សំណួរពីយុវវ័យ
តើខ្ញុំគួរដឹងអ្វីខ្លះអំពីការរំលោភបំពានផ្លូវភេទ? ភាគទី២: ការជាសះស្បើយ
ការយកឈ្នះនឹងអារម្មណ៍បន្ទោសខ្លួន
ជនរងគ្រោះជាច្រើនដែលមកពីការរំលោភបំពានផ្លូវភេទ មានការខ្មាសអៀនជាខ្លាំងចំពោះអ្វីដែលបានកើតឡើង។ ពួកគេប្រហែលជាមានអារម្មណ៍ថា ខ្លួនក៏រួមចំណែកខុសដែរ។ សូមគិតអំពីប្អូនខារិនដែលត្រូវគេរំលោភបំពានផ្លូវភេទតាំងពីគាត់មានអាយុ៦ឆ្នាំដល់១៣ឆ្នាំ ហើយឥឡូវគាត់មានអាយុ១៩ឆ្នាំ។ គាត់បានប្រាប់ថា៖«អ្វីដ៏ពិបាកបំផុតសម្រាប់ខ្ញុំ គឺការបន្ទោសខ្លួន។ ខ្ញុំឆ្ងល់នឹងខ្លួនឯងថា‹ម៉េចបានជាខ្ញុំទុកឲ្យគេរំលោភបំពានខ្ញុំយូរដល់ថ្នាក់នេះ?›»។
បើប្អូនមានអារម្មណ៍ដូចនោះដែរ សូមពិចារណាចំណុចដូចតទៅ៖
រាងកាយនិងផ្លូវចិត្តរបស់កុមារមិនទាន់ពេញវ័យដើម្បីរួមភេទទេ។ ពួកគេមិនដឹងថាទង្វើនោះជាអ្វី ហើយក៏មិនអាចយល់ពេញលេញអំពីរឿងខាងផ្លូវភេទដែរ។ នេះមានន័យថាការរំលោភកុមារមិនមែនជាកំហុសរបស់កុមារនោះទេ។
កុមារតែងតែទុកចិត្តមនុស្សពេញវ័យ ហើយកុមារមិនយល់ពីកលល្បិចរបស់មនុស្សខូចអាក្រក់ទេ។ ហេតុនេះបានជាកុមារងាយត្រូវគេធ្វើបាប។ សៀវភៅមួយបានរៀបរាប់ថា៖«ជនដែលចូលចិត្តរួមភេទជាមួយកុមារ ពូកែប្រើល្បិចបោកបញ្ឆោតកុមារ សូម្បីតែកុមារឆ្លាតក៏ដោយ ក៏តាមល្បិចជនទាំងនោះមិនទាន់ដែរ»(The Right to Innocence)។
ពេលកុមារម្នាក់ត្រូវគេស្ទាបអង្អែល កុមារនោះប្រហែលជាមានអារម្មណ៍ស្រើបស្រាល។ បើនោះកើតឡើងចំពោះប្អូនមែន សូមចាំថាអារម្មណ៍បែបនោះគឺមានដោយស្វ័យប្រវត្តិ។ នេះមិនបានន័យថាប្អូនពេញចិត្តឲ្យគេរំលោភបំពាន ឬប្អូនជាអ្នកខុសទេ។
យោបល់៖ សូមគិតអំពីកូនក្មេងម្នាក់ដែលប្អូនស្គាល់ ដែលមានអាយុដូចប្អូនពេលប្អូនត្រូវគេរំលោភ។ សូមសួរខ្លួនថា‹តើយុត្តិធម៌ទេដែលកូននោះជាអ្នកខុស បើគាត់ត្រូវគេចាប់រំលោភ?›។
ខារិនធ្វើការជាអ្នកមើលថែកូនក្មេង។ ក្នុងចំណោមក្មេងទាំងនោះ មានក្មេងម្នាក់អាយុជិត៦ឆ្នាំ។ ពេលឃើញក្មេងនោះ ខារិននឹកដល់អតីតកាលរបស់គាត់ ព្រោះកាលដែលគាត់ត្រូវគេរំលោភបំពានគាត់ក៏មានអាយុដូចនោះដែរ។ គាត់ប្រាប់ថា៖«កូនក្មេងអាយុស្របាលៗនោះងាយរងគ្រោះណាស់ ព្រោះគ្នាមិនសូវដឹងអី។ ដូច្នេះ ខ្ញុំយល់ថាពេលខ្ញុំអាយុដូចនោះខ្ញុំងាយស្រួលឲ្យគេធ្វើបាបណាស់»។
