២០-២៤) បើយើងមានសេចក្ដីទៀងត្រង់និងសេចក្ដីឧស្សហ៍ នេះអាចជួយយើងឲ្យដោះស្រាយបញ្ហាខាងភាពក្រីក្រ។ (សុ. ១៣:៤) បើយើងបង្ហាញនូវសេចក្ដីស្រឡាញ់ដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួន នេះនឹងនាំឲ្យយើងមានទំនាក់ទំនងដ៏ប្រសើរជាមួយអ្នកដទៃ។ (កូល. ៣:១៣, ១៤) ការគោរពប្រមុខភាពគ្រីស្ទាន កាត់បន្ថយនូវបញ្ហានៅក្នុងក្រុមគ្រួសារ។ (អេភ. ៥:៣៣–៦:១) ការជៀសពីការស្រវឹងស្រា អំពើអសីលធម៌ ការជក់ថ្នាំ និងគ្រឿងញៀនឯទៀតនេះនាំឲ្យយើងមានសុខភាពល្អ។—សុ. ៧:២១-២៣; ២៣:២៩, ៣០; ២កូ. ៧:១
៦ យុវបុរសម្នាក់មិនអាចបញ្ឈប់នូវការញៀនឱសថអស់រយៈប្រាំបួនឆ្នាំ។ នៅថ្ងៃមួយ គាត់បានជួបអ្នកផ្សាយដំណឹងល្អតាមផ្លូវ។ គាត់បានទទួលប្រកាសនវត្ថុ ហើយក៏មានការរៀបចំដើម្បីទៅជួបគាត់នៅឯផ្ទះ។ ហើយក៏បានចាប់ផ្ដើមបង្រៀនព្រះគម្ពីរដល់គាត់។ ពីរខែក្រោយមក បុរសនេះបានឈប់ប្រើគ្រឿងញៀនទៀត ហើយគាត់បានទទួលបុណ្យជ្រមុជទឹកក្រោយពីសិក្សាព្រះគម្ពីរអស់រយៈពេលប្រាំបីខែ។ បងប្រុសនិងបងថ្លៃគាត់បានឃើញគាត់អាចរួចផុតពីការញៀនបែបនេះ នេះក៏ជំរុញឲ្យពួកគេចាប់ផ្ដើមសិក្សាព្រះគម្ពីរផងដែរ។
៧ ជួយអ្នកដទៃឲ្យមានសេរីភាព: អស់អ្នកដែលជាប់ក្នុងសេចក្ដីបង្រៀនក្លែងក្លាយអស់មួយជីវិត ប្រហែលជាពិបាកយល់នូវសេរីភាពដែលព្រះគម្ពីរផ្ដល់មក។ អ្នកដែលជាគ្រូបង្រៀនត្រូវតែខំព្យាយាមជាពិសេសនិងរៀបចំឲ្យបានល្អ ដើម្បីឲ្យសេចក្ដីពិតបានជ្រួតជ្រាបដល់ចិត្តរបស់ពួកគេ។ (២ធី. ៤:២, ៥) នេះមិនមែនជាគ្រាដែលយើងត្រូវបន្ថយសកម្មភាពក្នុងការ‹ប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយឡើយ›។ (អេសា. ៦១:១) សេរីភាពរបស់គ្រីស្ទានគឺមានតម្លៃណាស់។ បើបានទទួលសេរីភាពនេះហើយ នោះបានន័យថានឹងទទួលជីវិតជារៀងរហូត។—១ធី. ៤:១៦