Anton Petrus/Moment via Getty Images
ចូរចាំយាម!
តើសង្គ្រាមលោកនឹងមានម្ដងទៀតឬ? តើគម្ពីរចែងយ៉ាងណា?
អំឡុង៣០ឆ្នាំកន្លងមកនេះ មនុស្សជាច្រើនគិតថាមិត្តភាពរវាងប្រទេសផ្សេងៗកាន់តែមានស្ថិរភាពនិងកាន់តែល្អប្រសើរ។ ប៉ុន្តែ ដោយសារព្រឹត្តិការណ៍ថ្មីៗនេះធ្វើឲ្យពួកគេបារម្ភថាអាចនឹងមានសង្គ្រាមលោកម្ដងទៀត។
កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ព័ត៌មានមួយបានរាយការណ៍ថា៖«មនុស្សកំពុងបារម្ភថាសង្គ្រាមនៅកាសានឹងជះឥទ្ធិពលទៅប្រទេសផ្សេងៗ ក្នុងតំបន់ដែលមានចម្បាំងរវាងអ៊ីស្រាអែលនិងក្រុមហេតបឹឡាជិតព្រំប្រទល់ប្រទេសលីបង់»(Reuters)។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានមួយបានរាយការណ៍ថា៖«ក្រុមផ្សេងៗដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់កំពុងវាយប្រហារទៅលើតំបន់នានា ហើយប្រទេសអ៊ីរ៉ង់ចាប់ផ្ដើមផលិតអាវុធនុយក្លេអ៊ែរម្ដងទៀត។ បន្ថែមទៅទៀត ប្រទេសរុស្ស៊ីនិងប្រទេសចិនបានចងសម្ព័ន្ធភាពជាមួយប្រទេសអ៊ីរ៉ង់។ អ្វីដែលបានកើតឡើងនេះជាការគំរាមកំហែងមួយទៀតដល់បណ្ដាប្រទេសនៅភាគខាងលិច»(The New York Times)។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានមួយបានរាយការណ៍ថា៖«ការវាយប្រហាររបស់រុស្ស៊ីបានបណ្ដាលឲ្យប្រទេសអ៊ុយក្រែន មានការខូចខាតយ៉ាងខ្លាំង»(UN News)។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានមួយបានរាយការណ៍ថា៖«សព្វថ្ងៃនេះ សេដ្ឋកិច្ចនិងកម្លាំងយោធានៅប្រទេសចិនកាន់តែរីកចម្រើន ហើយតៃវ៉ាន់កាន់តែមានមោទនភាពចំពោះជាតិខ្លួន។ ចំណែកឯសម្ព័ន្ធភាពដ៏តឹងតែងរវាងចិននិងអាម៉េរិកវិញ អាចបណ្ដាលឲ្យមានសង្គ្រាមផ្ទុះឡើងយ៉ាងងាយ»(The Japan Times)។
តើគម្ពីរចែងយ៉ាងណាអំពីអស្ថិរភាពនៅក្នុងពិភពលោកដែលយើងឃើញសព្វថ្ងៃនេះ? តើនេះនឹងនាំឲ្យមានសង្គ្រាមលោកម្ដងទៀតឬទេ?
គម្ពីរបានប្រកាសទុកជាមុនអំពីព្រឹត្តិការណ៍ថ្មីៗនេះ
គម្ពីរមិនបានប្រាប់ទុកជាមុនយ៉ាងជាក់លាក់អំពីសង្គ្រាមណាមួយដែលយើងឃើញនៅសព្វថ្ងៃនេះទេ។ ប៉ុន្តែ គម្ពីរបានប្រាប់អំពីសង្គ្រាមដែលរីករាលដាលនៅសម័យយើង ហើយកំពុង«ដកយកសន្តិភាពចេញពីផែនដី»។—ការបើកបង្ហាញ ៦:៤
សៀវភៅដានីយ៉ែលបានប្រាប់ទុកជាមុនថា«នៅគ្រាចុងក្រោយ» មហាអំណាចពិភពលោកកំពុងប្រកួតប្រជែងគ្នា ប្រៀបដូចជា«រុញច្រាន»ឬដណ្ដើមអំណាចគ្នា។ ពួកគេអួតសម្ញែងកម្លាំងយោធាដ៏ខ្លាំងក្លារបស់ពួកគេ ព្រមទាំងទ្រព្យសម្បត្តិឬធនធានសេដ្ឋកិច្ចដែលពួកគេបានចំណាយ។—ដានីយ៉ែល ១១:៤០, ៤២, ៤៣
សង្គ្រាមមួយដែលហៀបនឹងកើតឡើង
គម្ពីរប្រាប់ថាស្ថានភាពពិភពលោកនឹងកាន់តែអាក្រក់ទៅៗមុននឹងមានស្ថានភាពល្អប្រសើរឡើង។ លោកយេស៊ូបានប្រាប់ទុកជាមុនថា«នឹងមានទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ»។ (ម៉ាថាយ ២៤:២១) គ្រា«ទុក្ខវេទនាជាខ្លាំង»នោះ នឹងនាំទៅដល់សង្គ្រាមមួយដែលគេហៅថាអាម៉ាគេដូន។ សង្គ្រាមនេះបានត្រូវរៀបរាប់ថាជា«សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។—ការបើកបង្ហាញ ១៦:១៤, ១៦
ប៉ុន្តែ សង្គ្រាមអាម៉ាគេដូនមិនមែនបំផ្លាញមនុស្សទេ តែនឹងសង្គ្រោះពួកគេវិញ។ ព្រះនឹងប្រើសង្គ្រាមនេះដើម្បីបញ្ចប់ការគ្រប់គ្រងរបស់មនុស្ស ព្រោះការគ្រប់គ្រងរបស់ពួកគេបានបង្កឲ្យមានសង្គ្រាមជាច្រើនដែលនាំឲ្យមនុស្សរងទុក្ខវេទនា។ ដើម្បីស្វែងយល់ថាតើសង្គ្រាមអាម៉ាគេដូននឹងនាំឲ្យមានសន្តិភាពតាមរបៀបណា សូមអានអត្ថបទដែលមានចំណងជើងដូចតទៅ៖