អត្ថបទសិក្សា៤៤
ចម្រៀងលេខ១៣៨ សក់ស្កូវជាមកុដ
ចូររក្សាអំណរពេលមានវ័យចាស់
« ពួកគេមានវ័យចាស់ . . . តែបង្កើតផល»។—ចសព. ៩២:១៤
ចំណុចផ្ដោត
មូលហេតុគឺសំខាន់ឲ្យបងប្អូនវ័យចាស់រក្សាអំណរ ហើយរបៀបដែលពួកគេអាចធ្វើដូច្នោះ។
១-២. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះមនុស្សវ័យចាស់ដ៏ស្មោះត្រង់? (ចម្រៀងសរសើរព្រះ ៩២:១២-១៤; សូមមើលរូបភាពផងដែរ)
មនុស្សនៅជុំវិញពិភពលោកមានប្រតិកម្មខុសៗគ្នាចំពោះភាពវ័យចាស់។ សូមគិតអំពីឧទាហរណ៍នេះ៖ តើអ្នកចាំពេលដែលអ្នកឃើញសក់ស្កូវមួយសរសៃដំបូងលើក្បាលរបស់អ្នកឬទេ? អ្នកប្រហែលជាចង់ដកសក់ស្កូវនោះចេញមុននរណាម្នាក់ឃើញវា។ ប៉ុន្តែអ្នកដឹងថា ការដកសក់ស្កូវចេញនឹងមិនធ្វើឲ្យលែងដុះស្កូវទៀតទេ។ ឧទាហរណ៍នេះបង្ហាញថា បុគ្គលជាច្រើនខំព្យាយាមយ៉ាងខ្លាំងដើម្បីកុំឲ្យពួកគេចាស់ទៅ។
២ ប៉ុន្តែ បិតារបស់យើងដែលនៅស្ថានសួគ៌មានទស្សនៈផ្សេងពីនេះ ចំពោះអ្នកបម្រើរបស់លោកពេលពួកគេមានវ័យចាស់។ (សុភ. ១៦:៣១) លោកប្រដូចពួកគេទៅនឹងដើមឈើដ៏ស្រស់ស្អាត។ (សូមអាន ចម្រៀងសរសើរព្រះ ៩២:១២-១៤) ហេតុអ្វីការប្រៀបប្រដូចនោះគឺសមត្រឹមត្រូវ? ដើមឈើដែលមានស្លឹកត្រសុំត្រសាយនិងដែលមានផ្កាក្រអូប ច្រើនតែមានអាយុកាលរាប់សិបឆ្នាំ។ ដើមឈើមួយដែលស្អាតយ៉ាងខ្លាំងគឺដើមសាគូរ៉ា។ ដើមសាគូរ៉ាខ្លះដែលស្រស់ស្អាតជាងគេមានអាយុកាលជាង១.០០០ឆ្នាំ។ ដូចដើមឈើដែលមានអាយុច្រើនបែបនេះ អ្នកបម្រើវ័យចាស់ដ៏ស្មោះត្រង់របស់ព្រះគឺស្រស់ស្អាតចំពោះព្រះយេហូវ៉ា។ ព្រះយេហូវ៉ាឲ្យតម្លៃគុណសម្បត្តិដ៏ថ្លៃថ្លាដែលបងប្អូនវ័យចាស់មាន។ ពួកគេបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំ ហើយបានរក្សាភាពស្មោះត្រង់ចំពោះលោកទាំងនៅគ្រាសប្បាយទាំងនៅគ្រាលំបាក។
