បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៤ ទំ. ២២-២៧
  • អំណរនៃព្រះយេហូវ៉ាជាទីមាំមួនរបស់យើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អំណរនៃព្រះយេហូវ៉ាជាទីមាំមួនរបស់យើង
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «មាន​សេចក្ដី​អំណរ​ជា​មិន​ខាន»
  • ទំនាក់ទំនង​ជា​មួយ​ព្រះ​តាម​រយៈ​ព្រះ​គ្រីស្ទ
  • សេរីភាព​ខាង​សាសនា​និង​សេចក្ដី​បំភ្លឺ
  • សេចក្ដី​សង្ឃឹម​ចំពោះ​ព្រះ​រាជាណាចក្រ​និង​ជីវិត​ជា​អនន្ត
  • ភាតរភាព​ដែល​មាន​ពរ
  • ជីវិត​ដែល​មាន​គោល​បំណង
  • ទី​មាំមួន​ដែល​នៅ​អស់កល្ប​ជានិច្ច
  • ចូរបំរើព្រះយេហូវ៉ាដោយចិត្ដអំណរ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • អំណរជាគុណសម្បត្ដិមួយដែលមកពីព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • «អំណរពីព្រះយេហូវ៉ា»
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • «ពួកមនុស្សសុចរិតនឹងអរសប្បាយដោយនូវព្រះយេហូវ៉ា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៤ ទំ. ២២-២៧

អំណរ​នៃ​ព្រះ​យេហូវ៉ា​ជា​ទី​មាំមួន​របស់​យើង

«ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ ដល់​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពីព្រោះ​សេចក្ដី​អំណរ​របស់​ព្រះ​យេហូវ៉ា​ជា​កំឡាំង​[«ទី​មាំមួន», ព.ថ.]​នៃ​អ្នក​រាល់​គ្នា»។—នេហេមា ៨:១០

១, ២. (ក) តើ​អ្វី​ជា​ទី​មាំមួន? (ខ) តើ​ដាវីឌ​បាន​បង្ហាញ​យ៉ាង​ណា ថា​លោក​បាន​ជ្រកកោន​ក្នុង​ព្រះ​យេហូវ៉ា?

ព្រះ​យេហូវ៉ា​ជា​ទី​មាំមួន​ដែល​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន​ឡើយ។ តើ​អ្វី​ជា​ទី​មាំមួន? នេះ​ជា​កន្លែង​ការពារ ជា​កន្លែង​សន្ដិសុខ ឬ​ជា​កន្លែង​សំរាប់​សង្គ្រោះ​ជីវិត។ ដាវីឌ​នៃ​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​បាន​ចាត់​ទុក​ព្រះ​ជា​ទី​មាំមួន​របស់​គាត់។ ឧទាហរណ៍ សូម​ពិចារណា​អំពី​ចំរៀង​ដែល​ដាវីឌ​បាន​សម្ដែង​ទៅ​ព្រះ​ដ៏​ខ្ពស់​បំផុត «នៅ​វេលា​ដែល​ព្រះ​បាន​ជួយ​ឲ្យ​រួច​ពី​ដៃ​នៃ​គ្រប់​ទាំង​ពួក​ខ្មាំង​សត្រូវ ហើយ​ពី​កណ្ដាប់​ដៃ​សូល»​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល។—ទំនុកដំកើង ១៨, អក្សរ​ចារ​នៅ​ពី​លើ

២ ដាវីឌ​បាន​ចាប់​ផ្ដើម​ចំរៀង​ដ៏​រំភើប​នេះ​ដោយ​ពាក្យ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​ដ៏​ជា​កំឡាំង​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​ស្រឡាញ់​ទ្រង់។ ព្រះ​យេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយ​[ទី​មាំមួន, ព.ថ.] ហើយ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​ទូល​បង្គំ គឺ​ជា​ព្រះ​នៃ​ទូល​បង្គំ ជា​ថ្មដា​ដែល​ទូល​បង្គំ​យក​ជា​ទីពឹង ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល​បង្គំ ហើយ​ជា​ប៉ម​យ៉ាង​ខ្ពស់​ផង»។ (ទំនុកដំកើង ១៨:១, ២) ដោយសារ​តែ​ស្តេច​សូល​តាម​ចាប់​លោក ហើយ​ចាត់​ទុក​ជា​អ្នក​ក្រៅ​ច្បាប់​ដោយ​មិន​ត្រឹម​ត្រូវ ដាវីឌ​ជា​មនុស្ស​ទៀងត្រង់​បាន​ចូល​ជ្រកកោន​ក្នុង​ព្រះ​យេហូវ៉ា ដូច​ជា​មនុស្ស​ម្នាក់​រត់​ចូល​ទៅ​ក្នុង​កន្លែង​ការពារ ដើម្បី​ឲ្យ​រួច​ផុត​ពី​វិបត្ដិ​ភ័យ។

៣. ហេតុ​អ្វី​ក៏​ពួក​យូដា​នៅ​សម័យ​លោក​អែសរ៉ា​មាន​«ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង»?

