៦៣
ស្តេចសាឡូម៉ូនប្រកបដោយប្រាជ្ញា
សាឡូម៉ូនជាក្មេងជំទង់ម្នាក់ នៅពេលដែលឡើងសោយរាជ្យជាស្តេច។ ទ្រង់ស្រឡាញ់ព្រះយេហូវ៉ា ហើយទ្រង់កាន់តាមដំបូន្មានដ៏ប្រសើរដែលបិតារបស់ទ្រង់ស្តេចដាវីឌបានប្រទានឲ្យ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងសាឡូម៉ូនណាស់ ដូច្នេះនៅរាត្រីមួយទ្រង់មានបន្ទូលប្រាប់តាមរយៈសុបិនថា៖ ‹សាឡូម៉ូន តើឯងចង់ឲ្យអញប្រទានអ្វីដល់ឯង›?
នោះសាឡូម៉ូនទូលឆ្លើយថា៖ ‹ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនៅក្មេងណាស់ ហើយពុំដឹងរបៀបគ្រប់គ្រងជាយ៉ាងណាឡើយ។ ដូច្នេះសូមទ្រង់ប្រទានឲ្យទូលបង្គំមានប្រាជ្ញា ដើម្បីឲ្យទូលបង្គំគ្រប់គ្រងលើប្រជារាស្ត្ររបស់ទ្រង់តាមរបៀបដ៏ត្រឹមត្រូវផង›។
ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអ្វីដែលស្តេចសាឡូម៉ូនបានសុំនោះ។ ដូច្នេះទ្រង់មានបន្ទូលតបថា៖ ‹ដោយព្រោះឯងសុំឲ្យបានប្រាជ្ញាច្រើន ហើយមិនបានសុំឲ្យបានអាយុយឺនយូរ ឬឲ្យបានទ្រព្យសម្បត្ដិច្រើននោះ អញនឹងប្រទានឲ្យឯងមានប្រាជ្ញាច្រើនជាងមនុស្សទាំងអស់ដែលធ្លាប់រស់ទៅទៀត។ ប៉ុន្តែអញក៏នឹងឲ្យឯងនូវអ្វីដែលឯងមិនបានសុំដែរ គឺទាំងទ្រព្យសម្បត្ដិជាច្រើននិងកេរ្ដិ៍ឈ្មោះផង›។
បន្ដិចក្រោយមក មានស្ត្រីពីរនាក់មកឯស្តេចសាឡូម៉ូន ដោយមានបញ្ហាដ៏ពិបាកមួយ។ ស្ត្រីម្នាក់ទូលពន្យល់ថា៖ ‹ខ្ញុំម្ចាស់និងស្ត្រីនេះនៅផ្ទះជាមួយគ្នា។ ខ្ញុំម្ចាស់សំរាលបានកូនប្រុសមួយ ហើយពីរថ្ងៃក្រោយមក នាងនេះក៏សំរាលបានកូនប្រុសមួយដែរ។ បន្ទាប់មក នៅវេលាយប់មួយ កូនរបស់នាងនេះបានស្លាប់ទៅ។ ប៉ុន្តែកាលដែលខ្ញុំម្ចាស់កំពុងតែដេកលក់ នាងនេះបានដាក់កូនដែលស្លាប់របស់នាងនៅជិតខ្ញុំម្ចាស់ ហើយបានយកកូនខ្ញុំម្ចាស់ទៅ។ ពេលដែលខ្ញុំម្ចាស់បានភ្ញាក់ពីដេកឡើង ហើយពិនិត្យមើលកូនដែលស្លាប់នោះ ខ្ញុំម្ចាស់ឃើញថាកូននោះមិនមែនជាកូនរបស់ខ្ញុំម្ចាស់ទេ›។
នៅពេលនោះ ស្ត្រីម្នាក់ទៀតក៏និយាយថា៖ ‹មិនមែនទេ! កូនដែលរស់នោះជាកូនរបស់ខ្ញុំ តែកូនដែលស្លាប់ជាកូនរបស់នាងទេ›! ស្ត្រីទីមួយឆ្លើយតបថា៖ ‹មិនមែនទេ! កូនដែលស្លាប់ជាកូនរបស់ឯង ហើយកូនដែលរស់ជារបស់ខ្ញុំ›! នេះជារបៀបដែលស្ត្រីទាំងពីរនាក់នោះប្រកែកគ្នានៅចំពោះស្តេច។ តើស្តេចសាឡូម៉ូននឹងត្រូវធ្វើយ៉ាងណា?
ទ្រង់បញ្ជាឲ្យយកដាវមួយ ហើយនៅពេលដែលគេបានយកមក ទ្រង់មានបន្ទូលថា៖ ‹ចូរកាប់កូនដែលរស់នោះ ជាពីរចំណែកទៅ ហើយឲ្យស្ត្រីម្នាក់ៗមួយចំហៀងចុះ›។
ម្ដាយពិតស្រែកឡើងថា៖ ‹ទេ សូមកុំសម្លាប់កូននោះអី! សូមឲ្យទៅនាងនោះចុះ›! ប៉ុន្តែស្ត្រីម្នាក់ទៀតនិយាយថា៖ ‹កុំឲ្យកូននេះមកយើងអី កាប់វាជាពីរចំណែកទៅ›។
នៅទីបំផុត ស្តេចសាឡូម៉ូនមានបន្ទូលថា៖ ‹កុំសម្លាប់ក្មេងនេះអី! ចូរប្រគល់វាទៅឯស្ត្រីទីមួយចុះ ដ្បិតនាងជាម្ដាយពិតហើយ›។ ស្តេចសាឡូម៉ូនជ្រាបពីរឿងនេះ ពីព្រោះម្ដាយពិតនេះស្រឡាញ់កូនណាស់ ដូច្នេះហើយបានជានាងសុខចិត្តប្រគល់កូនឲ្យទៅឯស្ត្រីម្នាក់ទៀត ដើម្បីកុំឲ្យកូនត្រូវស្លាប់។ នៅពេលដែលប្រជាជនដឹងឮអំពីរបៀបដែលស្តេចសាឡូម៉ូនដោះស្រាយបញ្ហានេះ ពួកគេមានចិត្តរីករាយណាស់ ដោយមានស្តេចដែលប្រកបដោយប្រាជ្ញាមួយអង្គ។
ក្នុងរាជ្យកាលរបស់ស្តេចសាឡូម៉ូន ព្រះប្រទានពរជាច្រើនដល់ប្រជាជន ដោយធ្វើឲ្យដីជីផលិតស្រូវសាលីនិងស្រូវឱក ផ្លែទំពាំងបាយជូរ និងផ្លែល្វាជាបរិបូរ ហើយនិងម្ហូបម្ហាផ្សេងៗទៀតជាច្រើន។ ប្រជាជនមានសំលៀកបំពាក់យ៉ាងស្អាតបាត ហើយរស់នៅក្នុងផ្ទះដ៏ល្អៗ។ មានរបស់របរល្អៗជាបរិបូរសំរាប់គ្រប់ៗគ្នាទាំងអស់។
ពង្សាវតារក្សត្រទី១ ៣:៣-២៨; ៤:២៩-៣៤