ដូចដើមឈើដែលមានអាយុច្រើនគឺស្រស់ស្អាត បងប្អូនវ័យចាស់ដ៏ស្មោះត្រង់ក៏ស្រស់ស្អាត និងបន្តបង្កើតផល (សូមមើលវគ្គ២)
៣. សូមលើកឧទាហរណ៍អំពីរបៀបដែលព្រះយេហូវ៉ាប្រើបុគ្គលដែលមានវ័យចាស់ដើម្បីសម្រេចគោលបំណងរបស់លោក។
៣ ព្រះយេហូវ៉ាបន្តឲ្យតម្លៃយើងកាលដែលយើងចាស់ទៅ។a តាមការពិត ព្រះយេហូវ៉ាច្រើនតែប្រើមនុស្សវ័យចាស់ឲ្យសម្រេចគោលបំណងរបស់លោក។ ជាឧទាហរណ៍ សារ៉ាមានវ័យចាស់ពេលព្រះយេហូវ៉ាប្រកាសថា គាត់នឹងទៅជាម្ដាយនៃប្រជាជាតិដ៏ខ្លាំងក្លាមួយ ហើយជាបុព្វបុរសរបស់មេស្ស៊ី។ (ដក. ១៧:១៥-១៩) មួយវិញទៀត ម៉ូសេចាស់ហើយ ពេលព្រះយេហូវ៉ាចាត់គាត់ឲ្យរំដោះជនជាតិអ៊ីស្រាអែលពីស្រុកអេហ្ស៊ីប។ (ដច. ៧:៦, ៧) សាវ័កយ៉ូហានក៏មានវ័យចាស់ដែរ ពេលព្រះយេហូវ៉ាដឹកនាំគាត់ឲ្យសរសេរសៀវភៅប្រាំក្បាលក្នុងគម្ពីរ។
៤. យោងទៅតាមសុភាសិត ១៥:១៥ តើអ្វីអាចជួយបុគ្គលវ័យចាស់ឲ្យស៊ូទ្រាំនឹងទុក្ខលំបាកដែលពួកគេជួបប្រទះ? (សូមមើលរូបភាពផងដែរ)
៤ បុគ្គលវ័យចាស់ប្រឈមមុខនឹងការពិបាកជាច្រើន។ នេះជាមូលហេតុដែលមនុស្សជាច្រើននិយាយថា៖ «ចាស់ទៅ មិនស្រួលទេ»។ ប៉ុន្តែ ការមានអំណរbអាចជួយបុគ្គលវ័យចាស់ឲ្យស៊ូទ្រាំនឹងទុក្ខលំបាកដែលមកពីភាពចាស់ជរា។ (សូមអាន សុភាសិត ១៥:១៥) ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលបុគ្គលវ័យចាស់អាចធ្វើដើម្បីរក្សាអំណរ។ យើងក៏នឹងពិចារណាដែរអំពីរបៀបដែលអ្នកឯទៀតអាចជួយបងប្អូនវ័យចាស់នៅក្នុងក្រុមជំនុំ។ ដំបូង សូមឲ្យយើងពិចារណាអំពីមូលហេតុដែលការរក្សាអំណរគឺជាអ្វីដែលពិបាកពេលដែលយើងចាស់ទៅ។
បើអ្នកកត់សម្គាល់និងអរសប្បាយនឹងអ្វីល្អៗទាំងអស់ដែលព្រះយេហូវ៉ាធ្វើសម្រាប់អ្នក នោះអ្នកអាចអរសប្បាយទោះជាមានការពិបាកក្ដី (សូមមើលវគ្គ៤)
របៀបដែលភាពចាស់ជរាអាចប៉ះពាល់ដល់អំណររបស់អ្នក
៥. តើអ្វីអាចនាំឲ្យបងប្អូនវ័យចាស់ខ្លះធ្លាក់ទឹកចិត្ត?