៣ អំណរ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ គឺ​ជា​ទី​មាំមួន​ដ៏​អស់កល្ប​ជានិច្ច​ចំពោះ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ទ្រង់ ជា​ពួក​អ្នក​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍។ (សុភាសិត ២:៦​-​៨; ១០:២៩) ពិត​មែន​ហើយ ដើម្បី​ឲ្យ​មាន​អំណរ​នៃ​ព្រះ មនុស្ស​ត្រូវ​តែ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ ចំពោះ​រឿង​នេះ សូម​ពិនិត្យ​មើល​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៤៦៨ ម.ស.យ.។ ស្មៀន​អែសរ៉ា​និង​ពួក​អ្នក​ឯ​ទៀត​បាន​ផ្ដល់​ឲ្យ​ការ​យល់​ដឹង តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់​អាន​ក្រិត្យ​វិន័យ។ បន្ទាប់​មក ពួក​បណ្ដាជន​ត្រូវ​បាន​ដាស់​តឿន​ថា៖ «ចូរ​ទៅ​ចុះ ចូរ​បរិភោគ​របស់​ចំងាញ់ នឹង​គ្រឿង​បង្អែម​ទៅ ហើយ​ជូន​ខ្លះ​ដល់​អ្នក​ណា​ដែល​គ្មាន​អ្វី​រៀប​ឲ្យ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ ដល់​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពីព្រោះ​សេចក្ដី​អំណរ​របស់​ព្រះ​យេហូវ៉ា​ជា​កំឡាំង[ទី​មាំមួន, ព.ថ.]នៃ​អ្នក​រាល់​គ្នា»។ ជា​លទ្ធផល ពួក​យូដា​មាន​«ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង» កាល​ដែល​ពួក​គេ​បាន​អនុវត្ត​តាម​ចំណេះវិជ្ជា​ដែល​ពួក​គេ​បាន​ទទួល ហើយ​បាន​ធ្វើ​បុណ្យ​បារាំ​យ៉ាង​ឱឡារិក។ (នេហេមា ៨:១​-​១២) ពួក​អ្នក​ដែល​មាន​‹អំណរ​នៃ​ព្រះ​យេហូវ៉ា​ជា​ទី​មាំមួន​របស់​គេ› បាន​ប្រមូល​កម្លាំង​សំរាប់​ការ​ថ្វាយ​បង្គំ​និង​ការ​បំរើ​ទ្រង់។ ដោយ​ព្រោះ​តែ​អំណរ​នៃ​ព្រះ​យេហូវ៉ា​ជា​ទី​មាំមួន​របស់​គេ យើង​គួរ​តែ​សង្ឃឹម​ថា ប្រជា​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ត្រូវ​មាន​អំណរ​ដែរ។ ដូច្នេះ នៅ​សព្វ​ថ្ងៃ​នេះ តើ​មាន​មូលហេតុ​ណា​ខ្លះ​ដែល​បណ្ដាល​ឲ្យ​មាន​អំណរ?

«មាន​សេចក្ដី​អំណរ​ជា​មិន​ខាន»

៤. អ្វី​ជា​ប្រភព​ដ៏​ប្រសើរ​មួយ​នៃ​អំណរ​សំរាប់​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

៤ មូលហេតុ​ដ៏​ប្រសើរ​មួយ​ចំពោះ​អំណរ​គឺ​សំវិធានការ​ដែល​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​មក​សំរាប់​ការ​ប្រជុំ​គ្នា។ សន្និបាត​និង​មហា​សន្និបាត​នានា​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ដូច​ជា​បុណ្យ​ប្រចាំ​ឆ្នាំ​ផ្សេងៗនៃ​ពួក​សាសន៍​អ៊ីស្រាអែល​បាន​នាំ​មក​នូវ​អំណរ​ដល់​ចិត្ត​របស់​ប្រជា​រាស្ត្រ​អ៊ីស្រាអែល​ដែរ។ ប្រជា​រាស្ត្រ​អ៊ីស្រាអែល​ត្រូវ​បាន​បង្គាប់​ថា៖ «ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​នេះ​[បុណ្យ​បារាំ]​ថ្វាយ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អស់​៧​ថ្ងៃ នៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​នឹង​រើស ដ្បិត​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ចំពោះ​អស់​ទាំង​ផល​ចំរើន​របស់​ឯង ហើយ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ ដូច្នេះ​ឯង​នឹង​មាន​សេចក្ដី​អំណរ»។ (ចោទិយកថា ១៦:១៣​-​១៥) ត្រូវ​ហើយ ព្រះ​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​ពួក​គេ​«មាន​សេចក្ដី​អំណរ​ជា​មិន​ខាន»។ ព្រះ​ក៏​មាន​ព្រះ​ហឫទ័យ​យ៉ាង​នេះ​ដែរ​ចំពោះ​ពួក​គ្រីស្ទាន ដ្បិត​សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ពួក​អ្នក​មាន​ជំនឿ​ដូច​គ្នា​ថា៖ «ចូរ​អរ​សប្បាយ ក្នុង​ព្រះ​អម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង»។—ភីលីព ៤:៤

៥. (ក) តើ​អំណរ​ជា​អ្វី ហើយ​តាម​របៀប​ណា​ដែល​ជន​គ្រីស្ទាន​អាច​ទទួល​សេចក្ដី​នេះ​បាន? (ខ) តើ​ឲ្យ​យើង​អាច​មាន​អំណរ​យ៉ាង​ដូច​ម្ដេច​បាន ពេល​មាន​សេចក្ដី​ទុក្ខ​លំបាក​នោះ?

