បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១០ ទំ. ២៨-២៩
  • ការចូលទៅជិតព្រះ នោះជាការល្អដល់ខ្ញុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការចូលទៅជិតព្រះ នោះជាការល្អដល់ខ្ញុំ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អត្ថបទស្រដៀងគ្នា
  • គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
    ទស្សនាវដ្ដីប៉មយាម: គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
  • គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត
    ទស្សនាវដ្ដីប៉មយាម: គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១០ ទំ. ២៨-២៩

ការ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ខ្ញុំ

ពេល​ខ្ញុំ​មាន​អាយុ​៩​ឆ្នាំ ខ្ញុំ​ឈប់​លូត​កម្ពស់​ទៀត។ សព្វ​ថ្ងៃ​នេះ​ក្នុង​វ័យ​៤៣​ឆ្នាំ ខ្ញុំ​មាន​កម្ពស់​តែ​មួយ​ម៉ែត្រ(​បី​ហ្វីត​)ប៉ុណ្ណោះ។ ពេល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​យល់​ថា​ខ្ញុំ​នឹង​មិន​លូត​កម្ពស់​ទៀត ពួក​គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​គិត​ច្រើន​ពេក​អំពី​កម្ពស់​របស់​ខ្ញុំ។ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ទំនេរ ខ្ញុំ​បាន​រៀប​ចំ​ថ្នាក់​ដាក់​ផ្លែ​ឈើ​លក់​នៅ​មុខ​ផ្ទះ​របស់​យើង ហើយ​រក្សា​វា​ឲ្យ​មាន​របៀប​រៀប​រយ​ជា​និច្ច។ នោះ​បាន​ទាក់​ទាញ​ភ្ញៀវ​ជា​ច្រើន។

ការ​ខំ​ប្រឹង​ធ្វើ​ការ​មិន​បាន​ផ្លាស់​ប្ដូរ​អ្វី​ៗ​ទាំង​អស់​ទេ។ ខ្ញុំ​នៅ​តែ​មាន​កម្ពស់​ទាប​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ត្រូវ​តែ​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ សូម្បី​តែ​អ្វី​ដ៏​សាមញ្ញ​ក្នុង​ជីវិត​ដូច​ជា​កម្ពស់​តុ​គិត​លុយ​នៅ​ហាង​ជា​ដើម។ អ្វី​ៗ​ទាំង​អស់​មើល​ទៅ​បាន​ត្រូវ​ធ្វើ​ឡើង​សម្រាប់​មនុស្ស​ដែល​ខ្ពស់​ជាង​ខ្ញុំ​ជិត​ពីរ​ដង។ ខ្ញុំ​អាណិត​ខ្លួន​ឯង ប៉ុន្តែ​នោះ​បាន​ផ្លាស់​ប្ដូរ​ពេល​ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ។

នៅ​ថ្ងៃ​មួយ ស្ត្រី​ពីរ​នាក់​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​មក​ទិញ​ផ្លែ​ឈើ​ខ្លះ ហើយ​បាន​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ។ មិន​យូរ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​ការ​ស្គាល់​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក​គឺ​សំខាន់​ជាង​កម្ពស់​របស់​ខ្ញុំ។ នោះ​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់។ ទំនុក​តម្កើង ៧៣:២៨​បាន​ទៅ​ជា​ខ​គម្ពីរ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ។ ផ្នែក​ដំបូង​នៃ​ខ​នោះ​ចែង​ថា​៖ ‹កាល​ដែល​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល​បង្គំ›។

គ្រួសារ​របស់​យើង​ស្រាប់​តែ​បាន​រើ​ពី​ប្រទេស​កូតឌីវ័រ​ទៅ​ប្រទេស​បួគីណា​ហ្វាសូ ហើយ​ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ច្រើន។ នៅ​តំបន់​ដែល​យើង​រស់​នៅ​ពី​មុន មនុស្ស​ធ្លាប់​តែ​ឃើញ​ខ្ញុំ​នៅ​ក្បែរ​ថ្នាក់​ដាក់​ផ្លែ​ឈើ​លក់។ ប៉ុន្តែ នៅ​តំបន់​រស់​នៅ​ថ្មី​របស់​យើង គេ​មិន​បាន​ស្គាល់​ខ្ញុំ​ទេ ហើយ​ចំពោះ​មនុស្ស​ជា​ច្រើន ខ្ញុំ​មើល​ទៅ​ដូច​ជា​មនុស្ស​ចម្លែក។ មនុស្ស​ឯ​ទៀត​ចេះ​តែ​សម្លឹង​មើល​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​នៅ​ក្នុង​ផ្ទះ​អស់​ជា​ច្រើន​សប្ដាហ៍។ ក្រោយ​មក ខ្ញុំ​នឹក​ចាំ​ថា​ពេល​ដែល​ខ្ញុំ​បាន​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា នោះ​គឺ​ល្អ​ណាស់​ចំពោះ​ខ្ញុំ។ ខ្ញុំ​បាន​សរសេរ​សំបុត្រ​ទៅ​ការិយាល័យ​សាខា​នៃ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ពួក​គាត់​បាន​ចាត់​បុគ្គល​ម្នាក់​ដែល​ត្រូវ​ចិត្ត​ខ្ញុំ​ឲ្យ​មក។ បង​ស្រី​ណានី​ដែល​ជា​សាសនទូត​បាន​មក​លេង​ខ្ញុំ​ដោយ​ជិះ​ម៉ូតូ​កូន​ទា។