៥ តើអ្វីអាចធ្វើឲ្យអ្នកធ្លាក់ទឹកចិត្ត? អ្នកប្រហែលជាធ្លាក់ទឹកចិត្តដោយសារអ្នកមិនអាចធ្វើអ្វីដែលអ្នកធ្លាប់ធ្វើ។ អ្នកប្រហែលជានឹកអាល័យគ្រាដែលអ្នកនៅវ័យក្មេងនិងមានសុខភាពល្អជាង។ (អទ. ៧:១០) ជាឧទាហរណ៍ បងស្រីម្នាក់ឈ្មោះរូប៊ីនិយាយថា៖ «ដោយសារខ្ញុំឈឺចាប់និងពិបាកធ្វើចលនា នោះខ្ញុំពិបាកយកសម្លៀកបំពាក់មកស្លៀក។ ជួនកាល គ្រាន់តែលើកជើងដើម្បីពាក់ស្រោមជើង គឺពិបាកណាស់ហើយ។ ដៃខ្ញុំឈឺសន្លាក់ឆ្អឹង ហើយក៏ស្ពឹកដែរ។ នោះធ្វើឲ្យខ្ញុំពិបាកធ្វើកិច្ចការផ្សេងៗ។ សូម្បីតែកិច្ចការតូចតាច ក៏ខ្ញុំពិបាកធ្វើដែរ»។ បងហារ៉ូលដែលធ្លាប់បម្រើនៅបេតអែលនិយាយថា៖ «ជួនកាល ខ្ញុំខឹងដោយសារខ្ញុំមិនអាចធ្វើអ្វីដែលខ្ញុំចូលចិត្តធ្វើ។ ខ្ញុំធ្លាប់ជាមនុស្សមាំមួន ហើយចូលចិត្តលេងកីឡា។ អ្នកឯទៀតធ្លាប់និយាយថា៖ ‹បោះបាល់ឲ្យហារ៉ូលទៅ គាត់នឹងជួយយើងឲ្យលេងឈ្នះ›។ ប៉ុន្តែឥឡូវខ្ញុំគិតថា សូម្បីតែគប់បាល់ ក៏ខ្ញុំមិនអាចគប់បានផង»។
៦. (ក) តើមានមូលហេតុផ្សេងទៀតអ្វីដែលអាចធ្វើឲ្យបុគ្គលវ័យចាស់ធ្លាក់ទឹកចិត្ត? (ខ) តើអ្វីអាចជួយបុគ្គលវ័យចាស់ឲ្យដឹងថាគួរឈប់បើកបរឬយ៉ាងណា? (សូមមើលអត្ថបទដែលមានចំណងជើងថា «តើខ្ញុំគួរឈប់បើកបរឬទេ?» ក្នុងទស្សនាវដ្ដីលេខនេះ)
៦ អ្នកប្រហែលជាធ្លាក់ទឹកចិត្ត ដោយសារអ្នកលែងអាចធ្វើអ្វីខ្លះដោយខ្លួនឯងទៀត។ អ្នកប្រហែលជាត្រូវការជំនួយដើម្បីធ្វើអ្វីផ្សេងៗពីអ្នកថែទាំសុខភាព ឬត្រូវរើទៅរស់នៅជាមួយនឹងកូនរបស់អ្នក។ ម្យ៉ាងទៀត អ្នកប្រហែលជាខកចិត្តជាខ្លាំង ដោយសារសុខភាពរបស់អ្នកឬភ្នែករបស់អ្នកចុះខ្សោយ រហូតដល់អ្នកមិនអាចទៅកន្លែងផ្សេងៗដោយខ្លួនឯងឬមិនអាចបើកបរបានទៀត។ នោះអាចនាំឲ្យអ្នកពិបាកចិត្តជាខ្លាំង! អ្នកប្រហែលជាមិនអាចធ្វើអ្វីជាច្រើនដែលអ្នកធ្លាប់ធ្វើនោះទេ។ ប៉ុន្តែសូមចាំថា អ្នកមានតម្លៃយ៉ាងខ្លាំងចំពោះព្រះយេហូវ៉ានិងអ្នកឯទៀត។ យើងអាចប្រាកដថា ព្រះយេហូវ៉ាយល់អំពីអារម្មណ៍របស់យើង។ អ្វីដែលសំខាន់បំផុតចំពោះលោកគឺចិត្តរបស់យើង គឺថាចិត្តរបស់យើងពោរពេញទៅដោយសេចក្ដីស្រឡាញ់និងចិត្តកតញ្ញូចំពោះលោកនិងបងប្អូនរួមជំនឿ។—១សាំ. ១៦:៧
៧. តើអ្នកអាចគិតអំពីអ្វីបើអ្នកបារម្ភថាមិនអាចឃើញទីបញ្ចប់មកដល់?