៥ ដោយសារ​តែ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​យើង​មាន​ចិត្ត​ដ៏​រីករាយ បាន​ជា​ទ្រង់​ផ្ដល់​ឲ្យ​យើង​នូវ​អំណរ ដែល​ជា​ផលផ្លែ​មួយ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ (កាឡាទី ៥:២២, ២៣) ហើយ​តើ​អំណរ​ជា​អ្វី? នេះ​ជា​អារម្មណ៍​ដ៏​រីករាយ បណ្ដាល​មក​ពី​ការ​សង្ឃឹម​ទៅ​លើ​អ្វី​មួយ ឬ​ការ​បាន​វត្ថុ​ល្អៗ។ អំណរ​ជា​សុភមង្គល​ដ៏​ពិត​ប្រាកដ ដែល​អាច​ទៅ​ជា​សេចក្ដី​រីករាយ​យ៉ាង​ក្រៃលែង។ ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​នេះ​អាច​ជួយ​ទ្រទ្រង់​យើង កាល​ណា​យើង​ជួប​ប្រទះ​សេចក្ដី​ទុក្ខ​លំបាក។ «ទ្រង់​[ព្រះ​យេស៊ូ]​បាន​រងទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ»។ (ហេព្រើរ ១២:២) សិស្ស​យ៉ាកុប​បាន​សរសេរ​ថា៖ «បងប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់ខ្ជួន»។ ប៉ុន្តែ ចុះ​បើ​យើង​មិន​ដឹង​ជា​ធ្វើ​យ៉ាង​ណា នៅ​ពេល​ជួប​ប្រទះ​ការ​ល្បួង​ណា​មួយ​នោះ? នៅ​ពេល​នោះ យើង​អាច​ទុក​ចិត្ត​ទៅ​លើ​ព្រះ​ដោយ​អធិស្ឋាន​សូម​ប្រាជ្ញា​ពី​ទ្រង់ សំរាប់​លៃលក​ការ​នេះ។ ការ​ប្រព្រឹត្ត​តាម​ប្រាជ្ញា​ពី​ស្ថានសួគ៌​អាច​ជួយ​យើង​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ ឬ​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ​នឹង​ការ​ល្បង​មើល ដោយ​មិន​ចាំបាច់​បាត់បង់​នូវ​អំណរ​នៃ​ព្រះ​យេហូវ៉ា​ឡើយ។—យ៉ាកុប ១:២​-​៨

៦. តើ​មាន​ការ​ទាក់ទង​យ៉ាង​ណា​រវាង​អំណរ​និង​ការ​ថ្វាយ​បង្គំ​ពិត?

៦ អំណរ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ដើម្បី​ផ្សព្វផ្សាយ​ការ​ថ្វាយ​បង្គំ​ពិត។ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​នៃ​លោក​នេហេមា​និង​លោក​អែសរ៉ា។ ពួក​យូដា​នៅ​សម័យ​នោះ ដែល​មាន​អំណរ​នៃ​ព្រះ​យេហូវ៉ា ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​ដើម្បី​បន្ត​ផ្សព្វផ្សាយ​ផល​ប្រយោជន៍​នៃ​ការ​ថ្វាយ​បង្គំ​ពិត។ ហើយ​កាល​ដែល​ពួក​គេ​លើក​ផ្សព្វផ្សាយ​ការ​ថ្វាយ​បង្គំ​នៃ​ព្រះ​យេហូវ៉ា អំណរ​របស់​ពួក​គេ​ក៏​កើន​ឡើង​ដែរ។ នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ ជា​អ្នក​ថ្វាយ​បង្គំ​នៃ​ព្រះ​យេហូវ៉ា យើង​មាន​មូលដ្ឋាន​ជា​ច្រើន​ចំពោះ​ការ​រីករាយ​ជា​អនេក។ ឥឡូវ​នេះ ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​មូលហេតុ​ខ្លះៗទៀត​ដែល​ធ្វើ​ឲ្យ​យើង​មាន​អំណរ។

ទំនាក់ទំនង​ជា​មួយ​ព្រះ​តាម​រយៈ​ព្រះ​គ្រីស្ទ

៧. ស្តី​អំពី​ព្រះ​យេហូវ៉ា តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ជន​គ្រីស្ទាន​មាន​អំណរ?

៧ ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​ដ៏​សប្បាយ​ជាង​គេ​បំផុត​នៅ​លើ​ផែនដី។ មុន​នឹង​យើង​បាន​ក្លាយ​ទៅ​ជា​ជន​គ្រីស្ទាន ពីដើម​យើង​ជា​ផ្នែក​នៃ​សង្គម​មនុស្ស​ទុច្ចរិត ដែល​‹ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​ខាង​គំនិត​ប្រាជ្ញា ហើយ​បាន​ដាច់​ចេញ​ពី​ព្រះ​ជន្ម​របស់​ព្រះ›។ (អេភេសូរ ៤:១៨) យើង​សប្បាយ​រីករាយ​ណាស់ ដែល​យើង​លែង​ដាច់​ចេញ​ពី​ព្រះ​យេហូវ៉ា​ទៀត! ពិត​មែន​ហើយ យើង​ត្រូវ​តែ​ខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ទ្រង់។ យើង​ត្រូវ​តែ​«តាំង​នៅ​ជាប់​លាប់ ហើយ​មាំមួន ក្នុង​សេចក្ដី​ជំនឿ​ដែរ ឥត​ងាក​បែរ​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ»។ (កូល៉ុស ១:២១​-​២៣) យើង​មាន​ចិត្ត​រីករាយ​ដែល​ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​យើង​មក​ឯ​ព្រះ​រាជបុត្រា​របស់​ទ្រង់ ដោយ​ស្រប​នឹង​ពាក្យ​បន្ទូល​ផ្ទាល់​របស់​ព្រះ​យេស៊ូ ដែល​ថា៖ «គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ»។ (យ៉ូហាន ៦:៤៤) បើសិន​ជា​យើង​ពិត​ជា​អបអរ​នឹង​ទំនាក់ទំនង​ដ៏​មាន​តម្លៃ​របស់​យើង​ជា​មួយ​ព្រះ​តាម​រយៈ​ព្រះ​គ្រីស្ទ យើង​នឹង​ការពារ​ទំនាក់ទំនង​នេះ​ពី​អ្វីៗដែល​អាច​ធ្វើ​ឲ្យ​សៅហ្មង​បាន។

៨. តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​យើង​មាន​អំណរ?

