ចូរព្យាយាមឲ្យមានទម្លាប់មកទាន់ពេល
១. ស្តីអំពីការមកទាន់ពេល តើព្រះយេហូវ៉ាបានទុកគំរូអ្វីសម្រាប់យើង?
១ ព្រះយេហូវ៉ាតែងតែធ្វើអ្វីៗទាន់ពេល។ ជាឧទាហរណ៍ លោកជួយអ្នកបម្រើរបស់លោក‹នៅពេលដែលពួកគេត្រូវការជំនួយ›។ (ហេ. ៤:១៦) លោកក៏ផ្ដល់ចំណេះពីបណ្ដាំរបស់លោកដែលប្រៀបដូចជា‹អាហារឲ្យពួកគេបរិភោគតាមត្រូវពេល›ដែរ។ (ម៉ាថ. ២៤:៤៥) ដូច្នេះ យើងអាចមានទំនុកចិត្តថា ថ្ងៃនៃសេចក្ដីក្រោធរបស់លោក«នឹងមកជាពិត ឥតរារង់ឡើយ»។ (ហាប. ២:៣) យើងពិតជាទទួលប្រយោជន៍មែនដោយដឹងថាព្រះយេហូវ៉ាធ្វើអ្វីៗទាន់ពេលជានិច្ច! (ទំនុក. ៧០:៥) ក៏ប៉ុន្តែ ជាមនុស្សមិនល្អឥតខ្ចោះយើងតែងតែជាប់រវល់ ដូច្នេះការមកទាន់ពេលអាចជាការពិបាកមួយសម្រាប់យើង។ ដូច្នេះ ហេតុអ្វីយើងគួរព្យាយាមឲ្យមានទម្លាប់មកទាន់ពេល?
២. ហេតុអ្វីការមកទាន់ពេលនាំឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើង?
២ ក្នុងគ្រាចុងក្រោយបង្អស់នេះ មនុស្សជាច្រើនស្រឡាញ់តែខ្លួនឯង និងមិនចេះទប់ចិត្ត ដូច្នេះពួកគេកម្រមកទាន់ពេលណាស់។ (២ធី. ៣:១-៣) ហេតុនេះ ពេលគ្រិស្តសាសនិកមកទាន់ម៉ោងធ្វើការ ម៉ោងណាត់ជួប និងម៉ោងកិច្ចប្រជុំ នោះធ្វើឲ្យអ្នកឯទៀតកត់សម្គាល់ពួកគាត់ ហើយនេះនាំឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើង។ (១ពេ. ២:១២) តើធម្មតាយើងតែងតែទៅធ្វើការទាន់ពេល ប៉ុន្តែយើងច្រើនតែទៅកិច្ចប្រជុំផ្សេងៗយឺតពេលទេ? ពេលយើងមកកិច្ចប្រជុំគ្រិស្តសាសនិកទាន់ពេល ចាប់ពីផ្នែកដំបូងដែលជាការច្រៀងចម្រៀងនិងអធិដ្ឋាន នោះបង្ហាញថាយើងចង់ធ្វើតាមបិតាស្ថានសួគ៌របស់យើង ដែលជាព្រះមានសណ្ដាប់ធ្នាប់។—១កូ. ១៤:៣៣, ៤០
៣. ហេតុអ្វីពេលយើងមកទាន់ពេល បង្ហាញថាយើងចេះគិតដល់អ្នកឯទៀត?
៣ ពេលយើងមកទាន់ពេលក៏បង្ហាញថា យើងចេះគិតដល់អ្នកឯទៀតដែរ។ (ភី. ២:៣, ៤) ជាឧទាហរណ៍ ពេលយើងមកទាន់ម៉ោងកិច្ចប្រជុំគ្រិស្តសាសនិក រួមមានកិច្ចប្រជុំផ្សព្វផ្សាយជាដើម នោះមានន័យថាយើងមិនចង់រំខានបងប្អូនឯទៀតដោយមិនចាំបាច់។ ផ្ទុយទៅវិញ បើយើងមានទម្លាប់មកយឺត ធ្វើឲ្យអ្នកឯទៀតគិតថា យើងចាត់ទុកពេលវេលារបស់ខ្លួនសំខាន់ជាងពេលវេលារបស់ពួកគេ។ ពេលយើងមកទាន់ពេលបង្ហាញថា យើងជាមនុស្សដែលគួរឲ្យទុកចិត្ត និងចេះព្យាយាម។ គុណសម្បត្ដិទាំងនេះ ធ្វើឲ្យអ្នកឯទៀតសប្បាយចិត្ត។
៤. បើយើងមកយឺតជាញឹកញយ តើយើងអាចព្យាយាមឲ្យមានទម្លាប់មកទាន់ពេលយ៉ាងដូចម្ដេច?
៤ បើអ្នកមកយឺតជាញឹកញយ សូមរំពឹងគិតអំពីមូលហេតុដែលធ្វើឲ្យអ្នកមកយឺត។ សូមរៀបចំកាលវិភាគមួយដែលអ្នកស្រួលធ្វើតាម។ កាលវិភាគនោះជួយអ្នកឲ្យសម្រេចកិច្ចការតាមពេលកំណត់។ បើអ្នកធ្វើដូច្នោះ នោះជួយអ្នកឲ្យមានរបៀបរៀបរយ។ (សាស្ដ. ៣:១; ភី. ១:១០) សូមអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា។ (១យ៉ូន. ៥:១៤) ការមកទាន់ពេលគឺជារបៀបមួយដែលបង្ហាញថា យើងឲ្យតម្លៃចំពោះបញ្ញត្ដិពីរដ៏សំខាន់បំផុត ពោលគឺស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើង។—ម៉ាថ. ២២:៣៧-៣៩