៧ អ្នកប្រហែលជាពិបាកចិត្តដោយសារអ្នកគិតថា អ្នកប្រហែលជានឹងស្លាប់មុនសង្គ្រាមអាម៉ាគេដូនមកដល់។ តើអ្វីអាចជួយបើអ្នកមានអារម្មណ៍បែបនេះ? សូមព្យាយាមចាំថា ព្រះយេហូវ៉ារង់ចាំដោយចិត្តអត់ធ្មត់ដើម្បីបំផ្លាញចោលពិភពលោកដ៏ទុច្ចរិតនេះ។ (អេ. ៣០:១៨) ហេតុអ្វីព្រះយេហូវ៉ាមានចិត្តអត់ធ្មត់? ចិត្តអត់ធ្មត់របស់លោកអនុញ្ញាតឲ្យមនុស្សរាប់លាននាក់ មានឱកាសស្គាល់លោកនិងបម្រើលោក។ (២ពេ. ៣:៩) ដូច្នេះ ពេលអ្នកធ្លាក់ទឹកចិត្ត សូមគិតថាមុនទីបញ្ចប់មកដល់ តើមនុស្សច្រើនប៉ុនណានឹងទទួលប្រយោជន៍ពីចិត្តអត់ធ្មត់របស់ព្រះយេហូវ៉ា។ ពួកគេខ្លះប្រហែលជាសមាជិកក្រុមគ្រួសាររបស់អ្នកផ្ទាល់។
៨. ពេលបុគ្គលវ័យចាស់ឈឺឬរងទុក្ខ តើពួកគេប្រហែលជាធ្វើអ្វី?
៨ មិនថាយើងមានអាយុប៉ុន្មានក៏ដោយ ពេលយើងមិនស្រួលខ្លួន យើងងាយស្រួលនិយាយឬធ្វើអ្វីដែលនាំឲ្យយើងស្ដាយក្រោយ។ (អទ. ៧:៧; យ៉ា. ៣:២) ជាឧទាហរណ៍ ពេលយ៉ូបដែលជាបុរសស្មោះត្រង់បានរងទុក្ខ គាត់បាន«ពោលពាក្យដោយមិនបានគិត»។ (យ៉ូប ៦:១-៣) ម្យ៉ាងទៀត បុគ្គលវ័យចាស់ប្រហែលជានិយាយឬធ្វើអ្វីដែលតាមធម្មតាពួកគេនឹងមិននិយាយឬធ្វើនោះទេ ដោយសារតែជំងឺដែលពួកគេមានឬថ្នាំដែលពួកគេលេប។ ពិតណាស់ គ្មានយើងណាម្នាក់នឹងយកអាយុនិងសុខភាពរបស់យើងជាលេស ដើម្បីនិយាយអ្វីដែលមិនសប្បុរសឬទាមទារឲ្យអ្នកឯទៀតធ្វើអ្វីណាមួយសម្រាប់ខ្លួនឡើយ។ បើយើងទទួលស្គាល់ថាយើងបាននិយាយអ្វីដែលមិនប្រកបដោយសេចក្ដីស្រឡាញ់ទៅអ្នកឯទៀត យើងមិនគួរស្ទាក់ស្ទើរសុំការអភ័យទោសឡើយ។—ម៉ាថ. ៥:២៣, ២៤
របៀបរក្សាអំណរ
តើអ្នកអាចរក្សាអំណរយ៉ាងដូចម្ដេចទោះជាអ្នករងទុក្ខដោយសារភាពចាស់ជរាក្ដី? (សូមមើលវគ្គ៩-១៣)
៩. ហេតុអ្វីអ្នកគួរទទួលជំនួយពីអ្នកឯទៀត? (សូមមើលរូបភាពផងដែរ)
៩ សូមទទួលជំនួយពីអ្នកឯទៀត។ (កាឡ. ៦:២) ដំបូង អ្នកប្រហែលជាពិបាកធ្វើដូច្នេះ។ បងស្រីម្នាក់ឈ្មោះគ្រេតថិលនិយាយថា៖ «ជួនកាលខ្ញុំពិបាកទទួលជំនួយ ដោយសារខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងទៅជាបន្ទុកដល់អ្នកឯទៀត។ គឺត្រូវការពេលឲ្យខ្ញុំកែប្រែរបៀបគិតគូរ និងទទួលស្គាល់ដោយចិត្តរាបទាបថាខ្ញុំត្រូវការជំនួយ»។ ពេលអ្នកទទួលជំនួយពីអ្នកឯទៀត អ្នកអនុញ្ញាតឲ្យពួកគេទទួលអំណរដែលមកពីការឲ្យគេ។ (សកម្ម. ២០:៣៥) ម្យ៉ាងទៀត អ្នកនឹងអរសប្បាយដោយឃើញថា អ្នកឯទៀតស្រឡាញ់និងយកចិត្តទុកដាក់ចំពោះអ្នកយ៉ាងខ្លាំង។
