មេរៀនទី៨
ពេលមានរឿងខ្លោចផ្សាកើតឡើង
«អ្នករាល់គ្នាកំពុងត្រេកអរយ៉ាងខ្លាំង ទោះបីជាអ្នករាល់គ្នាត្រូវតែព្រួយចិត្ត ដោយសារទុក្ខលំបាកផ្សេងៗនៅគ្រាឥឡូវនេះក្ដី»។—ពេត្រុសទី១ ១:៦
ទោះជាអ្នកខំព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍និងក្រុមគ្រួសាររបស់អ្នកមានសុភមង្គលក៏ដោយ ក៏អាចមានរឿងដែលយើងមិនដឹងទុកជាមុនកើតឡើង ដែលធ្វើឲ្យអ្នកពិបាករក្សាអំណរ។ (សាស្ដា ៩:១១) ប៉ុន្តែ ពេលយើងជួបបញ្ហាផ្សេងៗ ព្រះបង្ហាញសេចក្ដីស្រឡាញ់ដោយផ្ដល់ជំនួយនិងការណែនាំដែលយើងត្រូវការ។ ដូច្នេះ បើអ្នកធ្វើតាមគោលការណ៍គម្ពីរដែលមានជាបន្តបន្ទាប់នេះ អ្នកនិងក្រុមគ្រួសារអាចលៃលកដោះស្រាយបញ្ហាទាំងអស់បាន សូម្បីតែបញ្ហាដ៏ពិបាកបំផុតក៏ដោយ។
១ ពឹងផ្អែកលើព្រះយេហូវ៉ា
គម្ពីររៀបរាប់ថា: ចូរ«ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។ (ពេត្រុសទី១ ៥:៧) សូមចាំជានិច្ចថា ទុក្ខលំបាកដែលអ្នកមាននោះ មិនមែនមកពីព្រះទេ។ (យ៉ាកុប ១:១៣) កាលដែលអ្នកចូលទៅជិតព្រះ លោកនឹងជួយអ្នកតាមវិធីដែលល្អបំផុត។ (អេសាយ ៤១:១០) សូម«ប្លុងចិត្ត»ឬអធិដ្ឋានអស់ពីចិត្ត«នៅចំពោះទ្រង់»។—ទំនុកតម្កើង ៦២:៨
អ្នកនឹងរកឃើញការសម្រាលទុក្ខ ដោយអាននិងសិក្សាគម្ពីរជារៀងរាល់ថ្ងៃ។ ជាលទ្ធផល អ្នកនឹងឃើញថា ព្រះយេហូវ៉ាពិតជា«សម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង»មែន។ (កូរិនថូសទី២ ១:៣, ៤; រ៉ូម ១៥:៤) លោកសន្យាឲ្យអ្នកនូវ«សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន»។—ភីលីព ៤:៦, ៧, ១៣
សូមសាកធ្វើតាមយោបល់នេះ:
សូមអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាដើម្បីឲ្យអ្នករក្សាចិត្តស្ងប់ និងចេះគិតឲ្យបានច្បាស់លាស់
សូមគិតពិចារណាថាមានជម្រើសអ្វីខ្លះ ហើយក្រោយមកសម្រេចយកជម្រើសមួយណាដែលល្អបំផុត
២ សូមថែខ្លួននិងយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ
គម្ពីររៀបរាប់ថា: «ចិត្តរបស់មនុស្សវាងវៃ តែងតែចំរើនចំណេះឡើង ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ»។ (សុភាសិត ១៨:១៥) សូមយល់អំពីរឿងទាំងអស់ឲ្យបានសព្វគ្រប់ ដើម្បីអ្នកអាចដឹងអំពីសេចក្ដីត្រូវការរបស់សមាជិកម្នាក់ៗក្នុងក្រុមគ្រួសារអ្នក។ សូមនិយាយជាមួយនឹងពួកគាត់។ សូមស្ដាប់ពួកគាត់។—សុភាសិត ២០:៥
