សំណួរពីយុវវ័យ
តើខ្ញុំគួរដឹងអ្វីខ្លះអំពីការរំលោភបំពានផ្លូវភេទ? ភាគទី១: ការពារទុកជាមុន
តើការរំលោភបំពានផ្លូវភេទគឺជាអ្វី?
តាមអត្ថន័យខាងច្បាប់ពាក្យ«ការរំលោភបំពានផ្លូវភេទ» គឺខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ។ ប៉ុន្តែ ជាទូទៅពាក្យនេះអាចសំដៅទៅលើការបង្ខំឲ្យរួមភេទ ហើយជួនកាលថែមទាំងប្រើអំពើហិង្សាទៀតផង។ នេះអាចរួមបញ្ចូលការរំលោភបំពានផ្លូវភេទកុមារ ការរំលោភបំពានផ្លូវភេទពីសាច់ញាតិ និងការចាប់រំលោភ។ នេះក៏រួមបញ្ចូល ការបំពានផ្លូវភេទពីអ្នកដែលពួកគេទុកចិត្ត អាចជាគ្រូពេទ្យ គ្រូបង្រៀន ឬបព្វជិតសាសនាជាដើម។ ជនរងគ្រោះខ្លះត្រូវអ្នករំលោភបំពានគំរាមធ្វើបាប បើពួកគេយករឿងនេះទៅប្រាប់អ្នកឯទៀត។
យោងទៅតាមការស្ទង់មតិមួយបានរាយការណ៍ថា ជារៀងរាល់ឆ្នាំគ្រាន់តែនៅសហរដ្ឋអាម៉េរិកប៉ុណ្ណោះ មានជនរងគ្រោះ២៥០.០០០នាក់បានត្រូវគេរំលោភបំពានផ្លូវភេទ ហើយពាក់កណ្ដាលចំនួននោះគឺមានអាយុចន្លោះពី១២ឆ្នាំទៅ១៨ឆ្នាំ។
អ្វីដែលប្អូនគួរដឹង
គម្ពីរផ្ដន្ទាទោសការរំលោភបំពានផ្លូវភេទ។ ប្រមាណ៤.០០០ឆ្នាំមុន គម្ពីរប្រាប់អំពីមនុស្សល្មោភកាមមួយក្រុមសម្រុកចូលទៅ បម្រុងនឹងរំលោភបុរសពីរនាក់ដែលមកលេងក្រុងសូដុម។ ហេតុនេះហើយបានជាព្រះយេហូវ៉ាបំផ្លាញក្រុងនោះចោល។ (ដើមកំណើត ១៩:៤-១៣) បន្ថែមទៅទៀត ច្បាប់ម៉ូសេដែលមានប្រហែល៣.៥០០ឆ្នាំមុន បានហាមការរួមភេទជាមួយសាច់ញាតិជិត និងការរំលោភបំពានផ្លូវភេទទៅលើសមាជិកគ្រួសារ។—ច្បាប់លេវី ១៨:៦
ភាគច្រើនអ្នកដែលរំលោភបំពានផ្លូវភេទគឺអ្នកដែលជនរងគ្រោះស្គាល់។ សៀវភៅមួយបានរៀបរាប់ថា៖«ក្នុងចំណោមបីករណីនៃការចាប់រំលោភ មានពីរករណីជាអ្នកដែលជនរងគ្រោះស្គាល់ឬជិតដិតជាមួយ។ ហើយបុគ្គលនោះមិនមែនជាជនប្លែកមុខទេ»(Talking Sex With Your Kids)។
ការរំលោភបំពានផ្លូវភេទកើតឡើងទៅលើជនទាំងពីរភេទ។ នៅសហរដ្ឋអាម៉េរិកប្រហែល១០ភាគរយនៃជនរងគ្រោះគឺជាភេទប្រុស។ យោងទៅតាមអង្គការបណ្ដាញថ្នាក់ជាតិទាក់ទងនឹងការចាប់រំលោភ ការបំពាន និងស្មន្ធការ(RAINN)បានរាយការណ៍ថា ជនរងគ្រោះដែលជាភេទប្រុស«ប្រហែលជាខ្លាចថា ការរំលោភបំពានផ្លូវភេទអាចធ្វើឲ្យពួកគេទៅជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា»ឬក៏«លែងជាប្រុសពេញលក្ខណៈ»ទៀតហើយ។
មិនគួរឲ្យភ្ញាក់ផ្អើលទេដែលការរំលោភបំពានផ្លូវភេទមានកាន់តែច្រើនឡើង។ គម្ពីរបានប្រាប់ទុកជាមុនថា«នៅគ្រាចុងក្រោយបង្អស់»មនុស្សជាច្រើននឹង«គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស» ហើយ«កាចសាហាវ» និង«មិនចេះទប់ចិត្ត»។ (ធីម៉ូថេទី២ ៣:១-៣) នៅសព្វថ្ងៃ យើងឃើញកាន់តែច្បាស់ថា មនុស្សមានលក្ខណៈទាំងនេះ ដោយសារពួកគេកេងចំណេញផ្លូវភេទពីអ្នកឯទៀត។