ការពិត៖ អ្នកដែលរំលោភប្អូនទេ គឺជាអ្នកខុស។ គម្ពីរចែងថា៖«ជនទុច្ចរិតនឹងទទួលផលពីអំពើទុច្ចរិតរបស់ខ្លួន»។—អេសេគាល ១៨:២០
ប្រយោជន៍ពីការនិយាយប្រាប់អ្នកណាម្នាក់
ការប្រាប់រឿងនោះដល់មនុស្សពេញវ័យដែលប្អូនទុកចិត្ត អាចជួយប្អូនឲ្យមានអារម្មណ៍ធូរស្រាល។ គម្ពីរចែងថា៖«មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមក ដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក»។—សុភាសិត ១៧:១៧
គឺសមហេតុផលដែលប្អូនប្រហែលជាមានអារម្មណ៍ថាការមិនប្រាប់អ្នកឯទៀតអំពីអ្វីដែលបានកើតឡើងមានសុវត្ថិភាពជាង គឺប្រៀបដូចជាជញ្ជាំងការពារប្អូនកុំឲ្យឈឺចាប់ថែមទៀត។ ប៉ុន្តែ សូមពិចារណាថាការនៅស្ងៀមមិនប្រាប់អ្នកឯទៀត មិនបានន័យថានោះការពារប្អូនពីការឈឺចាប់ទេ តែវាបែរជារារាំងប្អូនពីការទទួលជំនួយទៅវិញ។
ការនៅស្ងៀមមិនប្រាប់អ្នកឯទៀត មិនបានន័យថានោះការពារប្អូនពីការឈឺចាប់ទេ តែវាបែរជារារាំងប្អូនពីការទទួលជំនួយទៅវិញ
យុវនារីម្នាក់ឈ្មោះជេនណិត បានឃើញថាការនិយាយប្រាប់អ្នកឯទៀតអំពីការរំលោភបំពានដែលគេធ្វើមកលើនាង បានសម្រាលទុក្ខនាងខ្លាំងណាស់។ នាងបានប្រាប់ថា៖«ខ្ញុំត្រូវអ្នកដែលខ្ញុំស្គាល់និងទុកចិត្ត រំលោភខ្ញុំតាំងពីខ្ញុំនៅក្មេង ហើយខ្ញុំបានលាក់រឿងនេះអស់ជាច្រើនឆ្នាំ។ ប៉ុន្តែ ពេលខ្ញុំនិយាយប្រាប់ម្ដាយខ្ញុំ ខ្ញុំមានអារម្មណ៍ធូរស្រាលដូចជាដកបន្លាចេញពីទ្រូងអ៊ីចឹង»។
ពេលគិតអំពីអតីតកាលរបស់ជេនណិត យើងអាចយល់មូលហេតុដែលអ្នកខ្លះប្រហែលជាស្ទាក់ស្ទើរមិនហ៊ាននិយាយប្រាប់អ្នកឯទៀត។ នាងបាននិយាយថា៖«ការរំលោភបំពានផ្លូវភេទ គឺជារឿងដែលពិបាកបរិយាយប្រាប់អ្នកឯទៀត។ ប៉ុន្តែ ក្នុងករណីខ្ញុំ ការរស់នៅទាំងបៀមទុក្ខបែបនោះគឺវេទនាណាស់។ ដូច្នេះ ល្អជាងឲ្យខ្ញុំប្រាប់គេកាន់តែឆាប់កាន់តែល្អ»។
‹ពេលជាសះស្បើយ›
ការត្រូវគេរំលោភបំពាន ប្រហែលជាបន្សល់ការឈឺចាប់និងការយល់ខុសចំពោះខ្លួនឯង។ ជាឧទាហរណ៍ ប្អូនប្រហែលជាគិតថាប្អូនខ្ទេចខ្ទីអស់ហើយ និងគ្មានតម្លៃទៀតទេ។ ឬប្អូនប្រហែលគិតថាប្អូនកើតមកដើម្បីបំពេញចំណង់ផ្លូវភេទរបស់អ្នកឯទៀតប៉ុណ្ណោះ។ ឥឡូវជាពេលដែលប្អូនត្រូវបំបាត់ចោលគំនិតបែបនោះ ហើយព្យាបាលផ្លូវចិត្តរបស់ប្អូន«ឲ្យជាសះស្បើយ»។ (អ្នកទូន្មាន ៣:៣; កំណត់សម្គាល់) តើអ្វីអាចជួយប្អូនបាន?
