យើងមិនដែលសម្រាកពីការផ្សព្វផ្សាយឡើយ
១. តើយើងដឹងយ៉ាងដូចម្ដេចថា អ្នកផ្សាយដំណឹងល្អនៅសតវត្សរ៍ទី១មិនដែលគិតថាពួកគាត់សម្រាកពីកិច្ចផ្សព្វផ្សាយ?
១ អ្នកផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែងនៅសតវត្សរ៍ទី១បានប្រកាសដំណឹងល្អ«ឥតឈប់» នៅកន្លែងណាដែលពួកគាត់ជួបមនុស្ស។ (សកម្ម. ៥:៤២) យើងមិនអាចស្រមៃឃើញថា ពេលដែលពួកគាត់ផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ពួកគាត់នឹងដើរហួសមនុស្សដែលនៅលើផ្លូវដោយមិនផ្សាយដល់ពួកគេ ហើយក៏មិនបោះបង់ឱកាសផ្សព្វផ្សាយក្រៅផ្លូវការដែរ ពេលពួកគាត់ទៅទិញអីវ៉ាន់នៅផ្សារ ក្រោយចប់កិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ដូចលោកយេស៊ូដែរ ពួកគាត់មិនដែលគិតថាពួកគាត់សម្រាកពីកិច្ចផ្សព្វផ្សាយឡើយ។—ម៉ាក. ៦:៣១-៣៤
២. ដើម្បីឲ្យសមនឹងឈ្មោះរបស់យើង តើយើងត្រូវធ្វើអ្វីខ្លះ?
២ ត្រៀមខ្លួនជានិច្ច: ឈ្មោះរបស់យើងជាសាក្សីព្រះយេហូវ៉ា មិនគ្រាន់តែប្រាប់អ្វីដែលយើងធ្វើ តែក៏ប្រាប់ថា យើងជាអ្នកណាដែរ។ (អេ. ៤៣:១០-១២) ដូច្នេះយើងត្រៀមខ្លួនជានិច្ចដើម្បីការពារសេចក្ដីសង្ឃឹមរបស់យើង ទោះជាយើងមិនផ្សាយពីផ្ទះមួយទៅផ្ទះមួយក៏ដោយ។ (១ពេ. ៣:១៥) តើអ្នកគិតទុកជាមុនអំពីឱកាសអ្វីខ្លះដែលអ្នកអាចផ្សព្វផ្សាយក្រៅផ្លូវការ ហើយគិតអំពីអ្វីដែលអ្នកអាចនិយាយឬទេ? តើអ្នកយកសៀវភៅទៅតាមខ្លួនដើម្បីចែកដល់អ្នកដែលចាប់អារម្មណ៍ឬទេ? (សុភ. ២១:៥) តើអ្នកផ្សាយពីផ្ទះមួយទៅផ្ទះមួយប៉ុណ្ណោះ ឬក៏អ្នកផ្សាយដំណឹងល្អដល់មនុស្សនៅកន្លែងផ្សេងទៀតដែរ បើកាលៈទេសៈអនុញ្ញាត?
៣. តើការផ្សព្វផ្សាយ«ជាសាធារណៈ»គឺជាអ្វី?
៣ ការផ្សព្វផ្សាយ«ជាសាធារណៈ»: សាវ័កប៉ូលបាននិយាយថា គាត់ផ្សព្វផ្សាយ«ជាសាធារណៈ» ហើយពីផ្ទះមួយទៅផ្ទះមួយ។ (សកម្ម. ២០:២០) ដូច្នេះការផ្សព្វផ្សាយ«ជាសាធារណៈ»រួមបញ្ចូលការផ្សព្វផ្សាយតាមផ្លូវ នៅចំណតរថយន្ត នៅសួនឧទ្យាន តំបន់ជំនួញ ជាដើម។ ពិតមែនហើយ ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនៅតែជាវិធីសំខាន់បំផុត និងមានប្រសិទ្ធភាពបំផុតរបស់យើង ដើម្បីជួយមនុស្សឲ្យដឹងអំពីរាជាណាចក្រព្រះ។ ក៏ប៉ុន្តែ អ្នកផ្សាយដំណឹងល្អនៅសតវត្សរ៍ទី១បានផ្ដោតអារម្មណ៍ទៅលើមនុស្ស មិនមែនទៅលើផ្ទះទេ។ ពួកគាត់ឆ្លៀតគ្រប់ឱកាសដើម្បីនិយាយអំពីសេចក្ដីពិតជាសាធារណៈ ក្រៅផ្លូវការ និងពីផ្ទះមួយទៅផ្ទះមួយ។ សូមឲ្យយើងផ្ដោតអារម្មណ៍ទៅលើមនុស្សដើម្បីបំពេញកិច្ចបម្រើរបស់យើងគ្រប់ជំពូក។—២ធី. ៤:៥