(សូមមើលវគ្គ៩)
១០. ហេតុអ្វីអ្នកមិនគួរភ្លេចបង្ហាញចិត្តកតញ្ញូ? (សូមមើលរូបភាពផងដែរ)
១០ ចូរបង្ហាញចិត្តកតញ្ញូ។ (កូឡ. ៣:១៥; ១ថែ. ៥:១៨) ពេលអ្នកឯទៀតធ្វើអ្វីល្អសម្រាប់យើង យើងមានចិត្តកតញ្ញូ តែយើងប្រហែលជាភ្លេចបង្ហាញចិត្តកតញ្ញូនោះ។ បើយើងញញឹមនិងនិយាយពាក្យអរគុណ មិត្តរបស់យើងនឹងដឹងថា យើងឲ្យតម្លៃចំពោះអ្វីដែលពួកគេបានធ្វើ។ បងស្រីលីយ៉ាដែលជាអ្នកមើលថែបងប្អូនវ័យចាស់នៅបេតអែលនិយាយថា៖ «បងស្រីម្នាក់ដែលខ្ញុំមើលថែច្រើនតែសរសេរកាតអរគុណឲ្យខ្ញុំ។ កាតនោះមិនមានពាក្យច្រើនទេ តែមានពាក្យដ៏សប្បុរស។ ខ្ញុំសប្បាយទទួលកាតទាំងនោះ ហើយសប្បាយដោយដឹងថា គាត់ឲ្យតម្លៃចំពោះជំនួយរបស់ខ្ញុំ»។
(សូមមើលវគ្គ១០)
១១. តើអ្នកអាចជួយអ្នកឯទៀតយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១១ ចូរព្យាយាមជួយអ្នកឯទៀត។ ពេលអ្នកចំណាយពេលនិងកម្លាំងដើម្បីជួយអ្នកឯទៀត អ្នកនឹងមិនសូវផ្ដោតអារម្មណ៍ទៅលើបញ្ហារបស់ខ្លួនទេ។ សុភាសិតអាហ្វ្រិកមួយប្រដូចមនុស្សវ័យចាស់ ទៅនឹងបណ្ណាល័យដែលមានសៀវភៅជាច្រើនដែលមានមេរៀនសំខាន់ៗ។ ប៉ុន្តែ បើសៀវភៅទាំងនោះបានត្រូវទុកចោលនៅលើធ្នើរ នោះយើងមិនអាចរៀនពីសៀវភៅទាំងនោះបានទេ។ ស្រដៀងគ្នាដែរ មនុស្សវ័យក្មេងមិនអាចរៀនមេរៀនដ៏សំខាន់ពីអ្នកបានទេ បើអ្នកមិននិយាយឬប្រាប់ពួកគេអំពីអ្វីដែលអ្នកដឹង។ សូមសួរពួកគេនូវសំណួរផ្សេងៗ ហើយក្រោយមកស្ដាប់ពួកគេ។ សូមបង្រៀនពួកគេអំពីមូលហេតុដែលការរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា គឺតែងតែជាអ្វីដែលល្អនិងជួយឲ្យពួកគេសប្បាយ។ អ្នកទំនងជានឹងអរសប្បាយពេលដែលអ្នកសម្រាលទុក្ខ និងពង្រឹងកម្លាំងមិត្តដែលក្មេងជាងអ្នក។—ចសព. ៧១:១៨
(សូមមើលវគ្គ១១)
១២. យោងទៅតាមអេសាយ ៤៦:៤ តើព្រះយេហូវ៉ាសន្យាថានឹងធ្វើអ្វីសម្រាប់បុគ្គលវ័យចាស់? (សូមមើលរូបភាពផងដែរ)
១២ ចូរអធិដ្ឋានសុំកម្លាំងពីព្រះយេហូវ៉ា។ ទោះជាអ្នកអាចមានអារម្មណ៍ថាអស់កម្លាំងកាយឬកម្លាំងចិត្តក្ដី ព្រះយេហូវ៉ា«មិនដែលអស់កម្លាំងឬល្វើយទេ»។ (អេ. ៤០:២៨) តើព្រះយេហូវ៉ាប្រើកម្លាំងដែលគ្មានកម្រិតរបស់លោកយ៉ាងដូចម្ដេច? របៀបមួយគឺដោយពង្រឹងកម្លាំងបុគ្គលវ័យចាស់ដ៏ស្មោះត្រង់។ (អេ. ៤០:២៩-៣១) តាមពិត លោកសន្យាថានឹងជួយពួកគេ។ (សូមអាន អេសាយ ៤៦:៤) ព្រះយេហូវ៉ាតែងតែធ្វើតាមសេចក្ដីសន្យារបស់លោក។ (យ៉ូស. ២៣:១៤; អេ. ៥៥:១០, ១១) ពេលអ្នកអធិដ្ឋាន ហើយមានអារម្មណ៍ថាព្រះយេហូវ៉ាស្រឡាញ់និងគាំទ្រអ្នកផ្ទាល់ នោះអ្នកនឹងមានអំណរ។
