‹តើចិត្តរបស់អ្នកស្មោះត្រង់នឹងខ្ញុំទេ›?
«សូមអ្នកទៅជាមួយនឹងខ្ញុំចុះ ដើម្បីមើលសេចក្ដីឧស្សាហ៍របស់ខ្ញុំចំពោះព្រះយេហូវ៉ា»?—ពង្សាវតារក្សត្រទី២ ១០:១៦
១, ២. (ក) តើតាមរបៀបណាដែលស្ថានការណ៍សាសនានៃអ៊ីស្រាអែល ក្លាយទៅជាអាក្រក់ឡើងៗ? (ខ) ក្នុងឆ្នាំ៩០៥ ម.ស.យ. តើមានការផ្លាស់ប្ដូរដ៏ធំណា ដែលនឹងត្រូវកើតឡើង?
ក្នុងឆ្នាំ៩០៥ ម.ស.យ. ជាគ្រាដែលមានការប្រែប្រួលយ៉ាងខ្លាំងក្នុងប្រទេសអ៊ីស្រាអែល។ ជិត១០០ឆ្នាំមុននេះ ព្រះយេហូវ៉ាបានបណ្ដាលព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានសាមគ្គីភាព ឲ្យញែកបែកគ្នា ដោយសារសេចក្ដីក្បត់ជំនឿនៃស្តេចសាឡូម៉ូន។ (ពង្សាវតារក្សត្រទី១ ១១:៩-១៣) ព្រះរាជាណាចក្រខាងត្បូង យូដា រួចមកបានគ្រប់គ្រងដោយបុត្ររបស់ស្តេចសាឡូម៉ូន នាម រេហូបោម កាលដែលព្រះរាជាណាចក្រនៅខាងជើង គឺអ៊ីស្រាអែល បានគ្រប់គ្រងដោយយេរ៉ូបោម សាសន៍អេប្រាអិម។ គួរឲ្យស្ដាយណាស់ ព្រះរាជាណាចក្រខាងជើង គឺមានការចាប់ផ្ដើមដ៏ហិនវិនាស។ យេរ៉ូបោមមិនចង់ឲ្យរាស្ត្រធ្វើដំណើរទៅព្រះរាជាណាចក្រខាងត្បូង ដើម្បីថ្វាយបង្គំនៅឯព្រះវិហារទេ ដោយខ្លាចថាគេនឹងត្រឡប់ទៅដំណាក់នៃដាវីឌវិញ។ ដូច្នេះ ទ្រង់ក៏បានរៀបចំការថ្វាយបង្គំកូនគោក្នុងអ៊ីស្រាអែល ហើយបានស្ថាបនាលំនាំគំរូនៃសរណវត្ថុបូជា ដែលមានរហូតទូទាំងប្រវត្ដិសាស្ត្រនៃព្រះរាជាណាចក្រខាងជើង។—ពង្សាវតារក្សត្រទី១ ១២:២៦-៣៣
២ ស្ថានការណ៍បានក្លាយទៅជាអាក្រក់ឡើង ពេលដែលអ័ហាប់ បុត្រនៃអំរីបានឡើងសោយរាជ្យ។ ជាយាបរទេសរបស់ទ្រង់ យេសិបិល បានផ្សព្វផ្សាយការថ្វាយបង្គំព្រះបាល ហើយបានសម្លាប់ពួកព្យាការីរបស់ព្រះយេហូវ៉ា។ ទោះជាមានការព្រមានយ៉ាងខ្លាំងពីព្យាការីអេលីយ៉ាក៏ដោយ អ័ហាប់មិនបានបញ្ឈប់ជាយារបស់ខ្លួនទេ។ ប៉ុន្តែ ក្នុងឆ្នាំ៩០៥ ម.ស.យ. អ័ហាប់បានសោយទិវង្គត ហើយបុត្ររបស់ទ្រង់ យ៉ូរ៉ាម ក៏ឡើងសោយរាជ្យ។ ឥឡូវនេះ ជាគ្រាដែលត្រូវបោសសំអាតស្រុកនោះចេញ។ អ្នកស្នងលោកអេលីយ៉ា គឺអេលីសេ បានប្រាប់មេបញ្ជាការ យេហ៊ូវ ថាព្រះយេហូវ៉ាបានចាក់ប្រេងតាំងលោកឲ្យធ្វើជាស្តេចនៃអ៊ីស្រាអែលជាបន្ទាប់។ តើអ្វីជាមុខងាររបស់លោក? គឺដើម្បីកំទេចចោលដំណាក់ដ៏មានបាបរបស់អ័ហាប់ និងសងសឹកនៃឈាមរបស់ពួកព្យាការី ដែលបានបង្ហូរដោយយេសិបិល!—ពង្សាវតារក្សត្រទី២ ៩:១-១០
៣, ៤. តើយ៉ូណាដាបបង្ហាញថាចិត្តរបស់គាត់‹ស្មោះត្រង់ជាមួយចិត្តយេហ៊ូវ› យ៉ាងដូចម្ដេច?
