អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
សូមជម្រាបជូនអ្នកបម្រើព្រះទាំងឡាយ:
សៀវភៅអង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ាបានត្រូវបោះពុម្ពសម្រាប់ស្មរបន្ទាល់ព្រះយេហូវ៉ា។ សៀវភៅនេះបញ្ជាក់ឲ្យយល់ច្បាស់អំពីរបៀបធ្វើឲ្យព្រះសព្វព្រះហឫទ័យ ហើយរបៀបយើងអាចមានអំណរក្នុងការធ្វើតាមព្រះហឫទ័យទ្រង់។ សៀវភៅនេះមានព័ត៌មានបឋមអំពីរបៀបអ្នកកាន់តាមព្រះគ្រីស្ទបានត្រូវរៀបចំឡើងដើម្បីបំពេញកិច្ចការរបស់ព្រះ ហើយក៏មានឱវាទនិងការណែនាំដែលជួយយើងរក្សាឲ្យមានសាមគ្គីភាពជាមួយបងប្អូនរបស់យើងទូទាំងពិភពលោក។ (១ពេ. ២:១៧; ៥:៩) សៀវភៅនេះក៏បញ្ជាក់របៀបយើងអាចរួមចំណែកក្នុងការប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ ដើម្បីបង្ហាញថាយើងទទួលស្គាល់បំណងព្រះហឫទ័យរបស់ទ្រង់ដែលចង់ឲ្យ«មនុស្សទាំងអស់ . . . ស្គាល់សេចក្ដីពិត»។—១ធី. ២:៤; ម៉ាថ. ២៤:១៤
យើងមិនត្រឹមតែផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្ដល់ជំនួយខាងវិញ្ញាណតាមតម្រូវការរបស់អស់អ្នកដែលកំពុងតែត្រូវទាញនាំមកឯព្រះយេហូវ៉ា ពេលដែលពួកគេព្រមទទួលការអញ្ជើញឲ្យមកសរសើរទ្រង់ជាមួយរាស្ត្រទ្រង់។ (ទំនុក. ១៤៥:២១; វិវរ. ២២:១៧) អ្នកថ្មីត្រូវស្គាល់ដំណើរការនៃអង្គការព្រះយេហូវ៉ា ហើយរៀនអំពីរបៀបពួកគេអាចរួមចំណែកក្នុងកិច្ចការផ្សព្វផ្សាយនៅសព្វថ្ងៃនេះ។ ពួកគេក៏ទទួលការលើកទឹកចិត្ត ឲ្យបន្តព្យាយាមបំពេញតម្រូវការក្នុងព្រះគម្ពីរ ដើម្បីអាចទទួលបុណ្យជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ា។
សៀវភៅនេះមានព័ត៌មានបឋម ស្តីអំពីភារកិច្ចរបស់អ្នកចាស់ទុំ អ្នកងារជំនួយ ការវិនិច្ឆ័យទោសអ្នកដែលធ្វើអំពើខុសធ្ងន់ ហើយលក្ខណៈឯទៀតទាក់ទងនឹងរបៀបក្រុមជំនុំដំណើរការ។ ព័ត៌មានល្អិតល្អន់អំពីរឿងទាំងនេះត្រូវបញ្ជាក់ម្ដងម្កាលក្នុងទស្សនាវដ្ដីប៉មយាម កិច្ចបម្រើព្រះរាជាណាចក្រយើង និងសៀវភៅឯទៀតរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។
យើងអធិស្ឋានសុំឲ្យបងប្អូនរីកចម្រើនខាងវិញ្ញាណ ដោយអនុវត្តតាមអ្វីដែលត្រូវបញ្ជាក់ក្នុងសៀវភៅនេះ។ សូមអ្នករាល់គ្នារីករាយនឹងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា ជាមួយនឹងរាស្ត្រទ្រង់។
គណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា