មេរៀនទី៨០
លោកយេស៊ូជ្រើសរើស១២នាក់ឲ្យធ្វើជាសាវ័ក
ក្រោយពីផ្សព្វផ្សាយបានប្រហែលមួយឆ្នាំកន្លះ លោកយេស៊ូត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។ តើលោកនឹងជ្រើសរើសអ្នកណាឲ្យធ្វើការជិតស្និទ្ធជាមួយនឹងលោក? តើលោកនឹងបង្ហាត់បង្រៀនអ្នកណាឲ្យនាំមុខក្នុងក្រុមជំនុំគ្រិស្តសាសនិក? លោកយេស៊ូចង់ទទួលការណែនាំពីព្រះយេហូវ៉ា មុននឹងធ្វើការសម្រេចចិត្ត។ ដូច្នេះ លោកបានចេញទៅភ្នំតែម្នាក់ឯង ហើយអធិដ្ឋានពេញមួយយប់។ លុះព្រឹកឡើង លោកយេស៊ូបានហៅអ្នកកាន់តាមខ្លះឲ្យមកជួបជុំគ្នា ហើយលោកបានជ្រើសរើស១២នាក់ឲ្យធ្វើជាសាវ័ករបស់លោក។ តើអ្នកចាំឈ្មោះពួកគាត់ខ្លះទេ? ឈ្មោះពួកគាត់គឺ ពេត្រុស អនទ្រេ យ៉ាកុប យ៉ូហាន ភីលីព បាថូឡូម៉េ ថូម៉ាស់ ម៉ាថាយ យ៉ាកុបជាកូនអាល់ផៀស ថាដេ ស៊ីម៉ូន និងយូដាសអ៊ីស្ការីយ៉ុត។
អនទ្រេ ពេត្រុស ភីលីព យ៉ាកុប
សាវ័កទាំង១២នាក់តែងតែទៅជាមួយនឹងលោកយេស៊ូ។ បន្ទាប់ពីលោកបានបង្ហាត់បង្រៀនពួកគាត់ លោកបានចាត់ពួកគាត់ឲ្យទៅផ្សព្វផ្សាយ។ ព្រះយេហូវ៉ាបានឲ្យពួកគាត់មានអំណាចបណ្ដេញពួកវិញ្ញាណកំណាច និងជួយមនុស្សឈឺឲ្យជាសះស្បើយ។
យ៉ូហាន ម៉ាថាយ បាថូឡូម៉េ ថូម៉ាស់
លោកយេស៊ូទុកចិត្តសាវ័កទាំង១២នាក់ ហើយបានហៅពួកគាត់ថាមិត្តសម្លាញ់។ ពួកផារិស៊ីចាត់ទុកពួកសាវ័កថាជាមនុស្សសាមញ្ញ និងគ្មានការអប់រំ។ ប៉ុន្តែ លោកយេស៊ូបានបង្ហាត់បង្រៀនពួកគាត់ឲ្យធ្វើកិច្ចការរបស់ខ្លួន។ ពួកគាត់នៅជាមួយនឹងលោកយេស៊ូក្នុងពេលដ៏សំខាន់បំផុតក្នុងជីវិតលោកដូចជា មុនពេលលោកស្លាប់ និងក្រោយពេលលោករស់ឡើងវិញ។ ដូចលោកយេស៊ូដែរ សាវ័កភាគច្រើនមកពីស្រុកកាលីឡេ។ ពួកគាត់ខ្លះរៀបការហើយ។
យ៉ាកុបជាកូនអាល់ផៀស យូដាសអ៊ីស្ការីយ៉ុត ថាដេ ស៊ីម៉ូន
ក្នុងនាមជាមនុស្សមិនល្អឥតខ្ចោះ ពួកសាវ័កក៏ធ្វើខុសដែរ។ ពេលខ្លះ ពួកគាត់និយាយដោយឥតគិតពិចារណា ហើយធ្វើការសម្រេចចិត្តមិនល្អ។ ជួនកាល ពួកគាត់មិនចេះអត់ធ្មត់ និងប្រកែកគ្នាថាអ្នកណាសំខាន់ជាងគេ។ ប៉ុន្តែ ពួកគាត់ជាមនុស្សល្អ ហើយស្រឡាញ់ព្រះយេហូវ៉ា។ ពួកគាត់នឹងទៅជាគ្រឹះនៃក្រុមជំនុំ បន្ទាប់ពីលោកយេស៊ូចាកចេញទៅ។
‹ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ ព្រោះអ្វីៗទាំងអស់ដែលខ្ញុំបានឮពីបិតា ខ្ញុំបានប្រាប់អ្នករាល់គ្នា›។—យ៉ូហាន ១៥:១៥