៣ ដោយគោរពតាមបញ្ជារបស់ព្រះ យេហ៊ូវបានធ្វើគត់ដល់យេសិបិលដ៏កំណាច ហើយក្រោយមក ក៏ចេញទៅបោសសំអាតអ៊ីស្រាអែល ដោយកំទេចចោលដំណាក់នៃអ័ហាប់។ (ពង្សាវតារក្សត្រទី២ ៩:១៥–១០:១៤, ១៧) បន្ទាប់មក លោកក៏បានជួបអ្នកគាំទ្រម្នាក់។ «នោះក៏ប្រទះនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខលោកក៏គំនាប់គាត់សួរថា៖ ‹តើចិត្តអ្នកស្មោះត្រង់ ដូចជាខ្ញុំដែលស្មោះត្រង់ចំពោះអ្នកឬទេ›? យ៉ូណាដាបឆ្លើយតបថា៖ ‹ស្មោះត្រង់ពិត› លោកក៏ថា ‹បើដូច្នេះ ចូរហុចដៃមក› អ្នកនោះក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរថជាមួយគ្នា។ រួចលោកប្រាប់ថា៖ ‹សូមអ្នកទៅជាមួយនឹងខ្ញុំចុះ ដើម្បីមើលសេចក្ដីឧស្សាហ៍របស់ខ្ញុំចំពោះព្រះយេហូវ៉ា› ដូច្នេះ គេក៏ឲ្យគាត់ឡើងជិះក្នុងរថរបស់យេហ៊ូវ»។—ពង្សាវតារក្សត្រទី២ ១០:១៥, ១៦
៤ យ៉ូណាដាបគឺមិនមែនជាតិអ៊ីស្រាអែលទេ។ ប៉ុន្តែ ស្របតាមឈ្មោះរបស់គាត់ (មានន័យថា «ព្រះយេហូវ៉ាគឺពេញព្រះហឫទ័យ» «ព្រះយេហូវ៉ាគឺល្បីល្បាញ» ឬ «ព្រះយេហូវ៉ាគឺសប្បុរស») គាត់ជាអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ា។ (យេរេមា ៣៥:៦) ប្រាកដហើយ គាត់មានការចាប់អារម្មណ៍ណាស់ ក្នុងការឃើញ‹សេចក្ដីឧស្សាហ៍របស់យេហ៊ូវចំពោះព្រះយេហូវ៉ា›។ តើយើងដឹងយ៉ាងដូចម្ដេច? ការមកជួបស្តេចដែលបានចាក់ប្រេងតាំងរបស់អ៊ីស្រាអែល គឺមិនមែនជាការចៃដន្យទេ។ យ៉ូណាដាបបាន‹មកជួបលោក› គឺក្នុងកាលដែលយេហ៊ូវបានធ្វើគត់ដល់យេសិបិលនិងពួកអ្នកឯទៀតក្នុងដំណាក់នៃអ័ហាប់ទៅហើយ។ យ៉ូណាដាបបានដឹងនូវអ្វីដែលបានកើតឡើង ពេលដែលគាត់បានទទួលការអញ្ជើញរបស់យេហ៊ូវឲ្យឡើងជិះរថរបស់លោក។ គឺឥតសង្ស័យឡើយដែលគាត់នៅខាងយេហ៊ូវ—ហើយនៅខាងព្រះយេហូវ៉ា—ក្នុងការប្រឆាំងរវាងការថ្វាយបង្គំក្លែងក្លាយនិងការថ្វាយបង្គំពិត។
យេហ៊ូវនៅសម័យទំនើបនិងយ៉ូណាដាបនៅសម័យទំនើប
៥. (ក) តើការផ្លាស់ប្ដូរអ្វីដែលនឹងត្រូវកើតឡើងដល់មនុស្សលោកគ្រប់គ្នា? (ខ) តើអ្នកណាជាយេហ៊ូវដ៏ឧត្តម ហើយអ្នកណាដែលតំណាងទ្រង់លើផែនដីនេះ?
៥ សព្វថ្ងៃនេះ ស្ថានការណ៍នឹងផ្លាស់ប្ដូរយ៉ាងរហ័សដល់មនុស្សលោក ដូចបានកើតឡើងដល់អ៊ីស្រាអែលក្នុងឆ្នាំ៩០៥ ម.ស.យ.ដែរ។ ឥឡូវពេលវេលាគឺជិតហើយ ពេលដែលព្រះយេហូវ៉ានឹងសំអាតលទ្ធផលដ៏អាក្រក់នៃឥទ្ធិពលរបស់សាតាំង និងសាសនាក្លែងក្លាយ ចេញពីផែនដី។ តើយេហ៊ូវនៅសម័យទំនើបនេះជាអ្នកណា? នេះគឺព្រះយេស៊ូគ្រីស្ទ ដែលពាក្យទំនាយបានសំដៅទៅទ្រង់ថា៖ «ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់ ទុកជាគ្រឿងលំអ នឹងសក្ដិយសនៃទ្រង់ផង រួចជិះទៅ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ មានទាំងជ័យជំនះផង ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិត»។ (ទំនុកដំកើង ៤៥:៣, ៤) ព្រះយេស៊ូគឺបានត្រូវតំណាងនៅលើផែនដីដោយ«អ៊ីស្រាអែលនៃព្រះ» ពួកគ្រីស្ទានចាក់ប្រេងតាំង«ជាពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ»។ (កាឡាទី ៦:១៦; វិវរណៈ ១២:១៧) តាំងពីឆ្នាំ១៩២២ បងប្អូនចាក់ប្រេងតាំងទាំងនេះនៃព្រះយេស៊ូ បានព្រមានប្រាប់ដ៏ក្លាហាននៃសេចក្ដីជំនុំជំរះរបស់ព្រះយេហូវ៉ាដែលនឹងមាននៅខាងមុខនេះ។—អេសាយ ៦១:១, ២; វិវរណៈ ៨:៧–៩:២១; ១៦:២-២១
៦. តើពួកណាដែលចេញពីសាសន៍មកគាំទ្រពួកគ្រីស្ទានចាក់ប្រេងតាំង ហើយតើពួកគេជិះរថនៃយេហ៊ូវដ៏ឧត្តមយ៉ាងដូចម្ដេច បើនិយាយជាប្រៀបធៀប?