(សូមមើលវគ្គ១២)
១៣. យោងទៅតាមកូរិនថូសទី២ ៤:១៦-១៨ តើយើងគួរចងចាំអំពីអ្វី? (សូមមើលរូបភាពផងដែរ)
១៣ សូមរំលឹកខ្លួនអ្នកថាស្ថានភាពរបស់អ្នកគឺបណ្ដោះអាសន្នប៉ុណ្ណោះ។ ពេលយើងចាំថាស្ថានភាពពិបាករបស់យើងគឺបណ្ដោះអាសន្ន យើងអាចងាយស្រួលស៊ូទ្រាំជាង។ គម្ពីរពង្រឹងទំនុកចិត្តយើងថា ភាពចាស់ជរានិងសុខភាពមិនល្អគឺមានតែបណ្ដោះអាសន្នប៉ុណ្ណោះ។ (យ៉ូប ៣៣:២៥; អេ. ៣៣:២៤) ដូច្នេះ អ្នកអាចមានអំណរដោយដឹងថា នៅថ្ងៃអនាគតអ្នកនឹងមានសុខភាពល្អជាង កម្លាំងមាំមួនជាង ហើយស្រស់ស្អាតជាងអ្នកធ្លាប់មានទៅទៀត។ (សូមអាន កូរិនថូសទី២ ៤:១៦-១៨) ប៉ុន្តែ តើអ្នកឯទៀតអាចធ្វើអ្វីដើម្បីជួយ?
(សូមមើលវគ្គ១៣)
របៀបដែលអ្នកឯទៀតអាចជួយ
១៤. ហេតុអ្វីគឺសំខាន់ឲ្យទៅលេងនិងទូរសព្ទទៅបងប្អូនវ័យចាស់?
១៤ ចូរទៅលេងនិងទូរសព្ទទៅបងប្អូនវ័យចាស់ជារឿយៗ។ (ហេ. ១៣:១៦) បងប្អូនវ័យចាស់អាចមានអារម្មណ៍ឯកោ។ បងប្រុសម្នាក់ឈ្មោះកាមីដែលមិនអាចចាកចេញពីផ្ទះនិយាយថា៖ «ខ្ញុំត្រូវនៅក្នុងផ្ទះតាំងពីព្រឹករហូតដល់ល្ងាច។ ដូច្នេះ ខ្ញុំពិតជាអផ្សុកណាស់។ ជួនកាល ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាតោចាស់មួយនៅក្នុងទ្រុង។ ខ្ញុំភ័យព្រួយ ធុញថប់ ហើយមួម៉ៅជាខ្លាំង»។ ពេលយើងទៅលេងបងប្អូនវ័យចាស់ យើងពង្រឹងទំនុកចិត្តពួកគេថា ពួកគេគឺមានតម្លៃចំពោះយើង ហើយថាយើងស្រឡាញ់ពួកគេ។ យើងទាំងអស់គ្នាអាចនឹកចាំអំពីពេលមួយដែលយើងមានបំណងទូរសព្ទឬទៅលេងបងប្អូនវ័យចាស់ម្នាក់ក្នុងក្រុមជំនុំរបស់យើង ប៉ុន្តែយើងមិនបានធ្វើដូចបំណងយើងទេ។ យើងទាំងអស់គ្នារវល់ណាស់។ ដូច្នេះ តើអ្វីអាចជួយយើង«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង» ដែលរួមបញ្ចូលការទៅលេងបងប្អូនវ័យចាស់? (ភី. ១:១០) អ្នកប្រហែលជាអាចកត់ចំណាំក្នុងប្រតិទិនដើម្បីផ្ញើសារទៅបងប្អូនវ័យចាស់ក្នុងក្រុមជំនុំរបស់អ្នក ឬទូរសព្ទទៅពួកគេ។ អ្នកក៏អាចរៀបចំពេលទៅលេងពួកគេ ហើយសូមកុំភ្លេចធ្វើតាមការរៀបចំនោះ។
១៥. តើបងប្អូនវ័យក្មេងនិងបងប្អូនវ័យចាស់អាចធ្វើអ្វីខ្លះជាមួយគ្នា?