នេះមិនមែនជាកំហុសរបស់ជនរងគ្រោះទេ។ គ្មាននរណាម្នាក់សមនឹងត្រូវគេរំលោភបំពានផ្លូវភេទឡើយ ហើយគាត់ក៏មិនមែនជាអ្នកខុសដែរ គឺអ្នករំលោភបំពាននោះទេ ដែលជាអ្នកខុស។ ទោះជាយ៉ាងនោះក៏ដោយ ប្អូនអាចកាត់បន្ថយការរំលោភបំពានកុំឲ្យមានកាន់តែច្រើនឡើង។
អ្វីដែលប្អូនអាចធ្វើ
ត្រៀមខ្លួនទុកជាមុន។ ត្រៀមខ្លួនទុកជាមុនថា តើប្អូននឹងធ្វើអ្វីបើនរណាម្នាក់បង្ខំប្អូនឲ្យរួមភេទ ទោះជាបុគ្គលនោះជាគូសង្សារ ឬសាច់ញាតិរបស់ប្អូនក៏ដោយ។ យុវនារីម្នាក់ឈ្មោះអ៊ែរិន បានប្រាប់អំពីរបៀបត្រៀមខ្លួនចំពោះការបង្ខិតបង្ខំផ្សេងៗដែលអាចកើតឡើង ដោយស្រមៃគិតអំពីទិដ្ឋភាពទាំងនោះ ដើម្បីត្រៀមថាគួរធ្វើយ៉ាងណាបើរឿងនោះកើតឡើង។ គាត់និយាយថា៖«ការគិតបែបនោះ ស្ដាប់ទៅគួរឲ្យចង់សើច ប៉ុន្តែនេះនឹងជួយយើងឲ្យគេចផុតពីការរងគ្រោះដោយសារការរំលោភបំពានផ្លូវភេទ»។
គម្ពីរចែងថា៖ «ចូរយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្តរបស់ខ្លួន កុំប្រព្រឹត្តដូចមនុស្សឥតប្រាជ្ញា តែប្រព្រឹត្តដូចមនុស្សដែលមានប្រាជ្ញាវិញ . . . ព្រោះយើងរស់នៅសម័យដ៏ទុច្ចរិត»។—អេភេសូរ ៥:១៥, ១៦
សូមសួរខ្លួនថា៖ ‹តើខ្ញុំនឹងធ្វើអ្វីបើនរណាម្នាក់ស្ទាបអង្អែលខ្ញុំ?›។
រៀបផ្លូវចេញ។ អង្គការបណ្ដាញថ្នាក់ជាតិទាក់ទងនឹងការចាប់រំលោភ ការបំពាន និងស្មន្ធការ(RAINN) បានឲ្យយោបល់ថាយើង«គួរមានពាក្យសម្ងាត់ដែលអាចប្រើជាមួយមិត្តភក្ដិឬក្រុមគ្រួសារ ដើម្បីពេលដែលយើងមានអារម្មណ៍ថាមិនសូវមានសុវត្ថិភាព យើងអាចទូរស័ព្ទទៅពួកគាត់ដោយប្រើពាក្យសម្ងាត់ទាំងនោះដើម្បីកុំឲ្យបុគ្គលដែលនៅក្បែរនោះអាចយល់។ មិត្តភក្ដិឬក្រុមគ្រួសាររបស់អ្នកអាចមកទទួលអ្នក ឬអ្នកអាចប្រើវាជាលេសដើម្បីចាកចេញពីកន្លែងនោះ»។ ប្អូនអាចគេចផុតពីការស្ដាយក្រោយ ដោយជៀសឆ្ងាយពីស្ថានភាពគ្រោះថ្នាក់តាំងពីជំហានដំបូង។
គម្ពីរចែងថា៖ «មនុស្សឈ្លាសវៃឃើញអន្តរាយមកក៏ពួនខ្លួន តែមនុស្សខ្វះបទពិសោធន៍បន្តដើរទៅទៀត ហើយរងផលពិបាក»។—សុភាសិត ២២:៣
សូមសួរខ្លួនថា៖ ‹តើខ្ញុំមានផ្លូវចេញណាខ្លះ?›។
រាល់ដង សូមត្រៀមរកផ្លូវចេញ
ដាក់កម្រិតហើយធ្វើតាម។ ជាឧទាហរណ៍ បើប្អូនកំពុងស្វែងយល់ចិត្តគ្នា ប្អូននិងសង្សារគួរពិភាក្សាគ្នាថាតើទង្វើណាសមរម្យ ទង្វើណាមិនសមរម្យ។ បើសង្សាររបស់ប្អូនគិតថាការដាក់កម្រិតនោះហួសហេតុពេក នោះមានន័យថាគាត់មិនគោរពនិងឲ្យតម្លៃប្អូនទេ។ ល្អជាងប្អូនរកបុគ្គលដែលចេះឲ្យតម្លៃប្អូនវិញ។
គម្ពីរចែងថា៖ «សេចក្ដីស្រឡាញ់ . . . មិនប្រព្រឹត្តឥតសមរម្យ មិនរកប្រយោជន៍ផ្ទាល់ខ្លួន»។—កូរិនថូសទី១ ១៣:៤, ៥
សូមសួរខ្លួនថា៖ ‹តើអ្វីជាតម្លៃរបស់ខ្ញុំ? តើការប្រព្រឹត្តបែបណាដែលមិនសមរម្យ?›។