៦ ពួកគ្រីស្ទានចាក់ប្រេងតាំងមិនបាននៅតែឯងនោះទេ។ ដូចជាយ៉ូណាដាបបានទៅជួបយេហ៊ូវ នោះមនុស្សពីសាសន៍ជាច្រើនបានមកគាំទ្រព្រះយេស៊ូ យេហ៊ូវដ៏ឧត្តម និងពួកតំណាងទ្រង់លើផែនដី ក្នុងការកាន់ជំហរសំរាប់ការថ្វាយបង្គំពិត។ (សាការី ៨:២៣) ព្រះយេស៊ូបានហៅពួកគេ ជា«ចៀមឯទៀត»របស់ទ្រង់ ក្នុងឆ្នាំ១៩៣២ គេបានត្រូវទទួលស្គាល់ជាយ៉ូណាដាបនៅសម័យទំនើបនេះ ហើយបានអញ្ជើញឲ្យ‹ឡើងជិះរថ›នៃយេហ៊ូវនៅសម័យទំនើប។ (យ៉ូហាន ១០:១៦) តើតាមរបៀបណា? ដោយ‹កាន់តាមសេចក្ដីបង្គាប់របស់ព្រះ› ហើយចូលរួមជាមួយពួកចាក់ប្រេងតាំងក្នុង‹កិច្ចការដែលធ្វើបន្ទាល់ចំពោះព្រះយេស៊ូ›។ ក្នុងសម័យទំនើប នេះគឺរួមបញ្ចូលការផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រដែលបានស្ថាបនានៅក្រោមព្រះយេស៊ូជាស្តេច។ (ម៉ាកុស ១៣:១០) ក្នុងឆ្នាំ១៩៣៥ «យ៉ូណាដាប»ទាំងនេះបានសម្គាល់ជា«ហ្វូងធំ»នៃវិវរណៈ ៧:៩-១៧។
៧. តើតាមរបៀបណាដែលពួកគ្រីស្ទានសព្វថ្ងៃនេះ បង្ហាញថា‹ចិត្តរបស់គេគឺនៅស្មោះត្រង់› ជាមួយព្រះទ័យរបស់ព្រះយេស៊ូ?
៧ តាំងពីទសវត្សនៃឆ្នាំ១៩៣០ ពួកហ្វូងធំនិងបងប្អូនចាក់ប្រេងតាំងរបស់គេ បានបង្ហាញយ៉ាងក្លាហាននៃការគាំទ្ររបស់គេចំពោះការថ្វាយបង្គំពិត។ ក្នុងប្រទេសខ្លះក្នុងទ្វីបអឺរ៉ុបខាងកើតនិងខាងលិច ទិសខាងកើត និងទ្វីបអាហ្វ្រិក ពួកគេជាច្រើនបានស្លាប់ដោយសារជំនឿ។ (លូកា ៩:២៣, ២៤) ក្នុងប្រទេសផ្សេងៗទៀត បានជាប់គុក ឡោមព័ទ្ធដោយហ្វូងមនុស្ស ឬបានគេបៀតបៀន។ (ធីម៉ូថេទី២ ៣:១២) ពួកគេមានប្រវត្ដិនៃជំនឿដ៏ល្អមែន! ហើយរបាយការណ៍កិច្ចបំរើប្រចាំឆ្នាំ១៩៩៧ បង្ហាញថាគេនៅប្ដេជ្ញាចិត្តដើម្បីបំរើព្រះ ទោះជាយ៉ាងណាក៏ដោយ។ ‹ចិត្តរបស់គេនៅស្មោះត្រង់›ជាមួយព្រះទ័យរបស់ព្រះយេស៊ូ។ នេះបានបង្ហាញក្នុងកំឡុង១៩៩៧ កាលដែលអ្នកផ្សាយព្រះរាជាណាចក្រ៥,៥៩៩,៩៣១នាក់ ដែលសឹងតែទាំងអស់ជា«យ៉ូណាដាប» បានចំណាយពេលសរុប១,១៧៩,៧៣៥,៨៤១ក្នុងកិច្ចការធ្វើបន្ទាល់ចំពោះព្រះយេស៊ូ។
នៅផ្សាយដោយចិត្តខ្នះខ្នែង
៨. តើតាមរបៀបណាដែលស្មរបន្ទាល់ព្រះយេហូវ៉ាបង្ហាញការខ្នះខ្នែងរបស់គេចំពោះការថ្វាយបង្គំពិត?
