សំណួរពីអ្នកអាន
តើការផ្សព្វផ្សាយដំណឹងល្អនឹងត្រូវបញ្ចប់នៅពេលណា?
លោកយេស៊ូបានមានប្រសាសន៍ថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ (ម៉ាថ. ២៤:១៤) ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«បញ្ចប់»នៅក្នុងខនេះ និងខ៦ ព្រមទាំងខ១៣គឺថេឡុស។ នេះសំដៅទៅលើទីបញ្ចប់នៃពិភពលោករបស់សាថាននៅសង្គ្រាមអាម៉ាគេដូន។ (បប. ១៦:១៤, ១៦) ដូច្នេះ យើងនឹងបន្តផ្សព្វផ្សាយដំណឹងល្អរហូតដល់បន្តិចមុនទីបញ្ចប់នោះ។ នេះជាការកែតម្រូវចំពោះការយល់ដឹងរបស់យើងពីមុន។
ពីមុនយើងយល់ថា យើងនឹងឈប់ផ្សព្វផ្សាយដំណឹងល្អ ពេលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើមដោយការបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លា។ (បប. ១៧:៣, ៥, ១៥, ១៦) យើងបានយល់ថា ព្រឹត្តិការណ៍នោះនឹងបង្ហាញអំពីទីបញ្ចប់នៃ«ឆ្នាំដែលព្រះយេហូវ៉ាពេញចិត្ត»។ (អេ. ៦១:២) យើងក៏បានយល់ដែរថា ពួកអ្នកដែលរួចជីវិតនៅគ្រាទុក្ខវេទនាជាខ្លាំងបានបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាមុនគ្រាទុក្ខវេទនាជាខ្លាំងនោះបានចាប់ផ្ដើម។ យើងបានប្រដូចពួកគេទៅនឹងជនជាតិយូដាដែលបានរួចជីវិតពីការបំផ្លាញក្រុងយេរូសាឡិម នៅឆ្នាំ៦០៧ មុនគ.ស.។ បុគ្គលទាំងនោះបានទទួល«សញ្ញាសម្គាល់លើថ្ងាស»របស់ពួកគេរួចហើយដើម្បីរួចជីវិត ដោយសារពួកគេគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយស្អប់អំពើទុច្ចរិត។ (អេគ. ៥:១១; ៩:៤) ប៉ុន្តែ ការប្រដូចនេះមិនស្របគ្នានឹងប្រសាសន៍របស់លោកយេស៊ូនៅម៉ាថាយ ២៤:១៤ដែលបង្ហាញថា មនុស្សប្រហែលជានឹងមានឱកាសធ្វើតាមដំណឹងល្អរហូតដល់បន្តិចមុនទីបញ្ចប់នៅសង្គ្រាមអាម៉ាគេដូន។
ដោយសារយើងយល់ច្បាស់ជាងអំពីម៉ាថាយ ២៤:១៤ យើងក៏ត្រូវកែតម្រូវការយល់ដឹងរបស់យើងអំពីការបើកបង្ហាញ ១៦:២១ដែរ ដែលនិយាយអំពីដុំទឹកកកដែលធ្លាក់យ៉ាងខ្លាំង។ ការពិចារណាបន្ថែមបានបង្ហាញថា បទគម្ពីរទាំងពីរនេះបង្គ្រប់គ្នា។ អ្វីដែលជួយយើងឲ្យដឹងដូច្នេះ គឺរបៀបដែលគម្ពីររៀបរាប់អំពីប្រតិកម្មរបស់មនុស្សចំពោះដំណឹងអំពីរាជាណាចក្រ។ សាវ័កប៉ូលបានសរសេរថា ចំពោះ«ពួកអ្នកដែលកំពុងទទួលសេចក្ដីសង្គ្រោះ» ដំណឹងនោះគឺជាដំណឹងល្អគឺ«ក្លិននៃជីវិត»។ ប៉ុន្តែ ចំពោះសត្រូវរបស់ព្រះ នោះគឺដំណឹងអាក្រក់ ជា«ក្លិននៃសេចក្ដីស្លាប់»។ (២កូ. ២:១៥, ១៦) ពួកអ្នកទាំងនោះស្អប់ដំណឹងអំពីរាជាណាចក្រ ដោយសារនោះបកអាក្រាតពិភពលោករបស់ពួកគេថាគឺអាក្រក់ បានត្រូវគ្រប់គ្រងដោយសាថាន ហើយនឹងត្រូវបំផ្លាញចោល។—យ៉ូន. ៧:៧; ១យ៉ូន. ២:១៧; ៥:១៩
សូមកត់សម្គាល់ដែរថា ការធ្លាក់ដុំទឹកកកនោះដែលបានត្រូវរៀបរាប់នៅការបើកបង្ហាញ ១៦:២១នឹង«ខ្លាំងក្រៃលែង»។ នេះប្រហែលជាមានន័យថា ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង យើងនឹងផ្សព្វផ្សាយដល់មនុស្សកាន់តែច្រើនជាងមុនទៅទៀតនិងកាន់តែចំៗ។ ជាលទ្ធផល មនុស្សកាន់តែច្រើននឹងស្គាល់នាមរបស់ព្រះយេហូវ៉ា។ (អេគ. ៣៩:៧) នៅពេលនោះ ក្រោយពីបាប៊ីឡូនដ៏ខ្លាំងក្លាបានត្រូវបំផ្លាញចោល តើអ្នកខ្លះនឹងចូលចិត្តដំណឹងនោះដូចពួកគេចូលចិត្តក្លិនក្រអូបឬទេ? ប្រហែល។ ពួកគេប្រហែលជានឹងរៀនឬនឹកចាំថាអស់ជាច្រើនឆ្នាំ សាក្សីព្រះយេហូវ៉ាបានប្រកាសអំពីការបំផ្លាញនៃសាសនាមិនពិត។
នេះគឺស្រដៀងនឹងអ្វីដែលបានកើតឡើងនៅស្រុកអេហ្ស៊ីបសម័យបុរាណ បន្ទាប់ពីសេចក្ដីវេទនា១០ប្រការ។ ក្រោយពីព្រះយេហូវ៉ា«វិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេហ្ស៊ីប» «ជនជាតិផ្សេងៗ»ដែលមិនមែនជាជនជាតិអ៊ីស្រាអែលបានទៅជាមួយនឹងរាស្ត្ររបស់លោក។ (ដច. ១២:១២, ៣៧, ៣៨) ជនបរទេសទាំងនោះប្រហែលជាបានបែរមករកព្រះយេហូវ៉ា ពេលដែលពួកគេឃើញការព្រមានរបស់ម៉ូសេស្ដីអំពីសេចក្ដីវេទនា១០ប្រការបានក្លាយទៅជាការពិត។
អ្នកណាដែលបែរមករកព្រះយេហូវ៉ាក្រោយពីការបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លា នឹងមានឱកាសគាំទ្របងប្អូនរបស់គ្រិស្តដែលនៅតែរស់នៅផែនដី។ (ម៉ាថ. ២៥:៣៤-៣៦, ៤០) ប៉ុន្តែ ឱកាសទទួលការវិនិច្ឆ័យថាជាចៀមនោះ នឹងបញ្ចប់មុនសង្គ្រាមអាម៉ាគេដូន ពេលពួកអ្នករើសតាំងដែលនៅសល់ទទួលរង្វាន់របស់ពួកគេនៅស្ថានសួគ៌។
ការកែតម្រូវការយល់ដឹងនេះ លើកបញ្ជាក់នូវសេចក្ដីស្រឡាញ់និងសេចក្ដីមេត្តាករុណាដ៏ធំធេងរបស់ព្រះយេហូវ៉ា។ ពិតមែន លោក«មិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។—២ពេ. ៣:៩