៨ ការ​អត់​ឱន​បាប​តាម​រយៈ​ជំនឿ​ទៅ​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​អំណរ​ជា​ខ្លាំង ពីព្រោះ​នេះ​ជា​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ទំនាក់ទំនង​ជា​មួយ​ព្រះ​បាន។ ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា អ័ដាម​ដែល​ជា​បុព្វ​បុរស​របស់​យើង បាន​នាំ​សេចក្ដី​ស្លាប់​មក​លើ​មនុស្ស​ជាតិ​ទាំង​អស់។ យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា៖ «ព្រះ ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ»។ ប៉ុល​ក៏​បាន​សរសេរ​ទៀត​ថា៖ «ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោស ដោយ​ព្រោះ​អំពើ​រំលង​តែ​១ នោះ​មនុស្ស​ទាំង​អស់​ក៏​បាន​រាប់​ជា​សុចរិត​ឲ្យ​បាន​ជីវិត​វិញ ដោយសារ​អំពើ​សុចរិត​តែ​១​បែប​ដូច្នោះ​ដែរ។ ដ្បិត​ដូច​ជា​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​មាន​បាប ដោយសារ​មនុស្ស​តែ​ម្នាក់ មិន​បាន​ស្ដាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយសារ​ម្នាក់​បាន​ស្ដាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ»។ (រ៉ូម ៥:៨, ១៨, ១៩) យើង​មាន​អំណរ​ជា​ខ្លាំង ដែល​ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​រីករាយ​នឹង​លោះ​ពួក​កូន​ចៅ​របស់​អ័ដាម​ណា ដែល​ឆ្លៀត​យក​ប្រយោជន៍​ពី​សំវិធានការ​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នេះ!

សេរីភាព​ខាង​សាសនា​និង​សេចក្ដី​បំភ្លឺ

៩. ចំពោះ​រឿង​សាសនា ហេតុ​អ្វី​ក៏​យើង​មាន​អំណរ?

៩ សេរីភាព​ពី​បាប៊ីឡូន​ដ៏​ធំ ដែល​ជា​ចក្រភព​លោក​នៃ​សាសនា​មិន​ពិត ជា​មូលហេតុ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​អំណរ។ គឺ​ជា​សេចក្ដី​ពិត​នៃ​ព្រះ​ដែល​បាន​ដោះ​លែង​យើង​ឲ្យ​មាន​សេរីភាព។ (យ៉ូហាន ៨:៣២) ហើយ​សេរីភាព​ពី​ស្រី​ពេស្យា​ខាង​សាសនា​នេះ មាន​ន័យ​ថា យើង​នឹង​មិន​ចូល​រួម​ក្នុង​អំពើ​បាប​របស់​នាង ពិសោធ​គ្រោះ​របស់​នាង ហើយ​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ហិនវិនាស​ជា​មួយ​នឹង​នាង​ឡើយ។ (វិវរណៈ ១៨:១​-​៨) គ្មាន​អ្វី​គួរ​ឲ្យ​សោក​ស្ដាយ​ទេ​ចំពោះ​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ទាំង​អស់​នេះ!

១០. ជា​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា តើ​យើង​បាន​ទទួល​សេចក្ដី​បំភ្លឺ​អ្វី​ខ្លះ?

១០ ការ​យល់​និង​ការ​អនុវត្ត​តាម​បន្ទូល​របស់​ព្រះ​ក្នុង​ជីវិត ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​រីករាយ​ជា​ខ្លាំង​ដែរ។ ដោយ​បាន​រួច​ពី​ឥទ្ធិពល​នៃ​សាសនា​មិន​ពិត យើង​នឹង​ទទួល​ការ​យល់​ដឹង​ខាង​វិញ្ញាណ​កាន់​តែ​ច្បាស់​ឡើងៗ ដែល​ព្រះ​វរបិតា​សួគ៌ា​របស់​យើង​បាន​ផ្ដល់​មក​ឲ្យ​យើង​តាម​រយៈ​«អ្នក​បំរើ​ស្មោះ​ត្រង់​មាន​មារយាទ»។ (ម៉ាថាយ ២៤:៤៥​-​៤៧) ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​លើ​ផែនដី​នេះ គឺ​មាន​តែ​ពួក​អ្នក​ដែល​មាន​ភក្ដីភាព​ស៊ប់​នឹង​ព្រះ​យេហូវ៉ា​ទេ ដែល​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ និង​ការ​យល់​ដឹង​អំពី​ពាក្យ​បន្ទូល​និង​គោល​បំណង​របស់​ទ្រង់។ ដូច​ជា​ប៉ុល​បាន​មាន​ប្រសាសន៍​មក​ថា៖ «ព្រះ​ទ្រង់​បាន​សំដែង ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្ដី​ទាំង​នោះ​[ដែល​ព្រះ​បាន​រៀប​ចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់] ដោយសារ​ព្រះ​វិញ្ញាណ​ទ្រង់ ដ្បិត​ព្រះ​វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ​ដែរ»។ (កូរិនថូសទី១ ២:៩, ១០) យើង​គួរ​តែ​ដឹង​គុណ​ហើយ​មាន​អំណរ ចំពោះ​ការ​យល់​ដឹង​ដែល​យើង​កំពុង​តែ​ទទួល​កាន់​តែ​ច្បាស់​ឡើងៗ ដូច​ជា​បាន​បញ្ជាក់​មក​នៅ​ក្នុង​សុភាសិត ៤:១៨៖ «ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ​ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង»។

សេចក្ដី​សង្ឃឹម​ចំពោះ​ព្រះ​រាជាណាចក្រ​និង​ជីវិត​ជា​អនន្ត

១១. តាម​របៀប​ណា​ដែល​សេចក្ដី​សង្ឃឹម​នៃ​ព្រះ​រាជាណាចក្រ​ដ៏​រីករាយ​ត្រូវ​បាន​ផ្សាយ​ដល់​អ្នក​ដទៃ?

