តើអ្នកជាមនុស្សអៀនខ្មាសឬទេ?
១ យើងមិនភ្ញាក់ផ្អើលទេ ពេលដែលយើងឃើញកូនក្មេងម្នាក់លួចមើលយើង កាលដែលឈរពីក្រោយមាតាបិតាគេនោះ។ ការអៀនខ្មាសគឺជាការធម្មតាទេ ពេលដែលនៅក្មេងនៅឡើយនោះ។ មនុស្សជាច្រើនក៏មានលក្ខណៈសម្បត្ដិអៀនខ្មាសអ៊ីចឹងដែរ សូម្បីតែពេលមានវ័យចាស់ក៏ដោយ ។ បើសិនជាការអៀនខ្មាសមានអានុភាពទៅលើការចូលរួមកិច្ចបំរើផ្សាយរបស់អ្នក តើអ្នកអាចធ្វើអ្វី?
២ ការទ្រាំទ្រនឹងការខ្មាសអៀន: ការយកចិត្តទុកដាក់នឹង«មនុស្សលាក់កំបាំងក្នុងចិត្ត» គឺសំខាន់មែន។ (ពេត្រុសទី១ ៣:៤) ចូរពង្រឹងនូវសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានិងអ្នកជិតខាងរបស់អ្នកដែរ។ ចូរជឿស៊ប់ថា ការបំពេញតាមបញ្ជាឲ្យផ្សព្វផ្សាយនោះ ជារបៀបដ៏ប្រសើរបំផុតមួយ ដើម្បីបង្ហាញនូវសេចក្ដីស្រឡាញ់ដែលសម្ដែងការពលិខ្លួន។ ចូរអនុវត្តតាមទម្រង់ការដ៏ល្អមួយខាងការសិក្សាផ្ទាល់ខ្លួននិងការទៅប្រជុំ។ ចូរអធិស្ឋានជាទៀងទាត់ ហើយយ៉ាងចំៗឲ្យបានជំនួយពីព្រះយេហូវ៉ា។ ជំនឿនិងការទុកចិត្តយ៉ាងខ្លាំងទៅលើទ្រង់នឹងបង្កើននូវទំនុកចិត្តខ្លួន ហើយនឹងបណ្ដាលឲ្យមានចិត្ត«ហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើង ដោយឥតភ័យខ្លាច»។—ភីលីព ១:១៤
៣ ចូរតទល់នឹងអារម្មណ៍ដែលថាខ្លួនខ្វះខាតសមត្ថភាព។ ក៏មើលទៅដូចជាលោកធីម៉ូថេបានត្រូវធ្វើអ៊ីចឹង។ ប៉ុលបានលើកទឹកចិត្តធីម៉ូថេថា «កុំឲ្យអ្នកណាមើលងាយ[គាត់] ដោយព្រោះនៅក្មេងនោះឡើយ»។ ទាំងបានរំឭកគាត់ថា៖ «ព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច»វិញ។ (ធីម៉ូថេទី១ ៤:១២; ធីម៉ូថេទី២ ១:៧) ធីម៉ូថេបានត្រូវព្រះយេហូវ៉ាប្រើយ៉ាងពេញលេញ ហើយទ្រង់ក៏នឹងប្រើអ្នកដែរ បើសិនជាអ្នកជឿនទៅមុខដោយទុកចិត្តទាំងស្រុងទៅលើទ្រង់។—ទំនុកដំកើង ៥៦:១១
៤ ការជញ្ជឹងគិតពីខគម្ពីរមួយ ដូចជាម៉ាថាយ ១០:៣៧ បានជួយបងស្រីម្នាក់ ដែលការអៀនខ្មាសរបស់គាត់ធ្វើឲ្យគាត់ខ្លាចនឹងប្ដីខ្លួនដែលជាអ្នកប្រឆាំង។ ពេលដែលគាត់បានស៊ូទ្រាំ នោះកិច្ចបំរើផ្សាយបានទៅជាស្រួលជាង ហើយជាយថាហេតុ ប្ដី ម្ដាយ និងបងប្អូនប្រុសៗរបស់គាត់បានទទួលស្គាល់នូវសេចក្ដីពិតដែរ!
៥ ការរៀបចំគឺជាការចាំបាច់: ទំនុកចិត្តលើខ្លួនឯងនឹងចំរើនរឹតតែខ្លាំងឡើង កាលដែលអ្នករៀបចំយ៉ាងហ្មត់ចត់សំរាប់កិច្ចបំរើផ្សាយ។ សូមរើសសេចក្ដីដ៏ស្រួលមួយពីកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ឬក៏ពីច្បាប់មុនៗនៃឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ហើយសិក្សានោះឲ្យនៅដិតជាប់ក្នុងគំនិត ព្រមទាំងហាត់និយាយផង។ ជាជាងខ្វល់ខ្វាយហួសហេតុនោះ សូមរក្សាគំនិតវិជ្ជមានទៅវិញ។ ចូរមានចិត្តក្លាហានដោយដើរយ៉ាងជិតស្និទ្ធជាមួយអ្នកឯទៀត។ ចូរចងចាំថា មនុស្សភាគច្រើនដែលអ្នកនឹងជួបតាមផ្ទះ ក៏អៀនខ្មាសដូចអ្នកដែរ។ មនុស្សគ្រប់គ្នាក៏ត្រូវការនូវសារព្រះរាជាណាចក្រ។
៦ ប្រសិនបើអ្នកមានចិត្តអៀនខ្មាស សូមកុំខកចិត្តឡើយ។ ពេលដែលអ្នកខំប្រឹង នោះព្រះយេហូវ៉ានឹងជួយអ្នកឲ្យទៅជាអ្នកផ្សព្វផ្សាយដំណឹងល្អដ៏មានប្រសិទ្ធិភាព។ អ៊ីចឹងហើយ អ្នកនឹងមានអំណរអរក្នុងកិច្ចបំរើផ្សាយរបស់អ្នក។—សុភាសិត ១០:២២