៨ យេហ៊ូវមានឈ្មោះជាអ្នកបើករថដោយលឿន—ជាទីសំអាងនៃការខ្នះខ្នែងរបស់គាត់ដើម្បីបំពេញមុខងារ។ (ពង្សាវតារក្សត្រទី២ ៩:២០) ព្រះយេស៊ូ ដែលជាយេហ៊ូវដ៏ឧត្តម បានត្រូវរៀបរាប់ជា‹បានស៊ី›ដោយចិត្តខ្នះខ្នែង។ (ទំនុកដំកើង ៦៩:៩) ដូច្នេះ មិនជាការចម្លែកទេ ដែលពួកគ្រីស្ទានពិតសព្វថ្ងៃនេះ បានត្រូវស្គាល់ដោយចិត្តខ្នះខ្នែងរបស់គេ។ ក្នុងក្រុមជំនុំនិងដល់សាធារណៈ គេ‹ផ្សាយព្រះបន្ទូល ទោះមានឱកាសល្អក្ដី មិនល្អក្ដី›។ (ធីម៉ូថេទី២ ៤:២) ចិត្តខ្នះខ្នែងរបស់គេបានឃើញជាពិសេស ក្នុងដើមឆ្នាំ១៩៩៧ ក្រោយពីអត្ថបទមួយក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង បានលើកទឹកចិត្តមនុស្សឲ្យចូលរួមធ្វើជាអ្នកត្រួសត្រាយជំនួយ។ ក្នុងប្រទេសនិមួយៗ បានដាក់ចំនួនកំណត់នៃពួកអ្នកត្រួសត្រាយជំនួយរៀងៗខ្លួន។ តើមានការតបឆ្លើយយ៉ាងណា? គឺអស្ចារ្យមែន! សាខាការិយាល័យជាច្រើនបានមានលើសចំនួនកំណត់។ ប្រទេសអេក្វាដ៊របានដាក់កំណត់ចំនួន៤.០០០នាក់ ប៉ុន្តែក្នុងខែមីនា មាន៦.៩៣៦នៃពួកអ្នកត្រួសត្រាយជំនួយ។ ក្នុងសហរដ្ឋអាមេរិក បានដាក់ចំនួនកំណត់១០០.០០០នាក់ ហើយមាន១១៦.៣៣៥ បានចូលរួមក្នុងឯកសិទ្ធិនៃកិច្ចបំរើក្នុងខែមីនា។ ប្រទេសជប៉ុនបានរាយការណ៍១០៤.២១៥ ក្នុងកំឡុងបីខែទាំងនោះ។ ប្រទេសហ្សំប៊ីបានកំណត់ចង់បាន៦.០០០នាក់ តែមាន៦.៤១៤នាក់ដែលបានរាយការណ៍ក្នុងខែមីនា ៦.៥៣២នាក់ក្នុងខែមេសា និង៧.៦៩៥នាក់ក្នុងខែឧសភា។—រ៉ូម ១០:១០
៩. ក្រៅពីកិច្ចផ្សាយពីផ្ទះមួយទៅផ្ទះមួយ តើតាមរបៀបណាខ្លះដែលស្មរបន្ទាល់ព្រះយេហូវ៉ាស្វែងរកមនុស្ស ដើម្បីប្រាប់អំពីដំណឹងល្អ?
៩ សាវ័កប៉ុលបានប្រាប់ពួកចាស់ទុំក្នុងក្រុងអេភេសូរថា៖ «ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្ដាលជំនុំវិញ ហើយពីផ្ទះទៅផ្ទះ១ផង»។ (កិច្ចការ ២០:២០) ស្មរបន្ទាល់ព្រះយេហូវ៉ាសព្វថ្ងៃនេះធ្វើតាមគំរូរបស់ប៉ុល ហើយផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែងពីផ្ទះមួយទៅផ្ទះមួយ។ ប៉ុន្តែ គឺមានការពិបាកក្នុងការរកមនុស្សក្នុងផ្ទះ។ ដូច្នេះ «អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ» លើកទឹកចិត្តពួកអ្នកផ្សាយព្រះរាជាណាចក្រឲ្យទៅរកមនុស្សនៅកន្លែងធ្វើការ តាមថ្នល់ តាមឆ្នេរសមុទ្រ តាមឧទ្យាន—កន្លែងណាដែលមានមនុស្ស។ (ម៉ាថាយ ២៤:៤៥-៤៧) គឺមានលទ្ធផលដ៏អស្ចារ្យមែន។
១០, ១១. តើតាមរបៀបណាដែលពួកអ្នកផ្សាយក្នុងប្រទេសពីរ បានបង្ហាញការចាត់វិធានការដ៏ល្អ ក្នុងការស្វែងរកមនុស្សដែលចាប់អារម្មណ៍ ដែលធម្មតាយើងមិនអាចជួបនៅឯផ្ទះ?
១០ នៅប្រទេសដាណាម៉ាក ក្រុងកូភិនហាហ្គិន មានក្រុមដ៏តូចមួយនៃពួកផ្សាយ ដែលធ្វើបន្ទាល់តាមផ្លូវក្រៅស្ថានីយរទេះភ្លើង។ ពីខែមករាទៅខែមិថុនា គេបានឲ្យទស្សនាវដ្ដីអស់៤៧៣៣ក្បាល បាននិយាយជាមួយមនុស្សជាច្រើន ហើយបានត្រឡប់ទៅជួបគេវិញ។ ពួកអ្នកផ្សាយបីបួននាក់ក្នុងស្រុកនោះ បានស្ថាបនាវិធីយកទស្សនាវដ្ដីទៅតាមហាង។ ក្នុងភូមិមួយគឺមានបើកផ្សារដ៏ធំមួយរៀងរាល់ថ្ងៃសុក្រ ដែលមានទេសចរណ៍រាប់ពាន់នាក់។ ដូច្នេះក្រុមជំនុំក៏បានចាត់ចែងទៅធ្វើបន្ទាល់នៅឯផ្សារ។ ក្នុងតំបន់មួយ ក៏បានយកពត៌មានដែលជាប្រកាសនវត្ថុ ទៅឯសាលារៀនជាច្រើន ជាពត៌មានសមត្រឹមត្រូវសំរាប់គ្រូទាំងឡាយ។
១១ ក្នុងហៃវ៉ាយ ក៏មានការខំប្រឹងផ្សាយដល់អ្នកដែលមិនអាចជួបនៅឯផ្ទះ។ តំបន់ពិសេសៗទាំងឡាយ គឺរួមបញ្ចូលកន្លែងសាធារណៈ (ផ្លូវ ឧទ្យាន បេនឡាន និងចំណតឡានធំៗ) កន្លែងក្រុង មណ្ឌលផ្សារ និងអាកាសយានដ្ឋាន ធ្វើបន្ទាល់ដោយប្រើទូរស័ព្ទ ការផ្សាយលើយានសំរាប់ដឹកនាំ (ផ្សាយលើប៊ឺស) និងតាមវិទ្យាល័យ។ ក្រុមជំនុំចាត់ចែងយ៉ាងត្រឹមត្រូវ ឲ្យមានចំនួនស្មរបន្ទាល់គ្រប់គ្រាន់ក្នុងកន្លែងណាមួយ ហើយពួកគេនេះបានត្រូវអប់រំយ៉ាងល្អ។ ការខំប្រឹងធ្វើដូចនេះ ក៏មានក្នុងប្រទេសជាច្រើនទៀតដែរ។ ជាលទ្ធផល បានជួបមនុស្សដែលចាប់អារម្មណ៍ ដែលធម្មតាប្រហែលជាមិនអាចជួបគេក្នុងកិច្ចបំរើពីផ្ទះមួយទៅផ្ទះមួយ។
ឈរដ៏មុតមាំ
១២, ១៣. (ក) តើកលល្បិចអ្វីដែលសាតាំងប្រើដើម្បីប្រឆាំងស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងកំឡុង១៩៩៧? (ខ) តើតាមរបៀបណាដែលឃោសនាក្លែងក្លាយបានឡកមកវិញក្នុងប្រទេសមួយ?