១៥ បើអ្នកជាបងប្អូនដែលមានវ័យក្មេងជាង អ្នកប្រហែលជាឆ្ងល់ថា តើអ្នកអាចនិយាយអ្វីឬធ្វើអ្វីខ្លះជាមួយនឹងបងប្អូនវ័យចាស់? ប៉ុន្តែ សូមកុំគិតច្រើនពេក។ គ្រាន់តែធ្វើជាមិត្តល្អរបស់ពួកគេគឺគ្រប់គ្រាន់ហើយ។ (សុភ. ១៧:១៧) សូមនិយាយជាមួយនឹងបងប្អូនវ័យចាស់មុនឬក្រោយកិច្ចប្រជុំ។ អ្នកប្រហែលជាអាចសួរពួកគេអំពីបទគម្ពីរដែលពួកគេចូលចិត្ត ឬអនុស្សាវរីយដែលគួរឲ្យអស់សំណើចកាលពួកគេនៅក្មេង។ អ្នកក៏ប្រហែលជាអាចអញ្ជើញពួកគេឲ្យមើលកម្មវិធីJWទូរទស្សន៍ជាមួយអ្នក។ អ្នកអាចជួយបងប្អូនវ័យចាស់តាមវិធីផ្សេងៗដែរ។ ជាឧទាហរណ៍ អ្នកអាចជួយអាប់ដេតគ្រឿងអេឡិចត្រូនិករបស់ពួកគេ ឬជួយថតចម្លងសៀវភៅសិក្សាថ្មីបំផុត។ បងស្រីម្នាក់ឈ្មោះខារ៉ិលនិយាយថា៖ «សូមស្នើសុំធ្វើអ្វីដែលអ្នកចូលចិត្តធ្វើជាមួយនឹងបងប្អូនវ័យចាស់។ ទោះជាខ្ញុំជាមនុស្សវ័យចាស់ក្ដី ខ្ញុំនៅតែចង់សប្បាយនឹងជីវិត។ ខ្ញុំចូលចិត្តដើរផ្សារ ញ៉ាំបាយនៅខាងក្រៅ និងមើលធម្មជាតិជាដើម»។ បងស្រីម្នាក់ឈ្មោះម៉ាយរ៉ានិយាយថា៖ «មិត្តរបស់ខ្ញុំម្នាក់មានអាយុ៩០ឆ្នាំ។ គាត់បងខ្ញុំ៥៧ឆ្នាំ។ ប៉ុន្តែ ខ្ញុំច្រើនតែមិនគិតអំពីនោះ ដោយសារយើងសើចសប្បាយជាមួយគ្នា និងមើលរឿងជាមួយគ្នា។ ពេលយើងមានបញ្ហា យើងសួរយោបល់ពីគ្នាទៅវិញទៅមក»។
១៦. តើការទៅពេទ្យជាមួយនឹងបងប្អូនវ័យចាស់មានប្រយោជន៍អ្វី?
១៦ ចូរទៅពេទ្យជាមួយនឹងបងប្អូនវ័យចាស់។ ក្រៅពីជូនពួកគេទៅពេទ្យ អ្នកប្រហែលជាអាចធ្វើឲ្យប្រាកដថា គ្រូពេទ្យនិងគិលានុបដ្ឋាយិកាប្រព្រឹត្តយ៉ាងល្អមកលើពួកគេ ហើយផ្ដល់ជំនួយដែលពួកគេត្រូវការ។ (អេ. ១:១៧) ម្យ៉ាងទៀត អ្នកប្រហែលជាអាចជួយបងប្អូនវ័យចាស់ ដោយកត់ទុកនូវអ្វីដែលគ្រូពេទ្យនិយាយ។ បងស្រីវ័យចាស់ម្នាក់ឈ្មោះរូថនិយាយថា៖ «ពេលខ្ញុំទៅពេទ្យតែម្នាក់ឯង គ្រូពេទ្យច្រើនតែមិនទុកចិត្តអ្វីដែលខ្ញុំនិយាយទេ។ គ្រូពេទ្យប្រហែលជានិយាយអ្វីដូចជា ‹អ៊ំមិនឈឺទេ អ៊ំចេះតែគិតថាខ្លួនឯងឈឺ›។ ប៉ុន្តែ ពេលមានបងប្អូនណាម្នាក់ទៅពេទ្យជាមួយខ្ញុំ គ្រូពេទ្យប្រព្រឹត្តល្អជាងចំពោះខ្ញុំ។ ខ្ញុំអរគុណបងប្អូនដែលលៃទុកពេលទៅពេទ្យជាមួយខ្ញុំ»។
១៧. តើយើងអាចផ្សព្វផ្សាយជាមួយនឹងបងប្អូនវ័យចាស់តាមវិធីណាខ្លះ?
