តើយើងអាចធ្វើអ្វីពេលអ្វីៗទាំងអស់ឡើងថ្លៃ?
ចេះស្កប់ចិត្ត
មនុស្សដែលចេះស្កប់ចិត្តពេញចិត្តនឹងជីវិតរបស់ពួកគេ។ ពេលស្ថានភាពរបស់ពួកគេផ្លាស់ប្ដូរ ពួកគេរកមធ្យោបាយផ្សេងៗដើម្បីរស់នៅតាមលទ្ធភាពរបស់ខ្លួន។
ហេតុអ្វីនេះសំខាន់?
ជេស៊ីកា ខូអ៊ីល័រ ដែលជាគ្រូពេទ្យចិត្តសាស្ត្រម្នាក់បានកត់សម្គាល់ថា មនុស្សដែលចេះស្កប់ចិត្តមានទស្សនៈវិជ្ជមានជាង។ គាត់ក៏ឃើញថាមនុស្សបែបនោះមិនសូវច្រណែនអ្នកឯទៀតទេ។ ហេតុនេះហើយ គឺមិនចម្លែកទេដែលមនុស្សចេះស្កប់ចិត្ត ធម្មតាសប្បាយជាង ហើយមិនសូវតានតឹងចិត្ត។ តាមពិតមនុស្សខ្លះដែលសប្បាយមិនមានលុយច្រើនទេ។ នេះគឺពិតមែន ជាពិសេសចំពោះអ្នកដែលឲ្យតម្លៃជាងទៅលើអ្វីដែលលុយមិនអាចទិញបាន ដូចជាអំណរដែលមកពីការចំណាយពេលជាមួយក្រុមគ្រួសារនិងមិត្តភក្ដិជាដើម។
អ្វីដែលអ្នកអាចធ្វើ
ជៀសវាងពីការប្រៀបធៀប។ បើអ្នកប្រៀបធៀបជីវិតសាមញ្ញរបស់អ្នកជាមួយនឹងអ្នកដែលមានទ្រព្យសម្បត្តិច្រើន នោះអាចនាំឲ្យអ្នកលែងស្កប់ចិត្ត ថែមទាំងច្រណែនគេទៀតផង។ បន្ថែមទៅទៀត ការប្រៀបធៀបបែបនេះគឺមិនតែងតែត្រឹមត្រូវទេ ព្រោះអ្នកខ្លះដែលមើលទៅដូចជាអ្នកមានប្រហែលជាជំពាក់បំណុលគេច្រើន។ នីខូលពីប្រទេសសេណេហ្គាល់និយាយថា៖ «ខ្ញុំមិនត្រូវការអ្វីច្រើនដើម្បីធ្វើឲ្យខ្ញុំសប្បាយទេ។ បើខ្ញុំចេះស្កប់ចិត្ត ខ្ញុំអាចសប្បាយជានិច្ច ទោះជាអ្នកឯទៀតមានអ្វីច្រើនជាងខ្ញុំក៏ដោយ»។
សូមសាកធ្វើដូច្នេះ៖ ជៀសវាងមើលការផ្សាយ ឬការបង្ហោះតាមបណ្ដាញសង្គមដែលបង្ហាញអំពីទ្រព្យសម្បត្តិឬរបៀបរស់នៅឡូយឆាយរបស់អ្នកឯទៀត។
មានចិត្តដឹងគុណ។ មនុស្សដែលមានចិត្តដឹងគុណទំនងជាស្កប់ចិត្តហើយមិនសូវមានអារម្មណ៍ថាខ្លួនត្រូវការ ឬសមនឹងទទួលអ្វីច្រើនជាងនេះទេ។ រ៉ូបឺតតន់ពីប្រទេសហៃទីរៀបរាប់ថា៖ «ខ្ញុំឆ្លៀតពេលគិតអំពីទង្វើសប្បុរសដែលអ្នកឯទៀតបង្ហាញចំពោះខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំប្រាប់ពួកគេថាខ្ញុំពិតជាឲ្យតម្លៃចំពោះអ្វីៗដែលពួកគេបានធ្វើ។ ខ្ញុំក៏បង្រៀនកូនប្រុសអាយុ៨ឆ្នាំរបស់ខ្ញុំឲ្យនិយាយអរគុណចំពោះអ្វីទាំងអស់ដែលគាត់បានទទួលពីអ្នកឯទៀតដែរ»។
សូមសាកធ្វើដូច្នេះ៖ ជារៀងរាល់ថ្ងៃ សូមកត់ទុកអ្វីដែលនាំឲ្យអ្នកដឹងគុណ។ នេះអាចរួមបញ្ចូលការមានសុខភាពល្អ ភាពជិតស្និទ្ធក្នុងក្រុមគ្រួសារ មិត្តពិត ឬសូម្បីតែពេលដែលអ្នកឃើញថ្ងៃលិចដ៏ស្រស់ស្អាត។
ជួនកាល យើងទាំងអស់គ្នាពិបាកស្កប់ចិត្តនឹងអ្វីដែលយើងមាន។ ប៉ុន្តែពេលយើងខំព្យាយាមឲ្យចេះស្កប់ចិត្ត នេះនាំឲ្យយើងទទួលប្រយោជន៍ជាច្រើន។ ពេលយើងចេះស្កប់ចិត្ត យើងមានសុភមង្គល ហើយនេះជាអ្វីដែលលុយមិនអាចទិញបានទេ។