១១ សេចក្ដី​សង្ឃឹម​ចំពោះ​ព្រះ​រាជាណាចក្រ​របស់​យើង​ក៏​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ដែរ។ (ម៉ាថាយ ៦:៩, ១០) ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា យើង​បាន​ប្រកាស​តាំង​ពី​យូរ​យារ​មក​ថា ព្រះ​រាជាណាចក្រ​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សំរាប់​មនុស្ស​ជាតិ​ទាំង​អស់។ ឧទាហរណ៍ សូម​គិត​អំពី​ឆ្នាំ​១៩៣១ ជា​ឆ្នាំ​ដែល​យើង​បាន​ទទួល​យក​ឈ្មោះ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដែល​បាន​ប្រកាស​ជ្រើសរើស​ដោយ​អបអរ​សាទរ​នៅ​មហា​សន្និបាត​ដែល​មាន​៥១​កន្លែង​នៅ​ជុំវិញ​ពិភពលោក។ (អេសាយ ៤៣:១០​-​១២) សេចក្ដី​សម្រេច​នេះ​និង​សុន្ទរកថា​ដ៏​សំខាន់​មួយ​នៃ​មហា​សន្និបាត ដែល​ត្រូវ​បាន​ថ្លែង​ដោយ​លោក​ចូសេព រ៉ូធើហ្វឹត (ដែល​ជា​ប្រធាន​នៃ​សមាគម​ប៉មយាម​នៅ​គ្រា​នោះ) ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ចេញ​ជា​កូន​សៀវភៅ​មួយ​ដែល​មាន​ឈ្មោះ​ថា ព្រះ​រាជាណាចក្រ ជា​សេចក្ដី​សង្ឃឹម​នៃ​លោកីយ៍​នេះ។ នៅ​ក្នុង​សៀវភៅ​នោះ មាន​សេចក្ដី​សម្រេច​មួយ​ទៀត ដែល​បាន​ថ្លែង​នៅ​មហា​សន្និបាត​នោះ គឺ​ជា​ការ​ចោទ​ប្រកាន់​ពិភព​គ្រីស្ទ​សាសនា ចំពោះ​ការ​បះបោរ​ជំនឿ​និង​ការ​មើលងាយ​ដល់​ដំបូន្មាន​របស់​ព្រះ​យេហូវ៉ា។ សៀវភៅ​នេះ​ក៏​បាន​ប្រកាស​ទៀត​ថា៖ «សេចក្ដី​សង្ឃឹម​នៃ​លោកីយ៍​នេះ​គឺ​ជា​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ហើយ​គ្មាន​សេចក្ដី​សង្ឃឹម​ណា​ទៀត​ទេ»។ ក្នុង​រវាង​ពីរបី​ខែ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ចែក​ចាយ​កូន​សៀវភៅ​នេះ​អស់​ជាង​ប្រាំ​លាន​ក្បាល នៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ផែនដី​នេះ។ តាំង​ពី​ពេល​នោះ​មក យើង​តែង​តែ​ប្រកាស​ថា ព្រះ​រាជាណាចក្រ​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​ចំពោះ​មនុស្ស​ជាតិ។

១២. តើ​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ដ៏​រីករាយ​អ្វី​ដែល​បាន​ដាក់​នៅ​ពី​មុខ​ពួក​អ្នក​ដែល​បំរើ​ព្រះ​យេហូវ៉ា?

១២ យើង​ក៏​សប្បាយ​រីករាយ​ដែរ ចំពោះ​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ជា​អនន្ត​នៅ​ក្រោម​ការ​ដឹក​នាំ​នៃ​ព្រះ​រាជាណាចក្រ។ «ហ្វូង​តូច»​នៃ​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មាន​ចិត្ត​រីករាយ ដោយសារ​មាន​សេចក្ដី​សង្ឃឹម​ទៅ​ស្ថានសួគ៌។ សាវ័ក​ពេត្រុស​បាន​សរសេរ​មក​ថា៖ «សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្ដាករុណា​ដ៏​ធំ​របស់​ទ្រង់​ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ។ ហើយ​ឲ្យ​យើង​បាន​មរដក ដែល​មិន​ចេះ​ពុក​រលួយ ក៏​ឥត​សៅហ្មង​ហើយ​មិន​ដែល​ស្រពោន​ឡើយ»។ (លូកា ១២:៣២; ពេត្រុសទី១ ១:៣, ៤) នៅ​សព្វ​ថ្ងៃ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន​កំពុង​តែ​រង់ចាំ​ដោយ​រីករាយ​នូវ​ជីវិត​អស់កល្ប​ជានិច្ច​នៅ​ទី​មនោរម្យ ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​ព្រះ​រាជាណាចក្រ។ (លូកា ២៣:៤៣; យ៉ូហាន ១៧:៣) គ្មាន​មនុស្ស​ឯ​ទៀត​ណា​នៅ​លើ​ផែនដី​មាន​អ្វី​ដែល​អាច​ប្រៀបផ្ទឹម​ស្មើ​នឹង​អនាគត​ដ៏​រីករាយ​របស់​យើង​បាន​ឡើយ។ យើង​គួរ​តែ​មាន​ចិត្ត​អបអរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទាំង​អស់​នេះ!

ភាតរភាព​ដែល​មាន​ពរ

១៣. តើ​យើង​គួរ​តែ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ភាតរភាព​អន្តរជាតិ​របស់​យើង?