ចុះយ៉ាងណា បើមានមនុស្សជាទីស្រឡាញ់បានស្លាប់? សូមកុំខ្លាចបង្ហាញអារម្មណ៍សោកសៅ។ សូមចាំថា សូម្បីតែលោកយេស៊ូក៏«ស្រក់ទឹកភ្នែក»ដែរ។ (យ៉ូហាន ១១:៣៥; សាស្ដា ៣:៤) សូមសម្រាកនិងគេងឲ្យបានគ្រប់គ្រាន់ ព្រោះនោះគឺសំខាន់ណាស់។ (សាស្ដា ៤:៦) ការធ្វើដូច្នេះនឹងជួយអ្នកឲ្យយកឈ្នះស្ថានភាពពិបាកដោយងាយស្រួលជាង។
សូមសាកធ្វើតាមយោបល់នេះ:
សូមមានទម្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងក្រុមគ្រួសារ មុននឹងមានរឿងខ្លោចផ្សាកើតឡើង។ ព្រោះបើធ្វើដូច្នោះ ពេលដែលមានបញ្ហាកើតឡើង ពួកគាត់នឹងមានអារម្មណ៍ស្រួលនិយាយជាមួយនឹងអ្នក
សូមនិយាយជាមួយនឹងអ្នកដែលប្រហែលជាធ្លាប់ជួបស្ថានភាពស្រដៀងនឹងអ្នក
៣ ទទួលជំនួយដែលអ្នកត្រូវការ
គម្ពីររៀបរាប់ថា: «មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។ (សុភាសិត ១៧:១៧) ទោះជាមិត្តភក្ដិរបស់អ្នកចង់ជួយអ្នកក៏ដោយ ពួកគាត់ប្រហែលជាមិនដឹងថាត្រូវធ្វើអ្វីទេ។ ដូច្នេះ សូមកុំស្ទាក់ស្ទើរប្រាប់ពួកគាត់អំពីអ្វីដែលអ្នកពិតជាត្រូវការ។ (សុភាសិត ១២:២៥) ម្យ៉ាងទៀត សូមស្វែងរកជំនួយពីអ្នកដែលយល់គម្ពីរ ដើម្បីអ្នកដឹងនូវរបៀបធ្វើតាមគោលការណ៍គម្ពីរ។ ពួកគាត់អាចផ្ដល់ការណែនាំពីគម្ពីរដែលនឹងជួយអ្នកបាន។—យ៉ាកុប ៥:១៤
ពេលដែលអ្នកសេពគប់ជាទៀងទាត់ជាមួយនឹងអ្នកដែលពិតជាមានជំនឿទៅលើព្រះ និងដែលទុកចិត្តទៅលើសេចក្ដីសន្យារបស់លោក នោះអ្នកនឹងរកឃើញជំនួយដែលអ្នកត្រូវការ។ ណាមួយទៀត ពេលដែលអ្នកជួយអ្នកឯទៀតដែលត្រូវការការលើកទឹកចិត្ត នោះអ្នកក៏នឹងទទួលការសម្រាលទុក្ខយ៉ាងច្រើនដែរ។ សូមប្រាប់អ្នកទាំងនោះអំពីជំនឿរបស់អ្នកទៅលើព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោក។ សូមជាប់រវល់ជានិច្ចក្នុងការជួយអ្នកឯទៀតដែលត្រូវការជំនួយ ហើយកុំញែកខ្លួនដោយឡែកពីអ្នកដែលស្រឡាញ់អ្នក។—សុភាសិត ១៨:១; កូរិនថូសទី១ ១៥:៥៨
សូមសាកធ្វើតាមយោបល់នេះ:
សូមនិយាយជាមួយនឹងមិត្តភក្ដិជិតស្និទ្ធ ហើយឲ្យគាត់ជួយអ្នក
សូមនិយាយដោយស្មោះត្រង់និងចំៗអំពីសេចក្ដីត្រូវការរបស់អ្នក