ការសិក្សាគម្ពីរ។ គម្ពីរមានគំនិតរបស់ព្រះ ហើយនោះជា«ឫទ្ធានុភាព . . . រំលើងអ្វីៗដែលចាក់ឫសជ្រៅ» រួមបញ្ចូលការគិតខុសថាខ្លួនគ្មានតម្លៃ។ (កូរិនថូសទី២ ១០:៤, ៥) ជាឧទាហរណ៍ សូមអាននិងរំពឹងគិតបទគម្ពីរដូចតទៅនេះ៖ អេសាយ ៤១:១០; យេរេមា ៣១:៣; ម៉ាឡាគី ៣:១៦, ១៧; លូកា ១២:៦, ៧; យ៉ូហានទី១ ៣:១៩, ២០
សេចក្ដីអធិដ្ឋាន។ ពេលប្អូនមានអារម្មណ៍ថាខ្លួនគ្មានតម្លៃនិងបន្ទោសខ្លួន សូម«ផ្ទេរបន្ទុកទៅព្រះយេហូវ៉ា»តាមរយៈការអធិដ្ឋាន។ (ចម្រៀងសរសើរព្រះ ៥៥:២២) លោកតែងតែនៅក្បែរប្អូនជានិច្ច។
អ្នកចាស់ទុំក្នុងក្រុមជំនុំ។ បងប្រុសៗទាំងនេះបានទទួលការបង្ហាត់បង្រៀនឲ្យធ្វើ«ដូចជាទីបាំងពីខ្យល់ និងជាទីជ្រកពីព្យុះភ្លៀង។»។ (អេសាយ ៣២:២) ពួកគាត់អាចជួយប្អូនឲ្យមានទស្សនៈត្រឹមត្រូវចំពោះខ្លួនឯង និងចាប់ផ្ដើមជីវិតថ្មី។
ការសេពគប់ល្អ។ សូមសង្កេតមើលបងប្អូនប្រុសស្រីដែលបានទុកគំរូល្អ។ សូមកត់សម្គាល់អំពីរបៀបដែលពួកគេប្រព្រឹត្តទៅលើអ្នកឯទៀត។ ក្រោយមក ប្អូននឹងទទួលស្គាល់ថាមិនមែនមនុស្សទាំងអស់សុទ្ធតែរំលោភបំពានទៅលើអ្នកដែលពួកគេស្រឡាញ់ទេ។
យុវនារីម្នាក់ឈ្មោះថានយ៉ា បានទាញមេរៀនដ៏សំខាន់នេះ។ តាំងពីកុមារភាព គាត់ត្រូវប្រុសៗប្រព្រឹត្តមកលើគាត់ដូចជាឧបករណ៍កំដរផ្លូវភេទ។ គាត់បាននិយាយថា៖«ឲ្យតែប្រុសៗដែលខ្ញុំជិតស្និទ្ធជាមួយ គឺតែងតែធ្វើឲ្យខ្ញុំឈឺចាប់»។ ប៉ុន្តែ ក្រោយមកគាត់ទទួលស្គាល់ថា មានបុរសដែលបង្ហាញសេចក្ដីស្រឡាញ់យ៉ាងស្មោះ។ តើគាត់បានឃើញដូច្នេះតាមរបៀបណា?
ពេលគាត់សេពគប់ជាមួយប្ដីប្រពន្ធដែលមានរបៀបរស់នៅជាគ្រិស្តសាសនិក ថានយ៉ាបានផ្លាស់ប្ដូរទស្សនៈរបស់គាត់។ គាត់បាននិយាយថា៖«ពេលឃើញការប្រព្រឹត្តរបស់បងប្រុសដែលជាប្ដីនោះ ខ្ញុំអាចឃើញមិនមែនប្រុសៗទាំងអស់សុទ្ធតែមានបំណងចង់រំលោភបំពានទេ។ ប្ដីនោះបានការពារប្រពន្ធរបស់គាត់។ ការប្រព្រឹត្តបែបនោះហើយដែលព្រះចង់ឲ្យបុរសមាន»។a—អេភេសូរ ៥:២៨, ២៩
a បើប្អូនកំពុងមានជំងឺតានតឹងចិត្ត ជំងឺញ៉ាំច្រើន អារសាច់ខ្លួនឯង ញៀនអ្វីមួយ ជំងឺគេងមិនចង់ក្រោក ឬចង់សម្លាប់ខ្លួន ជាការល្អដែលប្អូនទៅទទួលការព្យាបាលពីគ្រូពេទ្យជំនាញ។