ប្រអប់សំនួរ
▪ តើយើងគួរប្រុងប្រយ័ត្នយ៉ាងណា ពេលធ្វើបន្ទាល់ដល់ពួកអ្នកដែលត្រូវគេបង្ខាំងទុកក្នុងគុក?
យ៉ាងហោចណាស់មានអ្នកទោសប្រាំបីលាននាក់ទូទាំងពិភពលោកដែលបានត្រូវបង្ខាំងទុកក្នុងគុក ហើយអ្នកទោសខ្លះក៏ចាប់អារម្មណ៍នឹងដំណឹងល្អផងដែរ។ (១ធី. ២:៤, ព.ថ.) ការិយាល័យសាខាមួយទទួលសំបុត្រប្រមាណ១.៤០០ច្បាប់រៀងរាល់ខែពីពួកអ្នកដែលបានត្រូវបង្ខាំងទុក ហើយពីបងប្អូនរបស់ពួកគេ ដែលសុំប្រកាសនវត្ថុឬសុំអ្នកណាម្នាក់ទៅលេងពួកគេ។ មនុស្សខ្លះដែលបានត្រូវបង្ខាំងទុកនោះមានចំណាប់អារម្មណ៍យ៉ាងស្មោះមែន ប៉ុន្តែការពិសោធន៍បានបង្ហាញថា មានពួកអ្នកទោសខ្លះដែលធ្វើពុតជាអ្នកចាប់អារម្មណ៍ តែបែរជាគិតពីប្រយោជន៍ផ្ទាល់ខ្លួនដោយប្រើរាស្ត្ររបស់ព្រះ។ ហេតុនេះហើយបងប្អូនទាំងឡាយគួរយកចិត្តទុកដាក់ធ្វើតាមការព្រមាននានាស្តីអំពីការធ្វើបន្ទាល់ដល់ពួកអ្នកដែលត្រូវគេបង្ខាំងទុកក្នុងគុក។
ក្នុងករណីជាច្រើន ការធ្វើបន្ទាល់ដល់ពួកអ្នកដែលបានត្រូវបង្ខាំងទុកនោះ កើតឡើងដោយការសរសេរសំបុត្រឆ្លើយឆ្លង។ យើងសូមជូនយោបល់ដោយសង្កត់ធ្ងន់ថា បងប្អូនស្រីៗមិនគួរសរសេរសំបុត្រជូនអ្នកជាប់គុកដែលជាបុរសឡើយ សូម្បីតែមានគោលដៅចង់ផ្ដល់ជំនួយខាងវិញ្ញាណក៏ដោយ។ មានតែបងប្អូនប្រុសៗដែលមានគុណវុឌ្ឍិឬលក្ខណៈគ្រប់គ្រាន់ប៉ុណ្ណោះ ដែលគួរបំពេញភារកិច្ចនេះ។ បងប្អូនស្រីៗដែលមានគុណវុឌ្ឍិអាចទទួលភារកិច្ចសរសេរសំបុត្រទាក់ទងអ្នកទោសភេទស្រីដែលបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងស្មោះទៅលើសេចក្ដីពិតក្នុងព្រះគម្ពីរ។ មិនគួរផ្ញើលុយឬជំនូនណាសោះដល់ពួកអ្នកដែលបានត្រូវបង្ខាំងទុក ទោះជាអ្នកនោះបានសុំអ្វីក៏ដោយ។
កាលណាមនុស្សដែលបានជាប់គុកបង្ហាញនូវចំណាប់អារម្មណ៍នោះ ឈ្មោះគាត់ព្រមទាំងអាស័យដ្ឋានរបស់គាត់ត្រូវជូនដល់ក្រុមជំនុំណាដែលទទួលខុសត្រូវតំបន់ផ្សាយដែលរួមមានកន្លែងនៃគុកនោះដែរ។ តាមធម្មតា បងប្អូនប្រុសៗដែលមានគុណវុឌ្ឍិនៅតំបន់នោះ ពួកគាត់នឹងចេះរៀបចំចាត់ចែងការតាមកាលៈទេសៈផ្សេងៗដែលអាចកើតមានឡើង។ បើមិនស្គាល់ក្រុមជំនុំដែលទទួលខុសត្រូវតំបន់នោះទេ សូមផ្ញើពត៌មាននោះដល់ការិយាល័យសាខាវិញ។
បើបងប្អូនប្រុសៗដែលទទួលភារកិច្ចនោះសម្រេចចិត្តថា ចង់រៀបចំឲ្យមានកិច្ចប្រជុំសំរាប់ពួកអ្នកជាប់គុកដើម្បីឲ្យមានច្រើននាក់អាចរៀនតែម្ដងនោះ គឺមិនខុសឡើយ។ ក៏ប៉ុន្តែ កម្មវិធីពិសេសដែលនាំឲ្យពួកអ្នកផ្សាយសេពគប់ដោយគ្មានកំរិតជាមួយពួកអ្នកដែលបានត្រូវបង្ខាំងទុក នោះមិនគួររៀបចំក្នុងគុកណាមួយទាល់តែសោះ។ បន្ថែមទៅទៀត បើបងប្អូនអ្នកផ្សាយទៅលេងគុកដោយមិនរៀបចំយ៉ាងល្អទុកជាមុន ហើយសេពគប់យ៉ាងជិតស្និទ្ធជាមួយពួកអ្នកជាប់គុក នោះជាការមិនប្រកបទៅដោយប្រាជ្ញាឡើយ។
សូមឲ្យយើង«ចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប» កាលដែលយើងផ្សាយដំណឹងល្អដល់ពួកអ្នកដែលបានត្រូវបង្ខាំងទុកក្នុងគុក។—ម៉ាថ. ១០:១៦, ខ.ស.