១៧ ចូរផ្សព្វផ្សាយជាមួយនឹងបងប្អូនវ័យចាស់។ បងប្អូនវ័យចាស់ខ្លះប្រហែលជាមិនមានកម្លាំងដើម្បីផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយទេ។ ដូច្នេះ តើអ្នកអាចអញ្ជើញពួកគេឲ្យមកផ្សព្វផ្សាយសាធារណៈដោយប្រើរទេះរុញឬទេ? អ្នកប្រហែលជាថែមទាំងអាចយកកៅអីដើម្បីឲ្យពួកគេអង្គុយនៅជិតរទេះនោះទៀតផង។ ឬតើអ្នកអាចអញ្ជើញបងប្អូនវ័យចាស់ឲ្យបង្រៀនគម្ពីរជាមួយអ្នកឬទេ? អ្នកប្រហែលជាថែមទាំងអាចធ្វើការសិក្សានៅផ្ទះរបស់បងប្អូនវ័យចាស់ទៀតផង។ អ្នកចាស់ទុំអាចគិតពិចារណាអំពីការរៀបចំឲ្យមានកិច្ចប្រជុំផ្សព្វផ្សាយនៅផ្ទះរបស់បងប្អូនវ័យចាស់ ដើម្បីពួកគេអាចងាយស្រួលចូលរួមជាង។ ព្រះយេហូវ៉ាពេញចិត្តពេលយើងធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីបង្ហាញសេចក្ដីស្រឡាញ់និងការគោរពចំពោះបងប្អូនវ័យចាស់។—សុភ. ៣:២៧; រ៉ូម ១២:១០
១៨. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
១៨ អត្ថបទនេះបានរំលឹកយើងថា ព្រះយេហូវ៉ាស្រឡាញ់និងឲ្យតម្លៃបងប្អូនវ័យចាស់។ យើងទាំងអស់គ្នានៅក្នុងក្រុមជំនុំក៏ស្រឡាញ់និងឲ្យតម្លៃបងប្អូនវ័យចាស់ដែរ! ភាពចាស់ជរាគឺមិនស្រួលទេ។ ប៉ុន្តែ ដោយមានជំនួយពីព្រះយេហូវ៉ា អ្នកអាចរក្សាអំណររបស់អ្នកបាន។ (ចសព. ៣៧:២៥) អ្នកអាចទន្ទឹងរង់ចាំពេលដែលអ្នកនឹងមានសុភមង្គលជាងពេលណាទាំងអស់ដែលអ្នកធ្លាប់មាន! ចុះយ៉ាងណាពួកអ្នកដែលមើលថែសមាជិកក្រុមគ្រួសារដែលមានវ័យចាស់ កូន ឬមិត្តភក្ដិដែលឈឺ តើពួកគេអាចរក្សាអំណរយ៉ាងដូចម្ដេច? យើងនឹងពិចារណាចម្លើយចំពោះសំណួរនោះនៅក្នុងអត្ថបទបន្ទាប់។
ចម្រៀងលេខ៣០ បិតាខ្ញុំជាព្រះនិងជាមិត្តរបស់ខ្ញុំ
a សូមមើលវីដេអូដែលមានចំណងជើងថាបងប្អូនវ័យចាស់ អ្នកមានតួនាទីដ៏សំខាន់! នៅគេហទំព័រjw.org/kmនិងក្នុងJWបណ្ណាល័យ។