បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៧ ទំ. ១០
  • សំបុត្រពីគណៈអភិបាល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំបុត្រពីគណៈអភិបាល
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៣/០៧ ទំ. ១០

សំបុត្រ​ពី​គណៈ​អភិបាល

ដោយ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ យើង​អធិស្ឋាន​ស្មោះ​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា​ថា⁠៖ «សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ»។ សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ខ្លាំង​របស់​យើង​ដើម្បី​រស់​នៅ​ឲ្យ​សម​ស្រប​តាម​សេចក្ដី​អធិស្ឋាន​នេះ គឺ​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​តាម​របៀប​រស់​នៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ពិត​មែន នេះ​តម្រូវ​ឲ្យ​យើង​ធ្វើ​ច្រើន​ជាង​ទៅ​ទៀត មិន​ត្រឹម​តែ​ស្គាល់​ព្រះ​នាម​ព្រះ​ប៉ុណ្ណោះ​ទេ។ យើង​ត្រូវ​យក​គ្រប់​ឱកាស​ដើម្បី​លើក​តម្កើង​ព្រះ​នាម​នោះ។ ប្រាកដ​ណាស់ កិត្ដិយស​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ទទួល គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​យើង​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។​—⁠ម៉ាថ. ៦:⁠៩; អេសា. ៤៣:⁠១០

ស្រប​តាម​ទំនុកដំកើង ១១០:⁠៣ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ស្ម័គ្រ​ចិត្ត​ចូល​រួម​បំពេញ​កិច្ចការ​តាម​សេចក្ដី​បង្គាប់​របស់​ទ្រង់។ ហេតុ​អ្វី​បាន​ជា​មនុស្ស​គ្រប់​វ័យ គ្រប់​វប្បធម៌​ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល​ក្នុង​កិច្ច​បម្រើ​ផ្សាយ? មូលហេតុ​សំខាន់​បំផុត គឺ​ដោយសារ​ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់ និង​ភក្ដីភាព​ចំពោះ​ព្រះ។ ចោទិយកថា ៦:​៥, ៦ បង្គាប់​យើង​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​‹អស់​ពី​ចិត្ត ព្រលឹង ហើយ​កំឡាំង›​។ សេចក្ដី​ស្រឡាញ់​អស់​ពី​ចិត្ត​នឹង​ជំរុញ​យើង​ឲ្យ​ចំណាយ​ពេល ចំណាយ​កម្លាំង និង​ធនធាន​របស់​យើង​ដើម្បី​ចម្រើន​កិច្ចការ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ វិធី​មួយ​ដែល​យើង​អាច​ធ្វើ​នេះ គឺ​ដោយ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឲ្យ​អស់​ពី​សមត្ថភាព​ស្រប​ទៅ​តាម​កាលៈទេសៈ​របស់​យើង។

សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ជាតិ ជា​មូលហេតុ​ដែល​ទ្រង់​បង្គាប់​ឲ្យ​យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ទូ​ទាំង​ផែនដី។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត​ពី​ការ​រស់​នៅ​ខុស​ឆ្គង និង​ត្រឡប់​មក​ឯ​ព្រះ​ដែល​ជា​អ្នក​បង្កើត​ដើម្បី​ឲ្យ​បាន​ជីវិត។ (២ពេ. ៣:⁠៩) ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា⁠៖ ​«អញ​មិន​រីករាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់​នៅ​វិញ​ទេ​តើ»។ (អេសេ. ៣៣:⁠១១)​ ពេល​យើង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​ជា​ទី​សំអាង​ដែល​បង្ហាញ​យ៉ាង​ជាក់​ស្តែង​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​យើង​គ្រប់​រូប។ ហេតុ​ការណ៍​ពិត​នេះ​ច្បាស់​ជា​នាំ​ឲ្យ​យើង​មាន​អំណរ​និង​សេចក្ដី​ពេញ​ចិត្ត ពេល​យើង​ចូល​រួម​ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ។

សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ក៏​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ទស្សនៈ​របស់​យើង​ដែរ ចំពោះ​បន្ទូល​ដែល​ទ្រង់​បណ្ដាល​ឲ្យ​សរសេរ ពោល​គឺ​ព្រះ​គម្ពីរ​បរិសុទ្ធ។ ប្រសិន​បើ​មិន​មាន​ព្រះ​គម្ពីរ យើង​មិន​បាន​ស្គាល់​ព្រះ​និង​ចូល​ទៅ​ជិត​ទ្រង់​ទេ ដូច​ដែល​យ៉ាកុប ៤:⁠៨​អញ្ជើញ​យើង​ឲ្យ​ធ្វើ​តាម។ យើង​ក៏​មិន​យល់​ពី​មូលហេតុ​ដែល​យើង​មាន​ជីវិត​រស់​នៅ និង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ដែរ។ យើង​នឹង​មិន​ដឹង​ថា អ័ដាម​ដែល​ជា​បុព្វ​បុរស​នៃ​មនុស្ស​ទាំង​ឡាយ ជា​ប្រភព​នៃ​បញ្ហា​គ្រប់​បែប​យ៉ាង​ឡើយ។ ​(រ៉ូម ៥:⁠១២) យើង​ក៏​មិន​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ ក្នុង​ការ​ប្រទាន​រាជបុត្រា​តែ​មួយ​គត់​ទុក​ជា​តម្លៃ​លោះ​សម្រាប់​យើង​គ្រប់​រូប​ដែរ។ តាម​វិធី​ផ្សេងៗ​ទៀត ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រទាន​ឲ្យ​យើង​នូវ​ចំណេះ ប្រាជ្ញា និង​ការ​យល់​ដឹង​ខ្លះៗ​របស់​ទ្រង់។ យើង​ចាត់​ទុក​បន្ទូល​របស់​ទ្រង់​ដែល​វិញ្ញាណ​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ ជា​អំណោយ​ដែល​មាន​តម្លៃ​បំផុត! ចិត្ត​កតញ្ញូ​ចំពោះ​អំណោយ​ដ៏​ល្អ​ប្រសើរ​នេះ ជំរុញ​យើង​ឲ្យ​«លៃ​យក​ឱកាស»​ដើម្បី​អាន សិក្សា និង​រំពឹង​គិត​ពី​បន្ទូល​របស់​ទ្រង់។ (អេភ. ៥:⁠១៥, ១៦; ទំនុក. ១:​១​-​៣) យើង​មិន​គួរ​តូច​ចិត្ត​ចំពោះ​ពេល​វេលា​ដែល​ត្រូវ​ចំណាយ​ដើម្បី​អាន​បន្ទូល​របស់​ព្រះ​ប្រចាំ​ថ្ងៃ​ឡើយ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ គួរ​តែ​ជំរុញ​យើង​ឲ្យ​ចង់​អាន​បន្ទូល​របស់​ទ្រង់។ ដ្បិត​នេះ​នឹង​ជួយ​បង្កើន​ការ​យល់​ដឹង​របស់​យើង​អំពី​ទ្រង់ ហើយ​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​រឹតតែ​ជ្រាល​ជ្រៅ​ថែម​ទៀត។

យើង​បាន​រៀន​ពី​ព្រះ​គម្ពីរ​ថា ពេល​អ័ដាម​បាន​ធ្វើ​បាប​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា នោះ​គាត់​បាន​នាំ​កូន​ចៅ​ទាំង​អស់​ដែល​រួម​បញ្ចូល​យើង​ម្នាក់ៗ​ ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​និង​អស់​សង្ឃឹម​ណាស់។ ក៏​ប៉ុន្តែ ព្រះ​អាច​សង្គ្រោះ​មនុស្ស​ជាតិ ហើយ​ទ្រង់​ពិត​ជា​បាន​ធ្វើ​ដូច្នោះ​មែន ដោយ​ចាត់​វិធានការ​ដើម្បី​សម្រេច​បំណង​របស់​ទ្រង់​សម្រាប់​ផែនដី។​—⁠លោ. ៣:⁠១៥

ប្រាកដ​មែន​យើង​គ្រប់​គ្នា​មាន​សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ​ព្រះ​នាម​ដ៏​អស្ចារ្យ​របស់​ទ្រង់​បាន​បរិសុទ្ធ។ ពេល​ដែល​យើង​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង នោះ​យើង​ដឹង​ថា​ទ្រង់​ជា​ព្រះ​ដ៏​ឧត្តុង្គ​ឧត្តម ហើយ​នេះ​ជំរុញ​យើង​ឲ្យ​សហ​ការ​ជា​មួយ​ទ្រង់ និង​អង្គការ​របស់​ទ្រង់ ក្នុង​ការ​ប្រកាស​ប្រាប់​ពី​នាម​ដ៏​ឧត្តម​និង​គោល​បំណង​របស់​ទ្រង់។ យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​ថា ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ហើយ​គាំទ្រ​យើង និង​ប្រទាន​ពរ​ដល់​យើង​ឥឡូវ​នេះ និង​នៅ​អនាគត គឺ​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី។

យើង​ជា​សមាជិក​នៃ​គណៈ​អភិបាល​ចង់​បញ្ជាក់​ប្រាប់​ពី​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​បង​ប្អូន​ជា​ទី​ស្រឡាញ់។ យើង​ក៏​ចង់​ប្រាប់​ដែរ​ថា យើង​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​ព្យាយាម​របស់​អ្នក ក្នុង​ការ​ប្រើ​ពេល​វេលា​ដែល​នៅ​សេស​សល់​មុន​«គ្រា​វេទនា​យ៉ាង​ធំ»​មក​ដល់ ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​គ្រប់​រូប។ (វិវរ. ៧:⁠១៤) ដោយ​ធ្វើ​ដូច្នេះ អ្នក​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​គ្រប់​រូប​ក្រេប​ជញ្ជក់​យក​ចំណេះ​អំពី​ព្រះ​និង​ព្រះ​គ្រិស្ត​ដែល​នាំ​ទៅ​ដល់​ជីវិត​ជា​រៀង​រហូត ដូច​ដែល​អ្នក​ធ្លាប់​មាន។​—⁠យ៉ូន. ១៧:⁠៣

ពី​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​អ្នក

Governing Body of Jehovah’s Witnesses

(គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក