តើមានអ្នកគ្រោងបង្កើតឬទេ?
សមត្ថភាពអ័រម៉ូនក្នុងការគ្រប់គ្រងដំណើរការរូបកាយ
ដើម្បីឲ្យរាងកាយរបស់យើងអាចដំណើរការទៅបាន ឈាមរបស់យើងត្រូវមានបរិមាណអេឡិចត្រូលីតក្នុងកម្រិតជាក់លាក់មួយ ដូចជាជាតិកាល់ស្យូមជាដើម។ ប៉ុន្តែ បរិមាណអេឡិចត្រូលីតដែលរាងកាយយើងស្រូបយកគឺខុសគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ តើអ្វីធ្វើឲ្យរាងកាយរបស់យើងរក្សាបរិមាណអេឡិចត្រូលីតឲ្យនៅថេរជានិច្ច?
រាងកាយដែលមានសុខភាពល្អ អាចគ្រប់គ្រងកម្រិតអេឡិចត្រូលីតយ៉ាងត្រឹមត្រូវ គឺដោយផលិតនិងរក្សាទុកអ័រម៉ូន ថែមទាំងបញ្ចេញអ័រម៉ូនទៅក្នុងចរន្តឈាម។ អ័រម៉ូនគឺជាសារធាតុម្យ៉ាងដែលជួយគ្រប់គ្រងដំណើរនៃរាងកាយ។ សូម្បីតែបរិមាណអ័រម៉ូនតែបន្តិចប៉ុណ្ណោះ ក៏អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរាងកាយរបស់យើងដែរ។ សព្វវចនាធិប្បាយប៊្រីធែណនីកាបានរៀបរាប់ថា រូបកាយរបស់យើង«មិនមែនចេះតែបញ្ចេញអ័រម៉ូនតែផ្ដេសតែផ្ដាសទេ។ តែការបញ្ចេញអ័រម៉ូនគឺមានភាពស៊ាំញ៉ាំនិងតែងតែត្រឹមត្រូវតាមតម្រូវការ»។
ជាឧទាហរណ៍ ក្រពេញទីរ៉ូអ៊ីតនៅក្នុងករបស់យើង អាចដឹងបម្រែបម្រួលនៃបរិមាណកាល់ស្យូមក្នុងឈាមរបស់យើង សូម្បីតែបម្រែបម្រួលនោះតិចតួចក្ដី។ តាមធម្មតា ក្រពេញទីរ៉ូអ៊ីតមួយមានគ្រាប់តូចល្អិតបួន គ្រាប់នីមួយៗទំហំប៉ុនគ្រាប់អង្ករ។
ពេលក្រពេញទីរ៉ូអ៊ីតដឹងថាកម្រិតជាតិកាល់ស្យូមបានធ្លាក់ចុះក្រោមកម្រិតធម្មតារបស់វា នោះវាបញ្ចេញជាតិអ័រម៉ូនភ្លាមៗក្នុងប៉ុន្មានវិនាទីប៉ុណ្ណោះ។ នេះផ្ដល់សញ្ញាឲ្យឆ្អឹងបញ្ចេញជាតិកាល់ស្យូមដែលផ្ទុកនៅក្នុងឈាម។ អ័រម៉ូននេះក៏ប្រាប់ព័ត៌មានឲ្យតម្រងនោមបញ្ឈប់ការច្រោះជាតិកាល់ស្យូមចេញពីឈាម ហើយពោះវៀនតូចចាប់ផ្ដើមបង្កើនបរិមាណកាល់ស្យូមដែលស្រូបចេញពីអាហារ។
ផ្ទុយទៅវិញ បើក្នុងឈាមមានជាតិកាល់ស្យូមច្រើនពេក នោះក្រពេញទីរ៉ូអ៊ីតបញ្ចេញអ័រម៉ូនផ្សេងវិញ។ អ័រម៉ូននោះផ្ដល់សញ្ញាឲ្យឆ្អឹងស្រូបយកនិងសន្សំទុកជាតិកាល់ស្យូមឲ្យបានច្រើន ហើយប្រាប់ព័ត៌មានឲ្យតម្រងនោមចម្រោះជាតិកាល់ស្យូមដែលមានលើសពីធម្មតានោះ។
បើនិយាយឲ្យចំទៅ នេះគ្រាន់តែជាអ័រម៉ូនពីរយ៉ាងក្នុងចំណោមអ័រម៉ូនជាងមួយរយដែលជួយកែសម្រួលនិងគ្រប់គ្រងដំណើរការផ្សេងៗក្នុងរាងកាយរបស់យើង។
តើអ្នកគិតយ៉ាងណា? តើសមត្ថភាពអ័រម៉ូនក្នុងការគ្រប់គ្រងដំណើរការរូបកាយ កើតឡើងដោយការវិវត្តន៍ឬមានអ្នកគ្រោងបង្កើត?