ផ្លូវ​ដី​នៅ​តំបន់​របស់​យើង​តែង​តែ​រអិល ហើយ​នៅ​រដូវ​ភ្លៀង ផ្លូវ​នោះ​ទៅ​ជា​បែក​ភក់។ បង​ណានី​បាន​ដួល​ម៉ូតូ​ជា​ច្រើន​ដង ពេល​ដែល​គាត់​មក​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ ប៉ុន្តែ​គាត់​មិន​បាន​ឈប់​ព្យាយាម​ឡើយ។ ថ្ងៃ​មួយ គាត់​បាន​ស្នើ​សុំ​យក​ខ្ញុំ​ទៅ​កិច្ច​ប្រជុំ។ ខ្ញុំ​យល់​ថា​នេះ​មាន​ន័យ​ថា​ខ្ញុំ​ត្រូវ​ចេញ​ពី​ផ្ទះ ហើយ​ស៊ូ​ទ្រាំ​នឹង​ការ​សម្លឹង​មើល​របស់​មនុស្ស។ បន្ថែម​ទៅ​ទៀត កាល​ដែល​គាត់​ឌុប​ខ្ញុំ នោះ​បន្ថែម​ទម្ងន់​លើ​ម៉ូតូ​ដែល​ពិបាក​កាច់​ចង្កូត​ស្រាប់​ទៅ​ហើយ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ខ្ញុំ​បាន​យល់ព្រម ដោយ​សារ​ខ្ញុំ​បាន​នឹក​ចាំ​ផ្នែក​បន្ទាប់​នៃ​ខ​គម្ពីរ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ដែល​ចែង​ថា​៖ ​«​ទូល​បង្គំ​បាន​យក​ព្រះ​អម្ចាស់​យេហូវ៉ា​ទុក​ជា​ទី​ពឹង​ហើយ​»។

ជួន​កាល​បង​ណានី​និង​ខ្ញុំ​ដួល​ចូល​ក្នុង​ភក់ ប៉ុន្តែ​ដោយ​សារ​យើង​ស្រឡាញ់​កិច្ច​ប្រជុំ យើង​មិន​ខ្វល់​ឡើយ។ នៅ​ខាង​ក្រៅ​មនុស្ស​បាន​សម្លឹង​មើល​ខ្ញុំ​ដោយ​ឆ្ងល់ ប៉ុន្តែ​នៅ​សាល​ប្រជុំ​បង​ប្អូន​បាន​ញញឹម​ដាក់​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់ នេះ​ពិត​ជា​ខុស​គ្នា​ឆ្ងាយ​ណាស់! ប្រាំ​បួន​ខែ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។

​«​ដើម្បី​ឲ្យ​បាន​ថ្លែង​ប្រាប់​ពី​អស់​ទាំង​ការ​របស់​ទ្រង់​»​ គឺ​ជា​ផ្នែក​ចុង​ក្រោយ​នៃ​បទ​គម្ពីរ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ។ ខ្ញុំ​បាន​ដឹង​ថា​កិច្ច​បម្រើ​ផ្សាយ​គឺ​ជា​ការ​ពិបាក​ដ៏​ធំ​បំផុត​សម្រាប់​ខ្ញុំ។ ខ្ញុំ​នៅ​តែ​នឹក​ចាំ​អំពី​លើក​ទី១​ដែល​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ទាំង​កូន​ក្មេង​ទាំង​មនុស្ស​ពេញ​វ័យ​ចេះ​តែ​សម្លឹង​មើល​ខ្ញុំ ដើរ​តាម​ខ្ញុំ ហើយ​សើច​ចំអក​របៀប​ដែល​ខ្ញុំ​ដើរ។ នោះ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ប៉ុន្តែ​ពេល​ខ្ញុំ​រំលឹក​ខ្លួន​ឯង​ថា​ពួក​គេ​ក៏​ត្រូវ​ការ​សួន​ឧទ្យាន​យ៉ាង​ខ្លាំង​ដូច​ខ្ញុំ​ដែរ ខ្ញុំ​អាច​ស៊ូ​ទ្រាំ​បាន។

ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​ស្រួល​ផ្សព្វ​ផ្សាយ​ជាង ខ្ញុំ​បាន​ប្រើ​រទេះ​កង់​បី​ដែល​បង្វិល​ដោយ​ដៃ។ ដៃ​គូ​ផ្សាយ​របស់​ខ្ញុំ​រុញ​រទេះ​ខ្ញុំ​ពេល​ឡើង​ទួល ហើយ​បន្ទាប់​មក​គាត់​ឡើង​រទេះ​នោះ​ពេល​ចុះ​ទួល។ ទោះ​ជា​ដំបូង​ឡើយ​កិច្ច​បម្រើ​ផ្សាយ​គឺ​ពិបាក​សម្រាប់​ខ្ញុំ​ក៏​ដោយ មិន​យូរ​ក្រោយ​មក​កិច្ច​ការ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​រីក​រាយ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​នៅ​ឆ្នាំ​១៩៩៨ ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។

ខ្ញុំ​បាន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ជា​ច្រើន ហើយ​សិស្ស​គម្ពីរ​បួន​នាក់​ក្នុង​ចំណោម​សិស្ស​ទាំង​នោះ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ម្យ៉ាង​ទៀត ប្អូន​ស្រី​បង្កើត​ម្នាក់​របស់​ខ្ញុំ​ក៏​បាន​ទទួល​យក​សេចក្ដី​ពិត​ដែរ នេះ​គួរ​ឲ្យ​សប្បាយ​រីក​រាយ​មែន! ពេល​ឮ​អំពី​ការ​រីក​ចម្រើន​របស់​អ្នក​ឯ​ទៀត នោះ​ច្រើន​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត។ ថ្ងៃ​មួយ កាល​ដែល​ខ្ញុំ​រង​ទុក្ខ​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់ ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយ​ពី​ប្រទេស​កូតឌីវ័រ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ​ជា​មួយ​នឹង​និស្សិត​សកល​វិទ្យាល័យ​ម្នាក់​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​គាត់​នៅ​ប្រទេស​បួគីណា​ហ្វាសូ ហើយ​ខ្ញុំ​បាន​ផ្ទេរ​គាត់​ឲ្យ​បង​ប្រុស​រួម​ជំនឿ​ម្នាក់។ ក្រោយ​មក សិស្ស​គម្ពីរ​នោះ​បាន​រើ​ទៅ​ប្រទេស​កូតឌីវ័រ។ ខ្ញុំ​សប្បាយ​ដែល​បាន​ឮ​ថា​គាត់​បាន​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក!

តើ​ខ្ញុំ​ចិញ្ចឹម​ជីវិត​យ៉ាង​ដូច​ម្ដេច? អង្គ​ការ​មួយ​ដែល​ជួយ​ជន​ពិការ​បាន​ស្នើ​សុំ​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​កាត់​ដេរ។ គ្រូ​បង្រៀន​ម្នាក់​បាន​កត់​សម្គាល់​ទម្លាប់​ធ្វើ​ការ​របស់​ខ្ញុំ ហើយ​បាន​និយាយ​ថា​៖ ​«​យើង​គួរ​តែ​បង្រៀន​អ្នក​អំពី​របៀប​ធ្វើ​សាប៊ូ​»។ ពួក​គេ​បាន​ធ្វើ​ដូច្នេះ។ សព្វ​ថ្ងៃ​នេះ នៅ​ផ្ទះ​របស់​ខ្ញុំ ខ្ញុំ​ធ្វើ​សាប៊ូ​បោក​ខោ​អាវ​និង​សាប៊ូ​ដុំ។ មនុស្ស​ចូល​ចិត្ត​សាប៊ូ​របស់​ខ្ញុំ ហើយ​បាន​ណែនាំ​អ្នក​ឯ​ទៀត​ឲ្យ​ប្រើ​សាប៊ូ​នោះ។ ខ្ញុំ​ដឹក​ជញ្ជូន​សាប៊ូ​ទាំង​នោះ​ឲ្យ​គេ​ដោយ​ខ្លួន​ឯង​ដោយ​ប្រើ​ម៉ូតូ​កូន​ទា​កង់​បី។

គួរ​ឲ្យ​ស្ដាយ នៅ​ឆ្នាំ​២០០៤ ខ្ញុំ​ត្រូវ​ឈប់​ត្រួស​ត្រាយ ដោយ​សារ​ខ្ញុំ​ឈឺ​ខ្នង​យ៉ាង​ខ្លាំង។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់។

មនុស្ស​និយាយ​ថា​ខ្ញុំ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​មនុស្ស​ញញឹម។ ខ្ញុំ​មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​សប្បាយ​រីក​រាយ ដោយ​សារ​ការ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ខ្ញុំ (​រៀប​រាប់​ដោយ​បង​សារ៉ា ម៉ៃហ្គា​)។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក