មេរៀនទី១
ព្រះទ្រង់អញ្ជើញអ្នកឲ្យទៅជាមិត្តសំឡាញ់របស់ទ្រង់
ព្រះទ្រង់ចង់បានអ្នកជាមិត្តសំឡាញ់របស់ទ្រង់។ តើអ្នកធ្លាប់គិតថា អ្នកអាចជាមិត្តសំឡាញ់ម្នាក់របស់បុគ្គលដ៏ឧត្តមបំផុតក្នុងសកលលោកនេះឬទេ? លោកអ័ប្រាហាំដែលបានរស់នៅជាយូរយារមកហើយ បានត្រូវហៅជាមិត្តសំឡាញ់របស់ព្រះ។ (យ៉ាកុប ២:២៣) អ្នកឯទៀតដែលបានត្រូវរៀបរាប់ក្នុងព្រះគម្ពីរ ក៏មានមិត្តភាពជាមួយនឹងព្រះដែរ ហើយបានទទួលពរយ៉ាងវិសេស។ សព្វថ្ងៃនេះ មនុស្សពីគ្រប់ភូមិភាគនៅផែនដីនេះ បានទៅជាមិត្តសំឡាញ់របស់ព្រះ។ លោកអ្នកក៏អាចធ្វើជាមិត្តសំឡាញ់របស់ព្រះដែរ។
ជាមិត្តសំឡាញ់ម្នាក់របស់ព្រះ គឺប្រសើរជាងការធ្វើជាមិត្តរបស់មនុស្សណាម្នាក់ទៅទៀត។ ព្រះទ្រង់មិនដែលធ្វើឲ្យខកចិត្តដល់មិត្តសំឡាញ់ដ៏ស្មោះត្រង់របស់ទ្រង់ឡើយ។ (ទំនុកដំកើង ១៨:២៥) ជាមិត្តសំឡាញ់ម្នាក់របស់ព្រះ គឺប្រសើរជាងមានទ្រព្យសម្បត្ដិ។ នៅពេលដែលបុគ្គលអ្នកមានម្នាក់បានស្លាប់ទៅ នោះអ្នកឯទៀតយកប្រាក់កាសរបស់គាត់។ ក៏ប៉ុន្តែ អស់អ្នកដែលមានមិត្តភាពជាមួយនឹងព្រះ គឺមានទ្រព្យសម្បត្ដិដែលគ្មានអ្នកណាអាចហូតយកបានឡើយ។—ម៉ាថាយ ៦:១៩
មនុស្សខ្លះប្រហែលជានឹងខំបញ្ឈប់អ្នកពីការរៀនអំពីព្រះ។ សូម្បីតែមិត្តភក្ដិខ្លះនិងក្រុមគ្រួសាររបស់អ្នក ក៏ប្រហែលជាធ្វើអ៊ីចឹងដែរ។ (ម៉ាថាយ ១០:៣៦, ៣៧) ប្រសិនបើអ្នកឯទៀតសើចដាក់អ្នកឬគំរាមកំហែងអ្នក សូមសួរខ្លួនអ្នកថា៖ ‹តើខ្ញុំចង់ផ្គាប់ចិត្តអ្នកណា មនុស្សឬក៏ព្រះ?›។ សូមគិតអំពីរឿងនេះ៖ ប្រសិនបើអ្នកណាម្នាក់បានប្រាប់អ្នកឲ្យឈប់បរិភោគអាហារ តើអ្នកនឹងស្ដាប់តាមគាត់ឬទេ? ប្រាកដជាអត់ទេ! អ្នកត្រូវការម្ហូបអាហារដើម្បីឲ្យរស់បាន។ ក៏ប៉ុន្តែ ព្រះទ្រង់អាចធ្វើឲ្យអ្នករស់នៅជានិរន្តរ៍បាន! ដូច្នេះកុំឲ្យនរណាម្នាក់បញ្ឈប់អ្នកឲ្យសោះ ពីការរៀននូវរបៀបដែលអ្នកអាចទៅជាមិត្តសំឡាញ់ម្នាក់របស់ព្រះនោះ។—យ៉ូហាន ១៧:៣