ចូរពឹងពាក់ព្រះយេហូវ៉ាឲ្យបានកម្លាំងចុះ!
១ មានមូលហេតុជាច្រើន ដែលយើងត្រូវតែពឹងផ្អែកលើព្រះយេហូវ៉ា។ ការផ្សព្វផ្សាយដំណឹងល្អ«ទូទៅគ្រប់ក្នុងលោកីយ» ជាកិច្ចការមួយដែលប្រឡងប្រណាំងសមត្ថភាពមែន។ (ម៉ាថាយ ២៤:១៤) ជានិច្ចជាកាលយើងទប់ទល់នឹងភាពមិនគ្រប់ល័ក្ខណ៍របស់យើង។ (រ៉ូម ៧:២១-២៣) ម្យ៉ាងទៀត ‹យើងក៏មានការតយុទ្ធនឹងពួកម្ចាស់[អធិធម្មជាតិ]នៃសេចក្ដីងងឹតរបស់លោកីយ៍នេះ›ដែរ។ (អេភេសូរ ៦:១១, ១២) យើងពិតជាត្រូវការជំនួយមែន។ តើយើងអាចទទួលកម្លាំងពីព្រះយេហូវ៉ាដោយរបៀបណា?
២ តាមរយៈការអធិស្ឋាន: ព្រះយេហូវ៉ារមែងប្រទានវិញ្ញាណបរិសុទ្ធដ៏ខ្លាំងក្លា ឲ្យអ្នកបំរើរបស់ទ្រង់ដែលសុំនោះ។ (លូកា ១១:១៣) តើអ្នកខ្វះទំនុកចិត្តថា ខ្លួនមានសមត្ថភាពធ្វើបន្ទាល់ពីផ្ទះមួយទៅផ្ទះមួយ ឬតាមផ្លូវថ្នល់ និងតាមរយៈទូរស័ព្ទឬទេ? តើអ្នកមានចិត្តញញើតក្នុងការធ្វើបន្ទាល់ក្រៅផ្លូវការទេ? តើភាពកន្តើយរបស់មនុស្សនៅតំបន់ផ្សព្វផ្សាយបានបង្អន់ចិត្តខ្នះខ្នែងរបស់អ្នកឬ? ចុះយ៉ាងណាបើមានការបង្ខិតបង្ខំឲ្យអ្នកធ្វើខុសនឹងជំនឿរបស់អ្នក ឬក៏ធ្វើឲ្យអ្នកឈប់មានភក្ដីភាពចំពោះទ្រង់នោះ? ចូរពឹងពាក់ព្រះយេហូវ៉ាចុះ! ហើយអធិស្ឋានសុំកម្លាំងផងដែរ។—ភីលីព ៤:១៣
៣ ដោយការសិក្សាផ្ទាល់ខ្លួន: ដូចជាយើងទទួលកម្លាំងដោយការបរិភោគម្ហូបអាហារ យើងក៏ត្រូវពង្រឹងភាពខាងវិញ្ញាណរបស់យើងដោយទទួលទានអាហារខាងវិញ្ញាណជាទៀងទាត់ ដូចជាអានព្រះបន្ទូលរបស់ព្រះ ព្រមទាំងអានប្រកាសនវត្ថុដែលមកពី‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ៤:៤; ២៤:៤៥) ពេលដែលគេសួរបងប្រុសស្តេន្លីចូនថា តើអ្វីដែលជួយផ្ដល់កម្លាំងឲ្យគាត់ ដើម្បីស៊ូទ្រាំអស់ជាច្រើនឆ្នាំដោយព្រោះគាត់ត្រូវគេឃុំឃាំងឲ្យនៅតែឯងក្នុងគុកនៅប្រទេសចិន ហើយគ្មានព្រះគម្ពីរផងនោះ បងប្រុសបានស្រដីថា៖ «យើងអាចកាន់ជំហរមាំមួនក្នុងជំនឿបាន។ តាមការពិត ដោយសារយើងសិក្សាជាមុនសិន។ យើងនឹងគ្មានកម្លាំងចិត្តទេបើមិនបានសិក្សានោះ»។
៤ ដោយចូលរួមកិច្ចប្រជុំ: លោកយូដាសនិងស៊ីឡាសបាន«មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ត និង ពង្រឹងជំនឿរបស់បងប្អូន»នៅឯកិច្ចប្រជុំគ្រីស្ទានមួយក្នុងសតវត្សទីមួយ។ (កិច្ចការ ១៥:៣២, ព្រះគម្ពីរភាសាខ្មែរសម្រាយ) សព្វថ្ងៃនេះក៏ដូចគ្នាដែរ អ្វីៗដែលយើងស្ដាប់នៅឯកិច្ចប្រជុំ ធ្វើឲ្យកតញ្ញូធម៌របស់យើងចំពោះព្រះយេហូវ៉ាចំរើនឡើង ទាំងស្អាងជំនឿយើង និងជំរុញចិត្តយើងក្នុងកិច្ចបំរើផ្សាយផងដែរ។ កិច្ចប្រជុំនិមួយៗនាំឲ្យយើងជួបជុំគ្នាជាទៀងទាត់នឹង‹អ្នកដែលធ្វើការជាមួយយើង ដើម្បីជាប្រយោជន៍ឲ្យព្រះរាជាណាចក្រនៃព្រះ› ហើយក៏ជា«ជំនួយដែលពង្រឹងកម្លាំង»របស់យើងផងដែរ។—កូល៉ុស ៤:១១, ព.ថ.
៥ យើងពិតជាត្រូវការជំនួយនៅ‹គ្រាដ៏លំបាក›នេះមែន។ (ធីម៉ូថេទី២ ៣:១) គឺមានការធានារ៉ាប់រងចំពោះអស់អ្នកដែលទទួលកម្លាំងពីព្រះយេហូវ៉ាថា៖ «គេនឹងហើរឡើងទៅលើ ដោយស្លាបដូចជាឥន្ទ្រី។ គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។—អេសាយ ៤០:៣១