១២ ក្នុងប្រទេសមួយចំនួននៃឆ្នាំ១៩៩៧ ស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវរងគ្រោះដោយឃោសនាដ៏សាហាវនិងដ៏ក្លែងក្លាយ ដែលមានបំណងដើម្បីចង់ប្ដឹងពួកគេ។ ប៉ុន្តែ ពួកស្មរបន្ទាល់បានឈរដ៏មុតមាំ! (ទំនុកដំកើង ១១២:៧, ៨) ពួកគេបានចងចាំនូវសេចក្ដីអធិស្ឋានរបស់អ្នកតែងបទទំនុកដំកើងថា៖ «ពួកមនុស្សឆ្មើងឆ្មៃបានបង្កើតសេចក្ដីភូតភរ ទាស់នឹងទូលបង្គំ តែទូលបង្គំនឹងរក្សាទុកនូវបញ្ញត្តទ្រង់យ៉ាងអស់ពីចិត្ត»។ (ទំនុកដំកើង ១១៩:៦៩) ការនិយាយជាសាធារណៈដ៏ភូតភរបែបនេះ គឺគ្រាន់តែជាទីសំអាងនៃពួកគ្រីស្ទានពិត បានត្រូវគេស្អប់ ដូចបានទាយមកដោយព្រះយេស៊ូ។ (ម៉ាថាយ ២៤:៩) ហើយជួនកាលក៏បានឡកមកវិញដែរ។ បុរសម្នាក់ក្នុងប្រទេសបែលហ្ស៊ិក បានអានអំពីអត្ថបទដ៏បង្អាប់មួយដល់ស្មរបន្ទាល់ព្រះយេហូវ៉ា ក្នុងកាសែតប្រចាំថ្ងៃដ៏ល្បីមួយ។ ដោយភ្ញាក់ផ្អើលនឹងពាក្យដ៏បង្ខូចនេះ គាត់ក៏បានទៅឯប្រជុំនៅសាលព្រះរាជាណាចក្រក្នុងថ្ងៃអាទិត្យជាបន្ទាប់។ គាត់បានរៀបចំឲ្យស្មរបន្ទាល់មកសិក្សាព្រះគម្ពីរ ហើយមានការរីកចំរើនយ៉ាងលឿន។ ពេលមុនៗ បុរសនេះជាសមាជិកនៃក្រុមមួយ។ ការសិក្សាព្រះគម្ពីរបានជួយគាត់ឲ្យសំអាតជីវិតរបស់គាត់ ជាអ្វីមួយដែលមនុស្សបានកត់សម្គាល់។ យ៉ាងប្រាកដហើយ អ្នកនិពន្ធនៃអត្ថបទដ៏បង្ខូចនេះ មិនបានគិតអំពីលទ្ធផលដ៏ល្អបែបនេះទេ!
១៣ មនុស្សចិត្តស្មោះត្រង់ខ្លះក្នុងប្រទេសបែលហ្ស៊ិក បាននិយាយប្រឆាំងនឹងឃោសនាដ៏ភូតភរនេះ។ ក្នុងចំណោមពួកនេះ គឺអតីតនាយករដ្ឋមន្ត្រីម្នាក់ ដែលបានសារភាពថាគាត់មានចិត្តសរសើរដល់អ្វីដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានសម្រេច។ ហើយអ្នកតំណាងម្នាក់បានសរសេរថា៖ «ផ្ទុយស្រឡះនឹងការចោទដ៏បង្ខូចក្នុងគ្រាណាមួយ ចំពោះខ្ញុំ [ស្មរបន្ទាល់ព្រះយេហូវ៉ា] មិនធ្វើឲ្យមានគ្រោះថ្នាក់ដល់រដ្ឋឡើយ។ គេជាពលរដ្ឋដែលស្រឡាញ់សន្ដិភាព ដ៏យកចិត្តទុកដាក់ ហើយចេះគោរពដល់ពួកអាជ្ញាធរ»។ ប្រាកដហើយ អ្វីដ៏ប្រាជ្ញាគឺពាក្យនៃសាវ័កពេត្រុស៖ «ទាំងប្រព្រឹត្តដោយទៀងត្រង់នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោសដោយគេឃើញ ការល្អរបស់អ្នករាល់គ្នាវិញ»។—ពេត្រុសទី១ ២:១២
ពិធីបុណ្យរំឭកដ៏អស្ចារ្យ
១៤. តើមានរបាយការណ៍ដ៏រំភើបណាខ្លះនៃចំនួនពួកមកពិធីបុណ្យរំឭកក្នុងឆ្នាំ១៩៩៧?
