យកឈ្នះការពិបាកក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ
១ ការធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយជួបមនុស្សដែលពុំស្គាល់គឺជាការពិបាកសំរាប់អ្នកដែលទើបតែចូលក្នុងសេចក្ដីពិត។ ប៉ុន្តែ សេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះព្រះយេហូវ៉ាជួយមនុស្សយកឈ្នះការពិបាកនេះ ហើយសូម្បីតែអ្នកដែលមានចរិតអៀនបានរីកចំរើនរហូតដល់អាចផ្សាយនូវដំណឹងល្អពេញពេលបាន។
២ ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា បណ្ដាគ្រីស្ទាននៅសម័យដើមបានផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះដោយធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ។ (កិច្ច. ៥:៤២; ២០:២០, ២១) នៅសតវត្សរ៍ទី២១នេះ យើងដែលជាគ្រីស្ទានក៏ចូលរួមក្នុងកិច្ចការនេះដែរ។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ និងចំពោះអ្នកជិតខាងជំរុញយើងឲ្យធ្វើកិច្ចការនេះទោះជាយើងជួបនឹងមនុស្សដែលធ្វើព្រងើយកន្តើយ ខឹងនឹងយើង មើលងាយ ឬប្រឆាំងក៏ដោយ។
៣ លទ្ធផលនៃការឈ្នះការពិបាក: រាល់ដងដែលយើងជួបម្ចាស់ផ្ទះ យើងខំប្រឹងព្រោះពូជនៃសេចក្ដីពិតដោយដឹងថា នៅចុងក្រោយនោះអាចបង្កើតផលខាងព្រះរាជាណាចក្ររបស់ព្រះបាន។ (សាស. ១១:៦) កាលៈទេសៈរបស់មនុស្សប្រែប្រួលជានិច្ច។ អាចមានអ្វីកើតឡើងដែលធ្វើឲ្យម្ចាស់ផ្ទះចាប់ផ្ដើមគិតអំពីអ្វីដែលយើងបានប្រាប់គាត់ពេលដែលផ្សព្វផ្សាយ ហើយប្រហែលជាលើកក្រោយគាត់នឹងមានចំណាប់អារម្មណ៍។
៤ ការផ្សាយពីផ្ទះមួយទៅផ្ទះមួយផ្ដល់ឱកាសឲ្យអ្នកដែលមានទំនោរចិត្តទៅរកសេចក្ដីពិតនិងសេចក្ដីសុចរិតរៀនអំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់ ហើយចាប់ផ្ដើមដើរតាមផ្លូវដែលនាំទៅដល់ជីវិតជារៀងរហូត។ តាមរយៈការផ្សាយនេះ មនុស្សភ្លើតភ្លើននឹងការកំសាន្តក្នុងលោកីយ៍នេះត្រូវព្រមានដោយសេចក្ដីស្រឡាញ់ ឲ្យកែខ្លួនដើម្បីធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យ។ កិច្ចបំរើនេះក៏ធ្វើឲ្យមនុស្សស្គាល់ព្រះនាមព្រះយេហូវ៉ាហើយក៏លើកកិត្ដិយសថ្វាយទ្រង់ មិនថាម្ចាស់ផ្ទះស្ដាប់ឬមិនស្ដាប់ក៏ដោយ។—អេសេ. ៣:១១
៥ ការផ្សព្វផ្សាយជួយយើងឲ្យចេះលត់ដំខ្លួនក្នុងការបង្ហាញផលផ្លែនៃវិញ្ញាណ ដូចជាសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួន អំណរ មេត្រីភាព និងចិត្តអត់ធ្មត់ជាដើម។ (កា. ៥:២២) ម្យ៉ាងទៀត ដោយសារការផ្សព្វផ្សាយជាវិធីដែលអាចធ្វើល្អដល់អ្នកឯទៀត នោះជួយឲ្យយើងមានចិត្តរាបទាបនិងចេះអាណិតមេត្ដាផងដែរ។ ការរក្សាខ្លួនឲ្យជាប់រវល់ក្នុងកិច្ចបំរើព្រះយេហូវ៉ាជួយការពារយើងពីឥទ្ធិពលលោកីយ៍។—១កូ. ១៥:៥៨
៦ ជំនួយដើម្បីឈ្នះការលំបាក: អ្នកថ្មីត្រូវរៀនឲ្យចេះចូលរួមក្នុងកិច្ចការដ៏គួរឲ្យរំភើបចិត្តបំផុតនេះ។ ពួកគេច្រើនតែគ្មានទំនុកចិត្តលើខ្លួនឯង ហើយហេតុនេះក៏ធ្លាក់ទឹកចិត្តពេលដែលគ្រាន់តែគិតអំពីការផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ យើងអាចពិភាក្សាជាមួយនឹងពួកគេអំពីការជំទាស់ធម្មតាខ្លះៗដែលមនុស្សប្រហែលជានឹងចោទឡើង ហើយអ្វីដែលយើងអាចនិយាយជាការតបឆ្លើយ។ យើងអាចហាត់ប្រើយោបល់ដ៏ល្អខ្លះៗក្នុងកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរនូវរបៀបតបឆ្លើយនឹងសំដីដែលអាចរារាំងការសន្ទនា។ អ្នកអាចជួយពួកគេឲ្យរៀបចំសំរាប់កិច្ចផ្សព្វផ្សាយបាន។ ពួកគេក៏អាចទទួលជំនួយជាច្រើនដោយទៅប្រជុំសំរាប់កិច្ចផ្សព្វផ្សាយជាទៀងទាត់ ហើយរួចមកផ្សព្វផ្សាយជាមួយនឹងបងប្អូនដែលមានបទពិសោធន៍ច្រើនជាង។ ការផ្សព្វផ្សាយជាក្រុមអាចផ្ដល់ការលើកទឹកចិត្តជាច្រើនផង។
៧ ពេលដែលយើងធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ យើងមានឯកសិទ្ធិតំណាងព្រះរបស់យើង គឺព្រះយេហូវ៉ា។ គ្មានឯកសិទ្ធិខ្ពង់ខ្ពស់ជាងការរួមធ្វើការជាមួយនឹងព្រះឡើយ មែនទេ? (១កូ. ៣:៩) បើយើងពឹងពាក់ទៅលើទ្រង់ នោះវិញ្ញាណរបស់ទ្រង់នឹងជួយយើងឈ្នះការពិបាកក្នុងកិច្ចផ្សាយពីផ្ទះមួយទៅផ្ទះមួយ។—២កូ. ៣:៥