១៣ ការ​មាន​ចំណែក​ក្នុង​ភាតរភាព​អន្តរជាតិ​ដែល​ព្រះ​យល់​ព្រម ក៏​ជា​ប្រភព​នៃ​អំណរ​ជា​ខ្លាំង​មួយ​ដែរ។ ជា​ការ​គួរ​ឲ្យ​សប្បាយ​ណាស់ ដែល​យើង​មាន​សហការី​ដ៏​ជា​ទី​ពេញ​ចិត្ត​បំផុត​នៅ​លើ​ផែនដី។ ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​ចង្អុល​មក​សម័យ​យើង​នេះ ហើយ​បាន​មាន​បន្ទូល​ថា៖ «[អញ]​នឹង​អង្រួន​អស់​ទាំង​សាសន៍​ដែរ នោះ​ទីគាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍​នឹង​មក​ដល់ ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ អញ​នឹង​បំពេញ​វិហារ​នេះ ដោយ​សិរី​ល្អ»។ (ហាកាយ ២:៧) ពិត​មែន​ហើយ ជន​គ្រីស្ទាន​ទាំង​អស់​មាន​ខ្ចោះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​រើស​យក​បុគ្គល​ទាំង​នេះ​មក​ឯ​ទ្រង់​តាម​រយៈ​ព្រះ​គ្រីស្ទ។ (យ៉ូហាន ១៤:៦) ដោយ​ព្រោះ​តែ​ព្រះ​យេហូវ៉ា​បាន​រើស​មនុស្ស​មក​ឯ​ទ្រង់​ដោយ​ផ្ទាល់ ដែល​ទ្រង់​បាន​ចាត់​ទុក​ជា​ទីគាប់​ចិត្ត​នោះ អំណរ​របស់​យើង​នឹង​ចំរើន​ឡើង បើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ពួក​គេ លើក​ពួក​គេ​ជា​ខ្ពស់ រួបរួម​ក្នុង​សកម្មភាព​នៃ​ព្រះ​ជា​មួយ​ពួក​គេ ជួយ​គាំទ្រ​ពួក​គេ​ពេល​គេ​មាន​សេចក្ដី​ទុក្ខ​លំបាក ហើយ​អធិស្ឋាន​ឲ្យ​ពួក​គេ។

១៤. តើ​យើង​អាច​ទាញ​យក​ការ​លើក​ទឹក​ចិត្ត​អ្វី​ពី​ពេត្រុសទី១ ៥:៥​-​១១?

១៤ ការ​ទាំង​អស់​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អំណរ។ ត្រូវ​ហើយ នេះ​ជា​អំណរ​នៃ​ព្រះ​យេហូវ៉ា ដែល​ជា​ទី​មាំមួន​នៃ​ភាតរភាព​ខាង​វិញ្ញាណ​របស់​យើង ដែល​មាន​ពាស​ពេញ​លើ​ផែនដី។ យើង​ទាំង​អស់​គ្នា​រង​ទុក្ខ​ការ​បៀតបៀន​និង​សេចក្ដី​ទុក្ខ​លំបាក​ផ្សេងៗ។ យ៉ាង​ណា​ក៏​ដោយ នេះ​គួរ​តែ​ធ្វើ​ឲ្យ​យើង​រួបរួម​គ្នា ហើយ​មាន​គតិ​សាមគ្គីភាព ជា​ផ្នែក​នៃ​អង្គការ​ជាក់លាក់​តែ​មួយ​របស់​ព្រះ​នៅ​លើ​ផែនដី​នេះ។ ដូច​ជា​ពេត្រុស​បាន​មាន​ប្រសាសន៍​មក យើង​គួរ​តែ​បន្ទាប​ខ្លួន​នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​អស់​របស់​យើង​ទៅ​លើ​ទ្រង់ ដោយ​ដឹង​ថា​ទ្រង់​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​នឹង​យើង។ យើង​ត្រូវ​តែ​ប្រយ័ត្នប្រយែង ពីព្រោះ​អារក្ស​ព្យាយាម​រក​តែ​ត្របាក់​យើង តែ​មិន​មែន​មាន​តែ​យើង​ទេ ដ្បិត​ពេត្រុស​បាន​បន្ថែម​ទៀត​ថា៖ «ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំមួន ទាំង​ដឹង​ថា ពួក​បងប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​លោកីយ​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ»។ ហើយ​ភាតរភាព​អន្តរជាតិ​ដែល​ពេញ​ទៅ​ដោយ​អំណរ​នេះ​នឹង​មិន​ត្រូវ​រលំ​ឡើយ ពីព្រោះ​យើង​មាន​ការ​ធានា​អះអាង​ថា​‹ក្រោយ​ពី​យើង​បាន​រង​ទុក្ខ​បន្ដិច​ហើយ ព្រះ​នឹង​បញ្ចប់​ការ​ហ្វឹកហ្វឺន​របស់​យើង ហើយ​នឹង​ធ្វើ​ឲ្យ​យើង​បាន​មាំមួន​និង​ខ្លាំង​ឡើង​វិញ›។ (ពេត្រុសទី១ ៥:៥​-​១១) សូម​គិត​មើល​ចុះ ភាតរភាព​អន្តរជាតិ​ដ៏​រីករាយ​របស់​យើង​នឹង​ស្ថិត​ស្ថេរ​នៅ​ជា​និរន្តរ៍!

ជីវិត​ដែល​មាន​គោល​បំណង

១៥. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ជីវិត​ដែល​មាន​គោល​បំណង​នោះ?