១៤ ជាការដ៏សមហេតុផល ដែលអស់អ្នកដែលធ្វើបន្ទាល់អំពីព្រះយេស៊ូ គួរចាត់ទុកពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ទ្រង់ ជាអ្វីដ៏សំខាន់ក្នុងឆ្នាំរបស់គេ។ ក្នុងឆ្នាំ១៩៩៧ ១៤,៣២២,២២៦នាក់បានមានវត្តមាននៅខែមីនា ថ្ងៃទី២៣ ដើម្បីនឹងធ្វើពិធីបុណ្យនេះ។ (លូកា ២២:១៤-២០) ក្នុងប្រទេសជាច្រើន ចំនួនមនុស្សចូលរួមពិធីបុណ្យរំឭក គឺមានចំនួនច្រើនជាងពួកអ្នកផ្សាយព្រះរាជាណាចក្រទៅទៀត គឺបង្ហាញនូវការរីកចំរើនសំរាប់អនាគត។ ក្នុងប្រទេសហៃអេធី ក្នុងឆ្នាំ១៩៩៧ឃើញចំនួនអ្នកផ្សាយ១០,៦២១នាក់ កាលដែលមាន៦៧,២៥៩នាក់មកធ្វើពិធីបុណ្យរំឭក។ ចំនួនដ៏ខ្ពស់នៃពួកអ្នកផ្សាយនៅប្រទេសហ្សំប៊ីគឺ៩៦,៦៨៦នាក់ គេមានចិត្តរំភើបណាស់ពេលដែលឮថាមាន៤២៨,៦៩៧នាក់បានមកធ្វើពិធីបុណ្យរំឭក។ ប្រទេសជាច្រើនទៀត មានចំនួនដ៏ខ្ពស់ បើប្រៀបធៀបនឹងចំនួននៃពួកអ្នកផ្សាយ។
១៥. ក្នុងប្រទេសខ្លះ តើតាមរបៀបណាដែលបងប្អូនរបស់យើងមានការជោគជ័យលើបញ្ហាដ៏ពិបាក ដើម្បីមកធ្វើពិធីបុណ្យរំឭក?
១៥ ចំពោះអ្នកខ្លះ ការទៅពិធីបុណ្យរំឭក មិនជាស្រួលទេ។ ក្នុងប្រទេសអាល់បានី គឺមានបំរាមគោចរនៅម៉ោង៧:០០យប់ ពីព្រោះមានការច្របូកច្របល់នៃស៊ីវិល។ ក្នុង១១៥ក្រុមដ៏តូចទូទាំងប្រទេស ការធ្វើពិធីបុណ្យរំឭកបានចាប់ផ្ដើមឡើងនៅម៉ោង ៥:៤៥ល្ងាច។ ថ្ងៃលិចបានចុះនៅម៉ោង៦:០៨ល្ងាច ជាការផ្ដើមនៃថ្ងៃទី១៤ណែសាន។ វត្ថុតំណាងបានហុចនៅប្រហែលម៉ោង ៦:១៥ ល្ងាច។ ក្នុងករណីភាគច្រើន សេចក្ដីអធិស្ឋានបញ្ចប់នៅម៉ោង ៦:៣០ល្ងាច ហើយពួកអ្នកដែលបានមកពិធីបុណ្យរំឭក ក៏ប្រញាប់ទៅផ្ទះវិញមុននៅម៉ោងបំរាមគោចរ។ ប៉ុន្តែ ចំនួនមនុស្សចូលរួមពិធីបុណ្យរំឭកគឺមាន៣,១៥៤នាក់ បើប្រៀបធៀបនឹងចំនួនអ្នកផ្សាយ១០៩០នាក់។ ក្នុងប្រទេសមួយនៃទ្វីបអាហ្វ្រិក ការច្របូកច្របល់ស៊ីវិល ធ្វើឲ្យពិបាកទៅសាលព្រះរាជាណាចក្រ ដូច្នេះអ្នកចាស់ទុំពីរនាក់បានសម្រេចទៅជួបក្នុងផ្ទះរបស់អ្នកចាស់ទុំទីបី ដើម្បីរៀបចំធ្វើពិធីបុណ្យរំឭកតាមក្រុមតូចៗ។ អ្នកចាស់ទុំពីរនាក់ត្រូវឆ្លងប្រឡាយទឹកមួយ ដើម្បីឲ្យទៅដល់ផ្ទះនោះ។ ប៉ុន្តែ គឺមានការច្បាំងគ្នានៅកន្លែងនោះ ហើយអ្នកលបបាញ់ក៏បានបាញ់ដាក់អ្នកណាដែលចង់ឆ្លងប្រឡាយនោះ។ អ្នកចាស់ទុំម្នាក់បានឆ្លងដោយឥតមានគ្រោះថ្នាក់។ បងប្រុសទីពីរបានឆ្លងពេលដែលគាត់ឮស្នូរកាំភ្លើង។ គាត់ក៏ក្រាប ហើយវាផុតគ្រោះថ្នាក់ កាលដែលគ្រាប់ហោះហើរពីលើក្បាលគាត់។ ពួកចាស់ទុំបានមកជួបជុំគ្នា ហើយសេចក្ដីត្រូវការនៃក្រុមជំនុំក៏បានទំនុកបំរុងទៅ។
«ពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស . . . ហើយគ្រប់ទាំងភាសា»
១៦. តើតាមរបៀបណាដែលអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ បានរៀបចំឲ្យដំណឹងល្អមានដល់ក្រុមតូចៗនៃភាសាផ្សេងៗ?
