ចូរបង្ហាញការ«ដឹងគុណ»
១ ពេលលោកយេស៊ូបានប្រោសមនុស្សឃ្លង់១០នាក់ឲ្យជាស្អាត មានតែម្នាក់គត់ដែលបានត្រឡប់ទៅអរគុណលោក។ លោកយេស៊ូបានសួរថា៖ «តើអ្នកទាំង១០នោះមិនបានជាស្អាតទេឬអី? ចុះ៩នាក់ឯទៀតនៅឯណា?»។ (លូ. ១៧:១១-១៩) គឺសំខាន់ណាស់! ដែលយើងបង្ហាញការដឹងគុណចំពោះគ្រប់ទាំងរបស់ដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ដែលមកពីបិតានៅស្ថានសួគ៌ ដែលប្រកបដោយសេចក្ដីស្រឡាញ់និងចិត្តសទ្ធា ពោលគឺព្រះយេហូវ៉ា។—កូល. ៣:១៥; យ៉ា. ១:១៧
២ តើយើងគួរដឹងគុណចំពោះអ្វីខ្លះ? យើងមានចិត្តកតញ្ញូចំពោះអំណោយទានដ៏ល្អបំផុតពីព្រះ ពោលគឺថ្លៃលោះមនុស្សជាតិ។ (យ៉ូន. ៣:១៦) យើងក៏ដឹងគុណចំពោះព្រះយេហូវ៉ាដែលទ្រង់បានទាញនាំយើងមកឯទ្រង់។ (យ៉ូន. ៦:៤៤) យើងក៏អបអរចំពោះសាមគ្គីភាពដែលយើងមានជាពួកគ្រិស្តសាសនិក។ (ទំនុក. ១៣៣:១-៣) ពិតណាស់ យើងអាចនឹកគិតអំពីអំណោយទានជាច្រើនថែមទៀតដែលមកពីព្រះយេហូវ៉ា។ គ្មានយើងណាម្នាក់ចង់ធ្វើដូចជាបណ្ដាជនអ៊ីស្រាអែលដែលមិនចេះដឹងគុណឡើយ! ពួកគេចេះតែភ្លេចនូវអ្វីដែលព្រះបានធ្វើដើម្បីជួយពួកគេ។—ទំនុក. ១០៦:១២, ១៣
៣ ចូរបង្ហាញការដឹងគុណ : ទោះបើមនុស្សឃ្លង់ទាំង១០នាក់នោះប្រហែលជាមានចិត្តអបអរចំពោះអ្វីដែលលោកយេស៊ូបានធ្វើឲ្យគេក៏ដោយ តែមានតែម្នាក់គត់ដែលបានបង្ហាញការដឹងគុណ។ (លូ. ១៧:១៥) ស្រដៀងគ្នាដែរ យើងបង្ហាញការដឹងគុណដោយផ្សព្វផ្សាយយ៉ាងខ្នះខ្នែង។ ប្រសិនបើយើងពិតជាមានកតញ្ញុតាធម៌ចំពោះអ្វីៗទាំងអស់ដែលបិតានៅស្ថានសួគ៌បានធ្វើឲ្យយើង នោះនឹងជំរុញចិត្តយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់និងចិត្តសទ្ធាដូចទ្រង់ដែរ ដោយប្រាប់អ្នកឯទៀតអំពីទ្រង់។ (លូ. ៦:៤៥) ជាលទ្ធផល យើងនឹងមានសេចក្ដីស្រឡាញ់ហើយចិត្តអបអរកាន់តែខ្លាំងចំពោះព្រះយេហូវ៉ា នៅពេលដែលយើងរៀបរាប់ប្រាប់អ្នកឯទៀតអំពី‹ការអស្ចារ្យដែលទ្រង់បានធ្វើ ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង›។—ទំនុក. ៤០:៥
៤ ជួយអ្នកឯទៀតឲ្យបង្ហាញការដឹងគុណ : យើងគួរព្យាយាមរកឱកាសដើម្បីជួយកូននិងសិស្សគម្ពីររបស់យើងឲ្យចេះដឹងគុណ។ មាតាបិតាមានឱកាសជាច្រើនដើម្បីធ្វើដូច្នេះ តួយ៉ាងដូចជាពេលនាំកូនដើរលេង មើលរបស់ដែលព្រះយេហូវ៉ាបានបង្កើតមក។ (រ៉ូម ១:២០) ពេលបង្រៀនសិស្សគម្ពីរ យើងអាចសួរសិស្សថា «តើចំណុចនេះបង្ហាញពីគុណសម្បត្ដិណាខ្លះរបស់ព្រះយេហូវ៉ា?»។ នៅពេលសិស្សមានចិត្តអបអរកាន់តែខ្លាំង នោះគាត់នឹងមានសេចក្ដីស្រឡាញ់ចំពោះព្រះ ហើយក៏ចង់ផ្គាប់ចិត្តទ្រង់កាន់តែខ្លាំងផងដែរ។
៥ នៅជាន់ក្រោយបង្អស់នេះ មនុស្សជាច្រើនមិនចេះដឹងគុណសោះ។ (២ធី. ៣:១, ២) ព្រះយេហូវ៉ាពិតជាសប្បាយចិត្តណាស់! ពេលឃើញអ្នកបម្រើរបស់ទ្រង់បង្ហាញការដឹងគុណ ដោយចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។—យ៉ា. ១:២២-២៥