១៥ យើង​មាន​អំណរ​នៅ​ក្នុង​លោកីយ៍​ដែល​មាន​បញ្ហា​នេះ ពីព្រោះ​យើង​មាន​ជីវិត​ដែល​មាន​គោល​បំណង។ យើង​មាន​កិច្ច​បំរើ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​និង​អ្នក​ដទៃ​ទៀត​សប្បាយ​រីករាយ។ (រ៉ូម ១០:១០) នេះ​ពិត​ជា​ឯក​សិទ្ធិ​ដ៏​សប្បាយ​រីករាយ​មែន ដែល​បាន​ធ្វើ​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ។ ចំពោះ​រឿង​នេះ ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «តើ​ប៉ុល​ជា​អ្វី ឬ​អ័ប៉ុឡូស​ជា​អ្វី គឺ​គ្រាន់​តែ​ជា​អ្នក​បំរើ ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ តាម​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​មក​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ​ទេ​តើ ខ្ញុំ​បាន​សាប​ព្រោះ អ័ប៉ុឡូស​ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ។ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​សាប​ព្រោះ នឹង​អ្នក​ដែល​ស្រោច នោះ​មិន​មែន​ជា​អ្វី​ទេ ស្រេច​ហើយ​នឹង​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​វិញ​ទេ​តើ។ ឯ​អ្នក​ដែល​សាប​ព្រោះ នឹង​អ្នក​ដែល​ស្រោច នោះ​ដូច​គ្នា​ទេ ហើយ​ក្នុង​អ្នក​និមួយៗ នោះ​នឹង​បាន​រង្វាន់​តាម​ការ​ដែល​ខ្លួន​ធ្វើ។ ដ្បិត​យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​ដែល​ព្រះ​ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ​ទ្រង់​ធ្វើ»។—កូរិនថូសទី១ ៣:៥​-​៩

១៦, ១៧. តើ​មាន​ឧទាហរណ៍​ណា​ខ្លះ ដែល​បង្ហាញ​ថា ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ជីវិត​ដែល​មាន​គោល​បំណង​យ៉ាង​រីករាយ?

១៦ មាន​ឧទាហរណ៍​ជា​ច្រើន​ដែល​យើង​អាច​ស្រង់​យក​មក​បង្ហាញ​ថា ការ​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ បណ្ដាល​ឲ្យ​មាន​ជីវិត​ដែល​មាន​គោល​បំណង និង​ពេញ​ទៅ​ដោយ​អំណរ។ នេះ​ជា​សេចក្ដី​ថ្លែង​ធម្មតា​មួយ៖ «ខ្ញុំ​បាន​សម្លឹង​មើល​ជុំវិញ​ក្នុង​សាលព្រះរាជាណាចក្រ​ដែល​មាន​មនុស្ស​ពេញ នៅ​ថ្ងៃ​ធ្វើ​ពិធី​ឧទ្ទិស​ថ្វាយ​សាល​នោះ។ ហើយ​ខ្ញុំ​បាន​ឃើញ​សមាជិក​នៃ​គ្រួសារ​របស់​ខ្ញុំ​ប្រាំ​បី​នាក់​នៅ​ទី​នោះ គឺ​មាន​ខ្ញុំ ប្រពន្ធ​ខ្ញុំ កូន​បី​នាក់​និង​ប្ដី​ប្រពន្ធ​របស់​គេ​រៀងៗខ្លួន . . .។ ប្រពន្ធ​របស់​ខ្ញុំ​និង​ខ្ញុំ​បាន​មាន​ជីវភាព​ដែល​មាន​គោល​បំណង ហើយ​ដ៏​សប្បាយ​រីករាយ​ក្នុង​ការ​បំរើ​ព្រះ»។

១៧ ជា​ការ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់ ដោយ​ដឹង​ថា ទោះបី​ជា​បុគ្គល​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ ក៏​បុគ្គល​នោះ​អាច​ចាប់​ផ្ដើម​ជីវិត​ដ៏​សប្បាយ​ដែល​មាន​គោល​បំណង​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​ដែរ។ ឧទាហរណ៍ ស្ត្រី​ម្នាក់​ដែល​បាន​រៀន​អំពី​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​នៅ​ឯ​លំនៅ​ឋាន​ព្យាបាល បាន​ជ្រមុជ​ទឹក​ធ្វើ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ កាល​ដែល​មាន​អាយុ​១០២​ឆ្នាំ។ ក្រោយ​មក គាត់​ក៏​បាន​ទទួល​មរណភាព​ទៅ ដោយ​បាន​ទទួល​ជីវិត​ដ៏​មាន​គោល​បំណង​យ៉ាង​រីករាយ គឺ​‹ការ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ដិ​ទ្រង់›។—សាស្ដា ១២:១៣

ទី​មាំមួន​ដែល​នៅ​អស់កល្ប​ជានិច្ច

១៨. តើ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​មាន​ជ័យជំនះ​ទៅ​លើ​ការ​ធ្លាក់​ទឹក​ចិត្ត ហើយ​ឲ្យ​ចំរើន​អំណរ​របស់​យើង?