១៦ សាវ័កយ៉ូហានបានមានប្រសាសន៍ថា ពួកហ្វូងធំនឹងចេញពី«គ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៧:៩) ដូច្នេះ គណៈអភិបាលរៀបចំប្រកាសនវត្ថុឲ្យមានក្នុងភាសាជាច្រើន—រួមបញ្ចូលភាសាដែលនិយាយដោយកុលសម្ព័ន្ធដ៏ដាច់ស្រយាលនិងដោយក្រុមតូចៗ។ ជាឧទាហរណ៍ ក្នុងប្រទេសម៉ុសាប៊ិកខិត្តប័ណ្ណ ជីវិតក្នុងពិភពលោកថ្មីដ៏សុខសាន្ត បានចេញក្នុងភាសាប្រាំទៀត។ ក្នុងប្រទេសនីការ៉ាក្វាសៀវភៅស្តើង សូមសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! មានជាភាសា ម៉ីស្គីតូ—ដែលជាប្រកាសនវត្ថុរបស់សមាគមប៉មយាមជាលើកដំបូងក្នុងភាសានោះ។ ការិយាល័យសាខាសមាគមប៉មយាម រាយការណ៍ថា ពួកជនជាតិម៉ីស្គីតូបានយកសៀវភៅស្តើងដោយអំណរ ដោយឃើញក្នុងភាសារបស់គេ។ ក្នុងឆ្នាំ១៩៩៧ សមាគមបានបោះពុម្ពឧបករណ៍ផ្សាយក្នុង ២៥ ភាសាថែមទៀត។
១៧. តើក្រុមភាសាណាមួយដែលបានទទួលជំនួយក្នុងប្រទេសកូរ៉េ ហើយតើខ្សែអាត់វីឌីអូបានជួយយ៉ាងណាដល់មនុស្សមួយចំនួនបែបនេះ?
១៧ ក្នុងប្រទេសកូរ៉េ ក្រុមភាសាមួយទៀតបានទទួលជំនួយ។ ឆ្នាំ១៩៩៧ បានឃើញមហាសន្និបាតទីមួយក្នុងភាសាមនុស្សគ។ គឺមាន១៥ក្រុមជំនុំនៃភាសាមនុស្សគក្នុងប្រទេសកូរ៉េ ដែលមាន៥៤៣នៃពួកអ្នកផ្សាយ ប៉ុន្តែមាន១១៧៤នាក់បានទៅមហាសន្និបាត ហើយមាន២១នាក់បានធ្វើបុណ្យជ្រមុជទឹក។ ដើម្បីជួយមនុស្សគដែលមិនអាចយល់ពាក្យនិយាយឬសរសេរនោះ ប្រកាសនវត្ថុបានផលិតតាមរយៈខ្សែអាត់វីឌីអូក្នុង ១៣នៃភាសាមនុស្សគផ្សេងៗ។ ដូច្នេះ ពួកមនុស្សគកំពុងទទួលជំនួយឲ្យ«អាន» ព្រមទាំងសិក្សាដំណឹងល្អ ដោយមានលទ្ធផលដ៏ល្អផង។ ក្នុងសហរដ្ឋអាមេរិក មុនៗប្រហែលត្រូវការប្រាំឆ្នាំមុនមនុស្សគ អាចរីកចំរើនដល់ការធ្វើពិធីជ្រមុជទឹក។ ឥឡូវនេះ ដោយមានខ្សែអាត់វីឌីអូក្នុងភាសាមនុស្សគ នោះចំពោះមនុស្សគខ្លះ នោះបានបន្ថយដល់តែមួយឆ្នាំប៉ុណ្ណោះ។
‹នៅក្នុងរថ›
១៨. ក្រោយពីជួបយ៉ូណាដាប តើយេហ៊ូវនឹងចេញទៅធ្វើអ្វី?
១៨ ក្នុងឆ្នាំ៩០៥ម.ស.យ. ក្រោយពីយ៉ូណាដាបបានមកចូលរួម នោះយេហ៊ូវក៏ចេញទៅកំទេចចោលការថ្វាយបង្គំខ្លែងក្លាយ។ លោកបានចេញសេចក្ដីអញ្ជើញដល់ពួកអ្នកថ្វាយបង្គំព្រះបាលថា៖ «ញែកថ្ងៃ១ ទុកជាថ្ងៃបុណ្យមុតមាំថ្វាយព្រះបាល»។ រួចមក លោកក៏ចាត់គេឲ្យទៅទូទាំងស្រុក ដើម្បីធ្វើឲ្យប្រាកដថា គ្មានអ្នកថ្វាយបង្គំព្រះបាលណាមួយបានភ្លេច។ កាលដែលហ្វូងមនុស្សបានចូលដល់ព្រះវិហារនៃព្រះក្លែងក្លាយ យេហ៊ូវក៏បានធ្វើឲ្យប្រាកដ ដែលគ្មានអ្នកថ្វាយបង្គំព្រះយេហូវ៉ានៅទីនោះ។ នៅទីបំផុត យេហ៊ូវនិងកងទ័ពរបស់លោកក៏បានកំទេចចោលពួកអ្នកថ្វាយបង្គំព្រះបាល។ «គឺយ៉ាងនោះដែលយេហ៊ូវបានបំបាត់ព្រះបាល ពីពួកអ៊ីស្រាអែលចេញ»។—ពង្សាវតារក្សត្រទី២ ១០:២០-២៨
១៩. ដោយដឹងនូវអ្វីដែលមាននៅខាងមុខសំរាប់មនុស្សលោក តើចិត្តគំនិតបែបណាដែលយើងត្រូវមាន ហើយតើក្នុងកិច្ចការអ្វីដែលយើងត្រូវជាប់រវល់នោះ?
១៩ សព្វថ្ងៃនេះ ការជំនុំជំរះនៅទីបំផុតនៃសាសនាក្លែងក្លាយ គឺនៅខាងមុខនេះ។ ក្រោមការដឹកនាំរបស់ទេវតា ពួកគ្រីស្ទានកំពុងតែផ្សាយដំណឹងល្អដល់មនុស្សលោកគ្រប់គ្នា លើកទឹកចិត្តគេឲ្យខ្លាចព្រះ ហើយឲ្យញែកខ្លួនគេពីសាសនាក្លែងក្លាយ។ (វិវរណៈ ១៤:៦-៨; ១៨:២, ៤) មនុស្សរាបសាបានលើកទឹកចិត្តឲ្យចុះចូលនឹងព្រះរាជាណាចក្រនៃព្រះ ក្រោមស្តេចរបស់ព្រះយេហូវ៉ា គឺព្រះយេស៊ូគ្រីស្ទ។ (វិវរណៈ ១២:១០) ក្នុងគ្រាដ៏រំភើបនេះ យើងមិនត្រូវអនុញ្ញាតឲ្យការខ្នះខ្នែងរបស់យើងទៅជាខ្សោយឡើយ ក្នុងកាលដែលយើងឈរដ៏មុតមាំសំរាប់ការថ្វាយបង្គំពិត។
២០. តើអ្នកនឹងតាំងចិត្តធ្វើអ្វីក្នុងកំឡុងកិច្ចបំរើប្រចាំឆ្នាំ១៩៩៨?
២០ ម្ដងនេះទៀត នៅពេលដែលស្តេចដាវីឌ មានការពិបាកយ៉ាងខ្លាំង ទ្រង់បានអធិស្ឋានថា៖ «ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអង្គអើយ ចិត្តទូលបង្គំបានតាំងស្រេចហើយ ទូលបង្គំនឹងច្រៀង អើ ទូលបង្គំនឹងច្រៀងសរសើរ . . . ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅកណ្ដាលពួកសាសន៍ដទៃ»។ (ទំនុកដំកើង ៥៧:៧, ៩) សូមឲ្យយើងឈរឲ្យបានមុតមាំដែរ។ ក្នុងកំឡុងកិច្ចបំរើប្រចាំឆ្នាំ១៩៩៧ ទោះជាមានការពិបាកជាច្រើនក៏ដោយ ការស្រែកសរសើរដ៏ខ្លាំងបានលើកដល់សិរីល្អនៃព្រះយេហូវ៉ា។ សូមឲ្យមានការស្រែកសរសើរកាន់តែខ្លាំងឡើង មានក្នុងកិច្ចបំរើប្រចាំឆ្នាំនេះ។ ហើយសូមឲ្យនេះទៅជាការពិត ទោះជាសាតាំងខំប្រឹងធ្វើយ៉ាងណាក៏ដោយ ដើម្បីបំបាក់ទឹកចិត្តយើងឬប្រឆាំងយើងនោះ។ ដូច្នេះ យើងនឹងបង្ហាញថា យើងមានចិត្តនៅស្មោះត្រង់ជាមួយនឹងយេហ៊ូវដ៏ឧត្តម ព្រះយេស៊ូគ្រីស្ទ ហើយយើងនឹងតបឆ្លើយដ៏អស់ពីចិត្តរបស់យើង ដល់ការដាស់តឿនរបស់ព្រះថា៖ «ឱមនុស្សសុចរិតរាល់គ្នាអើយ ចូរមានចិត្តសប្បាយ ហើយរីករាយឡើង ក្នុងព្រះយេហូវ៉ាចុះ អស់អ្នកដែលមានចិត្តទៀងត្រង់អើយ ចូរនាំគ្នាស្រែកឡើងដោយអំណរចុះ»។—ទំនុកដំកើង ៣២:១១
តើអ្នកអាចពន្យល់បានទេ?
◻ តើមានការផ្លាស់ប្ដូរអ្វីដែលបានកើតឡើងក្នុងឆ្នាំ៩០៥ ម.ស.យ.?
◻ តើអ្នកណាជាយេហ៊ូវក្នុងសម័យទំនើបនេះ ហើយតើតាមរបៀបណាដែល«ហ្វូងធំ» បានបង្ហាញថា‹ចិត្តរបស់គេគឺស្មោះត្រង់› នឹងចិត្តរបស់ទ្រង់?
◻ តើចំនួនលេខអ្វីពីរបាយការណ៍ប្រចាំឆ្នាំ ដែលបង្ហាញអំពីសេចក្ដីខ្នះខ្នែងរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងកំឡុងឆ្នាំ១៩៩៧?
◻ អ្វីក៏ដោយដែលសាតាំងអាចធ្វើប្រឆាំងនឹងយើង តើចិត្តគំនិតយ៉ាងណាដែលយើងត្រូវបង្ហាញក្នុងកំឡុងឆ្នាំ១៩៩៨?
[រូបភាពនៅទំព័រ១៧]
ចំនួននៃប្រជុំពិធីបុណ្យរំឭកដ៏អស្ចារ្យ បង្ហាញនូវការរីកចំរើនសំរាប់អនាគត
[រូបភាពនៅទំព័រ១៨]
ដូចជាយ៉ូណាដាបបានគាំទ្រយេហ៊ូវ ដូច្នេះ«ពួកហ្វូងធំ»សព្វថ្ងៃនេះ ក៏គាំទ្រយេហ៊ូវដ៏ឧត្តមព្រះយេស៊ូគ្រីស្ទដែរ និងពួកបងប្អូនចាក់ប្រេងតាំងរបស់ទ្រង់