១៨ អំណរ​នៃ​ព្រះ​យេហូវ៉ា​គឺ​ជា​ទី​មាំមួន​ដែល​នឹង​នៅ​អស់កល្ប​ជានិច្ច​ចំពោះ​ពួក​អ្នក​ដែល​ស្មោះ​ត្រង់។ ក៏​ប៉ុន្តែ ការ​មាន​អំណរ​នេះ មិន​មែន​មាន​ន័យ​ថា យើង​នឹង​មិន​ដែល​មាន​វេលា​ទុក្ខ​ព្រួយ​នោះ​ទេ។ កាល​ដែល​ព្រះ​យេស៊ូ​គង់​នៅ​សួនច្បារ​គែតសេម៉ានី ការ​ទុក្ខ​ព្រួយ​បាន​ជំរុញ​ទ្រង់​ឲ្យ​មាន​បន្ទូល​ថា៖ «ចិត្ត​ខ្ញុំ​ព្រួយ​ជា​ខ្លាំង​សឹង​តែ​នឹង​ស្លាប់»។ (ម៉ាកុស ១៤:៣២​-​៣៤) ឧបមា​ថា យើង​ធ្លាក់​ទឹក​ចិត្ត​ដោយសារ​តែ​យើង​ទោរ​ទន់​ទៅ​រក​សកម្មភាព​អាត្មានិយម បើ​ដូច្នេះ​មែន ចូរ​ឲ្យ​យើង​កែ​ប្រែ​ជីវភាព​បែប​របស់​យើង​ឡើង​វិញ។ បើសិន​ជា​អំណរ​របស់​យើង​បាន​អន់ថយ​ទៅ ដោយសារ​តែ​យើង​មាន​ចិត្ត​សប្បុរស​ទទួល​បន្ទុក​ដ៏​ធ្ងន់​នៃ​ភារៈ​ខាង​បទ​គម្ពីរ ប្រហែល​ជា​យើង​អាច​កែ​សម្រួល​ការ​នេះ ដើម្បី​បន្ធូរ​ភាព​តានតឹង​និង​បង្កើន​ឲ្យ​មាន​អំណរ​របស់​យើង​ឡើង​វិញ។ ម្យ៉ាង​វិញ​ទៀត ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ដល់​យើង​ឲ្យ​មាន​អំណរ បើ​យើង​ខំ​ព្យាយាម​គាប់​ព្រះ​ហឫទ័យ​ទ្រង់ ដោយ​ខំ​ទប់ទល់​យ៉ាង​ខ្លាំង​នឹង​សាច់​ឈាម​ដែល​មាន​បាប លោកីយ៍​ដ៏​អាក្រក់​នេះ និង​អារក្ស។—កាឡាទី ៥:២៤; ៦:១៤; យ៉ាកុប ៤:៧

១៩. តើ​យើង​គួរ​តែ​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ឯក​សិទ្ធិ​ផ្សេងៗដែល​យើង​មាន​ក្នុង​អង្គការ​របស់​ព្រះ?

១៩ ចំពោះ​មូលហេតុ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ពិភាក្សា​មក ហើយ​ចំពោះ​មូលហេតុ​ជា​ច្រើន​ទៀត យើង​មាន​អំណរ​ជា​ខ្លាំង។ ទោះបី​ជា​យើង​ជា​អ្នក​ផ្សាយ​នៃ​ក្រុមជំនុំ ឬ កំពុង​តែ​ចូល​រួម​ក្នុង​កិច្ច​បំរើ​ពេញ​ពេល​ណា​មួយ​ក្ដី យើង​ទាំង​អស់​គ្នា​អាច​បំរើ​បាន​យ៉ាង​ច្រើន​ក្នុង​កិច្ចការ​របស់​ព្រះ​អម្ចាស់ ហើយ​នេះ​ច្បាស់​ជា​នឹង​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ជា​មិន​ខាន។ (កូរិនថូសទី១ ១៥:៥៨) ទោះបី​ជា​យើង​មាន​ឯក​សិទ្ធិ​អ្វី​ក៏​ដោយ​នៅ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ចូរ​ឲ្យ​យើង​ចេះ​ដឹង​គុណ​ចំពោះ​ឯក​សិទ្ធិ​ទាំង​នោះ ហើយ​ចូរ​ឲ្យ​យើង​មាន​ចិត្ត​រីករាយ​ប្រតិបត្ដិ​កិច្ច​បំរើ​បរិសុទ្ធ​ដល់​ព្រះ​របស់​យើង​ដែល​មាន​សុភមង្គល​និង​សេចក្ដី​ស្រឡាញ់។—ធីម៉ូថេទី១ ១:១១

២០. តើ​អ្វី​ជា​ឯក​សិទ្ធិ​ដ៏​ធំ​ជាង​គេ​បង្អស់​របស់​យើង ហើយ​តើ​យើង​អាច​ជឿជាក់​ទៅ​លើ​អ្វី?

២០ ជា​ពិសេស យើង​មាន​មូលហេតុ​នឹង​សប្បាយ​រីករាយ ដែល​យើង​មាន​ឯក​សិទ្ធិ​ក្នុង​ការ​កាន់​ព្រះ​នាម​ដ៏​ឧត្តម​នៃ​ព្រះ​យេហូវ៉ា ជា​ស្មរបន្ទាល់​របស់​ទ្រង់។ ត្រូវ​ហើយ យើង​ទាំង​អស់​គ្នា​មាន​ខ្ចោះ ហើយ​ជួប​ប្រទះ​នឹង​សេចក្ដី​ទុក្ខ​លំបាក​ជា​ច្រើន តែ​ចូរ​ឲ្យ​យើង​នឹក​ចាំ​ពី​ប្រសិទ្ធិពរ​ដ៏​អស្ចារ្យ​របស់​យើង ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ហើយ​ចូរ​ចង​ចាំ​ថា ព្រះ​វរបិតា​សួគ៌ា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ។ យើង​អាច​ជឿជាក់​ថា ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង​ជានិច្ច បើ​អំណរ​នៃ​ព្រះ​យេហូវ៉ា​ជា​ទី​មាំមួន​របស់​យើង។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ អ្វី​ជា​«សេចក្ដី​អំណរ​របស់​ព្រះ​យេហូវ៉ា»?

◻ តើ​ជន​គ្រីស្ទាន​អាច​រក​អំណរ​ពិត​បាន​យ៉ាង​ណា?

◻ តើ​មាន​មូលហេតុ​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​អំណរ?

◻ ហេតុ​អ្វី​ក៏​អំណរ​នៃ​ព្រះ​យេហូវ៉ា​ជា​ទី​មាំមួន​ដ៏​អស់កល្ប​ជានិច្ច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក